កំពង់ឆ្នាំង: ក្អម ថូ ក្រឡ​ដុត​ថ្នាំ​មូស កូនជ្រូក ជើងក្រាន ជាពិសេស​ឆ្នាំងដី ពិបាក​នឹង​រំលង​ភ្នែក​អ្នកដំណើរ​ឆ្លងកាត់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ភ្នំក្រាំង​ដីមាស ដែល​ផ្ដល់នូវ​ដីឥដ្ឋ​ក្រហម​សម្រាប់​ផលិត​នូវ​ផលិតផល​ឆ្នាំងដី​។


ប្រជាពលរដ្ឋ​ភូមិ​អណ្ដូង​ឫស្សី​ភាគច្រើន​បន្ដ​មុខរបរ​ដូនតា​ដោយ​ការផលិត​ឆ្នាំងដី ដែល​ជា​អត្ដសញ្ញាណ​របស់​អ្នក​ខេត្ដ​កំពង់ឆ្នាំង​ដោយ​អ្នកខ្លះ​ចេះ​ផលិត​ឆ្នាំងដី​តាំងពី​មុន​សម័យ​សង្គ្រាម​ស៊ីវិល ហើយ​អ្នក​ខ្លះទៀត​ចាប់​របរ​នេះ​ក្រោយ​សម័យ​ខ្មែរក្រហម​រហូត​ដល់​បច្ចុប្បន្ន​។


ក្រៅពី​ចំណូល​ចម្បង​លើ​ការផលិត​ឆ្នាំងដី និង​សម្ភារ​ប្រើប្រាស់​ពី​ដីឥដ្ឋ​ដទៃទៀត ពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​ចាប់​អាជីព​នេះ​បាន​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍វប្បធម៌​តាមរយៈ​ការស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជា​ហូរហែ​។


អង្គុយ​តម្រៀប​គ្នា​ជា​ជួរ​ក្នុង​រោង​តូច​មួយ​ក្បែរ​ផ្ទះក្បឿង ៣ ខ្នង ស្ដ្រី ៣ នាក់​ហាក់​បាន​ត្រៀម​ស្វាគមន៍​វត្ដ​មាន​ភ្ញៀវ​ជាស្រេច​ជាមួយ​ទឹក​មួយ​ក្អម​ធំ​សម្រាប់​អ្នកដំណើរ​ទទួលទាន និង​គ្រែ​ឫស្សី​មួយ​ដាក់​នៅខាងមុខ​ពួកគេ​ដែល​ទំនងជា​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​ទស្សនាការ​ស្មូន​ដី​របស់​ពួកគេ​។


អ្នកស្រី ពៅ សំប៊ន អាយុ ៤៧ ឆ្នាំ និង​កូនស្រី ២ នាក់ កំពុងតែ​មមាញឹក​ក្នុង​ការផលិត​ចង្កៀង​ដុត​ខ្លាញ់​សម្រាប់​ម៉ូយ​ចំនួន ៣០០០ ដែល​កុម្ម៉ង់​ទិញ ដើម្បី​លក់​បន្ដ​ដល់ទី​អារាម​នានា​ក្នុង​រដូវ​បុណ្យប្រពៃណី​។


អ្នកស្រី​និយាយថា​៖ «​នៅ​រដូវ​បុណ្យ​សាសនា ដូចជា បុណ្យមាឃបូជា និង​វិសាខបូជា ខ្ញុំ​ទទួល​ការ​កុម្ម៉ង់​ច្រើន ដូចជា ចង្កៀង​ដុត​ខ្លាញ់​សម្រាប់​ដុត​ក្នុង​ពិធី​រាប់ពាន់​ឈុត​សម្រាប់​ឈ្មួញ​ទិញ​លក់​បន្ដ​»​។

