ក្រុងកៀវ៖ រឿង​​ភាគ​ទូរទស្សន៍​ដ៏​ល្បីល្បាញ «Chernobyl» បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជំនាន់​ថ្មី​មក​លេង​តំបន់​ជួប​គ្រោះ​មហន្ដរាយ​អាវុធ​នុយក្លេអ៊ែរ​ តែ​មគ្គុទ្ទេសក៍​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​មក​ថត​រូប​សែលហ្វ៊ី​ជាជាង​ការ​សិក្សា​អំពី​ឧប្បត្ដិហេតុ​បាន​កើត​ឡើង​។


យេវហ្គេន ហ្គូនឆារ៉េនកូ មគ្គុទេ្ទសក៍​ផ្លូវ​ការ​នាំ​ភ្ញៀវ​ទៅ​កាន់​តំបន់​រោងចក្រ​ថាមពល​ប្រវត្ដិសាស្ដ្រ​នោះ បាន​និយាយ​​ថា​៖ «​ពួក​គេ​​មិន​ត្រូវ​ការ​ដឹង​​ព័ត៌មាន​អី​ទៀត​ទេ។ ពួក​គេ​ចង់​តែ​ថតរូប​សែលហ្វ៊ី​លេង​ប៉ុណ្ណោះ​»។


លោក​បាន​ប្រាប់ AFP ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​គ្រាន់​តែ​ចង់​ឃើញ​ទិដ្ឋភាព​ដូច​ក្នុង​ភាពយន្ដ​ HBO​។​


សារធាតុ​វិទ្យុ​សកម្ម​ដែល​ភាយ​ចេញ​លើ​តំបន់​អឺរ៉ុប​ និង​តំបន់​ប៉ះពាល់ ៣០ គីឡូម៉ែត្រ នៅ​តែ​រក្សា​បម្រាម​ហាម​ឃាត​​ដដែល លើក​លែង​ជា​តំបន់​តូច​មួយ​ដែល​បើក​ទទួល​ភ្ញៀវ​ទេសចរ​។


សេវាកម្សាន្ត​ជិះទូកកាយ៉ាក់នៅអតីតតំបន់វិនាសកម្ម​នៅអ៊ុយក្រែន​។ រូបថត AFP


ទីតាំង​​ដែល​ត្រូវ​បាន​​បោះ​បង់​ក៏​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ងងឹត ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តាំង​ពី​មុន​កម្មវិធី​ទូរទស្សន៍​ថត​រឿង​​ភាគ​នេះ​ម្ល៉េះ។

តែ​ទីភ្នាក់ងារ​ទេសចរណ៍​អ៊ុយក្រែន​​មួយ​ចំនួន បាន​កែ​សម្រួល​កញ្ចប់​ទេសចរណ៍​​ទៅ​តាម​គោលដៅ​​ដូច​ក្នុង​ឈុត​ឆាក​ភាពយន្ដ «Chernobyl» និង​បន្ថែម​សេវាកម្ម​ពិសេស​ ដូចជា​ការ​​ជិះ​ទូក​កាយ៉ាក់​តាម​ដង​ទន្លេ​ជុំវិញ​តំបន់​ហាម​ឃាត់​ថែម​ទៀត។

លោក ​ល្វីស កាឡូស អាយុ ២៧ ឆ្នាំ ​មក​ពី​ប្រេស៊ីល បាន​និយាយ​ថា លោក​មិន​ដឹង​ច្បាស់​អំពី​គ្រោះ​មហន្ដរាយ​អី​ពី​មុន​មក​ទេ មុន​ពេល​បាន​មើល​រឿង​លើ​កញ្ចក់​ទូរទស្សន៍ HBO។

លោក កាឡូស បាន​និយាយ​ ខណៈ​មិត្ដភក្ដិ​ថត​រូប​ឲ្យ​ឈរ​ក្បែរ​ស្ថានីយ​រោងចក្រ​នុយក្លេអែរ​ថា​៖ «​បើ​ភ្ញៀវ​មក​ទី​នេះ​ ​ដើម្បី​ស្វែង​យល់​រឿងរ៉ាវ​បាន​កើត​ឡើង​ និង​ព្យាយាម​សិក្សា​ វា​ពិត​ជា​រឿង​ល្អ​។ វា​ជា​ប្រវត្ដិសាស្ដ្រ​មួយ​​»។

ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​ជា​លំដាប់​ ហើយ​កាល​ពី​ឆ្នាំ​មុន មនុស្ស ៧២​ ០០០ នាក់​ និង​អាច​កើន​ដល់​​ ១០ ម៉ឺន​​នាក់ ​មក​កាន់​រោងចក្រ​នុយក្លេអែរ Chernobyl​៕ AFP/HR