សៀមរាប៖ ឈានជើងចុះពីលើរ៉ឺម៉ក យុវតីអាល្លឺម៉ង់ ២ នាក់ ដើរសំដៅទៅកាន់អគាររំលេចនូវក្បាច់ក្បូរទ្វារ និងបង្អួចចម្រុះពណ៌ អមដោយពន្លឺភ្លើងពេលរាត្រីដ៏ស្រស់ឆើតនាពេលរាត្រីចាប់ពីស្លាកឡូហ្គោទាំងសងខាង សួនផ្កា និងគ្រឿងតុបតែងលម្អផ្សេងៗ។
ក្លែរ ដកទូរស័ព្ទថតរូបឲ្យមិត្ដភក្ដិនារីម្នាក់ទៀត នៅអែប ឡូហ្គោ រំលេចនូវពាក្យ «ទ្វីស» មុនពេលផ្លាស់ប្ដូរថតឲ្យគ្នាម្នាក់ម្ដង និងចូលទៅកាន់តុចុះឈ្មោះស្នាក់នៅ។ ពេលរង់ចាំការចុះឈ្មោះ យុវតីបរទេសអាយុខ្ទង់ ២០ ឆ្នាំទាំង ២ បន្ដថតរូបផ្អៀងផ្អងដាក់មុខកញ្ចក់ជាមួយនឹងផ្ទៃក្រោយឌីហ្សាញចម្បងពីពណ៌លឿងឆ្អិនឆ្អៅ។
បើទោះបីជាទេសចរច្រមុះស្រួចមិនសូវនិយមចំពោះការថតរូបសែលហ្វី បង្ហោះលើបណ្ដាញសង្គមយ៉ាងណាក៏ដោយ ក៏កម្រឃើញភ្ញៀវដែលមកកាន់ ហូសតែល ទ្វីស (The Twizt-Lifestyle Hostel) មើលរំលងទីតាំងរូបថតដ៏ស្រស់ស្អាតនេះណាស់។
ក្លែរ និងមិត្ដភក្ដិដែលចំណាយពេល ២ សប្ដាហ៍នៅកម្ពុជាបន្ដថា៖ «វាមានតម្លៃសមរម្យសម្រាប់ពួកយើង ហើយយើងឃើញរូបក្នុងហ្វេសប៊ុក ដែលមានទាំងអាងទឹក និងបារ៍លើដំបូលថែមទៀត។ យើងចូលចិត្ដរុក្ខជាតិ និងស្ទីលនៃការឌីហ្សាញដ៏ទាក់ទាញ»។
ដោយមើលឃើញពីចន្លោះរវាងការស្នាក់បែបប្រពៃណី និងបស្ចិមប្រទេស ហើយនៅខ្វះទីកន្លែងរបស់យុវវ័យ ទ្វីស ត្រូវបានបង្កើតឡើងពិសេសជាពិភពរបស់យុវវ័យដាច់ដោយឡែក។
អ្នកស្រី ទិន កញ្ញា អ្នកគ្រប់គ្រងទូទៅនៅ The Twizt-Lifestyle បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ដំបូងឡើយតាំងពីឆ្នាំ ២០១២ យើងគិតចង់បង្កើតជាសណ្ឋាគាររបស់យុវវ័យធម្មតា តែក្រោយមក យើងគិតថាទីតាំងនេះនៅតំបន់ Pub Street យើងគួរតែមានកន្លែងស្នាក់បែប luxury hostel ដែលមានតម្លៃសមរម្យ និងជាសហគមន៍របស់យុវវ័យចម្រុះជាតិសាសន៍សម្រាប់ការផ្លាស់ប្ដូរបទពិសោធ និងប្រពៃណីនៃប្រទេសនីមួយៗ»។
