ក្រុង​សែនមនោរម្យ៖ កាមេរ៉ា​តាមដាន​បាន​បង្ហាញ​រូបភាព​សត្វព្រៃ​ជាច្រើន​ប្រភេទ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក។


ទិដ្ឋភាព​ជ្រូកព្រៃ​បណ្ដើរ​កូន សត្វ​ទន្សោង​ទាំង​ហ្វូង​នាំគ្នា​ស៊ី​ស្មៅ​ព្រេច​ដ៏​សម្បូរ​បែប ឈ្លូស រត់​ប្រសាច​កាត់​វាលស្មៅ​ដុះ​ជ្រំ​ព្រៃរបោះ រមែង​ស្ថិតក្នុង​ក្ដីប្រាថ្នា​របស់​ភ្ញៀវ​ដែល​ស្រឡាញ់​ធម្មជាតិ និង​សត្វព្រៃ​កម្រ។


ទាំង​នេះ​ជា​លទ្ធភាព ដែល​ក្រសួង​បរិស្ថាន​មាន​បំណង​ប្រែក្លាយ​តំបន់​ខ្លះ​នៃ​ដែន​ជម្រក​សត្វព្រៃ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​មាន​សក្ដានុពល​សម្រាប់​ទស្សនា​សត្វព្រៃ។


ស្ថិតនៅ​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ស្រែ​កពក​ក្នុង​ដំណើរ​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ទៅ​កាន់​តំបន់​ព្រៃ​ទេសភាព​ខ្ពង់​រាប​ភាគ​ខាង​កើត​លោក​ នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖ «តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា គឺ​យើង​មាន​គោលបំណង​ក្នុងការ​ប្រែក្លាយ​តំបន់​មួយចំនួន​ដែលមាន​សក្ដានុពល​ទេសចរណ៍​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ»។


បរិវេណ​តំបន់ការពារធម្មជាតិ​មួយចំនួន ត្រូវបាន​សម្រេច​ដាក់​ជា​តំបន់​ទេសចរណ៍​សហគម​ន៍ ដើម្បីឱ្យ​ពលរដ្ឋ​បង្កើត​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជា​ថ្នូរ​នឹង​កិច្ចការពារ​សម្បត្ដិ​ធម្មជាតិ។


លោក​លើកឡើងថា៖ «កន្លងទៅយើង​បាន​ធ្វើជា​ទេសចរណ៍​សហគមន៍​មួយចំនួន ដូចជាទេសចរណ៍​សហគម​ន៍​ច្រក​ល្អៀង ហើយ​ត្មាត​ប៉ើយ ជា​តំបន់​ទេសចរណ៍ធម្មជាតិ។ ភ្ញៀវ​ស្នាក់នៅក្នុង​សហគមន៍​នេះ អាច​មើល​សត្វ​ត្រយង​យក្ស ត្រយង​ចង្កំ ក ស»។

បំណង​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ជាការ​រួមចំណែក​ជួយ​ជ្រោ​មជ្រែង​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ជា​កិច្ចការ​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​ផងដែរ។

លោក នេត្រ ភក្ដ្រា បន្ដថា៖ «ការបង្កើត​ទេសចរណ៍ធម្មជាតិ​ជាការ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ ដែល​បង្កើន​ចំណូល ដើម្បីឱ្យ​ជីវភាព​របស់​ពួកគាត់​រឹងមាំ ហើយ​ពួកគាត់​នឹង​អាចមាន​ជម្រើស​ថ្មី ដោយ​អត់​ចូល​ព្រៃ​កាប់​ឈើ និង​អត់​ចូល​ព្រៃ​បរបាញ់»។

ទិដ្ឋភាព​ព្រៃរបោះ រំលេច​ដើមឈើតូចៗអាយុកាល​រាប់សិប​ឆ្នាំ ដុះរង្វើលៗមិន​ញឹក​ដូច​ម្រាមដៃ ដែល​បង្កើតបានជា​បរិ​វេណ​ស្រឡះ​អំណោយផល​ដល់​ការ​គយគន់​ហ្វូង​សត្វព្រៃ។ វាលស្មៅព្រេច​កម្ពស់​ត្រឹម​ចង្កេះ ជា​ចំណី​ឆ្ងាញ់មាត់​ដល់​ពពួកសត្វ​ស៊ី​ស្មៅ ជាពិសេស អម្បូរ​សត្វ​ក្រចកជើង​ចម្ពាម។ ខ្សែទឹក​ខ្វាត់ខ្វែង​បង្កើតបានជា​សរសៃ​អូរ និង​ទន្លេ​ពុះ​ជ្រែក​ព្រៃឈើ​ធំ​ល្វឹងល្វើយ។

