ខេត្តកណ្តាលៈ ក្រុម​ភ្ញៀវទេសចរ​ដែល​និយម​ការធ្វើ​ដំណើរ​កម្សាន្ត​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ជាមួយ​នឹង​យានជំនិះ​ទូក​ខ្យល់​មាន​ល្បឿន​លឿន​នោះ ឥឡូវនេះ​​កំពុង​តែ​មាន​សេវាកម្ម​ដឹក​ភ្ញៀវ​ជិះ​ឆ្វែល​កម្សាន្ត​លេង​បាន​ហើយ​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​។


ទូក​ខ្យល់​ដែល​ជា​ស្នាដៃ​កែច្នៃ​ធ្វើ​ជា​យានជំនិះ​ដឹក​ក្រុម​ភ្ញៀវ​ជិះ​កម្សាន្ត​លើ​ទឹក​ទន្លេ ឬ​បឹងបួ​នានា​បាន​ហើយ​ក៏​ជា​គំនិត​កែច្នៃ​ដោយ​កូន​ខ្មែរ​ ២ ​រូប​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​ស្រុក​កំណើត​រស់នៅ​ក្នុង​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។


ដំណើរ​កម្សាន្ត​លើ​ផ្ទៃ​ទឹក​ដោយ​ប្រើ​កម្លាំង​រុញ​ពី​ខ្យល់​កង្ហារ និង​ម៉ាស៊ីន​ភ្ជាប់​ជាមួយ​នឹង​តួ​នាវា​ដែល​ជា​ទូក​ខ្យល់​នេះ​មាន​ទំហំ​ធំ​ល្មម​អាច​ដាក់​អ្នកដំណើរ​បាន​ដល់ ១២ ​នាក់ និង​អាច​ចរាចរ​ក្នុង​ល្បឿន​ពី ៨០ ទៅ ១០០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​តាមរយៈ​ក្រុមហ៊ុន KamNob Airboat Tours ដោយ​ការចេញ​ដំណើរ​ ១ ​ថ្ងៃ ២ ​ដង​ជា​រៀងរាល់​ថ្ងៃ​។


លោក សោម សំណប់ និង​ប្អូនប្រុស​បង្កើត​លោក សោម សំណាង គឺជា​សហស្ថាបនិក​នៃ​ការច្នៃ​បង្កើត​ទូក​ខ្យល់​នេះ ហើយ​ក៏​មាន​សេវាកម្ម​ដឹក​ភ្ញៀវ​ដំណើរ​ជា​បណ្តើរៗ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ​មក​។


ទេសចរ​បរទេស​ជិះទូក​ខ្យល់​កម្សាន្ត​នៅ​បឹង​ទន្លេសាប​។ រូបថត KamNob Airboat Tours


ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុមហ៊ុន KamNob Airboat Tours របស់​លោក សោម សំណប់ បាន​បើក​ចំណត​ខ្លួន​នៅ​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប​ឬ​តំបន់​សហគមន៍​មេជ្រៃ តែ​ពេល​នេះ​បាន​ប្តូរ​គោលដៅ​ខ្លួន​មក​បម្រើ​ភ្ញៀវ​នៅ​តំបន់​ក្រុង​ភ្នំពេញ​វិញ​ហើយ ខណៈ​កញ្ចប់​សេវាកម្ម សម្រាប់​ជម្រើស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។

លោក សោម សំណប់ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​៖ «​យើង​បាន​ដូរ​គោលដៅ​នៃ​សេវាកម្ម​រៀបចំ​ដឹក​ភ្ញៀវ​ជិះ​កម្សាន្ត​តាម​ផ្ទៃ​ទឹក​ពី​តំបន់​សៀមរាប មក​ភ្នំពេញ​វិញ​នេះ​ជិត​ ១ ​ខែ​មក​ហើយ​។ យើង​ក៏​កំពុងតែ​ពន្លឿន​ការរៀបចំ​ជា​សេវាកម្ម​កញ្ចប់​នៅ​ខែ​ក្រោយ យើង​មាន​ទូក​ខ្យល់​ត្រៀម​ដឹក​ភ្ញៀវ​កម្សាន្ត​ចំនួន​ ៤ ​គ្រឿង​ដោយ​ទូក​ខ្យល់​អាច​ដឹក​មនុស្ស​បាន ១២ ​នាក់​ចំនួន ៣ គ្រឿង ខណៈ​ទូក​ខ្យល់​ខ្នាតតូច​ដឹក​មនុស្ស​បាន ៥ ​នាក់ ១ ​គ្រឿង​។ យើង​ក៏​កំពុង​តែ​ច្នៃ​ទូក​ខ្យល់​ប្រភេទ VIP សម្រាប់​ដឹក​ភ្ញៀវ​នាពេល​ឆាប់ៗ​ផងដែរ​ដោយ​ទូក​ខ្យល់​វីអាយភី​នេះ​វា​មាន​សមត្ថភាព​អាច​ចរាចរណ៍​បាន​ទាំង​នៅ​លើ​ទឹក និង​លើ​គោក​»​។

លោក សោម សំណប់ ជា​អ្នកបង្កើត​យានជំនិះ​ជា​ទូក​ខ្យល់​ដែល​មាន​កំណើត​រស់នៅ​ក្នុងភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​បាន​បន្ត​ឲ្យ​ដឹង​ពី​ពេលវេលា​នៃ​ការចេញ​ដំណើរ​តាម​ទូក​ខ្យល់​ផង​ដែរ​ថា​៖ «​មួយ​ថ្ងៃ​យើង​ចេញ​ដំណើរ ២ ដង ហើយ ១ ​ដង​មាន​រយៈពេល ៣ ម៉ោង​។ ពេលព្រឹក​ចេញ​ដំណើរ​ចាប់ពី ៩ ព្រឹក ដល់​ម៉ោង ១២ ​ថ្ងៃត្រង់​ហើយ​ពេល​រសៀល​ចេញ​ពី​ម៉ោង ៣ ដល់​ម៉ោង ៦ ​ល្ងាច​។ ចំពោះ​តម្លៃ​សេវាកម្ម​ដឹក​ភ្ញៀវ​ជិះ​កម្សាន្ត​ម្តង​មាន​រយៈពេល ៣ ម៉ោង​នោះ​យើង​គិត​ទៅ​តាម​គោលដៅ ២ ​ផ្សេង​គ្នា​គឺ​គោលដៅ​ទី​ ១ ជិះ​ទៅលេង​តំបន់​កោះដាច់ និង​ទី​ ២ នៅ​តំបន់​ឯ​កោះ​ឧកញ៉ាតី​»​។

សម្រាប់​ការ​ជិះ​ទៅ​កាន់​តំបន់​កោះដាច់​មាន​តម្លៃ ១២០ ​ដុល្លារ (​អាច​ជិះ​ជា​ក្រុម​បាន ១២ ​នាក់​) រយៈពេល ៣ ម៉ោង​ហើយ​ទិសដៅ​ជិះ​ទៅ​កាន់​តំបន់​កោះ​ឧកញ៉ាតី​តម្លៃ​តែ ៩០ ​ដុល្លារ​ប៉ុណ្ណោះ (​ជិះ​បាន ១២ ​នាក់​ដូចគ្នា​) ប្រើ​រយៈពេល ៣ ​ម៉ោង​ដូច​គ្នា ខណៈ​លោក​អ្នក​អាច​ចូល​ទំព័រ​ហ្វេសប៊ុក KamNob Airboat Tours៕