ក្រុងម៉ូស្គូ: អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ធម្មជាតិ​បាន​ប្រែ​ក្លាយ​អំបែង​កែវ​ចម្រុះ​ពណ៌​ដែល​ត្រូវ​បាន​ចាក់​លើ​ខ្សែ​ឆ្នេរ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​វា​រង​នូវ​ការគំរាមកំហែង​យ៉ាង​ខ្លាំង​។


វីដេអូ​មួយ​ដែល​បង្ហាញ​ស្ដ្រី​ទេសចរ​ចិន​ ២ ​នាក់​នៅ​ទី​កម្សាន្ដ​ឲ្យ​ឈ្មោះ​ថា Glass Bay ដើរ​រើស​អំបែង រួច​ដាក់​ច្រក​ថង់​ប្លាស្ទិក​។


ស្ដ្រី​អ្នកស្រុក​ម្នាក់​ដែល​បាន​ថត​វីដេអូ​នោះ​បាន​និយាយ​ថា​៖ «​ឡានក្រុង​ចេញ​ចូលៗ​មក​ទីនេះ ហើយ​ទេសចរ​ម្នាក់ៗ​តែងតែ​នាំ​យក​អំបែង​ទាំងនោះ​ត្រឡប់​ទៅ​តាម​ខ្លួន​វិញ​»​។


ឆ្នេរ​ដ៏ប្លែក​នេះ​ត្រូវ​បាន​អភិរក្ស តែ​ទោះ​យ៉ាង​ណា​អំបែង​កែវ​កាន់តែ​បាត់បង់​បន្ដិច​ម្ដងៗ ហើយ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​រួចហើយ​ថា វា​អាច​រលត់រលាយ​នៅ​រយៈពេល​ ២០ ​ឆ្នាំ​ទៀត​។


ភ្ញៀវទេសចរ​ថតរូប​សែលហ្វ៊ី​នៅ​តំបន់​ឆ្នេរ​គ្រាប់​ក្រួស​អំបែង​នៅ​រុស្ស៊ី​។ រូបថត AFP


បាតុភូត​ធម្មជាតិ​ដ៏កម្រ​លើ​ឆ្នេរ​ប៉ាស៊ីហ្វិក​នៃ​ប្រទេស​រុស្ស៊ី​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្រោយ​គ្រវែង​ចោល​នូវ​ដប​វុដកា ដប​ស្រា​ទំពាំងបាយជូរ និង​ស្រា​បៀរ រួមទាំង ក្រឡ​កែវ និង​សេរ៉ាមិក​អំឡុង​សម័យ​សូវៀត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

ខ្សែទឹក និង​រលក​នៅលើ​ឆក​អ៊ូស៊ូរី (Ussuri Bay) បាន​វាយ​បំបែក​អំបែង​ដប​រួច​ដុស​រុស​គែម​មុខស្រួច​ឲ្យ​ទៅ​ជា​ទាល​រលោង​ចម្រុះ​ពណ៌​។ យ៉ាងណា​មិញ​ការបោះចោល​សម្បក​ដប​នៅ​តំបន់​ឆ្នេរ​ទេសចរណ៍​នាពេល​នេះ​ត្រូវ​បាន​ហាមឃាត់​។

ឆ្នេរ​ក្បែរ​ច្រាំង​ថ្ម​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ក្នុង​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី​។

សាស្ដ្រាចារ្យ Pyotr Brovko មកពី​សាកលវិទ្យាល័យ Far Eastern Federal University (FEFU) បាន​ព្រមាន​ថា គ្រីស្ដាល់​ចម្រុះ​ពណ៌​លើ​ឆ្នេរ​នេះ​នឹង​រលាយ​បាត់​ក្នុង​រយៈពេល ២០ ​ឆ្នាំ ខណៈ​អំបែង​កែវ​នាបច្ចុប្បន្ន​នេះ​កាន់តែ​ខើច​បន្ដិច​ម្ដងៗ​។

លោក​និយាយ​ថា​៖ «​វា​ជា​ភ័ស្ដុតាង​ថា អំបែង​កែវ​នេះ​សល់​ត្រឹម​មួយ​ជំនាន់​នេះ​ប៉ុណ្ណោះ តែ​ក្រោយ​ពី​នេះ​វា​នឹង​ប្រែ​ទៅ​ជា​ឆ្នេរ​ខ្សាច់​លាយ​ក្រួស​ធម្មតា​វិញ មិន​ខុស​ពី​តំបន់ Primorsky នោះ​ទេ​»៕ HR