រដូវដែលធ្លាប់មានភាពអ៊ូអរ តែបច្ចុប្បន្នមិនសូវមានមនុស្សធ្វើដំណើរទៅណាមកណា ក្នុងអំឡុងពេលការផ្ទុះវីរុសកូរ៉ូណា ដែលកម្ពុជា បានប្រកាសជាង ៩០ ករណីទេ ហើយពលរដ្ឋក៏ហាក់គ្មានអារម្មណ៍ចង់ដើរលេងនៅតាមទីប្រជុំជនឡើយ។
រីឯការស្នាក់នៅក្នុងផ្ទះ គឺជាជម្រើសដ៏ល្អសម្រាប់ស្ថានភាពនេះ តែរដ្ឋាភិបាលក៏មិនទាន់មានវិធានការបិទទីក្រុងឬប្រទេសនោះទេ។ ដូច្នេះ ពលរដ្ឋមួយចំនួនអាចស្វែងរកទីតាំងស្ងប់សុខជាមួយនឹងទេសភាពធម្មជាតិ ដើម្បីកាត់ស្ដ្រេស និងការភ័យខ្លាច។ លើសពីនេះ វាក៏ជាឱកាសចំពោះការហាត់ប្រាណរាងកាយ និងដុតកាឡូរីផងដែរ។
ភ្នំពេញ ប៉ុស្ដិ៍ សុំណែនាំរីសតធម្មជាតិចំនួន ៣ សម្រាប់អ្នកចង់ទទួលបានភាពត្រជាក់ត្រជុំពីបរិយាកាសក្ដៅហែងផង និងចង់គេចពីទំនាក់ទំនងសង្គមមួយរយៈផង។
១. ដើរកាត់ព្រៃភូមិជនជាតិដើមភាគតិចទៅកាន់ទឹកធ្លាក់អូរយ៉ះ ខេត្ដរតនគិរី
ទឹកធ្លាក់អូរយ៉ះ ស្ថិតក្នុងព្រៃសហគមន៍ ភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវ៉ឺនសៃ ដែលមានទឹកធ្លាក់ហូរជា ២ ល្បាក់ កម្ពស់ប្រមាណ ៤០ ម៉ែត្រ គឺជាទីឋានធម្មជាតិមិនទាន់មានមនុស្សលុកលុយនៅឡើយ។
លោក ឆាប វែល អាយុ ២៧ឆ្នាំ ជាជនជាតិដើមភាគតិចកាចក់ និងជាមគ្គុទ្ទេសក៍ភូមិម្នាក់ បាននាំភ្ញៀវជិះទូក១ម៉ោងតាមដងទន្លេសេសាន រួចសំចតនៅចុងភូមិនៃឃុំកោះពាក្យ។
ពួកគេបន្ដដំណើរថ្មើរជើង ៣ ម៉ោងទៀត កាត់ភូមិជនជាតិដើមភាគតិចទំពូន មុនពេលទៅដល់ទឹកធ្លាក់អូរយ៉ះ។ នៅតាមផ្លូវ ទេសចរចំណាយពេលដើរ ១ ម៉ោងឆ្លងកាត់ភូមិ ខណៈលោក វែល អនុញ្ញាតឲ្យភ្ញៀវគយគន់ទេសភាពវាលស្រែ និង ការរស់នៅរបស់ជនជាតិដើមភាគតិច។
ក្រោយពីដើរ ២ម៉ោងកាត់ព្រៃ សំឡេងទឹកហូរចាប់ផ្ដើមលាន់ឮរងំដល់ត្រចៀកអ្នកដំណើរដ៏នឿយហត់។ ពេលនោះ ពួកគេនឹងបានឃើញក្យូសឈើធំមួយ ជាទីឋានសម្រាក និងទទួលទានអាហារ មុនពេលចុះងូតទឹកដ៏ត្រជាក់ស្រេងនៃជ្រោះអូរយ៉ះ ស្ថិតក្នុងភូមិឡាំងអាវ ឃុំកោះប៉ង់។
ភ្ញៀវទេសចរអាចធ្វើដំណើរផ្ទាល់ទៅកាន់កំពង់ដ ភូមិកាចក់ ដោយទាក់ទងលោក ឆាប វែល តាមទូរស័ព្ទ ០៩៧ ៨២៩ ២៤ ១៣ ឬតាមរយៈក្រុមហ៊ុនទេសចរណ៍ Green Jungle Trekking Tours-Cambodia តាមលេខទូរស័ព្ទ ០៨៨ ៤៥៤ ៦៤ ៦៦។
២. ត្រាច់ចរ ២ ម៉ោងទៅកាន់ទឹកធ្លាក់ស្ទឹងតាសុក ខេត្ដពោធិ៍សាត់
ទឹកធ្លាក់ស្ទឹងតាសុក ស្ថិតនៅចន្លោះតំបន់អភិរក្សសត្វព្រៃភ្នំសំកុះ និងជួរភ្នំក្រវាញ តម្រូវឲ្យភ្ញៀវដើរ ២ ម៉ោងដើម្បីទៅដល់ទីឋានធម្មជាតិល្អស្រស់នេះ។
មគ្គុទេ្ទសក៍ភូមិ កង ណយ បានត្រៀមខ្លួនជាស្រេចក្នុងការនាំភ្ញៀវឲ្យបានស្គាល់នូវទឹកធ្លាក់ដែលពួកគេអាចចំណាយពេលសម្រាក ក៏ដូចជាទទួលអាហារ និងហែលទឹកត្រជាក់ស្រេងដើម្បីបំពេញនូវថាមពលក្រោយការធ្វើដំណើរនឿយហត់។ រាល់ជំហានទៅកាន់ទីឋានធម្មជាតិនេះសុទ្ធតែផ្ដល់នូវភាពស្រស់ស្រាយជាមួយធម្មជាតិ។