លោក នេត្រ ភក្ដ្រា បានឱ្យដឹងថា៖ «ស្ថិតក្នុង​តំបន់​ព្រៃរបោះ​នេះ យើង​អាច​មើលឃើញ​សត្វ​ងាយស្រួល»។

លោក នេត្រ ភក្ដ្រា លោក សេង ទៀក និង​កញ្ញា ​​Milou Groenenberg ទស្សនាសត្វព្រៃលើដងទន្លេស្រែពក ខេត្ដមណ្ឌលគិរី។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​

សក្ដានុពល​ទេសចរណ៍ធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​ក៏ត្រូវ​បាន​សម្គាល់​ឃើញ​ដោយ​លោក សេង ទៀក នាយកអង្គការ​អន្ដរជាតិ ដែល​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោក​បាន​និយាយថា៖ «យើង​មិនទាន់​ឃើញ​ភ្ញៀវ​បន្ដ​ការ​ស្នាក់នៅ ៣ ឬ ៤ យប់​បន្ថែមទៀត​ទេ។ ប្រទេស​យើង​ជា​គោលដៅ​ទេសចរណ៍​រួចហើយ ផ្នែក​វប្បធម៌ ដូចជា អង្គរវត្ដ​ជាដើម។ យើង​អាច​ទាញ​ត្រឹមតែ ៥ ទៅ ១០ ភាគរយ ដើម្បីឱ្យ​ពួកគេ​បន្ដស​ម្រាក ៣ យប់​ទៀត»។

លោក​បន្ដថា៖ «បើ​យើង​គណនា​មើល​វា​អាចបង្កើត​ការងារ​បាន​ច្រើនណាស់។ ដូច្នេះ រាជរដ្ឋាភិបាលក៏ដូចជា​ក្រសួងបរិស្ថាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍ ផលិតផល​ទេសចរណ៍ ហើយ​ផលិតផល​ទេសចរណ៍​មួយ​ដ៏​សំខាន់​គឺ​សត្វព្រៃ។ ជាក់ស្ដែង ទន្លេស្រែ​ពក ពិតជា​ស្រស់ស្អាត ហើយ​នៅមាន​សត្វ​មួយទៀត ដែល​យើង​ចូលមក ចាំបាច់​ត្រូវតែ​ឃើញ»។

អ្នក​និយម​ធម្មជាតិ អាចធ្វើ​ដំណើរ​តាម​ដង​ទន្លេស្រែពក ដែលជា​អាង​ត្រីធម្មជាតិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ជីវចម្រុះ និង​ទស្សនា​សត្វព្រៃ​ដ៏​សម្បូរបែប ដូចជា ស្វា​កន្ទុយ​ស កេងកង និង​ក្រពើ​ភ្នំ​ជាដើម។

ទោះជា​យ៉ាងណា ថ្វីដ្បិតតែ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​បានផ្ដល់​អាហារ ទឹក និង​ទីជម្រក​ដ៏​សមគួរ​សម្រាប់​ពពួកសត្វ​ព្រៃ​សោយសុខ​ក្នុង​ដែនដី​អភិរក្ស​មួយ​នេះ​យ៉ាងណាក៏ដោយ ក៏​ដំណើរការចុះបញ្ជី​ជា​តំបន់​ទេសចរណ៍ធម្មជាតិ នៅ​មិនទាន់​ស្ថិតក្នុង​ចំណុច​អាទិភាព​របស់​រដ្ឋាភិបាល​ក្នុងពេលឆាប់ៗទេ។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​របស់​អង្គការ WWF និង​ក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួន​សត្វព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក បាន​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ ដូចជា ទន្សោង ឈ្លូស និង​ជ្រូកព្រៃ ព្រមទាំង​ប្រើស រ​ម៉ាំង និង​ខ្ទីង ដែល​កាន់តែ​ខ្សត់ខ្សោយ។

