កំពង់ឆ្នាំង៖ សកម្មភាពធ្លាប់ជួបជុំគ្នាអ៊ូអរ រទេះគោ ទិដ្ឋភាពគោដេក ឈរច្រូងច្រាងពេញដងផ្លូវ និងស្នាមញញឹមពព្រាយពីប្រជាសមាគមរទេះគោកំពង់ត្រឡាចលើ ដែលរីករាយនឹងដឹកជញ្ជូនភ្ញៀវទេសចរពីនាវាកម្សាន្ដ ជិះលើរទេះសាឡីឆ្លងកាត់ភូមិឋានឆ្ពោះទៅកាន់អារាមបុរាណ ពេលនេះប្រែជាទទេស្អាត។
កំពង់ផែគ្មាននាវាចូលចត រទេះសាឡីត្រូវបានទុកចោលនៅក្រោមផ្ទះ នៅកៀនរបង និងក្រោយផ្ទះដោយគ្មានការយកចិត្ដទុកដាក់សុខទុក្ខរបស់វា។ ស្នាមញញឹម និងការរៀនបញ្ចេញសំឡេងពាក្យពេនច៍ភាសាអង់គ្លេសតិចតួច ក៏ប្ដូរមកជាសំឡេងពពាយនាយលក់គោជាថ្នូរទឹកប្រាក់ផ្គត់ផ្គង់ជីវភាព។
សកម្មភាពដឹកជញ្ជូនភ្ញៀវទេសចរបរទេស ត្រូវបានបញ្ចប់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសបិទព្រំដែនគោក ទឹក និងអាកាសបណ្ដោះអាសន្ន កាលពីដើមខែមីនា ដោយមានការបារម្ភចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈកម្ពុជារកឃើញទេសចរបរទេសផ្ទុកជំងឺកូវីដ ១៩ លើនាវាកម្សាន្ដ Viking Cruise។
លោក តឹក ទ្រើង ប្រធានសមាគមរទេះគោកំពង់ត្រឡាចលើបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ក្រោយពេលបិទទេសចរតាមផ្លូវទឹកមក គោប្រមាណ ១៤០ ក្បាល របស់ប្រជាសមាគមរទេះគោយើង អត់មានដំណើរការអ្វីទាំងអស់ ពីព្រោះគោអូសរទេះទាំងនេះត្រូវបានរៀបចំឡើងសម្រាប់តែដឹកជញ្ជូនភ្ញៀវទេសចរប៉ុណ្ណោះ»។
លោក ទ្រើង ដែលតែងតែដឹកនាំប្រជាសមាគមដឹកភ្ញៀវទេសចរឲ្យទទួលបានបទពិសោធជិះរទេះគោខ្មែរយ៉ាងតិច ៣ ជើងក្នុង ១ ថ្ងៃ បានឲ្យដឹងថា៖ «អ្នកភូមិបានលក់គោរបស់ខ្លួនស្ទើរតែទាំងអស់ទៅហើយ ពីព្រោះក្រៅពីដឹកជញ្ជូនភ្ញៀវ គោលែងត្រូវបានប្រើអូសនង្គ័លទៀតហើយ»។
តំបន់កសិទេសចរណ៍សង្កាត់ជ្រាវក្នុងក្រុងសៀមរាប ធ្លាប់ទទួលភ្ញៀវ ១ ថ្ងៃចន្លោះពី ៣៥០ ទៅ ៤០០ នាក់ ក្រោមសកម្មភាពកម្សាន្ដប្លែកៗ ដូចជា ការដើរផ្សារ ទស្សនាសាលារៀន បេះបោចបន្លែបង្ការ ចម្អិនម្ហូប មើលសត្វស្លាប ទទួលទានអាហាររួមគ្នា និងការជិះរទេះគោត្រាច់ចរតាមភូមិ ក៏ត្រូវផ្អាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩ នេះផងដែរ។