អ្នកស្រី សំប៊ន បាន​បន្ដថា​៖ «​ទាំង​ខ្ញុំ និង​ពលរដ្ឋ​ក្នុងភូមិ​មានការ​មមាញឹក​ក្នុង​ការផលិត​សម្ភារ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ផលិត​ពី​ដីឥដ្ឋ ដោយ​មិនសូវ​មាន​ពេលទំនេ​នោះទេ​»​។

កូន​ឆ្នាំងដី និង​ក្អម​ដាក់តាំង​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចុះមក​ទិញ និង​ទស្សនា​សិល្បៈ​ធ្វើ​ឆ្នាំងដី​។ ហុង មិនា

ថ្វីដ្បិតតែ​អ្នកភូមិ​ផលិត​ឆ្នាំងដី និង​កូនស្រី​កំពុង​ញាប់ដៃ​ញាប់ជើង​ផលិត​ចង្កៀង​រាប់ពាន់ ឈុត​សម្រាប់​ផ្គត់ផ្គង់​ម៉ូយ​ឲ្យ​ទាន់ពេលវេលា​កំណត់​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​នៅតែ​មាន​ស្នាមញញឹម​ទទួល​រាក់ទាក់​ភ្ញៀវ​ដែល​ចូលមក​ទស្សនា​ដោយ​ការផ្ដល់​ព័ត៌មាន និង​ការបង្ហាត់បង្រៀន​ភ្ញៀវ​រៀន​ផលិត​ឧបករណ៍​ពី​ដី​ថែម​ទៀតផង​។

ស្ដ្រី​ដែល​ប្រកប​អាជីព​ស្មូន​ឆ្នាំងដី​ពី​អ្នក​ម្ដាយ និង​ផ្ទេរ​ចំណេះដឹង​ដល់​កូនៗ​បន្ដទៀត​រូបនេះ​បាន​និយាយថា​៖ «​ឧស្សាហ៍​មាន​ភ្ញៀវទេសចរ​ចូលមក​ញឹកញាប់​ដែរ​។ ពួកគាត់​មកពី​សៀមរាប បាត់ដំបង និង​ភ្នំពេញ ទាំង​ខ្មែរ និង​បរទេស​។ ជួនកាល​គាត់​ជួយ​ទិញ​វត្ថុ​អនុស្សាវរីយ៍ ១ ឬ ២ ហើយ​ជួនកាល គាត់​គ្រាន់តែ​មើល​ក៏​ទៅវិញ​អ៊ីចឹងទៅ​។ ជួនកាល​គាត់​ឡើងមក​រៀន​ធ្វើ​លេង​អ៊ីចឹងទៅ​»​។

អង្គុយ​មើល​ពី​ការស្មូន​ចង្កៀង​ដុត​ខ្លាញ់​មួយ​សន្ទុះ​លោក ពី ណារ៉ា ជា​អ្នកដំណើរ​មកពី​ភ្នំពេញ​ក៏មាន​បំណង​ចង់​សាកល្បង​ស្មូន​ក្អម​មួយ​ទុកជា​អនុស្សាវរីយ៍​សម្រាប់​ខ្លួន​។

លោក​បាន​និយាយថា​៖ «​ដំបូង​ឡើយ ខ្ញុំ​ស្មានតែ​ងាយស្រួល ដោយ​ខ្ញុំ​ឃើញ​ពួកគេ​យកដៃ​លញ់​អង្អែល​តិចៗ ក៏​រំ​លេចចេញ​ជា​ចង្កៀង​យ៉ាង​ស្អាត​។ ប៉ុន្ដែ​ដល់ពេល​ខ្ញុំ​ចាប់ផ្ដើម​តាម​ការណែនាំ​របស់​ពួកគាត់ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ឡើយ សូម្បីតែ​ពូត​ដី​ឲ្យ​រលោង​ស្មើ​ល្អ​»​។

