សៀមរាប: ជាមួយ​គោលបំណង​ផ្ដល់​ទីកន្លែង​លេង​កម្សាន្ដ​បែប​កីឡា និង​ហាត់ប្រាណ​ដល់​សហគមន៍​ក៏​ដូចជា​អ្នក​និយម​លេង​កីឡា​ជំនួយ​កាយសម្បទា​រឹងមាំ​ស្រប​ពេល​បេក្ខភាព​អត្ដពលិក American Ninja Warrior​ធ្វើ​ដំណើរ​កម្សាន្ដ​មក​កាន់​ទឹកដី​អង្គរ​​មជ្ឈមណ្ឌល​កីឡា ICF របស់​អង្គការ ICF Cambodia បាន​រៀបចំ​កែច្នៃ​​ទីលាន​កីឡា​និនចា​ឆ្លងកាត់​ឧបសគ្គ​​លើ​ផ្ទៃ​ទឹក​ដើម្បី​ទាក់ទាញ​ពី​សំណាក់​មហាជន​ទូទៅ ។


លោក Tremayne Dortch ជា​បេក្ខភាព American Ninja Warrior រដូវកាល​ទី ​៤ ដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ក្រុង​ឡាសវេហ្គាស និង​អ្នកស្រី Karen Robinson បេក្ខភាព​ប្រកួត American Ninja Warrior រដូវកាល​ទី​ ១១ បាន​ធ្វើ​ដំណើរ​មក​កម្សាន្ដ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​។ ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​រៀបចំ​ទីលាន​កីឡា​លើ​ផ្ទៃ​ទឹក​ព្រម​ទាំង​ចែករំលែក​បទពិសោធ​ទាំង​ការហ្វឹកហាត់ និង​ការប្រកួត​ក្នុង​ព្រឹត្ដិការណ៍​កីឡា​ដ៏ល្បី​មួយ​នេះ​។

ស្ពាន​ក្ដារបន្ទះ និង​កង់ឡាន​ត្រូវ​បាន​ចងខ្សែ​ពួរ​រណេង​រណោង​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ពិបាក​នឹង​ឈរ​ទំ​បោះជំហាន​ឆ្លង​ភ្ជាប់​ដោយ​ខ្សែ​ក្រឡា​សំណាញ់ បត់បែន​ ៣ ​តង់​មុន​ពេល​ដល់​ទីព្រ័ត្រ​ចម្ងាយ​ប្រមាណ ៣០ ​ម៉ែត្រ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​លេង​កីឡា​និនចា​លើ​ផ្ទៃ​ទឹក​ជាមួយ​ការចាប់ផ្ដើម​ការប្រកួត​ជ្រើសរើស​ជើងឯក ៣ ​ប្រភេទ​ទៅ​តាម​អាយុ (​ប្រភេទ​ទី​ ១ ចាប់ពី​អាយុ​ ១៤ ដល់ ១៧ ​ឆ្នាំ​ប្រភេទ​ទី​ ២ ពី​អាយុ​ ១៨ ដល់ ២៤ ​ឆ្នាំ និង​ប្រភេទ​ទី​ ៣ ពី​អាយុ​ ២៥ ឆ្នាំ​ឡើង​) ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។


មជ្ឈមណ្ឌល​កីឡា ICF ផ្ដល់​ទីកន្លែង​លេង​កម្សាន្ត​បែប​កីឡា​។ ផា លីណា


លោក កាក់ មេសា ប្រធាន​ផ្នែក​កីឡា​នៅ​មជ្ឈមណ្ឌល​កីឡា ICF នៃ​អង្គការ ICF Cambodia ក្នុង​ក្រុង​សៀមរាប​បាន​និយាយ​ថា​៖ «​ទាំង​ការរៀបចំ​ទីលាន និង​ការប្រកួត​កីឡា​នានា យើង​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​មក​លេង​កីឡា​នៅ​ទី​នេះ និង​បង្កើត​កម្មវិធី​សប្បាយរីករាយ​ទាំងអស់​គ្នា​»​។


លោក​បន្ដ​ថា​៖ «​តាមពិត​ទីលាន​កីឡា​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ២ ឆ្នាំ​មក​ហើយ​។ ប៉ុន្ដែ​ទើប​តែ​ចុង​ឆ្នាំ​កន្លងទៅ​ពេល​យើង​សហការ​ជាមួយ​បេក្ខភាព American Ninja Warrior ២ ​នាក់​មកពី​អាមេរិក និង​បាន​រៀបចំ​ការប្រកួត ព្រម​ទាំង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ធ្វើឲ្យ​ប្រភេទ​កីឡា​លើ​ផ្ទៃ​ទឹក​នេះ​កាន់តែ​មាន​គេ​ស្គាល់​ច្រើន​»​។

