ក្រុងបានលុងៈ ទោះបី​ជា​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ​ឆ្ពោះ​ទៅ​កាន់​ទឹកដី​ភូមិភាគ​ឦសាន ខេត្ត​រតនគិរី​អាច​ធ្វើឲ្យ​អ្នកដំណើរ​នឿយហត់​អស់​កម្លាំង​បន្តិច​មែន​ក្តី តែ​អ្នក​ទេសចរ​ក៏​អាច​ឆ្លៀត​ទៅ​លម្ហែកាយ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ងូត​ទឹក​ឲ្យ​ត្រជាក់​កាយ បំបាត់​អស់​នូវ​ភាព​នឿយណាយ​ប៉ះប៉ូវ​បាន​វិញ​ភ្លាម នៅឯ​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​កាចាញ ដែល​ស្ថិត​នៅក្បែរ​នឹង​ក្រុង​បាន​លុង​។


រមណីយដ្ឋាន​ទឹកជ្រោះ​កាចាញ​ស្ថិត​នៅ​ភូមិ​ ២ សង្កាត់​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី​មាន​ចម្ងាយ​ប្រមាណ​តែ ៦ គីឡូម៉ែត្រ ប៉ុណ្ណោះ​ពី​ក្រុង​បានលុង​ដែល​មាន​ប្រភព​ទឹកហូរ​មកពី​បឹង​យក្ស​ឡោម​។


ក្រៅពី​ដើរ​កម្សាន្ត​លេង​ថតរូប និង​ឡើង​ផ្ទះ​ជនជាតិ និង​ចុះ​លេង​ទឹក​ហូរ​រាក់ៗ​ហូរ​ជ្រែក​ផ្ទាំង​ថ្ម​នៅ​ផ្នែក​ខាង​លើ​មក​នោះ ក្រុម​ទេសចរ​ក៏​អាច​ដើរ​ឆ្លងតាម​ស្ពាន​យោល​ដើម្បី​គយគន់​ទេសភាព​ព្រៃប្រឹក្សា និង​មើលឃើញ​យ៉ាង​ច្បាស់​នៃ​ចរន្តទឹក​ធ្លាក់​សក្បុស​កម្ពស់​ប្រមាណ​ជាង ១០​ ​ម៉ែត្រ​នៅ​ជាន់​ក្រោម ហើយ​អាច​ឆ្លៀត​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​បាន​ទៀត​ផង​។


ទេសចរ​ឈរ​លើ​ស្ពាន​យោល​គយគន់​ទឹកជ្រោះ​កាចាញ​ពី​ចម្ងាយ​។ ហេង ជីវ័ន


ដោយសារ​តែ​ស្ថិត​នៅ​កៀក​បង្កើយ​នឹង​តំបន់​ក្រុង ហើយ​ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​ក៏​ងាយស្រួល​ទៀត​នោះ ទើប​ធ្វើឲ្យ​តំបន់​ទឹកធ្លាក់​ធម្មជាតិ​មួយ​នេះ​មិន​សូវ​ខ្សត់​ទេសចរ​មក​កម្សាន្ត​ឡើយ​គឺ​មាន​ទាំង​ទេសចរ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មក​លេង​គ្រប់​រដូវកាល និង​រាល់ថ្ងៃ​តែ​ម្តង​។


បើ​តាម​លោក ស៊ុន សំអូន បុគ្គលិក​សហគមន៍​នៃ​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​កាចាញ​បាន​ឲ្យ​ដឹង​ពី​ចំនួន​ភ្ញៀវទេសចរ​មក​លេង​តំបន់​ទឹកធ្លាក់​នេះ​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​នោះ​ថា​៖ «​ក្រុម​ភ្ញៀវ​ទាំង​នៅ​ក្នុង​តំបន់​ជិត និង​ឆ្ងាយ​តែង​មក​លេង​នៅ​ទី​នេះ​មិន​ដាច់​ឡើយ​។ សម្រាប់​ថ្ងៃ​បុណ្យ​ធំៗ​វិញ​មាន​ភ្ញៀវ​ច្រើន ដូចជា​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​មាន​ភ្ញៀវ​មក​លេង​ប្រមាណ​ចន្លោះ​ពី ៥០០ ទៅ ៧០០ នាក់ ខណៈ​រដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​វិញ​មាន​ភ្ញៀវ​ជិត ១០០០ នាក់​ហើយ​នៅ​រដូវ​បុណ្យអុំទូក​ចំនួន​ភ្ញៀវ​ចន្លោះ​ពី ៤០០-៥០០ នាក់​»​។

សម្រាប់​លំហូរ​ភ្ញៀវ​មក​កម្សាន្ត​នៅ​ថ្ងៃ​ធម្មតា និង​ចុង​សប្តាហ៍​វិញ​នោះ​ហាក់​ដូចជា​មាន​ភាព​ខុស​គ្នា​ខ្លាំង​តែ​នៅ​ថ្ងៃ​បុណ្យទាន​ខាង​លើ​ដោយ​លោក ស៊ុន សំអូន បាន​បន្ត​ថា​៖ «​ប្រសិន​បើ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ចុង​សប្តាហ៍​នោះ​ភ្ញៀវ​មក​កម្សាន្ត​អាច​មាន​ចន្លោះ​ពី ៥០-៦០ នាក់ ខណៈ​នៅ​ថ្ងៃ​ធម្មតា​វិញ​មាន​ក្រុម​ភ្ញៀវ​បរទេស​មក​កម្សាន្ត​គឺ​ក្នុង​ចំនួន​ប្រមាណ​ពី ១០ ​ទៅ​​ ២០ ​នាក់​សឹងតែ​រាល់ថ្ងៃ​»​។

ដោយឡែក​ការចូល​ទស្សនា​នៅឯ​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​កាចាញ​ក៏​តម្រូវ​ឲ្យ​ក្រុម​ទេសចរ​ទាំង​ខ្មែរ និង​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​ផងដែរ​។ ចំពោះ​ថ្លៃ​សំបុត្រ​ភ្ញៀវបរទេស​ម្នាក់​តម្លៃ ១ ដុល្លារ ខណៈ​ភ្ញៀវ​ខ្មែរ​ម្នាក់​តម្លៃ ៥០០ រៀល និង​តម្លៃ​សេវាកម្ម​លើ​យានជំនិះ​ផ្សេងៗ​ទៀត​ផង​ដែរ​មាន​ដូចជា​ម៉ូតូ ១ គ្រឿង​តម្លៃ ១៥០០ រៀល រ៉ឺម៉ក​កង់បី​តម្លៃ ៤០០០ រៀល​រថយន្ត​តូច ៥០០០ រៀល​រថយន្ត​ធំ ១៥ ០០០ ហើយ​រថយន្ត​ទេសចរ​សាំងយ៉ុង​វិញ​តម្លៃ ១ ម៉ឺន​រៀល​៕

ទេសចរ​ដើរ​តាម​ស្ពាន​យោល​ឆ្លង​ទៅ​ត្រើយម្ខាង​។ ហេង ជីវ័ន

ភ្ញៀវ​អាច​មើល​ទេសភាព​ផ្សេងៗ​ពី​ស្ពាន​យោល​បាន​។ ហេង ជីវ័ន

ទឹក​ហូរ​សក្បុស​មើល​ពី​ក្រោម​នៅ​ទឹកជ្រោះ​កាចាញ​។ហេង ជីវ័ន

វីដេអូ៖