កញ្ញា ពៅ គង្គារ បាន​និយាយ​បន្ដ ក្រោយពី​ម្ដាយ​លើក​ចង្កៀង​យកទៅ​ហាលថ្ងៃ​ថា​៖ «​ភ្ញៀវ​កម្រ​ទិញ​គ្រឿង​ដី​ទាំងនេះ​យកទៅ​តាម​ខ្លួន​វិញ​ណាស់​។ វា​មានការ​ពិបាក​ទុកដាក់ និង​វេចខ្ចប់​តាម​ខ្លួន ឬ​ជួយ​ទិញ​ត្រឹម វត្ថុ​តូចៗ​ប៉ុណ្ណោះ​»​។

អ្នក​ប្រកបរបរ​ស្មូន​ឆ្នាំងដី​ត្រូវ​បាន​បង្រៀន​តៗ​គ្នា​ពី​ម្ដាយ​ទៅ​កូន​។ ហុង មិនា

មិន​ខុសគ្នា​ទេ សិប្បកម្ម​ផលិតផល​ដីឥដ្ឋ និង​សេរ៉ាមិក​ជា​ទី​ដែល​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​នូវ​ជំនាញ​សិប្បកម្ម​បែប​ទំនើប​ថ្មី​ជាជាង​ការពឹង​អាស្រ័យ​លើ​ការផលិត​តែ​ក្អមឆ្នាំង​ប្រពៃណី​ក៏​បាន​ទទួល​ភ្ញៀវទេសចរ​មក​ទស្សនា និង​រៀន​ផលិត​ផ្ទាល់ដៃ​ផងដែរ​។

លោក ទៀង សុភណ្ឌ ជា​បុគ្គលិក​នៅ Kampong Chhnang Pottery ដែលជា​សហគ្រាស​សិប្បកម្ម​វិវត្ដ​ពី​គម្រោង​ឆ្នាំងដី​ប្រពៃណី​កម្ពុជា (Cambodia Traditional Pottery Project) បាន​ឲ្យ​ដឹងថា​៖ «​ភ្ញៀវ​អាច​ដើរ​មើល​សកម្មភាព​ក្រុមការងារ​យើង​ផលិត​សម្ភារ​ពី​សេរ៉ាមិក ឬ​ពួកគាត់​អាច​ហាត់រៀន​អំពី​របៀប​ធ្វើ​នេះ​បាន​។ ជាក់ស្ដែង​បើ​គាត់​ចង់​ធ្វើ​កែវ​ផ្ទាល់ខ្លួន​អ៊ីចឹង គាត់​អាច​រៀន​ធ្វើ រួច​ក៏​ទិញយក​តែម្ដង​អ៊ីចឹង​»​។

លោក​អះអាងថា​៖ «​ពួកគាត់​ដើរ​មើល​លេង​អ៊ីចឹងទៅ ហើយ​បើ​គាត់​អត់​ទិញ ក៏​អត់​បញ្ហា​អី​ដែរ​។ យើង​អត់​មាន​គិត​កម្រៃ​សេវាកម្ម​អី​ឡើយ​។ ឥឡូវ ក៏មាន​ភ្ញៀវទេសចរ​អញ្ជើញ​មកលេង​ដែរ តែ​តិចតួច អត់​សូវ​ច្រើន​ដូច​កាល​ ១ ​ឆ្នាំ​មុន​ទេ​។ ភ្ញៀវទេសចរ​មានដំណើរ​ចូល​ភូមិ​មើល​អ្នកភូមិ​ផលិត​នូវ​ផលិតផល​ឆ្នាំងដី​រៀងរាល់ថ្ងៃ​។ តែ​កន្លែង​សិប្បកម្ម​អង្គការ​នេះ​មិនសូវមាន​ភ្ញៀវ​នោះទេ ពីព្រោះ​ភ្ញៀវ​ចូលចិត្ដ​មើល​ទិដ្ឋភាព​អ្នកភូមិ​ជាក់ស្ដែង រួមទាំង​សកម្មភាព​ឡើងត្នោត​ផងដែរ​»​។

