សៀមរាប៖ ស្ថិត​នៅ​ចន្លោះ​​ទីក្រុង​ប្រវត្តិសាស្ត្រ​ និង​បឹង​ទន្លេ​សាប សហគមន៍​កសិទេសចរណ៍​ ​សង្កាត់​ជ្រាវ​នៅ​ចម្ងាយ​ត្រឹម​តែ ១០ គីឡូម៉ែត្រ​​ ខាង​​លិច​​ប្រាសាទ​អង្គរវត្ត ដែល​ធ្លាប់​តែ​ទាក់ទាញ​ទេសចរ​បរទេស ពេល​នេះ​ទទួល​បាន​ចំណាប់​​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ខ្មែរ​​មក​ទស្សនា​​ស្វែងយល់​​​​​ប្រពៃណី​​បង្ក​បង្កើន​ផល និង​​ជីវភាព​​ស្រុក​ស្រែ​ចម្ការ​ពី​ដូនតា។​


យាន​ជំនិះ​ពី​បុរាណ គឺ​រទេះ​គោ​ នឹង​ដឹក​ភ្ញៀវ​​ដែល​ចុះ​ពី​រថយន្ត​ម៉ាស៊ីន​ត្រជាក់ ទៅ​កាន់​ផ្លូវ​​ដី​ហុយ​ឆ្ពោះ​ទៅ​កាន់​ភូមិឋាន​ពោរពេញ​ដោយ​ដំណាំ​បៃតង​ខ្ចី។ ភ្ញៀវ​ទេសចរ​នឹង​រីករាយ​ដើរ​បណ្ដើរ និយាយ​បណ្ដើរ​ជាមួយ​ប្រជាជន​ជា​អ្នក​ដាំ​បន្លែ​ផ្លែ​ឈើ ដែល​ប្រើប្រាស់​ជី​ធម្មជាតិ​ក៏​ដូចជា​ ​រៀន​ចម្អិន​ម្ហូប ដោយ​ប្រើប្រាស់​គ្រឿង​ផ្សំ​ស្រស់ៗ​ទាំង​នោះ​ដែរ។

លោក ក្រូច លី អ្នក​ផ្សព្វផ្សាយ និង​រៀបចំ​ដំណើរ​ទេសចរណ៍​នៅ​សង្កាត់​ជ្រាវ​​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ដំណើរ​កម្សាន្ត​តាម​រទេះ​គោ ដែល​ជា​យាន​ជំនិះ​គ្រួសារ និង​បម្រើ​ការ​ភ្ជួរ​រាស់​នៅ​ស្រែ​នោះ ពិត​ជា​បទពិសោធ​ដ៏​ប្លែក​ ដែល​អាច​ឲ្យ​ភ្ញៀវ​យើង​​អាច​ស្វែងយល់​ពី​​ទី​ជនបទ និង​អរិយធម៌​ពី​បរម​បុរាណ»។


ភ្ញៀវទេសចរខ្មែរ​ទស្សនា​សត្វ​ស្លាតាមរយៈ​ឧបករណ៍ឆ្លុះ​ពង្រីក​។ភ្នំពេញ ប៉ុសិ៍្ត


ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ កសិទេសចរណ៍​នៅ​សហគមន៍​ជ្រាវ ដែល​​ធ្លាប់​តែ​ទាក់ទាញ​តែ​​​ទេសចរ​បរទេស ពេល​នេះ​​​​​ទទួល​បាន​​ភ្ញៀវ​ខ្មែរ​ក្នុង​ស្រុក​យ៉ាង​ច្រើន​ផង​ដែរ។


លោក ក្រូច លី បាន​លើក​ឡើង​ថា៖ «នៅ​ ​២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ យើង​មាន​ភ្ញៀវ​​ក្នុង​ស្រុក​មក​លេង​ជា​លក្ខណៈ​គ្រួសារ។ ពួក​គាត់​ចង់​ឃើញ​ចម្ការ​ដំណាំ ​ញ៉ាំ​អាហារ​នៅ​​សហគមន៍។ ​​ភ្ញៀវ​ខ្មែរ​​យើង​មក​លេង​សហគមន៍​មាន​​កំណើន ៣០ ភាគរយ​ឯណោះ»។

