ក្រុងរ៉ូម: នាវាកម្សាន្ដយក្សមួយគ្រឿងឌីហ្សាញយ៉ាងពិសេសសម្រាប់តែភ្ញៀវទេសចរចិនជុំវិញរចនាប័ទ្មនៃទីក្រុងវេនិកដ៏សែនរ៉ូមេនទិកពីប្រទេសអ៊ីតាលីកាលពីសប្ដាហ៍មុនដោយរំពឹងថានឹងធ្វើឲ្យនាវា Costa ធំមហិមានេះផ្គាប់ចិត្ដភ្ញៀវចិនកំពុងតែកើនឡើង។
នាវាកម្សាន្ដ Costa Venezia បានចាកចេញពីកំពង់ផែ Fincantieri ភាគឦសានប្រទេសអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ក្រុង Trieste។ បន្ទាប់ពីនោះវានឹងឆ្ពោះដំណើរទៅកាន់ប្រទេសចិនជាទីសំចតយកភ្ញៀវចិនប្រមាណ ៥២៦០ នាក់លើដំណើរពីក្រុងស៊ាងហៃទៅកាន់ប្រទេសជប៉ុនជាមួយការតុបតែងបែបសិល្បៈក្រុងវេនិករួមទាំងចូលចែវផងដែរ។
អគ្គនាយកប្រចាំតំបន់អាស៊ី ម៉ារីអូ ហ្សាណេតទី បាននិយាយថាការបើកដំណើរការនាវាកម្សាន្ដ Costa Venezia ពិតជាឱកាសដ៏ធំប្រវត្ដិសាស្ដ្រនាវា Costa នៅប្រទេសចិន។
លោកបានប្រាប់ AFP ថា៖ «នេះជានាវាកម្សាន្ដទីមួយដែលយើងដាក់ឲ្យដំណើរការដោយបំពេញតម្រូវការភ្ញៀវទេសចរជាតិចិនដ៏ច្រើនសន្ធឹក»។
នាវាស្ថិតនៅប្រទេសអ៊ីតាលីនេះបានបើកសេវាកម្មនាវាកម្សាន្ដផ្គាប់ភ្ញៀវចិនតាំងពី ១៣ ឆ្នាំមុន។
Giuliano Noci សាស្ដ្រាចារ្យផ្នែកយុទ្ធសាស្ដ្រនៃសាលាពាណិជ្ជកម្ម Milan Polytechnic បាននិយាយថា៖ «វាជានាវាកម្សាន្ដ Costa ដ៏ពិតប្រាកដដែលចាប់ផ្ដើមសេវាកម្មកម្សាន្ដនេះក្នុងប្រទេសចិននៅឆ្នាំ ២០០៦ ហើយពេលនេះទីផ្សារចិនបានឈរលំដាប់ទី ២ ក្នុងលោកបន្ទាប់ពីអាមេរិកខាងជើង»។
លោក Noci បានបន្ដថា៖ «ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ទីផ្សារនាវាកម្សាន្ដចិនបានកើនឡើង ៧០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល បើធៀបនឹងទីផ្សារនៅបស្ចិមប្រទេស»។
រយៈពេលជាង ១០ ឆ្នាំចុងក្រោយទីផ្សារចិនបានកើនអ្នកដំណើរលើនាវា ២,៥ លាននាក់ ខណៈចំនួនសរុបមានប្រមាណ ១៤០ លាននាក់ធ្វើដំណើរចេញក្រៅប្រទេស។
ប៉ុន្ដែកំណើននេះក៏នឹងអាស្រ័យលើអ្វីដែលអាចទាក់ទាញភ្ញៀវទេសចរចិនផងដែរ។ បើទោះបីជាវាធ្វើដំណើរតាមសមុទ្រអន្ដរជាតិ នាវាកម្សាន្ដ Costa Venezia បាននាំភ្ញៀវឆ្លងកាត់ក្រុងវេនិកតាមរយៈបារ៍រចនាប័ទ្មទូកចែវអ៊ីតាលី និងបុគ្គលិកក្នុងឯកសណ្ឋាននាវាចរផងដែរ។
នាវាបានផ្ដល់សេវាកម្មខារ៉ាអូខេ ១១ បន្ទប់ និងឱកាសលេងល្បែងនានាជាច្រើនទៀត។ ដំណើរលើនាវាកម្សាន្ដអ៊ីតាលីនេះ ភោជនីយដ្ឋានជាច្រើននឹងបម្រើមុខម្ហូបចិនស្របទៅតាមតម្រូវការភ្ញៀវទេសចរអាស៊ីដ៏ធំមួយនេះ៕ HR