ព្រៃ​សិលា​នៅ​ចិន​សម្បូរ​ថ្ម​ចម្លែកៗ​គ្មាន​ពីរ​ក្នុង​លោក​

Content image - Phnom Penh Post
ព្រៃសម្បូរ​ដោយផ្ទៃ​សិលា​បន្សល់​ពី​បាតុភូត​សំណឹក​ថ្ម​រាប់​ពាន់​ឆ្នាំ។

ក្រុងប៉េកាំង : ព្រៃ​ផ្ទាំង​សិលា ស៊ីលីនស្តូន ​គឺជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មាន​ផ្ទាំង​ថ្ម​និង​កូន​ព្រៃ​ ដុះ​ចម្រុះ​គ្នា​មួយ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ស្វយ័ត​ស៊ីលីនយី​ក្នុង​ ខេត្ត​យូណាន​ប្រទេស​ចិន។

វា​មាន​ចម្ងាយ​ ១២០​ គីឡូម៉ែត្រ​ពី​ទីក្រុង​ខុនមីង។ គេ​ឃើញ​ទេសភាព​ផ្ទាំង​ថ្ម​ដុះ​ព្រោងព្រាត​នៅ​ទី​នោះ​មាន​លក្ខណៈ​ដូចជា​ ដើមឈើ​ដុះ​គ្រប់​សណ្ឋាន​ខ្នាត​អ៊ីចឹង​ដោយ​មាន​លំដាប់​ពី​ទាប​បំផុត​ដល់​ ខ្ពស់​បំផុត​មើល​ទៅ​គួរ​ចង់​គយគន់​មែនទែន។

កន្លែង​ខ្លះ​គេ​ឃើញ​មាន​ផ្ទាំង​ថ្ម​ដុះ​មាន​កម្ពស់​ដល់​ទៅ​ ៣០​ ម៉ែត្រ​ឯណោះ។

សណ្ឋាន​ដី​ដែល​មាន​បណ្តុំ​ផ្ទាំង​ថ្ម​ដុះ​ច្រូងច្រាង​ដូច​ព្រៃឈើ​នេះ​មាន​អាយុ កាល​ជាង​ ២៧០​​ លាន​ឆ្នាំ​មក​ហើយ​បើ​គិត​មក​ដល់​សម័យ​បច្ចុប្បន្ន។

Content image - Phnom Penh Post

យោងតាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ធរណីវិទ្យា​និង​ភូមិសាស្រ្ត​របស់​ អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​សណ្ឋាន​ដី​តំបន់​ស៊ីលីនយី​នេះ​គេ​ហៅ​វា​ថា​ប្រភេទ​ ដី​កាសត៍ ​(សណ្ឋាន​ដី​កើត​ពី​បណ្តុំ​នៃ​ស្រទាប់​ដី​កំបោរ​ថ្ម​ភ្នំ) ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ទម្រង់​នៃ​សណ្ឋាន​ដី​នៅ​តំបន់​ប្រទេស​ស្លូវេនី​ដែរ ខណៈ​ពេល​ពួកគេ​បាន​ធ្វើការ​សិក្សា​សង្កេត​លើក​ដំបូង។

តំបន់​នេះ​មាន​សណ្ឋាន​ដី​ថ្ម​ផុស​ដុះ​លាយឡំ​នឹង​កូន​ព្រៃឈើ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ ប្រទេស​ចិន​។ វា​លាតសន្ធឹង​នៅលើ ​ផ្ទៃដី​ទំហំ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ។

តំបន់​ដែល​គេ​ហៅថា​ South China Karst​ នេះ​មាន​វិសាលភាព​លាតសន្ធឹង​លើ​ខេត្ត​បី​របស់​ចិន​គឺ​ខេត្ត​យូណាន គ្វីចូវ​និង​ខេត្ត​ គ័ងស៊ី។

ទេសភាព​ដ៏​ល្អ​ត្រកាល​និង​ស្រស់​បំព្រង​មាន​ ផ្ទាំង​ថ្ម​ភ្នំ​និង​ព្រៃ​លាយឡំ​គ្នា​ស៊ីលីន​ស្តូន​ហ្វ័ររ៉េស​នេះ​ទំនង​ជា​ គ្មាន​តំបន់​ណា​មួយ​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ​នៅលើ​ពិភពលោក​ជាមួយ​វិសាលភាព​ធំ​ទូលាយ​មាន​ទេសភាព​បែប​ចម្រុះ​ពណ៌​ផង​ដែរ។

គេ​សង្កេត​ឃើញ​ផ្ទាំង​ថ្ម​ទាំងអស់​នោះ​បាន​បញ្ចេញ​ជា​រូបរាង​ផ្សេងៗ​គ្នា​ ដូចជា​រាង​ដំបូល​ផ្ទះ រាង​ដូច​សសរ​ផ្ទះ​រាង​ដើម​ផ្សិត​និង​រាង​ដូច​សំណង់​ព្រះវិហារ​ជាដើម។

ពេល​នេះ​ទីនោះ​ក៏​បាន​ក្លាយ​ជា​តំបន់​ឧទ្យាន​សារមន្ទីរ​ធម្មជាតិ​ផ្នែក​ តំបន់​ផ្ទាំង​ថ្ម​កំបោរ​អន្តរជាតិ ​ទៀត​ផង៕ PR

ព័ត៌មានថ្មីៗ