សៀមរាប៖ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​សំណង់​ប្រាសាទ​វត្ដ​អធ្វារ​ សតវត្សរ៍​ទី ១២ ក្រោម​ស្នាម​ព្រះហស្ត​រាជា​កសាង​អង្គរវត្ដ បាងហ្គាឡូ​បង​​ប្អូន​ស្រី រចនាប័ទ្ម​​ផ្ទះ​ស្បូវ​ផ្ដល់​​​បទពិសោធ​ថ្មី​សម្រាប់​អ្នក​និយម​ការ​សម្រាក​​បែប​អ្នក​នៅ​ជន​បទ​ ជាមួយ​ការ​ស្នាក់​ក្នុង​​ចម្ការ​ស្វាយ​ ស្រះ​​​ទឹក​ និង​ស្មៅ​ដុះ​ជុំជិត​។


លម្អ​ដោយ​​ដើម​ផ្កា​​ដាំ​ត្រសង​ផ្លូវ​ដើរ ​បាងហ្គាឡូ​​ចំនួន ១២ ផ្ទះ មាន​គ្រែ​ពូក​ទន់​ល្មើយ ​​រូប​​គំនូរ​តាំង ​១ ​ផ្ទាំង កង្ហារ ​មុង និង​​កញ្ចក់​ឆ្លុះ​មុខ​មួយ ដោយ​គ្មាន​បន្ទប់​ទឹក​ឯកជន​ទេ។ ​


ទើប​បើក​ទ្វារ​ទទួល​ភ្ញៀវ​បាន​ជាង ​១ ​ខែ អ្នក​ស្រី វ៉ាន់ ស្រី​ធំ​​ សហស្ថាបនិក​​បាងហ្គាឡូ​​ផ្ទះ​ស្បូវ Sister’s Farm Bungalow ​បាន​និយាយ​​ថា​៖ ​«កាល​​នៅ​ពី​ក្មេង​ពួក​ខ្ញុំ​ធ្លាប់​មាន​ក្ដី​​ស្រមៃ​ថា​ នៅ​​ពេល​​​មាន​លុយ​ពួក​ខ្ញុំ​នឹង​ធ្វើ​កន្លែង​មួយ​ឲ្យ​វា​មាន​លក្ខណៈ​ធម្មជាតិ​។ អ៊ី​ចឹង​ហើយ​បាន​ខ្ញុំ​មិន​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ហើយ​ពួក​យើង​ក៏​ស្រឡាញ់​ដើម​ឈើ​ ស្រឡាញ់​រុក្ខជាតិ​បៃតង និង​សត្វ​​ចាប​ ដើម្បី​ឲ្យ​អ្នក​ដែល​មក​ស្នាក់​​នៅ​គាត់​ដឹង​ថា ​ទី​នេះ​មាន​ធម្មជាតិ​ល្អ​ និង​​ខ្យល់​អាកាស​ល្អ»​។


ដំបូង​ឡើយ​អ្នកស្រី​ជាមួយ​បង​ស្រី មាន​បំណង​បង្កើត​ទីកន្លែង​​បោះ​ជំរំ​សម្រាប់​ភ្ញៀវ​ចូល​ចិត្ដ​គេង​ក្នុង​តង់​ស្ដាប់​សំឡេង​ក្អុក​ក្អាត់​ស្រែក​យំ​បែប​ធម្មជាតិ​​ ​ក្រោយ​ពី​ការ​​ទស្សនា​ប្រាសាទ​វត្ដ​អធ្វារ​។


ម្ចាស់​បាងហ្គាឡូ​ វ័យ​ ៤៥ ឆ្នាំ រូប​នេះ​បាន​ប្រាប់ ភ្នំពេញ​ ​ប៉ុស្តិ៍​ ថា​​៖​ «​បាងហ្គាឡូ​នេះ​ ខ្ញុំ​ចាប់​ដៃ​គ្នា​ ២ នាក់ ​បងស្រី​ក្នុង​ការ​បើក​ដំណើរការ​​ ដោយ​ផ្តើម​ដំបូង​ផ្ទៃ​ដី​នេះ ​ជា​ចម្ការ​ស្វាយ​មួយ​ប៉ុណ្ណោះ ហើយ​ដំបូង​ពួក​ខ្ញុំ​ចង់​ធ្វើ​ជា​លក្ខណៈ​បោះតង់​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​ពិបាក​ក្នុង​ការ​រើ​ចុះ​ឡើង​ ណា​មួយ​ទៀត​ខ្ញុំ​ផ្ទាល់​ក៏​ស្រឡាញ់​ស្បូវ​ អ៊ីចឹង​ក៏​សម្រេច​ចិត្ត​ថា​ ធ្វើ​ផ្ទះ​ស្នាក់​ដោយ​ប្រើ​ស្បូវ​ទាំង​អស់​តែ​ម្តង​ទៅ»។


