ភ្នំពេញ: ធ្វើដំណើរ​ឆ្លងស្ពាន​ច្បារអំពៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ឆ្ពោះ​ទៅ​ត្រង់​ប្រមាណ​ជាង​ ១០ គីឡូម៉ែត្រ​ហួស​វត្តវិវិត្តារាម ត្រង់​ស្លាក​ព្រំប្រទល់​ខេត្ត​កណ្តាល​ប្រមាណ​ជាង ២០ ​ម៉ែត្រ ភោជនីយដ្ឋាន «​ម្លប់​ត្នោត​កៀនស្វាយ និង​ស្ទូចត្រី​កម្សាន្ត​» ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ជាប់​នឹង​ផ្លូវជាតិ​គឺ​ជា​ទីលម្ហែកាយ​ថ្មី​សន្លាង​តម្រូវ​ចិត្ត​អ្នក​គ្មាន​ពេល​ដើរលេង​ផ្លូវ​ឆ្ងាយ​។


ស្ថិត​លើ​ទីតាំង​ផ្ទៃដី​សណ្ឋាន​វែងជ្រៅ ភោជនីយដ្ឋាន​ម្លប់ត្នោត កៀនស្វាយ និង​ស្ទូចត្រី​កម្សាន្ត​មាន​ក្យូស​លម្ហែ​នៅ​លើ​ទឹក​មាន​ចំនួន ១០ និង​ក្យូស​នៅ​លើ​ដី​ចំនួន ៤​។


ក្យូស​នីមួយៗ​មាន​ដំបូល​ប្រក់​ស្បូវ និង​មាន​រចនា​វាំងនន​ពណ៌​ស​ស្អាត​ប្លែក​ដែល​អាច​ទទួល​ភ្ញៀវ​មក​កម្សាន្ត​បាន​ចំនួន ១០ ​នាក់​។


ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​រចនា​តុបតែង​ឡើង​ដោយ​លោក ស៊ឹង វុទ្ធី ជា​ម្ចាស់​ហាង​ផ្ទាល់​ដែល​ជា​អ្នក​មាន​ចំណង់​ចំណូលចិត្ត​ស្ទូចត្រី ហើយ​បាន​សិក្សា​ពី​វិធី​បង្កើត​ប្លង់តុង​ជា​អាហារ​ធម្មជាតិ​សម្រាប់​ត្រី និង​ការដាក់​កំប្លោក​ដើម្បី​ឲ្យ​ទឹក​រង​ថ្លា​។


ក្យូស​តម្រៀប​ជា​ជួរ​ជាប់មាត់​ទឹក​នៅ​ម្លប់​ត្នោត កៀនស្វាយ និង​ស្ទូចត្រី​កម្សាន្ត មើល​ពី​ខាង​លើ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


ម្ចាស់​ភោជនីយដ្ឋាន ម្លប់​ត្នោត កៀនស្វាយ និង​ស្ទូចត្រី​កម្សាន្ត​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចូលចិត្ត​ស្ទូចត្រី រៀងរាល់​ថ្ងៃ​សៅរ៍ អាទិត្យ ទំនេរ​ពី​ការងារ ខ្ញុំ​តែងតែ​ដើរលេង​កម្សាន្ត​ទៅ​តាម​ក្យូស​របស់​គេ ហើយ​ពេល​ទៅ​ក្យូស​របស់​គេ វា​អត់​មាន​បរិយាកាស​ប្លែក​វា​ដដែលៗ​។ អ៊ីចឹង​ខ្ញុំ​នឹកឃើញ​បង្កើត​កន្លែង​កម្សាន្ត និង​ចង់​បង្កើត​អ្វី​ដែល​ប្លែក​ពី​គេ ពិសេស​តម្លៃ​សមរម្យ​»​។

ភោជនីយដ្ឋាន​នេះ​ចាប់​បើក​ពី​ម៉ោង ៩ ព្រឹក​រហូត​ដល់​ម៉ោង ៩ ​យប់​ដោយ​មាន​ដើមឈើ​ធំៗ​ផ្ដល់​ម្លប់​ត្រជាក់​កាយ​។ រីឯ​តាម​ដងផ្លូវ​ដើរ​មាន​ដាំ​ស្មៅ​បៃតងខ្ចី លាយ​ជាមួយ​ថ្ម​ចម្រុះ​ពណ៌ បង្កើត​បាន​ជា​សោភណភាព​ស្អាត​មួយ​បែប សម្រាប់​ភ្ញៀវ​ដែល​មក​អង្គុយ​ក្យូស​ជាប់​មាត់ទឹក​។

ផ្ទៃ​ស្រះ​ទ្រវែង​មាន​បណ្តោយ ៨០ ម៉ែត្រ និង​ទទឹង ១៥ ​ម៉ែត្រ​ជា​ជម្រក​ត្រី​សរុប​ជាង ១ ​តោន​ដូចជា​ត្រី​ឆ្ពិន ត្រីប្រា ត្រី​ទីឡាបយ៉ា ត្រី​អណ្តែង និង​ត្រី​ជាច្រើន​ប្រភេទ​ទៀត​។