កំពុងតែ​ផ្ចិតផ្ចង់​ឆ្លាក់​ក្បាច់រចនា​នៅលើ​តួថូ​កម្ពស់​ជិត​ ១ ​ម៉ែត្រ​ទៅតាម​ទម្លាប់​ប្រចាំថ្ងៃ អ្នកស្រី សំ សុខា ហៅ ណាវ អាយុ ៣៣ ​ឆ្នាំ​ព្យាយាម​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទទួល​កុម្ម៉ង់​ធ្វើ​វត្ថុអនុស្សាវរីយ៍​ជា​ហូរហែ មិនទាន់​ឲ្យ​ភ្ញៀង​ផង​។

ទោះជា​មមាញឹក​នឹង​ការងារ​ផលិត​ក្អមឆ្នាំង​ក្ដី​ក៏​សិប្បករ​ឆ្លៀត​បង្ហាញ​ភ្ញៀវ​ពី​វិធី​ធ្វើ​។ ហុង មិនា

ប៉ុន្ដែ​អ្នកជំនាញ​ចម្លាក់​សេរ៉ាមិក​ម្នាក់​ក្នុងចំណោម ៤ នាក់​ដែល​ចេះ​នៅក្នុង​ភូមិ​អណ្ដូង​ឫស្សី​ក៏​រីករាយ​ក្នុងការ​ស្វាគមន៍​ភ្ញៀវ​ដែល​មាន​បំណង​ចង់ឃើញ​ស្នាដៃ​សិប្បកម្ម​កូន​ខ្មែរ​ផងដែរ​។

ស្ដ្រី​ដែល​ចេះ​ជំនាញ​ស្មូន​សម្ភារ​ដីឥដ្ឋ​តាំងពី​អាយុ ១៤ ឆ្នាំនេះ​បាន​ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន ខ្ញុំ​កំពុង​ផលិត​ថូ​ជូន​ភ្ញៀវ​ដែល​កុម្ម៉ង់​យកទៅលក់​បន្ដ​។ ១ ​ថ្ងៃ ខ្ញុំ​អាចធ្វើ​បាន​ប្រមាណ ១០ ​ថូ​ដែល​ក្នុង​ ១ ​ថូ ខ្ញុំ​អាច​លក់បាន​កម្រៃ​ ១២ ០០០ ​រៀល​ទៅ​ឲ្យ​ឈ្មួញកណ្ដាល​»​។

នៅក្នុង​ខ្ទម​តូច​មួយ​ដែល​ប្រឡាក់​ប្រឡូស​ដីឥដ្ឋ​កក​ក្រាំង​តាំងពី​ជញ្ជាំង​ស្លឹក​រហូតដល់​សសរឈើ​តូចៗ ដោយ​មិនដឹង​ជា​ស្ងួត​តាំងពី​ប៉ុន្មាន​ឆ្នាំ​មកហើយ លោកយាយ មួន បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​ដដែលៗ ដូចជា ការវ៉ៃ​ច្របាច់​ដី និង​សូន​ជា​ឆ្នាំង​ធំៗ​។

លោកយាយ ជា មួន អាយុ ៨៥ ឆ្នាំ ដែល​មិន​ចងចាំ​អ្វី​ក្រៅពី​ជំនាញ​សូន​ឆ្នាំងដី​តាមបែប​ប្រពៃណី អាច​ឆ្លើយ​នឹង​សំណួរ​របស់ ភ្នំពេញ ប៉ុស្ដិ៍ បានតែ​មួយគត់​ថា​៖ «​ខ្ញុំ​ច្របាច់​អ៊ីចឹងៗ​ទៅ ហើយ​ ១ ​ថ្ងៃ ខ្ញុំ​ធ្វើ​ឆ្នាំងដី​បាន​ ៤-១០ ចាស​!»​។