​​បន្ទប់ស្នាក់នៅប្រក់ស្បូវ មានពូក មុង កង្ហារ តែមិនមាន​ម៉ាស៊ីនត្រជាក់ទេ​។ ហុង មិនា

ដោយសារ​ទំនោរ​ទៅ​ខាង​វប្បធម៌​នៃ​ទ្វីប​អូសេអានី ​ ព្រោះ​ធ្លាប់​បាន​​បន្ត​ការ​សិក្សា​នៅ​ប្រទេស ​អូស្ត្រាលី នៃ​ទីក្រុង​មែលប៊ន ទើប​ស្ថានិក​នៃ​​ Sister’s Farm ​បាងហ្គាឡូ​បែប​ស្រុក​ស្រែ​នេះ​ រចនា​មាន​តែ​គន្លឹះ​ទ្វារ​អាច​បើក​បិទ​ទាំង​អ្នក​នៅ​ខាង​ក្រៅ និង​ខាង​ក្នុង​ ​ដែល​ជា​ការ​បារម្ភ​របស់​ភ្ញៀវ​ជាតិ​​។

អ្នកស្រី​ វ៉ាន់​ ស្រីធំ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​សុវត្ថិភាព​ដូច្នេះ​៖ ​«​ចំពោះ​ជន​បរទេស​ពេល​ដែល​ចូល​មក​ដល់​គាត់​មិន​ដែល​មាន​​អារម្មណ៍​ថា​ភ័យ​ខ្លាច​ថា​បាត់​របស់​មាន​តម្លៃ​​ ឬ​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្លួន​គាត់​​ផ្ទាល់​​ទេ​ បើ​​​ខ្មែរ​យើង​មក​ដំបូង​​គាត់​រាង​ស្ទាក់ស្ទើរ​ដែរ​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ពន្យល់​ប្រាប់​គាត់​ទៅ​គាត់​ក៏​យល់​បាន​ច្រើន​ ហើយ​ក៏​លែង​មាន​ការ​បារម្ភ​»។

អ្នកស្រី​​​អះអាង​ទៀត​ថា៖ «នៅ​​ទីនេះ​មាន​ការ​យាម​ត្រឹម​ត្រូវ យើង​មាន​របង​ព័ទ្ធ​ជុំវិញ​ធានា​បាន​ ហើយ​នៅ​ពេល​ដែល​​ភ្ញៀវ​ចូល​ហើយ​ យើង​បិទ​របង​មិន​មាន​អ្នក​ក្រៅ​អាច​ចូល​បាន​ទេ។ មួយ​វិញ​ទៀត​យើង​មាន​ការ​ធានា​ជូន​បើ​សិន​ជា​មាន​បាត់បង់​​របស់​អ្វី​មួយ​របស់​ភ្ញៀវ​ ខ្ញុំ​ធានា​សង​មិន​ឲ្យ​ខ្វះ​ទេ​»​។

Sister’s Farm​ បាង​ហ្គាឡូ មាន​​ផ្ទះ​ស្នាក់​ ៣ ប្រភេទ​បន្ទប់​ ​សម្រាប់​ជ្រើសរើស​ដូចជា​ បន្ទប់​​គ្រែ​ ១ តូច​តម្លៃ​ ១៥ ដុល្លារ ​បន្ទប់​គ្រែ​ ១ ធំ​នៅ​ជិត​មាត់​ទឹក​តម្លៃ ១៨ ដុល្លារ និង​បន្ទប់​គ្រែ​ ២ តម្លៃ​ ២៣ ដុល្លារ ព្រម​ទាំង​មាន​កន្លែង​ងូត​ទឹក​នៅ​ជាប់​នឹង​របង​​ចន្លោះ​​​ផ្ទះ​ស្នាក់​នីមួយៗ​។

