បឹង​បៃកាល់​ទាក់ទាញ​ទេសចរ​មក​រត់​កីឡា​ម៉ារ៉ាតុង​

ក្រុងម៉ូស្គូ : ម៉ារ៉ាតុង​បៃកាល់​អាយស៍ (Baikal Ice Marathon) គឺជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​មួយ ដែល​មាន​លក្ខណៈ​លំបាក​បំផុត​នៅលើ​ពិភពលោក។

ខណៈ​ពេល​គេ​ទើប​តែ​បាន​ប្រារព្ធ​ធ្វើ​វា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ហើយ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​គួរ​ចាប់​អារម្មណ៍​ខ្លាំង ផង​ដែរ​ដោយ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ជាង​៥០​ប្រទេស​ឯណោះ​ជុំវិញ ពិភពលោក។

ផ្ទាំង​ទឹកកក​ពណ៌​បៃតង​ដូច​ត្បូង​មរកត​នៅ​លើ​ផ្ទៃ​បឹង​បៃកាល់។
ផ្ទាំង​ទឹកកក​ពណ៌​បៃតង​ដូច​ត្បូង​មរកត​នៅ​លើ​ផ្ទៃ​បឹង​បៃកាល់។

កីឡា​ប្រភេទ​នេះ​តម្រូវ​ឲ្យ​អត្តពលិក​មាន​លក្ខណៈ​ផ្នែក​សុខភាព​ធន់​នឹង កត្តា​អាកាសធាតុ​ត្រជាក់​ដោយ​ពួកគេ​នឹង​ត្រូវ​ពុះពារ​ឆ្លងកាត់​តំបន់ វាល​ផ្ទៃ​ទឹកកក​មាន​ចម្ងាយ​៤២​គីឡូម៉ែត្រ និង​តំបន់​មាន​ទឹក​បឹង​ជ្រៅ​បំផុត​នៅ​ភពផែនដី។

ជា​រៀងរាល់​ឆ្នាំ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ម៉ារ៉ាតុង​បៃកាល់​អាយស៍​រៀបចំ​ឡើង​សម្រាប់ យុទ្ធនាការ​អភិរក្ស​ទឹកស្អាត​។ ឆ្នាំ​នេះ​ជា​លើក​ទី​១០​ហើយ​ដែល​គេ​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង​កាលពី​ថ្ងៃ ទី​១ ខែ​មីនា​កន្លង​មក។

ក្រៅពី​ល្បី​ដោយសារ​ផ្ទាំង​ទឹកកក​ពណ៌​ថ្លា​ចែងចាំង​ដូច​ត្បូង​មរកត សម្រស់​បឹង​ទឹកសាប​បៃកាល់ ក៏​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​មក​ចូលរួម​ប្រកួត​ស្ទូចត្រី​លើ​ទឹកកក វាយ​កូនគោល បរបាញ់​សត្វ ជិះ​ស្គី​កីឡា​បាល់ទះ និង​បាល់ទាត់​លើ​ទឹកកក​ផង​ដែរ។

បឹង​បៃកាល់​ត្រូវ​បាន​អង្គការ យូណេស្កូ​អភិរក្ស​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​បឹង​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​អាយុកាល​ប្រមាណ​ជា​២០​ទៅ​២៥ លាន​ឆ្នាំ​។

វា​ជា​បឹង​មួយ ដែល​មាន​ជម្រៅ​ជ្រៅ​ជាង​គេ​លើ​លោក​ដល់​ទៅ​១៧០០​ម៉ែត្រ និង​អាច​ផ្តល់​ប្រភព​ទឹក​ប្រើប្រាស់​ដល់​ប្រជាជន​រុស្ស៊ី​ប្រមាណ​៩០​ភាគរយ​។ នា​រដូវរងា​ឬ​រដូវ​ធ្លាក់​ព្រឹល​គេ​ឃើញ​បឹង​នោះ​មាន​ទឹកកក​កម្រាស់​១,៥ ម៉ែត្រ​ឯណោះ៕ PR

ព័ត៌មានថ្មីៗ