លោកយាយ ជា មួន អាយុ ៨៥ ឆ្នាំ នៅ​បន្ត​ស្មូន​ឆ្នាំងដី​។ហុង មិនា

ដោយ​មើលឃើញ​ពី​ការលំបាក​ចំពោះ​សមត្ថភាព​ឆ្លើយឆ្លង ខណៈ​ដូនចាស់​រូបនេះ​តែងតែ​ឆ្លើយ​ប្រាសចាក​សំណួរ ចៅស្រី​ដែល​មាន​អាជីព​ជា​អ្នក​ស្មូន​សម្ភារ​ពី​ដីឥដ្ឋ​បែប​ទាន់សម័យ ក៏​តែងតែ​ឆ្លើយឆ្លង​ជំនួស​ពេល​ភ្ញៀវ​មាន​ចម្ងល់​ចំពោះ​ដូនចាស់​នៅ​បន្ដ​អាជីព​ការងារ​ដោយ​មិន​ព្រម​ចូល​និវត្ដន៍​ទាល់តែ​សោះ​។

អ្នកស្រី សំ សុខា ហៅ ណាវ អាយុ​ ៣២ ​ឆ្នាំ​ជា​ចៅស្រី​ម្នាក់​បាន​ប្រាប់ថា​៖ «​គាត់​ធ្វើ​ឆ្នាំងដី​រាល់ថ្ងៃ តែ​គាត់​អត់​ដឹង​ចំណេញ​ដឹង​ខាត​អី​ទេ​។ កូនចៅ​មិន​ឲ្យ​គាត់​ធ្វើ​ទេ តែ​គាត់​មិន​ព្រម​ឈប់​ទេ​។ ពេលខ្លះ គាត់​ទិញ​ដី​គេ​មក​ធ្វើ ហើយ​ពេលខ្លះ គាត់​ទៅយក​ដី​ខ្លួនឯង តាមតែ​ចិត្ដ​គាត់​សព្វថ្ងៃនេះ​។ ភ្ញៀវ​ឃើញ​ពី​ការខិតខំ​របស់គាត់​ក៏បាន​ហុច​លុយកាក់​ខ្លះ​ឲ្យ​គាត់​ធ្វើ​បុណ្យទាន និង​ទិញ​ដី​ធ្វើ​ឆ្នាំង​បន្ដទៀត​»​។

ដោយ​មើលឃើញ​ពី​លំហូរ​ទេសចរ​ឥតឈប់ឈរ​មកកាន់​ភូមិ​អណ្ដូង​ឫស្សី សហគមន៍​ទេសចរណ៍​អណ្ដូង​ឫស្សី​ត្រូវ​បាន​ចងក្រង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក ក៏ដូចជា​ការបន្ថែម​ចំណូល​ដល់​ពលរដ្ឋ​ក្នុង​តំបន់​។ ប៉ុន្ដែ​ការដំណើរការ​ហាក់​មិនទាន់​ទទួល​បាន​ការស្វាគមន៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិឋាន​នៅឡើយ​ទេ​។

អ្នកស្រី សំ ប៊ន និយាយ​បណ្ដើរ ជើង​រវៃ​ឧបករណ៍​បណ្ដើរ ខណៈ​ដៃ​រុញ​រចនា​ចង្កៀង​ដុត​ខ្លាញ់​បណ្ដើរ​ថា​៖ «​ពេលខ្លះ​យើង​កោះហៅ​ពួកគាត់​ទៅ​ប្រជុំ ​ទៅ​រៀន​អំពី​របៀប​ទទួលភ្ញៀវ​អី គាត់​អត់​ចង់ទៅ ព្រោះ​គិតថា​ខាត​ការងារ​គេ ហើយ​ទៅ​អត់​បាន​លុយ​អី​ផង​»​។