ប្រាសាទវត្ដអធ្វារ​ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ Sister's Farm។ ហុង មិនា

អ្នក​ស្រី វ៉ាន់​ ស្រីធំ​ បាន​ប្រាប់​ពី​គម្រោង​កែច្នៃ​​ផ្ទះ​ស្នាក់​បែប​ស្រុក​ស្រែ​នេះ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​ក៏​មាន​គម្រោង​ធ្វើ​ផ្ទះ​ស្នាក់​ឲ្យ​ស្អាត​ជាង​មុន​ មាន​បន្ទប់​ទឹក​នៅ​​ខាង​ក្នុង​ មាន​កន្លែង​អង្គុយ ​និង​មាន​សោ​គន្លឹះ​ត្រឹមត្រូវ​ ហើយ​ក៏​មាន​គម្រោង​ធ្វើ​អាង​ទឹក​សម្រាប់​​ឲ្យ​ភ្ញៀវ​ហែល​ទឹក​​កម្សាន្ត​ក្នុង​រយៈពេល​ ៦ ខែ​ ខាង​មុខ​នេះ​​​»​។

បន្ទាប់​ពី​ដំណើរ​នៃ​អាជីវកម្ម​ផ្ទះ​ស្នាក់​បាន​ប្រសើរ​ហើយ​ អ្នកស្រី​ម្ចាស់​ Sister’s Farm បាងហ្គាឡូ ក៏​​បង្ហើប​ពី​គម្រោង​បន្ថែម​ពី​សេវាកម្ម​ស្នាក់នៅ យ៉ាង​ដូច្នេះ​ថា៖ ​«​យើង​នឹង​បង្កើត​កម្មវិធី​នាំ​ភ្ញៀវ​ទៅ​មើល​អ្នក​ដែល​គាត់​ខ្សត់ ​ដោយ​ទិញ​បាយ​ទិញ​ទឹក​ឲ្យ​​គាត់​នាំ​ក្មេងៗ​លេង​ល្បែង​កម្សាន្ត​ជាមួយ​ភ្ញៀវ​យើង​មាន​កម្មវិធី​ជិះ​កង់​ ឬ​រត់​តាម​វាល​ស្រែ​ពេល​បាយ​ថ្ងៃ​ត្រង់​យើង​មាន​ពិចនិក​នៅ​តាម​ចម្ការ​ផ្កាឈូក​ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ធ្វើ​បែប​នេះ​ទេ​ ហើយ​កម្មវិធី​ទាំង​នេះ​ខ្ញុំ​ចង់​ចាប់​ផ្តើម​នៅ​អំឡុង​ ៣ ទៅ ៤ ខែ​ទៀត​»។

ភ្ញៀវ​ដែល​​ស្នាក់នៅ​ Sister’s Farm បាងហ្គាឡូ ​កម្រ​រំលង​​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​អធ្វារ ជា​ស្ថាបត្យកម្ម​ឧទ្ទិស​ថ្វាយ​ដល់​ញាតិ​វង្ស​របស់​ស្ដេច​មហិធរបុរៈ ដែល​ស្ថិត​នៅ​ខាង​ជើង​ជួរ​ភ្នំ​ដង​រែក​រហូត​ដល់​ទៅ​តំបន់​ភីម៉ាយ (ក្នុង​ប្រទេស ​ថៃ ​នា​ពេល​បច្ចុប្បន្ន​)។

លោក ចាន់ ភក្ដី សាស្ដ្រាចារ្យ​ផ្នែក​បុរាណ​វត្ថុ​វិទ្យា ​បាន​ឲ្យ​ដឹង​​ថា៖ «ប្រាសាទ​អធ្វារ ជា​ប្រាសាទ​កសាង​ឡើង​ដោយ​រាជា​សូរ្យវរ្ម័ន​ទី ២ ឧទ្ទិស​ថ្វាយ​ដល់​ដួង​ព្រលឹង​បុព្វការីជន​របស់​រាជវង្ស​មហិធរបុរៈ។ រឿង​រ៉ាវ​ទាំង​អស់​នេះ​ទាក់​ទង​នឹង​ព្រះវិស្ណុ​នៅ​​ប្រាសាទ​វត្ដ​អធ្វារ​ ដែល​បែរ​ទៅ​ទិស​ខាង​លិច​»៕

វីដេអូ៖