ក្រុងហាណូយ: បាឡុង​ហោះ​ចម្រុះ​ពណ៌​បាន​នាំ​ភ្ញៀវទេសចរ​ទស្សនា​ទីក្រុង​បុរាណ ហ៊ួ របស់​វៀតណាម​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​ឱកាស​ដែល​ក្រុម​អ្នក​រៀបចំ​ពិធីបុណ្យ​រំពឹង​ថា​នឹង​បង្កើន​សក្ដានុពល​ទេសចរណ៍​បន្ថែម​។


បាឡុង​ហោះ​ជាច្រើន​រួមទាំង បាឡុង​មួយ​រូប​រាង​ដូច​មឹក និង​មួយ​ទៀត​រូប​បេះដូង​បាន​ផ្ដល់​នូវ​ទស្សនីយភាព​លើ​វេហាស៍​លើ​ប្រាសាទ​បន្ទាយថ្ម​នៃ​អតីត​ក្រុង​ដែល​ធ្លាប់​ជា​ទីស្នាក់ការ​ធំ​របស់​អធិរាជ​វៀតណាម​។

ទេសចរ ហា អាញង៉ុក បាន​ប្រាប់ AFP ថា​៖ «​ពេល​បាឡុង​ចាប់ផ្ដើម​ហោះ​ឡើង ខ្ញុំ​មាន​អារម្មណ៍​រំជើបរំជួល​ហើយ​ខ្ញុំ​អាច​គយគន់​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ទីក្រុង​បុរាណ ហ៊ួ​»​។


បាឡុង​ហោះ​ទាបៗ​តម្លៃ​ម្នាក់ ៦ ដុល្លារ និង​បាឡុង​ខ្ពស់ ២៨០ ដុល្លារ​។ រូបថត AFP


ហ៊ួ ជា​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម​បំផុត​មួយ​របស់​វៀតណាម​ដោយ​អាច​ទាក់ទាញ​ភ្ញៀវ​ប្រមាណ ៤,៣ លាន​នាក់​កាលពី​ឆ្នាំ​មុន​។ ភ្ញៀវ​ភាគច្រើន​ធ្វើដំណើរ​ដោយ​ជើង ឬ​ជិះ​រ៉ឺម៉ក​ដើម្បី​ទស្សនា​អារាម​បុរាណ ផ្នូរ​អធិរាជ និង​ប្រាសាទបន្ទាយ​នានា​ដែល​ចាស់​ទ្រុឌទ្រោម​ដោយ​បន្សល់​ពី​សម័យ​សង្គ្រាម​វៀតណាម​។


អ្នក​និយម​បាឡុង​ហោះ​សង្ឃឹម​នឹង​កាន់តែ​ជក់​ចិត្ដ​ចំពោះ​ការទស្សនា​ទីក្រុង​បុរាណ​នេះ​។

លោក វ៉ូ ង៉ុកហា ជា​អ្នករៀបចំ​ព្រឹត្ដិការណ៍​បុណ្យ​ប្រចាំ​ឆ្នាំ​លើក​ទី ៣ ម្នាក់​បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​រំពឹង​ថា​ដំណើរ​កម្សាន្ដ​លើ​បាឡុង​ហោះ​នឹង​កាន់តែ​ពេញនិយម និង​កាន់តែ​ស្និទ្ធ​ជាមួយ​ពលរដ្ឋ​វៀតណាម​»​។

ក្នុង​តម្លៃ ២៨០ ដុល្លារ​រយៈពេល ៤០ នាទី​លើ​ផ្ទៃមេឃ ការ​ជិះ​បាឡុង​ហោះ​នៅតែ​មាន​តម្លៃ​ខ្ពស់​ចំពោះ​ភ្ញៀវ​ភាគច្រើន​។ ភ្ញៀវ​ខ្លះ​ចាប់​យក​ជម្រើស​ជិះ​បាឡុង​ទាបៗ​តម្លៃ ៦ ដុល្លារ​។ រីឯ​ខ្លះ​ទៀត​គ្រាន់តែ​ថតរូប​សែលហ្វ៊ី ខណៈ​បាឡុង​ហោះ​លើ​ក្បាល​។

ពីឡុត​ជាតិ​ហូឡង់ វោត បេកឃ័រ ដែល​មក​ចូលរួម​ពិធីបុណ្យ​នេះ​រាល់​ឆ្នាំ​បាន​ថ្លែង​ថា​៖ «​វៀតណាម​មាន​សក្ដានុពល​ល្អ​ពីព្រោះ​ទេសចរ​កាន់តែ​ច្រើន​មក​ទីនេះ​ហើយ​ពួកគេ​មាន​ប្រាក់​កម្សាន្ដ​លើ​អាកាស​»៕ HR