នៅលើទំព័រហ្វេសប៊ុករបស់ ទ្វីស បានសរសេរបែបលេងសើចនៃគោលបំណងផ្ដល់ការសប្បាយទៅដល់យុវវ័យថា៖ «តោះៗសៀមរាបជុំគ្នា! ដើរលេងជុំគ្នា! ជិះក៏ជុំគ្នា! និងគេងក៏ជុំគ្នា! ធ្វើគ្រប់យ៉ាងជុំៗគ្នាអីចឹង សូម្បីយប់ឡើងដេញពិណ និងអូសរទេះភ្លើងក៏ជុំគ្នាដែរ»។
សួនច្បារតូចៗ បង់អង្គុយ ទោងអង្រឹង កង់លម្អផ្កាភ្ញី តុកាហ្វេប្រក់ឆត្រ ក្រឡាគំនូសពណ៌លឿងឆ្នូតៗ ជាមួយនឹងបង្គោលចង្អុលទិសដៅ និងភ្លើងក្រហម លឿង បៃតង ទិដ្ឋភាពក្នុងសាលទទួលភ្ញៀវរបស់ ទ្វីស ហាក់បីដូចជាការឌីហ្សាញរចនាប័ទ្មដ៏ច្នៃប្រឌិតប៉ិនប្រសប់។
អ្នកស្រី កញ្ញា បានឲ្យដឹងថា៖ «ចំពោះការឌីហ្សាញនេះ យើងចង់ឲ្យភ្ញៀវចូលមកមានអារម្មណ៍ប្លែកពីគេ។ ប៉ុន្ដែបើយើងចាប់អារម្មណ៍បន្ដិច គឺថា រាល់វត្ថុដែលត្រូវបានរៀបចំតុបតែងខាងក្នុងអគារទាំងនេះ សុទ្ធតែជារបស់របរនៅខាងក្រៅទាំងនេះ ដូចជា បង្គោលភ្លើង ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នៅលើកម្រាលខាងក្រោមជាដើម។ យើងចង់ឲ្យមានការផ្សារភ្ជាប់គ្នារវាងតថភាពទាំងខាងក្នុង និងខាងក្រៅ»។
អ្នកគ្រប់គ្រងទូទៅរូបនេះបានបន្ដថា ក្បាច់ផ្កាភ្ញីឆ្លាក់នៅលើគ្រឿងតុបតែងសុទ្ធតែជាក្បាច់បុរាណខ្មែរ។ រាល់គ្រឿងតុបតែង និងក្បាច់រចនាសុទ្ធតែជារបស់ខ្មែរ ដោយមិនបានប្រើអ្វីជារបស់បរទេសឡើយ។
អង្គុយលើបង់ក្បែរគំនូសសញ្ញាចរាចរណ៍ អ្នកស្រីបាននិយាយថា៖ «ដោយមិនផ្ដោតលើការសង់លទ្ធភាពបន្ទប់ស្នាក់ឲ្យបានច្រើន យើងមើលទៅលើតម្រូវការមនុស្សឥឡូវចាប់ផ្ដើមធ្វើដំណើរច្រើន និងរៀបចំកញ្ចប់ថវិកាដំណើរកម្សាន្ដ»។
អ្នកស្រីបន្តថា៖ «ខ្ញុំជឿជាក់ថា អ្វីដែលយើងធ្វើ អ្វីដែលយើងមាន គ្រឿងតុបតែងដែលយើងរៀបចំ និងរចនាប័ទ្មដែលយើងឌីហ្សាញមកនេះ វាធ្វើឲ្យពួកគាត់ងាយនឹងសម្រេចចិត្ដចំពោះការស្នាក់នៅទីនេះ»។
កញ្ញា យ៉ែម រដ្ឋា មកពីភ្នំពេញជាមួយមិត្ដភក្ដិប្រុសស្រី ៤ នាក់ទៀត និយាយថា៖ «បន្ទប់ទឹកមានអនាម័យ ទោះជាការប្រើប្រាស់រួម តែយើងអាចទទួលយកបាន។ វានៅមានអាងទឹក ឆ្នេរខ្សាច់ និងបារ៍ ព្រមទាំងសម្បូរកន្លែងថតរូបស្អាតៗ»។
