ក្រុងណៃពិដោ: បឹងអ៊ីនឡេដ៏ល្បីល្បាញរបស់មីយ៉ាន់ម៉ាបានអន្ទងចិត្ដភ្ញៀវទេសចរអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារសម្រស់សួនច្បារបណ្ដែតទឹក និងស្ទីលនេសាទប្រើជើងម្ខាងរបស់ប្រជានេសាទតែក្រុមអ្នកជំនាញបានព្រមានថា បឹងទេសចរណ៍នេះនឹងរីងខះទឹក និងទាមទារឲ្យមានវិធានការបញ្ចៀសគ្រោះមហន្ដរាយជាបន្ទាន់។
រៀងរាល់ឆ្នាំភ្ញៀវទេសចរអន្ដរជាតិប្រមាណ ២០ ម៉ឺននាក់ និងភ្ញៀវជាតិ ១ លាននាក់មកកម្សាន្ដបឹង អ៊ីនឡេ ជាប្រភពទឹកដ៏ធំល្វឹងល្វើយដែលព័ទ្ធជុំវិញដោយខ្ពង់រាបខៀវស្រងាត់។
ដំណើរជិះទូកឈើលើផ្លូវទឹកខ្វាត់ខ្វែងលើផ្ទៃបឹងដើម្បីទស្សនាភូមិដ្ឋានបណ្ដែតទឹករបស់ពលរដ្ឋអម្បូរអ៊ីនថាគឺជាការកម្សាន្ដរបស់ភ្ញៀវទេសចរ។ សកម្មភាពដ៏ពេញនិយមមួយទៀតដែលអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលពេញភ្នែក ប្រជាកសិករដាំដុះដំណាំបន្លែបង្ការផ្សេងៗលើសួនបណ្ដែតគឺការជិះបាល់ឡុងហោះ។
ប្រជានេសាទប្រើជំនាញជើងម្ខាងចាក់កេវគាស់ច្រវាដើម្បីធ្វើឲ្យទូកអូសខ្លួនលើផ្ទៃទឹក។ ប៉ុន្ដែរឿងរ៉ាវអកុសលនឹងកើតឡើងចំពោះជីវិតនៅលើបឹងនេះ។ នេះបើយោងតាមលោក ម៉ាទីន មីឆាឡុន ជាអ្នកស្រាវជ្រាវពីផលប៉ះពាល់នៃការអភិវឌ្ឍលើបឹង។
ពេលពលរដ្ឋខិតខំបង្កើតលទ្ធភាពទិន្នផលថ្នាំសម្លាប់សត្វល្អិត និងជីគីមីបានបំពុលទឹកបន្ដិចម្ដងៗ។ ទន្លេ អ៊ីនឡេ ក៏កំពុងស្ថិតក្នុងដំណាក់កាលគ្រាអាសន្នផងដែរ។
លោក មីឆាឡុន បានពន្យល់ថា៖ «កាលពី ១ សតវត្សរ៍មុនវាមានជម្រៅ ៦ ម៉ែត្រនារដូវវស្សា តែឥឡូវវាមិនជ្រៅជាង ៣ ម៉ែត្រឡើយ»។
ការបំផ្លាញព្រៃរានយកដីអភិវឌ្ឍ និងការបង្កបង្កើនដោយការដុតព្រៃយកជី ត្រូវបានគេជឿថាគឺជាដើមចមចម្បងរួមទាំងរលាយដីភ្នំហូរចូលបឹងពីតំបន់ខ្ពង់រាបជុំវិញថែមទៀត។
ប៉ុន្ដែការបូមទឹកស្រោចស្រពដំណាំ និងចំនួនភ្ញៀវទេសចរចេះតែកើនឡើងក៏មានចំនួនលើសលប់ពីបរិមាណផ្ទៃទឹកផងដែរ។
បើស្ថានភាពនេះនៅតែបន្ដអ៊ីចឹង វិស័យទេសចរណ៍ដែលជួយជំរុញសេដ្ឋកិច្ចដ៏ធំសម្បើមក្នុងតំបន់ប្រាកដជារងផលប៉ះពាល់។
លោក មីឆាឡុន បានព្រមានថាវិធានការបន្ទាន់គួរតែត្រូវបានធ្វើឡើងដើម្បីបញ្ចៀសបញ្ហាគ្រោះរីងស្ងួតបឹង អ៊ីនឡេ នៅប៉ុន្មានឆ្នាំខាងមុខទៀត។
ឆន្ទៈនយោបាយដើម្បីសង្គ្រោះបឹងអ៊ីនឡេជាទឹកដីវប្បធម៌ទេសចរណ៍នៅមិនទាន់ត្រូវបានដាក់ក្នុងរបៀបវារៈបន្ទាន់របស់ខ្លួននៅឡើយទេ។
លោក មីឆាឡុន បន្ថែមថា៖ «គ្រប់ភាគីតែងតែមានការប្ដេជ្ញាចិត្ដយ៉ាងសម្បើម តែជាក់ស្ដែងមានការផ្លាស់ប្ដូរតិចតួចបំផុត»៕ HR