ទីក្រុង​បណ្ដែត​ទឹក​នៅ​អេស្ប៉ាញ​ស្អាត​មិន​ចាញ់​អ៊ីតាលី

ក្រុង អេមពូរៀប្រាវ៉ា ប្រើ​នាវា​ជា​យាន​ជំនិះ​ធ្វើ​ដំណើរ​ក្នុង​ក្រុង។
ក្រុង អេមពូរៀប្រាវ៉ា ប្រើ​នាវា​ជា​យាន​ជំនិះ​ធ្វើ​ដំណើរ​ក្នុង​ក្រុង។

ក្រុងម៉ា្រឌីដ : អេមពូរៀប្រាវ៉ា​គឺជា​ដែនដី​ក្រុង​លើ​ផ្ទៃទឹក​មួយ​មាន​លក្ខណៈ​ខុសប្លែក ពី​ក្រុង​ដទៃ​នៅលើ​លោក។ វា​ស្ថិត​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​ហ្គីរ៉ូណា​ក្នុង​ក្រុង​កូស្តាប្រាវ៉ា នៃ​ប្រទេស​អេស្ប៉ាញ។

អេមពូរៀប្រាវ៉ា ​គឺជា​ទីលំនៅ​ឋាន​រស់នៅ​លើ​ទឹក​ដ៏​ធំ​ជាង​គេ​បំផុត​ក្នុង ពិភពលោក​ដោយ​វា​មាន​បណ្តាញ​ផ្លូវទឹក​ខ្វាត់ខ្វែង​ឆ្លងកាត់​ភូមិឋាន នានា​មាន​ចម្ងាយ​ជាង​ ៤០ ​គីឡូម៉ែត្រ​ដែល​អាច​ចត​ទូក​តូចៗ​បាន​ចំនួន ប្រមាណ​ជា​ ៥០០០ ​ទូក និង​មាន​ប្រជាជន​រស់នៅ​ចំនួន​៧៨០០ ​នាក់ ​ខណៈ​ រដូវក្តៅ​មាន​ចំនួន​មនុស្ស កើន​ដល់​ទៅ​ចំនួន​៨​ម៉ឺន​នាក់។ ក្រុង​ អេមពូរៀប្រាវ៉ា ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​ទីក្រុង ​វ៉េនីស ​របស់ អេស្ប៉ាញ។

Content image - Phnom Penh Post

ក្រុង​ អេមពូរៀប្រាវ៉ា​ នេះ​ដើម​ឡើយ ​គឺជា​វិសាលភាព​នៃ​ទឹកដី វាលភក់​មួយ​កន្លែង​ហើយ​ត្រូវ​បាន​គេ​ប្រែ​ក្លាយ​ទៅ​ជា​សហគមន៍​ទេសចរណ៍ តាំងពី​ឆ្នាំ​១៩៧០​មក។ ក្រុង​អេមពូរៀប្រាវ៉ា​នេះ​មាន​ការ​ពេញ​និយម​ពី​សំណាក់​ក្រុម​ភ្ញៀវ​ជាតិ​អាល្លឺម៉ង់​បារាំង​ហូឡង់ និង​អង់គ្លេស។

គេ សង្កេត​ឃើញ​ថា លំនៅឋាន​ទាំងឡាយ​នៅក្នុង​ក្រុង​នេះ​មាន​ការ​សាងសង់​ឡើង​ជា​លក្ខណៈ​ឯកជន​ដោយ​យក​ស្ទីល​បែប​បុរាណ​តាម​អ្នក​ស្រុក​ដែល​រស់នៅ​តាម​តំបន់សមុទ្រ មេឌីទែរ៉ានេ។ ចំពោះ​ទិដ្ឋភាព​ពេល​រាត្រី​វិញ​ពិតជា​មាន​ការ​ទាក់ទាញ​ខ្លាំង​ណាស់​ជាមួយ​នឹង​ពន្លឺ​ភ្លើង​ពណ៌​របស់​បារ៍​ក្លិប​ឌីស្កូ​និង​បណ្តា​ភោជនីយដ្ឋាន នានា​តែ​ម្តង។

ក្រុង​អេមពូរៀប្រាវ៉ា​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​ចំនួន ដល់​ទៅ ​៣០០ ​ថ្ងៃ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​វា​ពិតជា​មាន​លក្ខណៈ​ល្អ​សម្រាប់​ទេសចរ​ដែល​និយម​ការ​ដេក​ហាល ថ្ងៃ​លើ​ឆ្នេរខ្សាច់​ការ​លេង​កីឡា​លើ​ទឹក និង​ការ​ហក់​ឆត្រយោង​ផង​ដែរ៕ PR

ព័ត៌មានថ្មីៗ