លោក ក្រូច លី ប្រធានសមាគមមជ្ឈមណ្ឌលព័ត៌មានសហគមន៍ (IIC) នៃសហគមន៍កសិទេសចរណ៍សង្កាត់ជ្រាវបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពីព្រឹកព្រលឹម ភ្ញៀវត្រូវបានអញ្ជើញឲ្យទៅទស្សនាសត្វស្លាបហើរពីតំបន់នានាមកទំលើវាលស្រែបៃតងខ្ចី ពិសេស បឹងពារាំង មករកចំណីដោយសេរី គ្មានការរំខាន ឬញាំញីជីវិតអ្វីឡើយ។ ក្រោយមក រទេះគោនឹងចូលខ្លួនមកដឹកជញ្ជូនភ្ញៀវចូលភូមិឋានប្រជាជន រួចសំចតក្បែរចម្ការច្បារដំណាំជាប់ផ្ទះសំបែង ទុកឱកាសឲ្យភ្ញៀវដើរទៅមើលទិដ្ឋភាពការរស់នៅស្រុកជនបទ»។
ក្នុង ១ ថ្ងៃៗ រទេះគោចន្លោះពី ២០ ទៅ ៣០ នឹមមានភារៈដឹកជញ្ជូនភ្ញៀវជិះកម្សាន្ដតាមផ្លូវរទេះខ្វាត់ខ្វែងតាមភូមិឋាននានាក្នុងសហគមន៍សង្កាត់ជ្រាវ ដើម្បីឲ្យភ្ញៀវបានឃើញនូវទិដ្ឋភាពរស់នៅរបស់អ្នកភូមិ។
យ៉ាងណាមិញ ចំពោះការចិញ្ចឹមសត្វគោលក្ខណៈគ្រួសាររបស់សហគមន៍នានាទូទាំងប្រទេស ក្រៅពីអត្ថប្រយោជន៍នៃការដឹកជញ្ជូនភ្ញៀវទេសចរឲ្យទទួលបានបទពិសោធធ្វើដំណើរបែបប្រពៃណី សត្វពាហនៈទាំងនេះក៏ត្រូវបានលក់យកសាច់ជាអាហារផងដែរ។
លោក តឹក ទ្រើង បានអះអាងថា អ្នកភូមិគ្មានលទ្ធភាពបន្ដចិញ្ចឹមសត្វគោធំៗនៅផ្ទះដោយគ្មានប្រយោជន៍បានទេ ពួកគេមានតែវ៉ៃចេញទៅឲ្យកុងស៊ីកាប់សាច់លក់ជាថ្នូរនឹងប្រាក់មួយចំនួនសម្រាប់ការចាយប្រចាំថ្ងៃ និងទិញកូនគោចិញ្ចឹមបន្ដទៀត។
ប្រធានសមាគមរទេះគោ ដែលមានការចូលរួមពីពលរដ្ឋ ២ ភូមិ គឺភូមិអ្នកតាហាន និងភូមិកំពង់ត្រឡាចលើបានបន្តថា៖ «គោគ្រប់គីឡូចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម មានតម្លៃប្រមាណ ៥០០ ដុល្លារ ហើយជារួម គោ ១ នឹម យើងអាចទទួលចំណូលបានប្រមាណ ១ ០០០ ដុល្លារ»។
លោក ទ្រើង ដែលចិញ្ចឹមគោ ១ នឹមខ្លួនឯងផងនោះ បានឲ្យដឹងថា កូនគោអាចត្រូវការពេលវេលាធំធាត់ចន្លោះពី ១ ឆ្នាំកន្លះទៅ ២ ឆ្នាំ ទើបអាចគ្រប់គីឡូសម្រាប់លក់។
ក្រៅពីសមាគមរទេះគោកំពង់ត្រឡាចលើ និងជ្រាវ នៅមានសហគមន៍ និងរីសតក្នុងស្រុកជាច្រើនទៀត ប្រើជំនិះរទេះគោប្រពៃណី រទេះក្របី ដឹកភ្ញៀវជិះលេងកម្សាន្ដតាមភូមិឋាននៃសហគមន៍ ដោយជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងលើកកម្ពស់ការងារដល់សហគមន៍ផងដែរ។
យ៉ាងណាមិញ រទេះគោក្រៅពីការដឹកភ្ញៀវទេសចរទៅលេងវត្ដពោធិរុក្ខារាម ឬវត្ដកំពង់ត្រឡាចលើ ដែលមានអាយុចំណាស់ជាង ១០០ ឆ្នាំ វាមិនត្រូវបានយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃឡើយ។ ដូច្នេះ រទេះគោមានតែត្រូវម្ចាស់ទុកចោល ដែលអាចប្រឈមនឹងការពុកផុយ ទម្រាំតែមានឱកាសបានដឹកភ្ញៀវជាថ្មី។
