បឹង​ចំណិត​ដួង​ខែ​នៅ​កណ្ដាល​វាលខ្សាច់​ប្រទេស​ចិន

ក្រុងប៉េកាំង : ផុស​ឡើង​នៅ​កណ្ដាល​ពំនូក​ខ្សាច់​បឹង​ចំណិត​ខែ​ដែល​មាន​ឈ្មោះ​ភាសា​ចិន​ហៅថា យូអឺយ៉ាគាន់ (Yue-yaquan) គឺជា​បឹង​ដែល​មាន​រាង​ដូច​ព្រះខែ​មួយ​ចំណិត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ទុនហ៊័ង។

អ្វី​ដែល​រឹត​តែ​ពិសេស ទៅ​ទៀត​គឺ​ទឹក​បឹង​នោះ​ថ្លា​ឆ្វង់​និង​មាន​ពណ៌​បៃតង​ថ្លា​បី​ដូចជា​ត្បូង មរកត។ នៅ​ផ្នែក​ចំហៀង​នៃ​បឹង​ចំណិត​ដួង​ខែ​នេះ​គឺជា​ព្រះវិហារ​ប្រពៃណី​ចិន​ដែល ស្ថាបនា​ឡើង​តាម​រចនាប័ទ្ម​រាជវង្ស​ហាន។

ទឹក​បឹង​ចំណិត​ដួង​ខែ​មាន​សភាព​ថ្លា​ឆ្វង់​ពណ៌​បៃតង​ដូច​ត្បូង​មរកត។
ទឹក​បឹង​ចំណិត​ដួង​ខែ​មាន​សភាព​ថ្លា​ឆ្វង់​ពណ៌​បៃតង​ដូច​ត្បូង​មរកត។

បណ្ដា​ផ្លូវ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​តូប​លក់ វត្ថុអនុស្សាវរីយ៍​តាំងពី​ច្រកទ្វារ​ដល់​កណ្ដាល​រមណីយដ្ឋាន​តែ​ម្ដង។

ដើម្បី​ទៅ​ដល់​ទី​នោះ ភ្ញៀវទេសចរ​ភាគច្រើន​បាន​ជ្រើសរើស​យក​សត្វ​អូដ្ឋ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​តែ​ម្ដង។

យោងតាម​អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ បឹង​នេះ​បាន​កកើត​នៅលើ​វាល​ពំនូក​ខ្សាច់​អស់​រយៈកាល​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នា​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ បឹង​ចំណិត​ព្រះចន្ទ​កាន់តែ​រួមមាឌ​ដែល​ប្រឈម​នឹង​ការ​រលាយ​រូប​សូន្យ​តែ ម្ដង។

បើ​តាម​ការ​វាស់វែង​នៅ​ឆ្នាំ​ ១៩៦០​ បឹង​នេះ​មាន​ជម្រៅ​៤​ទៅ​៥​ម៉ែត្រ និង​ជ្រៅ​បំផុត​ដល់​ទៅ​៧,៥​ម៉ែត្រ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​១៩៩០ ជម្រៅ​របស់​វា​កាន់តែ​រាក់​ទៅៗ​នៅ​ត្រឹម​តែ​ប្រមាណ​១,៤​ម៉ែត្រ។

ដើម្បី ដោះស្រាយ​នឹង​បញ្ហា​នេះ អាជ្ញាធរ​ប្រចាំ​តំបន់​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន​ដើម្បី​យក​ទឹក​ទៅ បំពេញ​បឹង​នេះ​ឲ្យ​មាន​ជម្រៅ និង​វិសាលភាព​ផ្ទៃទឹក​ដូច​ដើម​វិញ​គឺ​ប្រមាណ​ជា​០,៦​ហិកតា។ ចាប់តាំង​ពី​ពេល​នោះ​មក​បឹង​ចំណិត​ព្រះចន្ទ​នេះ​បាន​រក្សា​សភាព​ដើម និង​បន្ត​បញ្ចេញ​សម្រស់​របស់​ខ្លួន​ទាក់ទាញ​ទេសចរ​ជាប់​ជានិច្ច៕

ព័ត៌មានថ្មីៗ