ម្ហូបអាហារ​មាន​តម្លៃ​ពី ៨ ​ពាន់ ដល់ ៥ ​ម៉ឺន​រៀល​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្ញៀវ​អាច​ស្ទូចត្រី​លេង​បាន​ដោយ​សន្ទូច​មាន​តម្លៃ ៤ ​ពាន់​រៀល​ភ្ជាប់​ជាមួយ​នុយស្ទូចត្រី​។ ចំណែក​ត្រី​ដែល​ស្ទូច​បាន​មាន​តម្លៃ​ ១ ​គីឡូក្រាម ១ ម៉ឺន​រៀល​។ ប្រសិន​បើ​ភ្ញៀវ​ចង់​ភ្លក្ស​រសជាតិ​ត្រី​ដោះ​ចេញ​ពី​សន្ទូច​របស់​ខ្លួន ភោជនីយដ្ឋាន​គិត​តម្លៃ ៨ ​ពាន់​រៀល​សម្រាប់​ការចម្អិន​។

ក្រៅពី​ទទួល​ស្គាល់​ថា​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះៗ​ក្នុង​ដំណើរការ​ទើប​តែ​បាន​ប្រមាណ​ជាង​ ១ ​ខែ​នោះ ម្ចាស់​ភោជនីយដ្ឋាន​ម្លប់​ត្នោត កៀនស្វាយ​វ័យ ២៩ ​ឆ្នាំ ក៏​បាន​កត់សម្គាល់​នូវ​ការគាំទ្រ​ពី​ភ្ញៀវ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ភ្ញៀវ​ជាង ១០០ នាក់​ហួស​ពី​ការរំពឹងទុក​។ ខ្ញុំ​គិត​ថា​ពេល​បើក​ដំបូង​ភ្ញៀវ​ប្រាកដ​ជា​មក​មួយៗ​ទេ តែ​នេះ​គឺ​ផ្ទុះ​ខ្លាំង​នៅក្នុង​ហ្វេសប៊ុក​ពេល​ខ្លះ​ភ្ញៀវ​សឹងតែ​អត់​មាន​ក្យូស​អង្គុយ​»​។

ភោជនីយដ្ឋាន​មាន​ចុងភៅ​អាច​ធ្វើ​ម្ហូប​បាន ៥ ​សាសន៍​ទាំង​ម្ហូប​បែប​ស្រុកស្រែ និង​បែប​ទីក្រុង​ដែល​មាន​តម្លៃ​ចាប់ពី ៨ ​ពាន់​រៀល​ដល់ ៥ ​ម៉ឺន​រៀល​។ ម្ហូប​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ម្លប់​ត្នោត​កៀនស្វាយ​មាន​ដូចជា មាន់​ម្លប់​ត្នោត​ (​តម្លៃ ៥ ​ម៉ឺន​រៀល​) ប្រហុក​ខ្ទិះ (​តម្លៃ ២ ​ម៉ឺន​រៀល​)​ ​ត្រី​ដុត​ម្លប់​ត្នោត (​តម្លៃ ២៨០០០ ​រៀល​) ភ្លា​ប្រពន្ធចុង​ប្រពន្ធដើម (​តម្លៃ ២ ​ម៉ឺន​រៀល​)​។

ស្រះ​មាន​ត្រី​ច្រើន​ប្រភេទ​សម្រាប់​ភ្ញៀវ​ស្ទូច​លេង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រៅពី​អាហារ​តម្លៃ​សមរម្យ និង​ទីតាំង​ស្ទូចត្រី​លម្ហែ​ជា​ទីមនោរម្យ​នោះ​លោក ស៊ឹង វុទ្ធី ក៏​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នឹង​បង្កើត​ជា​ក្រុម​ចម្រៀង និង​មាន​បន្ថែម​គ្រឿង​លម្អ​ជាច្រើន​ទៀត ហើយ​ទៅ​ថ្ងៃ​អនាគត​គឺ​ខ្ញុំ​នឹង​ពង្រីក​ដី​ខាង​ក្រោយ​បង្កើតជា​បន្ទប់​គេង​កម្សាន្ត​មាន​សួន និង​វេរ៉ង់ដា (​រានហាល​) ដើម្បី​ឲ្យ​ភ្ញៀវ​លេង​កម្សាន្ត​រំសាយ​អារម្មណ៍ ចិញ្ចឹម​បង្កង​អាច​ស្ទូច​បង្កង​លេង​បាន​ហើយ​គាត់​មិន​បាច់​ទៅណា​ឆ្ងាយ​នៅ​តែ​ជិតៗ​ភ្នំពេញ​ក៏​មាន​»​។

ភោជនីយដ្ឋាន ម្លប់​ត្នោត កៀនស្វាយ និង​ស្ទូចត្រី​កម្សាន្ត​អាច​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១៥ ៧៧៧ ០១៥ ឬ​ទំព័រ​ហ្វេសប៊ុក ម្លប់​ត្នោត កៀនស្វាយ នឹង​ស្ទូចត្រី​កម្សាន្ត​៕

វីដេអូ៖