សៀមរាប: លោក រូបេន ធានហូវេន មកពី​ហូឡង់ និង​មិត្ដស្រី សាណា ភេតធើសុន មកពី​សហរដ្ឋអាមេរិក​ជា​ភ្ញៀវ​មក​ទស្សនា​មជ្ឈមណ្ឌល​សម្រាប់​ទស្សនា​នៃ​អង្គការ APOPO ក្នុង​ក្រុង​សៀមរាប​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ ផ្សព្វផ្សាយ​ពី​ផលវិបាក​របស់​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដ៏គ្រោះថ្នាក់​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក​ហាក់​ដូចជា​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ពេល​បានឮ​ពី​ប្រវត្ដិ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​នៅ​កម្ពុជា និង​មីន​រាប់លាន​គ្រាប់​បន្សល់​ទុក​ពាសពេញ​ផ្ទៃ​ប្រទេស​។


បុរស​ហូឡង់​វ័យ ២៨ ​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​ចម្ងល់​សាកសួរ​ច្រើន​អំពី​រឿងរ៉ាវ​នៃ​ការសម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ និង​របៀប​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ព្រម​ទាំង​កោត​ស្ញប់ស្ញែង​ចំពោះ​សមត្ថភាព​របស់​កណ្ដុរ​ក្រោយ​ទទួល​បាន​ការរៀបរាប់​ប្រាប់​ពី​មគ្គុទេសក៍​។


លោក មាស សម្បត្ដិ មគ្គុទេសក៍​នៅ APOPO បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​និយាយ​ពី​រឿង​ប្រវត្ដិសាស្ដ្រ និង​រឿង​ជនរងគ្រោះ​តិចតួច​ទេ​។ ខ្ញុំ​ប្រាប់​ពួកគាត់​អំពី​ការបង្ហាត់​សត្វ​កណ្ដុរ​ថា តើ​យើង​យក​វា​មកពី​ណា និង​ភាព​រីករាយ​ក្នុង​ការទស្សនា​សត្វ​កណ្ដុរ​រាវ​មីន​ច្រើន​ជាង​»​។


ភ្ញៀវ​យក​ចិត្ត​ទុកដាក់​ស្ដាប់​ការពន្យល់​ពី​មគ្គុទ្ទេសក៍​។ ផា លីណា


ផ្ដើម​ពី​ប្រវត្ដិ​ខ្លីៗ​របស់​អង្គការ APOPO ដើម្បី​ឲ្យ​ភ្ញៀវ​យល់​ពី​ស្ថានភាព​ការងារ​បន្ដ​ទៅ​ប្រាប់​មូលហេតុ​គ្រាប់មីន​ប៉ះពាល់​ជុំវិញ​ពិភពលោក បច្ចេកវិទ្យា​ណា​ខ្លះ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះមីន​រួម​ទាំង​បេសកកម្ម​សត្វ​កណ្ដុរ​គឺជា​អ្វី​ដែល​លោក មាស សម្បត្ដិ បង្ហាញ​ក្នុង​ដំណើរ​ជូន​ភ្ញៀវ​។


លោក សម្បត្ដិ ដែល​បាន​ជួយ​រៀបចំ​ទីកន្លែង​សម្រាប់​ភ្ញៀវ​ទស្សនា​នេះ​បាន​បន្ថែម​ថា​៖ «​បន្ទាប់មក​យើង​និយាយ​ពី​ប្រវត្ដិសាស្ដ្រ​កម្ពុជា​តិចតួច ដើម្បី​ឲ្យ​ពួកគេ​ដឹង​ពី​បញ្ហា​កើតឡើង​ក្នុង​ប្រទេស និង​មូលហេតុ​ដែល​យើង​មក​ទីនេះ​ដើម្បី​ជួយ​កម្ពុជា​។ យើង​ក៏​បាន​បញ្ជូន​នូវ​ចំណុច​ពិសេស​នៃ​សមត្ថភាព​សត្វ​កណ្ដុរ​រួច​រៀបរាប់​អំពី​ដំណើរការ​បំពេញ​កិច្ចការ​ក្នុង​ចម្ការមីន​»​។