ចតរថយន្ដនៅផ្ទះលោក សេង ម៉េងគ្រី ហៅ តា ៩៧ ជាទីដែលអ្នកដំណើរ ដែលគួរប្រើប្រាស់រថយន្ដផ្ទាល់ខ្លួន និងចៀសវាងជិះរថយន្ដឈ្នួលរួម ឈប់សម្រាកមួយភ្លែត ក្រេបភេសជ្ជៈត្រជាក់ៗមុនបោះជំហានដើរឆ្លងកាត់ទឹកធ្លាក់ឆាយប្រុយកម្ពស់ ៥០ ម៉ែត្រ។
ដោយសារដំណើរកាត់ព្រៃមានការស្មុគស្មាញ ទេសចរគួរតែមានអ្នកនាំ ផ្លូវ បើមិនចង់វង្វេងផ្លូវ។ អ្នកដំណើរអាចទទួលបាននូវបទពិសោធចំពោះការក្រេបទឹករសជាតិប្លែកពីវល្លិទឹក ដែលលោក ណយ មិនភ្លេចណែនាំ។
ខ្យល់អាកាសត្រជាក់រំភើយពេលឈានជើងកាន់តែកៀកទឹកធ្លាក់ ដែលហូរចុះកម្ពស់ ១០ ម៉ែត្រ មកបំពេញអាងធម្មជាតិដ៏ធំ សម្រាប់ទុកឲ្យភ្ញៀវហែលលេងកម្សាន្ដបំបាត់ភាពនឿយហត់ មុនពេលទទួលទានអាហារចម្អែតក្រពះ។
ការដើរពីទឹកធ្លាក់ឆាយប្រុយ ទៅកាន់ទឹកធ្លាក់ស្ទឹងតាសុក អាចចំណាយពេលពី ១ម៉ោងកន្លះទៅ ២ម៉ោង។ ការដើរចាប់ផ្ដើមពីភូមិឆាយលូក ស្រុកវាលវែងនៃខេត្ដពោធិ៍សាត់។
សម្រាប់ព័ត៌មានបន្ថែម សុំទាក់ទងមគ្គុទ្ទេសក៍ភូមិលោក កង ណយ តាមលេខទូរស័ព្ទ ០៨១ ៦៦៧ ៤០៧។
៣. ឡើងជណ្ដើរជាង ១ពាន់កាំទៅលេងទឹកធ្លាក់ភ្នំត្បែងខេត្ដព្រះវិហារ
ទឹកធ្លាក់ភ្នំត្បែង ឬតាម៉ា ស្ថិតនៅរយៈកម្ពស់ ៦០០ម៉ែត្រនៃកំពូលភ្នំត្បែង ចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីក្រុងព្រះវិហារ។ ភ្ញៀវត្រូវដើរឡើងភ្នំត្បែងដោយជម្នះជណ្ដើរថ្ម ១ ៣៤៥ កាំ រួចបន្ដដំណើរទៅកាន់អារាមភ្នំត្បែង ឬដំបូកខ្មៅ ១ គីឡូម៉ែត្រទៀត។
ទឹកធ្លាក់ពណ៌សក្បុសឆ្លុះសម្រស់ធម្មជាតិបៃតងដែលគ្របដណ្ដប់ជញ្ជាំងភ្នំពិតជារំលេចនូវទស្សនីយភាពស្រស់ត្រកាល។
លោក ខេក ធួន ជាអ្នកស៊ីឈ្នួលលីអីវ៉ាន់ឡើងភ្នំ បាននិយាយថា៖ «ភ្ញៀវភាគច្រើនមិនអាចលីសែងរបស់ធ្ងន់ៗឡើងភ្នំបានឡើយ។ ដូច្នេះ ពួកគាត់អាចជួលខ្ញុំធ្វើកិច្ចការនេះ។ ដោយសារតែផ្នែកខ្លះនៃជណ្ដើរមានសភាពចោតខ្លាំង ភ្ញៀវខ្លះដើរខ្លួនទទេឡើងក៏ពិបាកដែរ»។
លោក ធួន បានបន្ដថា៖ «ចាប់ពីជើងភ្នំរហូតដល់កំពូល មានជណ្ដើរថ្ម ១ ០៩២ កាំ ដោយមានចំណោតខ្លាំង ៣កន្លែង។ ពេលឡើងដល់ខាងលើ នៅសស់ ២៥៣ កាំទៀតដើម្បីទៅដល់វត្ដដំបូកខ្មៅ»។
ចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភ្ញៀវត្រូវធ្វើដំណើរលើផ្លូវជាតិលេខ៦ មុនពេលបត់ឆ្វេងទៅកាន់ផ្លូវ ៦២ ក្នុងឃុំត្រពាំងឫស្សី ខេត្ដកំពង់ធំ។
ពេលទៅដល់ជើងភ្នំត្បែង ភ្ញៀវត្រូវបានស្វាគមន៍ដោយមគ្គុទេ្ទសក៍ភូមិ ឬអ្នកជួយលីសែងអីវ៉ាន់ជាច្រើននាក់ ហើយពួកគេអាចជ្រើសរើសអ្នកភូមិជួយកិច្ចការធ្ងន់ៗនេះបាន។ សេវាកម្មលីសែងអីវ៉ាន់ដែលមានទម្ងន់ចាប់ពី ៣០ ដល់ ៥០គីឡូក្រាម មានតម្លៃចន្លោះពី ៣ម៉ឺន ទៅ ៥ម៉ឺនរៀល៕