ភោជនីយដ្ឋាន​ចិន​ស្ថាបនា​តោង​ផ្ទាំង​សិលា​តាម​ជម្រាល​ភ្នំ

ក្រុងប៉េកាំង : ស្ថិត​នៅ​ចម្ងាយ​ ១២​ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ស៊ីជាំង ខេត្ត​ហ៊ូប៉ី ប្រទេស​ចិន ក្បែរ​នឹង​តំបន់​រូង​ភ្នំ​ឈ្មោះ សានយូ ឬ វា​ត្រូវ​គេ​ស្គាល់​ថា​ជា «រូង​ភ្នំ​ព្រៃ​ឈើ​សម្រាប់​ទេសចរណ៍»។

គេ​ឃើញ​មាន​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថា ​ហ្វាំងវ៉េង ​បាន​សាងសង់​ឡើង​ដើម្បី​បម្រើ​អាហារ​ដល់​ភ្ញៀវ​ទេសចរ ទៅ​កម្សាន្ត​នៅ​តំបន់​រូង​ភ្នំ​នោះ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​មិន​ខ្វាយ​ខ្វល់​នឹង​រឿង​ខ្វះ​កន្លែង​ទទួល​ទាន​អាហារ​។

វា​ជា​ភោជនីយដ្ឋាន​មួយ​ដែល​តុប​តែង​តាម​សិល្បៈ​កែ​ច្នៃ​ខ្ពស់​នៅ​តាម​ជម្រាល​ចង្កេះ​ភ្នំ។ វា​ជា​តំបន់​មួយ​ស្ថិត​នៅ​ជុំវិញ​ទន្លេ​ជាំងជៀង ខណៈ​ទន្លេ​នេះ​មាន​ប្រភព​ទឹក​ហូរ​ទៅ​កាន់​នឹង​ទន្លេ​ធំ​យ៉ាងហ៊ឺ របស់​ប្រទេស​ចិន។

ភោជនីយដ្ឋាន​ចិន​ប្រើ​រូង​ភ្នំ​ធ្វើ​ជា​បន្ទប់​ទទួល​ទាន​អាហារ។
ភោជនីយដ្ឋាន​ចិន​ប្រើ​រូង​ភ្នំ​ធ្វើ​ជា​បន្ទប់​ទទួល​ទាន​អាហារ។

នៅ​ច្រក​ចូល​ភោជនីយដ្ឋាន ហ្វាំងវ៉េង​នេះ គឺ​ជា​សំណង់​អគារ​ដែល​គេ​បាន​ប្រើ​ឥដ្ឋ​ពណ៌​ប្រផេះ ចំណែក​ឯ​ច្រក​ចូល​ទៅ​កាន់​តំបន់​ខាង​ក្នុង​វិញ​មាន​រាង​ជា​ស្ពាន​តូច​មួយ​ប៉ុន​ផ្លូវ​ដើរ។ ច្រក​រាង​ស្ពាន​នោះ​មាន​កម្ពស់​ពី​ដី​ខាង​ក្រោម​ប្រមាណ​ជា​ ៣០ ​ទៅ​ ៤០ ម៉ែត្រ។

ដូច្នេះ​ក្រុម​ភ្ញៀវ​ទេសចរ​អាច​មើល​ឃើញ​នូវ​ទេសភាព​នៃ​ចរន្ត​ទឹក​ហូរ​របស់​ទន្លេ​ធំ​យ៉ាងហ៊ឺ បាន​យ៉ាង​ច្បាស់​ខណៈ​ទី​កន្លែង​ក្បែរ​នោះ​ក៏​អាច​លេង​កីឡា​លោត​ឆត្រ​ពី​ជម្រាល​ភ្នំ​បាន​ផង​ដែរ។

តំបន់​រូង​ភ្នំ​ទី​នេះ​សុទ្ធ​សឹង​តែ​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​មាន​លក្ខណៈ​តាម​បែប​ធម្មជាតិ។ ដូច​ជា​ច្រក​ដើរ​ទៅ​ខាង​ស្តាំ​ចម្ងាយ​៣០​ម៉ែត្រ​នោះ​គឺ​ជា​តំបន់​ជម្រាល​ចង្កេះ​ភ្នំ តែ​គេ​បាន​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​បន្ទប់​ទទួល​ទាន​អាហារ​បែប​ធម្មជាតិ​វិញ​។

ពេល​បើក​ភ្លើង​ពន្លឺ​ក្រហម​ព្រាលៗ​ពណ៌​ដូច​មាស​ឆ្អិន​ឆ្អៅ​ស្ថិត​នៅ​លើ​ពិតាន​នៃ​ភោជនីយដ្ឋាន​នោះ​មាន​សម្រស់​គួរ​ជា​ទី​គយ​គន់​មែន​ទែន​។

ក្រុម​ភ្ញៀវ​ទេសចរ​ក៏​អាច​អង្គុយ​ទស្សនា​និង​គយ​គន់​ទេសភាព​ផ្ទៃ​ទឹក​ទន្លេ​នៅ​ជុំវិញ​តំបន់​ភ្នំ​នោះ​យ៉ាង​រីក​រាយ​ស្រស់​ស្រាយ​អារម្មណ៍។

ភោជនីយដ្ឋាន ហ្វាំងវ៉េង ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​វា​ទៅ​តាម​លំនាំ​នៃ​ប្រវត្តិ​របស់​លោក លូ យូ ដែល​ជា​កវី​និពន្ធ​ដ៏​ល្បី​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​នៃ​សម័យ​រជ្ជកាល​សុង (ចន្លោះ​ឆ្នាំ១១២៧-១២៧៩)។

តំបន់​នេះ​ត្រូវ​បាន​គេ​តំណាល​ថា​កវី លូ យូ បាន​មក​សម្រាក​កម្សាន្ត និង​ឆុង​តែ​ផឹក​នៅ​ក្នុង​រូង​ភ្នំ​នេះ​នា​សម័យ​កាល​ដ៏​យូរ​លង់​នោះ​ផង​ដែរ៕ PR

ព័ត៌មានថ្មីៗ