ផ្កា​ទូលីប​រាប់​ពាន់​លាន​ដើម​នៅ​ហូ​ឡង់​រីក​រហង់​ក្រាល​លើ​​​ពសុធា

ក្រុង​អាំស្ទ៊ែរដាំៈ ​នេះ​ជា​ទិដ្ឋភាព​សួន​ផ្កា​ទូលីប​ដ៏​ធំ​ល្វឹង​ល្វើយ​និង​មាន​ពណ៌​ចម្រុះ​គួរ​ជា​ទី​គយ​គន់​បំផុត​ស្ថិត​នៅ​ឯ​ប្រទេស​ហូឡង់។ វា​បាន​លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​ដី​រាប់​សិប​ហិកតា​នៃ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ហូឡង់។

ប្រសិន​បើ​យើង​មើល​ពី​លើ​ទៅ​នោះ​យើង​ឃើញ​ថា​សួន​ផ្កា​ទាំង​នោះ​មាន​ពណ៌​ស៊ីជម្ពូ លឿង ក្រហម​និង​ឈាម​ជ្រូក ដែល​វា​ត្រូវ​បាន​គេ​ដាំ​តម្រៀប​តាម​លំដាប់​ឆ្លាស់​ពណ៌​បី​ដូច​ឥន្ទ​ធនូ​លាត​សន្ធឹង​លើ​ដី។

អ្នក​ថត​រូប​ជំនាញ​ម្នាក់​លោក ណ័រមែន ហ្ស៊ីកុប បាន​ផ្តិត​យក​នូវ​រូប​ទេសភាព​នេះ​ពី​លើ​អាកាស​ខណៈ​រដូវ​ផ្កា​រីក​មែន​ទែន​នឹង​មក​ដល់​នៅ​ខែ​មេសា​ខាង​មុខ​នេះ។

ចម្ការ​ផ្កា ទូលីប ចម្រុះ​ពណ៌​ក្រាល​លើ​ផ្ទៃ​ដី​បី​ដូច​ជា​កម្រាល​ព្រំ​ឥន្ទធនូ។
ចម្ការ​ផ្កា ទូលីប ចម្រុះ​ពណ៌​ក្រាល​លើ​ផ្ទៃ​ដី​បី​ដូច​ជា​កម្រាល​ព្រំ​ឥន្ទធនូ។

លោក ណ័រមែន ហ្ស៊ីកុប បាន​ពន្យល់​ថា៖ «ផ្កា​ទូលីប​នេះ​វា​ទំនង​ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​មួយ​របស់​ប្រទេស​ហូឡង់​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​មក​សួន​បុប្ផា​ទូលីប​នេះ»។

សួន​ផ្កា​នេះ​មាន​សម្រស់​ស្រស់​ស្អាត​ទៅ​តាម​រដូវ​កាល​។ ផ្កា​នេះ​ចាប់​ផ្តើម​រីក​នៅ​អំឡុង​ខែ​កុម្ភៈ និង​មីនា​។ នៅ​ពាក់​កណ្តាល​ខែ​មេសា​រហូត​ដល់​ខែ​ឧសភា​ផ្កា​ទូលីប​នេះ​បាន​ចេញ​ផ្កា​រីក​យ៉ាង​ស្គុស​ស្គាយ​តែ​ម្ដង​។ ជួន​កាល​វា​ក៏​អាស្រ័យ​តាម​កត្តា​អាកាស​ធាតុ​ដែរ​ដោយ​វា​អាច​បន្ត​រីក​ដល់​ខែ​សីហា។

តាម​តួ​លេខ​បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ហូឡង់ ដែល​សម្បូរ​ដោយ​ប្រឡាយ​ទឹក​សិប្បនិមិ្មត​ខ្វាត់​ខ្វែង និង​យាន​ជំនិះ​កង់​នោះ តែង​ដាំ​ផ្កា​ទូលីប​ដល់​ទៅ​ជាង​៣​ពាន់​លាន​ដើម​ឯណោះ ជា​រៀង​រាល់​ឆ្នាំ។ ផ្កា​ចំនួន​៦០​ភាគរយ​គឺ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់។

ការ​ដាំ​ផ្កា​ទូលីប​លើ​ផ្ទៃ​ដី​ដ៏​ធំ​ល្វឹង​ល្វើយ​នៃ​ប្រទេស​ហូឡង់​ជា​ទម្លាប់​ដែល​មាន​អាយុ​កាល​ជាង​៤០០​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន ទឹក​ដី​នៃ​បុប្ផា​មួយ​នេះ បាន​ដាំ​ផ្កា​ពូជ​ចម្រុះ​សរុប​ចំនួន​៩​ពាន់​លាន​ដើម​ឯណោះ​។ ក្នុង​នោះ​២​ភាគ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជាង​១០០​ឯណោះ ក្នុង​ពិភពលោក។ តែ​ចំនួន​ដើម​ផ្កា​ស្រស់​ដ៏​ច្រើន​លើស​លប់​នៅ​ប្រទេស​ហូឡង់ អាច​ចែក​ចាយ​មនុស្ស​ទូទាំង​ពិភពលោក​បាន​ម្នាក់​ដល់​ទៅ​២​ដើម​ឯណោះ៕ PR

ព័ត៌មានថ្មីៗ