ក្រុងឌូបៃ: តែ​ជាង ១០០ គីឡូម៉ែត្រ​ពី​អគារ​កប់​ពពក​ក្រុង​ឌូបៃ មូហាមេដ អាល់ កាប៊ី ដើរកាត់​វាល​ខ្សាច់​ដ៏ស្ងប់ស្ងាត់​ជាមួយ​មិត្ដភក្ដិ​ពេល​ព្រះ​សុរិយា​ផ្ដើម​អស្ដង្គត​។


លោក ក្រាប៊ី អាយុ ២៧ ឆ្នាំ មាន​ឈាមជ័រ​ជា​ពលរដ្ឋ​អេមីរ៉ាតអារ៉ាប់រួម ជា​អម្បូរ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ទៅ​នឹង​សមុទ្រ​ខ្សាច់​។ សព្វថ្ងៃ​យុវជន​រូប​នេះ​ក្នុង​ចំណោម​មនុស្ស​សម័យ​ថ្មី​ជាច្រើន​ទៀត បែរ​ជា​មក​ចាប់​អារម្មណ៍​នឹង​ប្រពៃណី​បោះជំរំ​លើ​វាល​ខ្សាច់​ដ៏បុរាណ​ទៅវិញ តែ​ជា​ប្រភេទ​ជំរំ​ផាសុកភាព និង​ទំនើប​ទាន់​សម័យ​។

ដោយ​មាន​ការជំរុញ​វិស័យ​ទេសចរណ៍​ចំពេល​ប្រេង​ធ្លាក់​ថ្លៃ ក្រុង​ឌូបៃ បច្ចុប្បន្ន​បាន​ផ្ដល់​ការ​ស្នាក់​នៅក្នុង​ជំរំ​លើ​វាល​ខ្សាច់​បែប​ទំនើប ផ្ទះ​ស្នាក់​តាម​ជ្រលង និង​ជំរំ​លើ​ឆ្នេរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ប្រាថ្នា​បទពិសោធ​ប្លែកៗ​។


សកម្មភាព​កម្សាន្ត​នៅ​តំបន់​វាលខ្សាច់​ហាត់តា​ខាង​កើត​តំបន់​ជួរ​ភ្នំ​។ រូបថត AFP


វាល​ខ្សាច់ ហាត់តា ភាគ​ខាង​កើត​តំបន់​ជួរ​ភ្នំ​អាច​បំពេញ​សេចក្ដី​ត្រូវការ​ភ្ញៀវ​ចំពោះ​ដំណើរ​បែប​ផ្សងព្រេង តែ​ក៏​ជា​ផ្ទះ​ស្នាក់​ផ្ដល់​ផាសុកភាព​ផង​ដែរ​។


ស្ថិត​នៅ​ខាង​ក្រៅ​ជំរំ​លោក ចាមីល ហ្វាមី ជា​ពលរដ្ឋ​ក្រុង​ឌូបៃ​ម្នាក់​មកពី​អារ៉ាប៊ីសាអ៊ូឌីត បាន​និយាយ​ថា ផ្ទះ​​ជំរំ​គឺជា​មធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុង​ការគេច​ចេញ​ពី​ទីក្រុង​ដ៏អាប់អួ​ដោយ​ជួប​បញ្ហា​អនាម័យ ។

លោក​បាន​ប្រាប់ AFP ថា​៖ «​វា​ពិតជា​រីករាយ​ដោយ​មាន​គប់​ភ្លើង និង​លេងសើច​ជាមួយ​មិត្ដភក្ដិ តែ​ខ្ញុំ​ចង់​គេង​ក្នុង​បន្ទប់​ដែល​មាន​គ្រែ និង​បន្ទប់ទឹក​ឯកជន​។ នោះ​ជា​អ្វី​ដែល​យើង​មាន​នៅ​ទី​នេះ​។ ពិតជា​អស្ចារ្យ​ដែល​បាន​ក្លាយ​ជា​អ្នកដើរ​ផ្សងព្រេង​ម្នាក់​ព្រមទាំង​មាន​ឱកាស​រៀន​ស្វែងយល់ និង​ចេះ​ចម្អិនម្ហូប​ដោយ​ប្រើ​ភ្លើង តែ​ដល់​ពេល​ចូល​គេង យើង​អាច​សម្រាក​ក្នុង​បន្ទប់​ស្រស់ស្អាត​»​។

បើក​ដំណើរការ​ពី​ខែ​តុលា ជំរំ​លំដាប់​ផ្កាយ ៥ បំពាក់​បរិក្ខារ​ទំនើបៗ​រួមទាំង បន្ទប់ទឹក និង​គ្រែ​ដែល​មាន​តម្លៃ​ចាប់ពី ៤០០ ដឺ​ហេម (​ប្រមាណ ១១០ ដុល្លារ​) ក្នុង​មួយ​យប់​។

គម្រោង​ជំរំ​ហាត់​តា​ដែល​មាន​សេវាកម្ម​ជិះ​ខ្សែ​ហ្ស៊ីប ៣៥០ ម៉ែត្រ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ ខណៈ​ឌូបៃ​បាន​ស្វាគមន៍​ភ្ញៀវ ១៥,៩ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៨ ដោយ​ភាគច្រើន​មក​ចូល​ផ្សារ​ទំនើប សណ្ឋាគារ​និង​ឆ្នេរ​លំដាប់​៕ HR