ក្នុង​ការប្រកួត​និនចា​ឆ្លងកាត់​ឧបសគ្គ​លើ​ផ្ទៃ​ទឹក​ដំបូង​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន បាន​រកឃើញ​ម្ចាស់​ជយលាភី​ម្នាក់​ដែល​ប្រើ​ថិរវេលា​តិច​ជាង​គេ​បំផុត​ត្រឹម ១,៥៨ ​នាទី​ឈ្មោះ សរ សាខេ អាយុ ១៧ ​ឆ្នាំ ខណៈ​លក្ខខណ្ឌ​អាយុ​ពី​ ១៤ ដល់​ ១៧ ​ឆ្នាំ​តម្រូវ​ឲ្យ​ប្រើ​ពេលវេលា​ក្រោម ២,៥ ​នាទី​អាយុ​ពី​ ១៨ ទៅ ២៤ ឆ្នាំ​ត្រូវ​ប្រើ​ក្រោម ៣,៥ ​នាទី និង​ចាប់ពី ២៥ ​ឆ្នាំ​ត្រូវ​ប្រើ​ក្រោម ៥ ​នាទី​។

ប្រធាន​ផ្នែក​កីឡា​អាយុ ៣២ ​ឆ្នាំ​ដែល​មកពី​ខេត្ដ​ពោធិ៍សាត់​រូប​នេះ​បាន​ពន្យល់​ប្រាប់​ថា​៖ «​ដោយសារ​ទោង​ហ្នឹង​គេ​ធ្វើ​សម្រាប់​ទម្ងន់​ក្មេង​ដល់​ពេល​មនុស្ស​ធំ​ធ្ងន់​ពេក វា​ធ្វើឲ្យ​យោក​ខ្លាំង​ដែល​ពិបាក​ទប់​តុល្យភាព​លំនឹង​។ វា​ធ្វើឲ្យ​គាត់​យឺត ហើយ​ដល់​ពេល​ក្មេងៗ​គាត់​ស្រាល គាត់​អាច​ដើរ​ប្រុយ​តែ​ម្ដង​»​។

ផា លីណា

បើ​ទោះបី​ជា​អង្គការ​មាន​បំណង​ទាក់ទាញ​មហាជន​មក​កម្សាន្ដ​លេង​កីឡា​គ្រប់​ប្រភេទ​នៅ​មជ្ឈមណ្ឌល​កីឡា​របស់​ខ្លួន​យ៉ាងណា​ក៏ដោយ ក៏​គ្រប់​សកម្មភាព​នៃ​ការប្រើប្រាស់​ទីលាន​ទាំងអស់​មិន​ត្រូវ​បាន​គិត​ប្រាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ភ្ញៀវទេសចរ​ទូទៅ និង​ក្រុមគ្រួសារ​អ្វី​ឡើយ​។

យោង​តាម​វេបសាយ​របស់​អង្គការ​បាន​បង្ហាញ​ថា​យុវជន​ជាង ៨០០ នាក់​បាន​ចូលរួម​សកម្មភាព​នានា​នៅ​លើ​ទីលាន​មជ្ឈមណ្ឌល​ប្រចាំ​សប្ដាហ៍​រួម​ទាំង​ការលេង​កីឡា និង​ការសិក្សា​ភាសា​អង់គ្លេស​ព្រម​ទាំង​ការចែករំលែក​ទស្សនៈ​សាសនា​។

លោក មេសា បាន​លើក​ឡើង​ថា​៖ «​យើង​តែងតែ​ទៅ​ប្រមែប្រមូល​កុមារ និង​យុវជន​រស់នៅ​ក្នុង​សហគមន៍​នានា​ដើម្បី​មក​ចូលរួម​លេង​កីឡា និង​ការសិក្សា​ផ្សេងៗ​ក៏​ដូចជា​ជួបជុំ​ទទួលទាន​អាហារ​រួម​គ្នា​ដោយ​ឥតគិតថ្លៃ​»​។

លោក​បន្ថែម​ថា​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​មជ្ឈមណ្ឌល​នឹង​រៀបចំ​ការប្រកួត​និនចា​លើក​ទី​ ២ ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​ផ្នែក​កីឡា និង​ការចូលរួម​សកម្មភាព​កម្សាន្ដ​រីករាយ​។

មជ្ឈមណ្ឌល​កីឡា ICF ស្ថិត​ក្នុង​អង្គការ ICF Cambodia ភូមិ​ភ្ញាជ័យ​ ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​ជា​អង្គការ​ព្រះ​សហគមន៍​គ្រីស្ដបរិស័ទ​ដែល​បង្កើត​ឡើង​ដោយ​ស្ដ្រី​អតីត​ក្មេង​ត្រូវ​បាន​បោះបង់​ក្នុង​សម័យ​សង្គ្រាម​ប៉ុលពត និង​ក្រុម​គ្រួសារ​​រស់នៅ​ប្រទេស​ស្វ៊ីស​ក្នុង​ឆ្នាំ​ ២០១៤៕

ទិដ្ឋភាព​មជ្ឈមណ្ឌល​កីឡា​ដែល​មាន​ទីលាន​លើ​ផ្ទៃ​ទឹក​។ផា លីណា

វីដេអូ៖