ក្រោយ​បង្ហាញ​ពី​ស្ថានភាព​នៅលើ​ចម្ការ នាទី​មើល​ឈុត​ឆាក​សម្ដែង​របស់​សត្វ​កណ្ដុរ​ពី​ប្រទេស​តង់ហ្សានី​បាន​មក​បញ្ចេញ​សមត្ថភាព​ហិត​មីន​លើ​ទីលាន មុន​នឹង​ភ្ញៀវ​បន្ត​ចូល​ទស្សនា​វីដេអូ និង​ក្រេប​ភេសជ្ជៈ​ត្រជាក់ និង​វេលា​សំណួរ​ចម្លើយ​។

ភ្ញៀវ​អាច​ទិញ​អាវយឺត និង​វត្ថុ​អនុស្សាវរីយ៍​ជា​ការគាំទ្រ​។ផា លីណា

មគ្គុទេ្ទសក៍​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​នៅ APOPO Visitor Center រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​ក្រុម​ការងារ​ ២ និង​កណ្ដុរ​មួយ​បង្ហាញ​ពី​ដំណើរការ​នៃ​ការ​ហិត​មីន​។ ភ្ញៀវ​នឹង​មាន​ឱកាស​សួរ​បាន​ច្រើន​ពីព្រោះ​ការពន្យល់​តាម​គោលដៅ​នីមួយៗ​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ពេល​ខ្លះ​ពួកគាត់​អត់​យល់​»​។

មុន​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ដោយ​ការបង្ហាញ​សម្ភារ​លក់​ជូន​ភ្ញៀវ​ទិញ​ទុកជា​អនុស្សាវរីយ៍ មគ្គុទេ្ទសក៍​នាំ​ភ្ញៀវ​ចូល​បន្ទប់​ចុងក្រោយ​មើល​ពី​គ្រាប់មីន​។

ដំណើរ​ទស្សនា​មាន​រយៈពេល​ពី ៤៥ នាទី​ទៅ​ ១ ​ម៉ោង​ក្នុង​ ១ ​ក្រុម​ដែល​អាច​មាន​សមាជិក​រហូត​ដល់​ពី​ ២០ ទៅ ៣០ ​នាក់ និង​ភ្ញៀវ​ពិសេស​ត្រឹម​ម្នាក់ ឬ​ ២ ​នាក់​ហើយ​នៅ​រដូវ​សម្បូរ​ភ្ញៀវ​ចាប់ពី​ខែ​តុលា មគ្គុទេ្ទសក៍​ម្នាក់​អាច​ទទួល​ភ្ញៀវ ៣-៤ ក្រុម​។

សម្រាប់​ភ្ញៀវ និង​អ្នក​មាន​បំណង​ចង់​ជួយ​លើ​បេសកកម្ម​សម្អាត​មីន​ពី​ទឹកដី​ប្រទេស​កម្ពុជា​លោក Benjamin Carrichon នាយក​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​របស់ APOPO បាន​ប្រាប់​ថា​៖ «​យើង​មាន​ជម្រើស ២ ក្នុង​ការទិញ​អាវយឺត និង​ផ្ដល់ប្រាក់​ចិញ្ចឹមសត្វ​កណ្ដុរ ១ ​ឆ្នាំ​តម្លៃ ៦០ ដុល្លារ ឬ​ការបរិច្ចាគ​តាម​អនឡាញ​»​។

មជ្ឈមណ្ឌល​ទស្សនា​កណ្ដុរ​ដោះមីន APOPO បើក​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨:៣០ ដល់​ម៉ោង ៥:៣០​។ ទំនាក់ទំនង​អ៊ីមែល visitor.center@apopo.org និង​ទូរស័ព្ទ ០៨១៥៩៩២៣៧៕

វីដេអូ៖