សមាគមរទេះគោកំពង់ត្រឡាចលើ ដែលបានបង្កើតឡើងជិត ២ ទសវត្សរ៍មកនេះ ធ្លាប់អភិរក្សប្រពៃណីពីបរមបុរាណ ដោយការផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាថ្នូរនឹងប្រាក់ចំណូលតក់ៗពីវិស័យទេសចរណ៍។
ភ្ញៀវទេសចរពេលឡើងពីនាវាកម្សាន្ដ ដែលភាគច្រើនធ្វើដំណើរមកពីប្រទេស វៀតណាម ឆ្លងកាត់ព្រំដែនក្អមសំណរ រាជធានីភ្នំពេញ កំពង់ត្រឡាចលើ នៃខេត្ដកំពង់ឆ្នាំង រួចបន្ដដំណើរទៅកាន់បឹងទន្លេសាប នៃខេត្ដពោធិ៍សាត់ និងបាត់ដំបង មុនបកដំណើរវិលវិញ។
លោក តឹក ទ្រើង បាននិយាយថា៖ «ទោះបីជាក្រុមប្រជាសមាគមយើងទទួលបានប្រាក់កម្រៃប្រមាណតែ ៤ ទៅ ៥ ដុល្លារ សម្រាប់រទេះគោ ១ យ៉ាងណាក៏ដោយ ក៏យើងរីករាយនឹងការនាំភ្ញៀវបរទេសឲ្យទទួលបាននូវបទពិសោធជិះរទេះគោបុរាណ និងបានឃើញអារាមជាង ១០០ ឆ្នាំ ហើយយើងអាចទទួលបាននូវប្រាក់ធីបផងដែរ។ ភ្ញៀវខ្លះដៃទូលាយ និងអាណិតស្រឡាញ់យើង ពួកគាត់ឲ្យធីបយើងពី ១០ ទៅ ២០ ដុល្លារ»។
ជាមួយសំឡេងបែបអស់សង្ឃឹម ប្រធានសមាគមរូបនេះ បានបន្ដថា៖ «បើយើងអត់បានដឹកភ្ញៀវទេ យើងដូចបាត់ដៃម្ខាងអ៊ីចឹង ពីព្រោះចំណូលមួយផ្នែកធំ យើងទទួលបានពីវិស័យទេសចរណ៍ ហើយវប្បធម៌ជិះរទេះគោអាចនឹងមានការបាត់បង់បន្ដិចម្ដងៗ ប្រសិនបើវិស័យទេសចរណ៍នៅតែបន្ដរងផលប៉ះពាល់»។
ថ្វីដ្បិតតែមានការបារម្ភចំពោះការពុកផុយនៃរទេះសាឡីដែលត្រូវបានទុកចោលយូរ ដោយមិនកំណត់ពេលវេលាដំណើរការឡើងវិញយ៉ាងណាក៏ដោយ ក៏ប្រជាសមាគមរទេះគោកំពង់ត្រឡាចលើនៅតែបន្ដការចិញ្ចឹមកូនគោឲ្យឆាប់រីកធំធាត់សម្រាប់អូសទាញរទេះជូនភ្ញៀវទេសចរ ពេលបើករដូវកាលទេសចរណ៍ជាថ្មី។
លោក តឹក ទ្រើង ប្រធានសមាគមរទេះគោកំពង់ត្រឡាចលើ ស្ថិតនៅចម្ងាយ ៦០ គីឡូម៉ែត្រ បានបញ្ជាក់ថា៖ «កូនគោនឹងក្លាយជាគោជំទង់ពេញកម្លាំងឡើងវិញក្រោយរយៈពេល ១ ទៅ ២ ឆ្នាំ។ ប៉ុន្ដែរទេះដែលទុកចោលយូរអាចនឹងខូចខាត ហើយការជួសជុល និងផលិតថ្មីអាចចំណាយប្រាក់ខ្ពស់»។
លោកនិយាយប្រកបដោយក្ដីសង្ឃឹមចុងក្រោយ ការលំបាកទាក់ទងនឹងជំងឺរាតត្បាតនេះ នឹងផុតរលត់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយវិស័យទេសចរណ៍នឹងរស់ឡើងវិញក្នុងពេលឆាប់ៗ នឹងអាលលោក និងប្រជាសហគមន៍មានឱកាសដំណើរការរទេះគោឡើងវិញ៕