អ្នកស្រី ពៅ សំប៊ន ជា​ប្រធាន​សហគមន៍​ទេសចរណ៍​អណ្ដូង​ឫស្សី​ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​បន្ដថា​៖ «​ពេល​បង្កើតឡើង​ដំបូង យើង​រៃ​លុយ​ប្រជាជន​មួយ​គ្រួសារ ២ ០០០ ទៅ ៣ ០០០ រៀល​ដើម្បី​សង់ក្យូស ហើយ​រហូត​ដល់​ឥឡូវ ក្យូស​ទទួលភ្ញៀវ​នោះ​រលួយ​អស់​ទៅទៀត អត់​បាន​លទ្ធផល​អ្វី​ផង​»​។

អ្នកស្រី​ទទួលស្គាល់​ថា ភ្ញៀវទេសចរ​បានមក​ទស្សនា​ភូមិ​ជា​ហូរហែ ដោយ​ពួកគេ​មក​អើត​ឈ្ងោក​ដើម្បី​ទស្សនា​ផ្ទាល់​ភ្នែក​នូវ​ការផលិត​ផលិតផល​សិប្បកម្ម​អំពី​ដី ខណៈ​ភ្ញៀវ​ខ្លះ​ចូលរួម​សកម្មភាព​ពូន​ស្មូន​ផលិតផល​ពី​ស្នាដៃ​របស់ខ្លួន​។

ប្រធាន​សហគមន៍​ទេសចរណ៍​អណ្ដូង​ឫស្សី​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ខណៈ​ដៃ​កំពុង​លញ់​បូត​ឧបករណ៍​ប៉ុន​ចានគោម​ថា​៖ «​ប្រជាពលរដ្ឋ​អត់​ចង់​ចូលក្នុង​សហគមន៍​នោះទេ ពីព្រោះ​ពួកគាត់​យល់ថា វា​ចំណាយពេល​មក​ប្រជុំ​ឥតប្រយោជន៍​។ យើង​ចងក្រង​សហគមន៍​ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសចរណ៍​មកកាន់​សហគមន៍​យើង​នេះ​។

សហគមន៍​ទេសចរណ៍​អណ្ដូង​ឫស្សី​ត្រូវបាន​បង្កើតឡើង ២ ទៅ ៣ ​ឆ្នាំ​មុន​ក្នុង​បំណង​បម្រើ​វិស័យ​ទេសចរណ៍​ចំពោះ​របរ​ផលិត​ឆ្នាំងដី និង​ឡើងត្នោត​។ ប៉ុន្ដែ​សហគមន៍​ដែល​ចងក្រង​សម្រាប់​អ្នក​ប្រកបរបរ​ស្នូន​ឆ្នាំងដី​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​តែ ១៥ គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ​ជាង ៤០០ ​គ្រួសារ​។

បើទោះបី​ជា​ភូមិ​សិប្បកម្ម​ឆ្នាំងដី​ដ៏ល្បីល្បាញ​មួយ​នេះ​មិន​ពឹង​អាស្រ័យ​ទៅ​លើ​វិស័យ​ទេសចរណ៍​យ៉ាងណា​ក៏ដោយ​ក៏​ប្រធាន​សហគមន៍​ដែល​កំពុង​មមាញឹក​ក្នុង​អាជីវកម្ម​ផលិត​សម្ភារ​ពី​ដី​ទាំងនេះ នៅតែ​មាន​បំណង​ចង់​ជំរុញ​សហគមន៍​បម្រើ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​នេះ​ដើរទៅ​មុខ​។

អ្នកស្រី ពៅ សំប៊ន ដែល​ចាប់ផ្ដើម​អាជីព​នេះ​ពី​ម្ដាយ​ក្រោយ​បែក​របប​ខ្មែរក្រហម​បាន​ឲ្យ​ដឹងថា​៖ «​ទោះបី​ជា​ពិបាក ខ្ញុំ​នៅតែ​ចង់​ឲ្យ​សហគមន៍​ដើរ​ទៅមុខទៀត​»៕

វីដេអូ៖