ទ្វីស មានបន្ទប់បែបឯកជនចំនួន ១៤ បន្ទប់ (គ្រែ ១ និងគ្រែ ២ តម្លៃ ៤៥ ដុល្លារ ១ រាត្រី រួមអាហារពេលព្រឹក) និង ចំនួន ៨៤ បន្ទប់ ដោយបន្ទប់ខ្លះមានគ្រែ ២ គ្រែ ៤ គ្រែ ៨ និងគ្រែ ១២ (ម្នាក់តម្លៃ ១០ ដុល្លារ) សរុប ៣៦៥ គ្រែ។
អ្នកស្រី កញ្ញា បានឲ្យដឹងថា៖ «ជាទូទៅពលរដ្ឋខ្មែរនិយមជួលបន្ទប់ធំមួយសម្រាប់ស្នាក់នៅជុំគ្នាដែលអាចលើសចំនួនកំណត់។ ប៉ុន្ដែបើគិតពីទីតាំង អគារ និងភាពស្អាតបាត បន្ទប់ The Twizt Hostel មានបរិក្ខារដូចនៅក្នុងបន្ទប់របស់ពួកគាត់អ៊ីចឹង។ គាត់មានទូដាក់សម្ភារ និងប្រអប់សុវត្ថិភាពផ្ទាល់ខ្លួនសម្រាប់ដាក់វត្ថុមានតម្លៃ។
នៅក្នុងបន្ទប់នីមួយៗមានការបែងចែកជា បន្ទប់សម្រាប់នារី និងបន្ទប់សម្រាប់បុរស ឬបន្ទប់ជាមិត្ដភក្ដិរួម (mixed dome) យើងសម្រាប់ភ្ញៀវគេងជុំគ្នាទាំងបុរស និងនារី។
យ៉ាងណាមិញ The Twizt Hostel មានបម្រើចំពោះអតិថិជនអាយុចាប់ពី ១៥ ឆ្នាំដោយសារតែការស្នាក់នៅបែបចម្រុះជាតិសាសន៍ និងយុវវ័យ។
អ្នកគ្រប់គ្រងទូទៅ ដែលមានបទពិសោធការងារជាច្រើនលើវិស័យបដិសណ្ឋារកិច្ចបានពន្យល់ថា៖ «វាមានរូបភាពមួយចំនួនជាអន្ដរជាតិអ៊ីចឹងក្មេងក្រោមអាយុ ១៥ ឆ្នាំ ពេលខ្លះយើងបង្ហាញឲ្យឃើញក្នុងកម្រិតណាមួយ វាមិនល្អនោះទេ។ ណាមួយយុវវ័យមានរឿងរ៉ាវត្រូវជជែកគ្នាហើយនៅពេលមានក្មេងមករំខានពួកគាត់ហាក់បាត់ នូវអារម្មណ៍យុវវ័យរបស់គាត់»។
អ្នកស្រីអះអាងថា ដោយសារភាពស្រស់ស្អាតនៃអគារវាបានអន្ទងចិត្ដអតិថិជនវ័យកណ្ដាលជាច្រើនផងដែរ។ ពួកគាត់ភាគច្រើនមិនទាន់ស្គាល់ច្បាស់រវាងសណ្ឋាគារ និង hostel ខុសគ្នាយ៉ាងដូចម្ដេចនោះទេ។ ពួកគាត់ចូលស្នាក់ធម្មតា ហើយពួកគាត់ក៏ពេញចិត្ដនឹងការឌីហ្សាញ អាងទឹក និងកន្លែងថតរូបស្អាតៗជាច្រើនទៀត។
ទ្វីស ស្ថិតនៅលើផ្លូវ 16th Ave ពីក្រោយមន្ទីរពេទ្យកុមារអង្គរ ឬក្បែរតំបន់ Pub Street ជាបណ្ដុំផ្សារ ហាង បារ៍ និងសកម្មភាពដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងក្រុងសៀមរាប។ សម្រាប់ព័ត៌មានលម្អិតសុំចូលទៅកាន់ហ្វេសប៊ុក @thetwiztឬវេបសាយ www.thetwizt.com៕
វីដេអូ៖