បើ​ប្រៀប​ទៅ​កាល​ពី ​២ ឆ្នាំ​មុន ​សហគមន៍​ជ្រាវ​ បាន​បង្កើន​ចំនួន​រទេះគោ​ពី ៨ ទៅ ១២ គ្រឿង ដើម្បី​ផ្ដល់សេវា​ដឹក​ភ្ញៀវ​មក​​សហគមន៍ និង​បន្ថែម​ចំនួន​ផ្ទះ​ស្នាក់​ផង​ដែរ។

លោក​បន្ត​ថា៖ «ពេល​នេះ សេវាកម្ម​​ផ្ទះ​ស្នាក់ និង​ផ្ទះ​សំណាក់​ មាន​តម្លៃ​ពី ៨ ទៅ ១៨ ដុល្លារ ក្នុង ​១ យប់ ហើយ​​ផ្ទះ​ខ្លះ​ក៏​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ និង​អាង​ហែល​ទឹក ព្រោះ​យើង​​ចង់​ឲ្យ​ភ្ញៀវ​គាត់​មាន​ផាសុកភាព ស្នាក់នៅ​បាន​យូរ ជាពិសេស​ភ្ញៀវ​ចាស់ៗ​ត្រូវ​ការ​សម្រាក ងូត​ទឹក​​​ក្រោយ​ពី​ដើរ​មើល​ប្រាសាទ»។

រទេះគោ​ជា​យាន​បម្រើ​កសិកម្ម និង​ដឹកភ្ញៀវ​​ទស្សនា​ភូមិឋាន។ភ្នំពេញ ប៉ុសិ៍្ត

ក្នុង​ដំណើរ​កម្សាន្ត​នេះ​ផង​ដែរ នៅ​ចន្លោះ​សង្កាត់​ជ្រាវ និង​ចុងឃ្នាស បឹង​ពារាំង ជា​មជ្ឈមណ្ឌល​អភិរក្ស​ជីវ​ចម្រុះ និង​​ជម្រក​បក្សី ១៣៥ ប្រភេទ។

បើ​យោង​តាម​ លោក វ៉ន សំបូរ អ្នក​អភិរក្ស​សត្វ​ស្លាប​ស្ម័គ្រ​ចិត្ដ​នៅ​សហគមន៍​ជ្រាវ​ឲ្យ​ដឹង​ថា នៅ​មូលដ្ឋាន​សង្កាត់​ជ្រាវ​មាន​សត្វ​ស្លាប​មួយ​ចំនួន​ដូចជា​ ចង្កៀល​ខ្យង​ ត្លុម រីក​ក្របី ​ឬសារិកា​កែវ​ ល្វាចេក​ស្រុក ចាប​កន្លង់ និង​ចាប​ផ្ទះ។

លោក​បន្ដ​ថា​៖ «​យើង​មាន​រនាល​ពណ៌​ត្រដក់​តូច ទា​កាប៉ា​ព្រៃ​ ប្រវឹក ទុង ស្មោញ កុក​គ្រោង​តូច កុក​គ្រោង​ធំ កុក​គ្រោង​មធ្យម ប្រហ៊ីត​ខ្មៅ​ ក្អែក​ទឹក​តូច ក្អែក​ទឹក​មធ្យម ក​ដប​ខ្មៅ​ស ប្រភេទ​អក ត្រយង​ខ្លួន​ស​ក្បាល​ខ្មៅ។ ចំណែក​ឯសត្វ​ស្លាប​មួយ​ចំនួន​ដែល​កាមេរ៉ា​យើង​មិន​អាច​ផ្ដិត​យក​រូបភាព​បាន​ដូចជា​ ប្រភេទ​ចាប​កន្លង់​»។

