ក្រុង​រ៉ាបា៖ មនុស្ស​រាប់​សិប​លាន​នាក់​ទូទាំង​ពិភព​លោក​ប្រហែល​​ជា​បាន​ឃើញ​បន្ទាយ​លើ​វាល​ខ្សាច់​ក្នុង​ភាពយន្ដ​ភាគ​ល្បី «Game of Thrones» តែ​មិន​មាន​មនុស្ស​ជា​ច្រើន​​បាន​ឲ្យ​ដឹង​ថា ពួក​គេ​អាច​ទៅ​ទស្សនា​​ទីតាំង​ថត​នៅ​ភូមិ​ម៉ារ៉ុក​ Ait-Ben-Haddou។


ប៉ុន្ដែ​មិន​ដូច​ទីតាំង​ល្បី​ៗ​ដទៃ​ទៀត​​ពី​ឈុត​ក្នុង​ភាពយន្ដ​ និង​​​ល្ខោន​ទូរទស្សន៍​ តំបន់​បេតិកភណ្ឌ​ពិភព​លោក UNESCO បាន​បាត់បង់​ឱកាស​ទាក់ទាញ​ភ្ញៀវ​​លើ​ឧស្សាហកម្ម​ទេសចរណ៍​​ ជា​អ្វី​ដែល​អ្នក​ស្រុក​មួយ​ចំនួន​មាន​ចិត្ដ​អន្ទះសា​ចង់​បាន​ការ​​ផ្លាស់ប្ដូរ​ជីវភាព​។

មគ្គុទេ្ទសក៍​ទេសចរ Ahmed Baabouz បាន​និយាយ​ថា​៖ «មនុស្ស​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​ត្រូវ​មក​មើល​ទីតាំង​ក្នុង​ឈុត​ឆាក​រឿង​ Game of Thrones។ វា​ជា​វិស័យ​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ភាពយន្ដ​ តែ​យើង​មិន​ទាន់​បាន​អភិវឌ្ឍ​ឲ្យ​អស់​សក្ដានុពល​នោះ​ទេ​»។


ភូមិ Ait-Ben-Haddou ជា​ភូមិ​បន្ទាយ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ម៉ារ៉ុក​។ ពេល​វេលា​ហាក់​ដូច​ជា​នៅ​ទ្រឹង​ក្នុង​បរិវេណ​តំបន់​នេះ​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ​ពី​ទីក្រុង​ Ouarzazate។


ក្រោយ​ពី​ឆ្លង​កាត់​ច្រក​ដ៏​ស្រស់​​ស្អាត ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​របៀង​ខ្វាត់ខ្វែង​ឆ្ពោះ​ទៅ​ដល់​សំណង់​លំនៅឋាន​ប្រមូល​ផ្ដុំ។ មាន​ព្រះវិហារ​អ៊ិស្លាម​មួយ និង​ទីស្មសាន ២ ដែល​ក្នុង​នោះ​មួយ​កន្លែង​សម្រាប់​អ្នក​កាន់​សាសនា​មូស្លីម និង​មួយ​ទៀត​សម្រាប់​ជ្វីហ្វ​​។


តំបន់​ភូមិ​បន្ទាយ​ត្រូវបាន​យក​ធ្វើជាទីតាំង​ថត​ភាពយន្ត Game of Thrones។ រូបថត AFP

យ៉ាង​ណាមិញ​ អ្នក​ស្រុក​ភាគ​ច្រើន​បាន​ចាក​ចេញ ដោយ​ផ្ទះ​សំបែង​តិចតួច​ប្រែក្លាយ​ជា​ហាង​លក់​វត្ថុ​សិប្បកម្ម​។

មគ្គុទេ្ទសក៍​ទេសចរណ៍ វ័យ ២៩ ឆ្នាំ លោក Baabouz បាន​និយាយ​ប្រាប់​​​ថា​៖ «​យើង​មាន​កេរ​ដំណែល​ទាក់ទង​នឹង​ភាពយន្ដ​ដ៏​សម្បូរ​បែប​ ដែល​យើង​សង្ឃឹម​ថា​នឹង​ប្រើ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​»។

ប៉ុន្ដែ​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​ប្រទេស ​ម៉ារ៉ុក ហាក់​មិន​បាន​ដាក់​ទុន​ចំណាយ​លើ​វិស័យ​នេះ​ឡើយ​។

បើ​ប្រៀប​​ធៀប​ អៀរឡង់​ខាង​ជើង មាល់តា និង​ឌូប្រូវនិក នៅ​ក្រូអាស៊ី ដែល​ជា​ទីតាំង​ថត​ភាពយន្ត​ល្បីៗ​​ កន្លែង​ទាំង​នោះ​បាន​ទាក់ទាញ​អ្នក​គាំទ្រ​ជា​ច្រើន​ពី​ជុំវិញ​ពិភព​លោក​​​។

ដើម្បី​សម្រេច​បាន​គោល​ដៅ លោក Baabouz និង​យុវវ័យ​ដទៃ​ទៀត​ក្នុង​ភូមិ​បាន​នាំ​គ្នា​បញ្ចេញ​ធនធាន​ដ៏​មាន​កំណត់​ស្ដួច​ស្ដើង​ ដើម្បី​បំពេញ​នូវ​គម្រោង​មហិច្ឆតា​របស់​ខ្លួន ដូចជា ការ​បង្កើត​សារមន្ទីរ​មួយ​ក្នុង​បន្ទាយ និង​បណ្ដុំ​រូប​ថត​ដក​ស្រង់​ចេញ​ពី​ភាពយន្ដ​នានា​។

លោក​ក៏​បាន​បង្កើត​ប្លុក​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរ​នានា​ដែល​ត្រូវ​បាន​យក​ធ្វើ​ទីតាំង​ថត​ភាពយន្ត​ហូលីវូដ​ល្បីៗ​ ដោយ​ក្នុង​នោះ​ក៏​មាន​ព័ត៌មាន​អំពី​គម្រោង​​​ថត​របស់​ផលិតករ​ធំៗ និង​ការ​ជ្រើសរើស​ទីតាំង​​នៅ​ម៉ារ៉ុក​ផង​ដែរ៕ AFP/HR