ភ្នំពេញៈ ដោយសារ​ចង់​ចូល​រួម​ចែក​រំលែក​ និង​បញ្ជ្រាបពី​​បញ្ហា​បរិស្ថាន​ ភាព​ស្អាត​ស្អំ ​​សម្រាប់​ការ​រស់​នៅ​គ្រប់ទី​កន្លែង​​​ ដែល​ជា​​​កត្តា​ដ៏​សំខាន់នៃ​​ជីវិត​​​មនុស្ស​គ្រប់​រូប ជា​ពិសេស​នៅ​តាម​បណ្តា​តំបន់​រមណីយ​ដ្ឋាន​ទេសចរណ៍​នានា​ នៅ​ក្នង​​ប្រទេស​កម្ពុជា ដើម្បី​​​រួម​ចំណែក​ប្រែ​ក្លាយជា​មន្ត​ស្នេហ៍​ទាក់​ទាញ​ក្រុម​ទេសចរ​ទាំង​ក្នុងស្រុក​ និង​បរទេស​ មក​កម្សាន្ត​ម្តង​រួចហើយ ចង់​បាន​​ទៀត​ ក៏​ព្រោះ​តែ​មាន​សោភ័ណ្ឌ​ភាព​ស្រស់​ស្អាត​ និង​បរិយាកាសល្អ​។​​


ដូច្នេះ​ហើយ​បានជា​​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​ការ​បង្កើត​ក្រុម​ហ៊ុន​ទេសចរណ៍​ខ្លួននោះ និង​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​ពី​ប្រធាន​​ក្រុម​ហ៊ុន​ ទើប​ក្រុម​ហ៊ុន​ទេសចរណ៍វើលដ៍អិចប្រេស បាន​បើក​យុទ្ធនាការ​​ដាំ​ដើមឈើ និង​រើស​សំរាម​ បញ្ជ្រាប​បញ្ហា​បរិស្ថាន​នៅ​​​តំបន់​ទេសចរណ៍​ ដែល​មាន​បុគ្គលិក​ចូល​រួម​ចំនួន​ប្រមាណ ​៨០ ​នាក់។


លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍វើលដ៍អិចប្រេស និង​ជា​​ទីប្រឹក្សា​​ជាន់​ខ្ពស់​ សមា​គម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា និងសភាពាណិជ្ជ​កម្មកម្ពុជា​ បង្ហើប​ប្រាប់​ពី​គោល​បំណង​នៃ​យុទ្ធ​នាការ​នេះ​ថា៖ «គោល​បំណង​ទី​គឺ​​ការ​ប្រារព្ធ​ខួប​លើកទី​២០ ឆ្នាំ​ នៃ​ការ​បង្កើត​ក្រុម​ហ៊ុន​។ ទី២​​ ចង់​បន្ត​សកម្ម​ភាព​ ដែល​ធ្លាប់​បាន​ធ្វើ​ជាង​ ១០ ឆ្នាំ​ មក​ហើយ ​គឺ​ការ​ដាំ​ដើម​ឈើ រើស​សំរាម នៅ​តាម​តំបន់​ទេសចរណ៍​នានា​ ខណៈ​ការដាំ​ដើម​ឈើ​យើង​ច្រើន​ធ្វើ​នៅ​តាម​សាលា​រៀន និង​វត្ត​អារាម ហើយ​​រើស​​សំរាម​នោះ ច្រើន​ធ្វើ​នៅ​តាម​តំបន់ទី​​ប្រជុំ​ជន ផ្សារ និង​តំបន់​រមណីយ​ដ្ឋាន​ទេសចរណ៍នានា នា​ពេល​​យើង​បាន​ទៅ​កម្សាន្ត​តែ​ម្តង។ ដូចជា​ឆ្នាំ​នេះ​ យើង​បាន​យក​ដើមឈើ​ទៅ​ដាំ​នៅ​សាលារៀន​ភាសា​ចិន ​ចេង​ម៉េង និង​សាលាមតេយ្យ ស៊ិន ស៊ី​សា​មុត នៅ​ខេត្ត​កំពង់ស្ពឺ​ និង​ដើរ​រើសសំរាម​នៅ​ផ្សារ​មួយ​ក្បែរ​ថ្នល់​ទទឹង​ និង​នៅ​តំបន់​រមណី​យ​ដ្ឋាន​គិរី​រម្យ​ផង​ដែរ»។



លោក ហូ វណ្ឌី បន្ត​ឲ្យ​ដឹង​បន្ថែម​ពី​គោល​បំណង​នៃ​យុទ្ធនាការ​នេះ​ទៀតដែរ​​ថា៖ «ប្រការ​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​ចង់​ចែ​ក​​រំលែក​​​បងប្អូនខ្មែរ​យើង​ ​ឲ្យ​​ចេះពី​របៀប​​ទុក​ដាក់​សំរាម​ឲ្យ​មាន​របៀប​រៀ​ប​រយ ដើម្បី​ធ្វើ​ពួកគាត់​ទទួល​បាន​​ផាសុក​ភាព​​ទាំង​ផ្លូវ​កាយ និង​ចិត្ត។ ម្យ៉ាង​ទៀត​​ចង់ឃើញ​ពល​រដ្ឋ និងក្រុម​​ទេស​ចរក្នុងស្រុក និង​ក្រៅ​ស្រុក​ មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​របស់​​កម្ពុជា ​មាន​ចិត្ត​រួម​គ្នា​ចេះ​រក្សា​បញ្ហា​បរិស្ថានទាំង​អស់​គ្នា​​។​​ ហើយក៏​ផ្សព្វ​ផ្សាយពី​​តំបន់​ទេសចរណ៍​ទាំង​អស់​នៅ​កម្ពុជា​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ទាក់​ទាញចំណាប់​អារម្មណ៍​​ទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ ព្រម​ទាំង​​ចង់​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​នានា ចូល​រួម​កសាងតំបន់​ទេសចរណ៍ខ្មែរ​ទាំងអស់​ឲ្យ​មានសក្កតានុពល​ទៀត​ផង»​​៕​​


លោក ហូ វណ្ឌី ប្រធានក្រុម​​​ហ៊ុន​ទេសចរណ៍វើលដ៍អិចប្រេស និង​ជា​​ទីប្រឹក្សា​​ជាន់​ខ្ពស់​ សមា​គម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា និងសភាពាណិជ្ជ​កម្មកម្ពុជា។​រូប សហការី