លោក ក្រូច លី បាន​រៀប​រាប់​ទៀត​ថា៖ «យើង​រៀបចំ​សកម្មភាព​​តម្រូវ​ទៅ​តាម​ភ្ញៀវ​ដោយ​ក្នុង​នោះ​មាន​ការ​ដើរ​ផ្សារ​​ ទស្សនា​សាលា​រៀន ជិះ​រទេះគោ មើល​សួន​បន្លែ ទស្សនា​សត្វ​ស្លាប រៀន​ធ្វើ​ម្ហូប និង​ទទួល​ទាន​អាហារ​ជុំ​គ្នា​ជា​ដើម។ យើង​ក៏​អាច​នាំ​គាត់​ទៅ​រក​ត្រី​នៅ​បឹង ឬ​តាម​ប្រឡាយ​វាល​ស្រែ​ផង​ដែរ»។

ភ្ញៀវទេសចរ​បរទេស​ទស្សនា​សួន​បន្លែ​ នៅ​សង្កាត់ជ្រាវ។ភ្នំពេញ ប៉ុសិ៍្ត

លោក ក្រូច លី បាន​បន្ត​ទៀត​ថា៖ «រដូវកាល​ធម្មជាតិ​បៃតង​ល្អ គឺ​ចាប់​ពី​ខែ​ឧសភា ដល់​តុលា ​ចំនួន​ភ្ញៀវ​ទេសចរ​​បែរ​ជា​ធ្លាក់ចុះ​ទាំង​ការ​មក​ទស្សនា​ភូមិ​ឋាន និង​ស្នាក់​នៅ។ ជា​មធ្យម​យើង​​មាន​ភ្ញៀវ ២០ នាក់ ​​ក្នុង ​១ ថ្ងៃ ហើយ​នៅ​ក្នុង​រដូវ​សម្បូរ​ភ្ញៀវ​ ១ ថ្ងៃ​ យើង​ទទួល​បាន ​១០០ នាក់​ឯណោះ»។

ខណៈ​សហគមន៍​ជ្រាវ ​ដែល​មាន​​​ចំនួន ៧ ភូមិ និង​ពលរដ្ឋ​ជាង ២ ៥០០ គ្រួសារ ​កំពុង​​តែ​ចាប់​យក​​គម្រោង​អភិវឌ្ឍន៍​ដោយ​​កាត់​ដី​ស្រែ​ចម្ការ​លក់​ កសិទេសចរណ៍​កម្ពុជា បាន​ចាប់​ផ្ដើម​បង្វែរ​ទិស​ទៅ​តំបន់​ភ្នំ​គូលែន ក្នុង​ការ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ដែល​មិន​រង​ឥទ្ធិពល​នៃ​ការ​អភិវឌ្ឍ។

លោក ក្រូច លី បាន​បញ្ជាក់​ថា៖ «ពេល​នេះ​យើង​​​សង់​ស្ថានីយ​នៅ​ទី​នោះ​ (ភ្នំ​គូលែន) ដើម្បី​ផ្ដល់​ព័ត៌មាន​ទេសចរណ៍»។

សហគមន៍​កសិទេសចរណ៍​សង្កាត់​ជ្រាវ​​ ផ្ដល់​សេវាកម្ម​តម្លៃ ២៥ ដុល្លារ ​សម្រាប់​ភ្ញៀវ​ម្នាក់ ឬ​គិត​ថ្លៃ ៦ ដុល្លារ ​ក្នុង​ម្នាក់ ​សម្រាប់​ភ្ញៀវ​មក​ជាក្រុម​ពី ១១ ទៅ ១២ នាក់។ សេវាកម្ម​នេះ​មាន​បញ្ចូល​នូវ​មគ្គុទ្ទេសចក៍​និយាយ​ភាសា​អង់គ្លេស ការ​ចូល​ទស្សនា​ភូមិ ផ្សារ ភេសជ្ជៈ​។ សហគមន៍​ក៏​ណែនាំ​ឲ្យ​ភ្ញៀវ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ ជា​ការ​គោរព​ដល់​វប្បធម៌​ប្រពៃណី​​ប្រជាជន​ម្ចាស់​ស្រុក​ផង​ដែរ៕