លោក នេត្រ ភក្ដ្រា បាន​និយាយ​សំដៅ​ទៅលើ​លទ្ធភាព​អំណោយផល​ចំពោះ​ទេសចរណ៍ធម្មជាតិ និង​សត្វព្រៃ​ថា៖ «បច្ចុប្បន្ន​យើង​គិតថា ធ្វើ​ដូចម្ដេច​ឱ្យមាន​សុវត្ថិភាព​សម្រាប់​សត្វព្រៃ​សិន។ យើង​ត្រូវតែ​ការពារ​ឱ្យបាន​ពីព្រោះ​វា​ជា​តំបន់​ស្នូល ហើយ​បន្ទាប់​ទៅ​ថា តើ​យើង​ត្រូវធ្វើ​ម៉េច​ទៀត»។

លោក​បាន​អះអាងថា លទ្ធភាព​ប្រាកដ​ជាមាន ប្រសិនបើ​មានការបង្កើន​ចំនួន​សត្វព្រៃ តាមរយៈ​ម​ធ្យោបាយផ្សេងៗ ដូចជា ការព័ទ្ធ​របង ឬ​ការការពារ​ឱ្យបាន​នូវ​តំបន់​នេះ​ពី​ការដាក់​អន្ទាក់ ការ​បរបាញ់ ឬ​ការបំផ្លាញ​ជម្រក​របស់​ពួកវា។

​ទិដ្ឋភាព​ដង​ទន្លេស្រែពកក្នុង​ដែនជម្រកសត្វព្រៃស្រែពក។ រូបថត WWF-Cambodia

នាយក WWF ប្រចាំ​ប្រ​ទស​កម្ពុជា លោក សេង ទៀក ក៏បាន​ពន្យល់ថា៖ «បើ​អាច​កសាង​របង​ដែល​បង្កើតជា​កន្លែង save heaven សម្រាប់​សត្វព្រៃ យើង​អាច​កៀរគរ​សត្វព្រៃ​ពី​ក្រៅរបង​ចូលក្នុង​របង ​ដើម្បី​ឱ្យមាន​ការបន្ដ​ពូជ​លឿន»។

លោក​ថា៖ «សត្វ​មួយចំនួន​នឹងមិនអាច​ផុត​ពូជ​ទេ ជាពិសេស ពពួកសត្វ​ដែល​មន្ដ្រី​របស់​យើង​ពិបាក​តាមដាន ដូចជា រ​ម៉ាំង ប្រើស និង​ពពួក​ខ្លា»។

លោក សេង ទៀក បាន​បញ្ជាក់ថា៖ «ការរៀបចំ​ទេសចរណ៍ high-end ចាំបាច់​ត្រូវតែមាន​សត្វព្រៃ​សម្រាប់​ឱ្យ​ភ្ញៀវ​មើល»។

ដោយមាន​វិធានការ​យ៉ាង​ហ្មត់ចត់​ក្នុងការ​ស្ដារ​ចំនួន​សត្វព្រៃ ដែល​កំពុងតែ​ធ្លាក់ចុះ​យ៉ាងគំហុក​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក [ផ្ទៃដី ៣៧២ ៩៧១ ហិកតា] រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ប្រកបដោយ​ជំនឿចិ​ត្ដ​ពី​តំបន់​សក្ដានុពល​មួយ​នេះ។

លោក​បាន​និយាយថា៖ «យើង​ជឿជាក់​ថា វា​នឹងមាន​កំណើន ហើយ​វា​មាន​កំណើន យើង​ឃើញថា តំបន់​នេះ​មាន​ទេស​ភាពល្អ​ស្អាត​ណាស់។ តើ​មនុស្ស​ប៉ុន្មាន​នាក់ ដែល​បានមក​ឃើញ​ទិដ្ឋភាព​នៅទីនេះ។ អ៊ីចឹង យើង​ចង់​បង្កើន​នូវ​ទិសដៅ​ទេសចរណ៍​ថ្មី​បន្ថែមទៀត​ក្នុង​តំបន់​មួយចំនួន ដែលមាន​សក្ដានុពល»៕