ភ្នំពេញ៖ ចាប់​តាំង​ពី​អ្នក​ជំងឺ​កូវីដ ​១៩ ទាំង ១២២ នាក់​បាន​ជា​សះស្បើយ​ ហើយ​​​​កម្ពុជា​មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ជាង ​១ ​ខែ​មក​នោះ ​វត្តមាន​យានយន្ត​​បាន​វិល​ត្រឡប់​មក​បំពេញ​ដង​​​​វិថី​នានា​ ខណៈ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ប្រកប​របរ​រក​ទទួលទាន​ និង​​នាំ​គ្នា​ដើរ​លេង​កម្សាន្ដ​​។


ទោះជា​យ៉ាង​ណាក្ដី មន្ដ្រី​សុខាភិបាល​តែងតែ​ក្រើន​រំឭក​ជា​រឿយៗ​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​​ប្រុងប្រយ័ត្ន​ និង​ចាប់​យក​ទម្លាប់​រស់នៅ​ធម្មតា​តាម​គន្លង​ថ្មី ដោយ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ និង​គម្លាត​សុវត្ថិភាព​ជានិច្ច។

បច្ចុប្បន្ន​ភោជនីយដ្ឋាន និង​រីសត​ជា​​ច្រើន​ ដែល​បាន​បិទ​ទ្វារ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ អំឡុង​ពេល​កម្ពុជា​រក​ឃើញ​ចំនួន​​អ្នក​ផ្ទុក​ជំងឺ​កូវីដ ​១៩ កើន​ឡើង​ខ្លាំង​ ក៏​ចាប់​ផ្ដើម​បើក​ដំណើរការ​ឡើង​វិញ​ដែរ។


ទើប​បើក​សម្ពោធ​ឡើង​វិញ​កាល​ពី​ចុង​សប្ដាហ៍​មុន អេកូរីសត​ភូមិ​ស្លា ស្ថិត​​នៅ​ខេត្ដ​សៀមរាប​ បាន​ទទួល​ភ្ញៀវ​ដែល​​ចូលចិត្ដ​មក​គយគន់​ទេសភាព​ ទទួល​ទាន​អាហារ និង​ថត​រូប​សែលហ្វ៊ី​នៅ​ជាយ​ក្រុង​បុរាណ​មួយ​នេះ​។


លោក តាំង ឆាយហេង ម្ចាស់​រីសត​ ថ្លែង​ថា​៖ «​យើង​ទទួល​ភ្ញៀវ​បណ្ដើរៗ ក្រោយ​ពី​បាន​បិទ​ទ្វារ​ជិត ២ ខែ​»។


លោក​អះអាង​ថា បុគ្គលិក​របស់​ខ្លួន​តែងតែ​ពាក់​ម៉ាស់ ពេល​បម្រើ​ម្ហូប និង​ភេសជ្ជៈ​ដល់​ភ្ញៀវ​ ដែល​បាន​កុម្ម៉ង់​ពី​ក្យូស​សង់​លើ​បរិវេណ​ផ្ទៃ​ដី​ធំ​ទូលាយ​។

លោក​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​ប្រាកដ​ថា គម្លាត​សុវត្ថិភាព​បុគ្គល​ត្រូវ​បាន​អនុវត្ដ​ ដោយសារ​ក្យូស​នីមួយៗ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​។ យើង​ក៏​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ផលិតផល​របស់​យើង​​សម្រាប់​បម្រើ​ភ្ញៀវ​ផង​ដែរ»។

អាល់កុល​សម្លាប់​មេរោគ ​គឺ​ជា​ការ​រស់នៅ​​ធម្មតា​​ក្នុង​គន្លង​ថ្មី​​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​​ត្រូវ​បាន​ដាក់​ចេញ​សម្រាប់​ម្ចាស់​មុខ​ជំនួញ​ទាំង​អស់ ​ដើម្បី​អនុវត្ដ​ជា​របៀប​រស់នៅ​បែប​ថ្មី​ក្នុង​ការ​ទប់ស្កាត់​​រលក​ទី ២ នៃ​វីរុស​កូរ៉ូណា​។

ភ្ញៀវ​ទេសចរ​​ដើរ​គយគន់​ទេសភាព​នៅឧទ្យានជាតិកែប។ហុង មិនា

ដើម្បី​​ទប់ស្កាត់​​រលក​ទី ២ នៃ​ការ​ចម្លង​វីរុស​ ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ​ឲ្យ​ដឹង​ថា​៖ «វិធានការ​ ដែល​យើង​តែងតែ​អំពាវនាវ​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​កែប្រែ​នូវ​ទម្លាប់ និង​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​រស់នៅ​ធម្មតា​តាម​គន្លង​ថ្មី​ (New normal life)​»។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​​នេះ​បាន​បន្ដ​ថា ការ​រស់នៅ​ធម្មតា​ក្នុង​គន្លង​ថ្មី​នេះ គឺ​មាន​ភាព​សាមញ្ញៗ​ទេ​​។ ទី១ អនុវត្ដ​អនាម័យ​ខ្លួន​ ជា​ពិសេស ឧស្សាហ៍​លាង​ដៃ​​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច​។ ទី២ គឺ​ការ​ប្រើប្រាស់​ម៉ាស់​ក្នុង​ករណី​ចាំបាច់ ហើយ​បើ​មាន​ក្អក កណ្ដាស់​អី យើង​ប្រើ​ក្រមា កន្សែង ឬ​ក្រដាស​ជូត​មាត់​ដោយ​ខ្ទប់​ច្រមុះ និង​មាត់។ បន្ទាប់​មក ខ្ចប់​ឲ្យ​ជិត រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

លោកស្រី​អះអាង​ថា ទី៣ ជា​ចំណុច​សំខាន់​បំផុត គឺ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​ចម្លង​វីរុស​កូរ៉ូណា ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។

លោក Swapnil Deshmush ស្ថាបនិក​កាហ្វេ Socials Coffee ជា​ទី​ដែល​អតិថិជន​ត្រូវ​បាន​បម្រើ​ភេសជ្ជៈ​​ដោយ​បុគ្គល​ភាគ​ច្រើន​ជា​មនុស្ស​គ​ថ្លង់​ បាន​អនុវត្ដ​គោលការណ៍ ៣ ចំណុច​របស់​ខ្លួន​ ដើម្បី​ការពារ​ទាំង​បុគ្គលិក និង​អតិថិជន​ពី​ហានិភ័យ​ ដោយ​បុគ្គលិក​ត្រូវ​ពាក់​ម៉ាស់ វាស់​កម្ដៅ លាង​ដៃ និង​មិន​ធ្វើ​ដំណើរ​បើ​មិន​ចាំបាច់​។

លោក​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​យើង​​ធ្វើ​ការ​ប្រជុំ​ប្រចាំ​ខែ​តាមរយៈ Zoom លើក​ទឹក​ចិត្ដ​អតិថិជន​បង់​ថ្លៃ​សេវា​ដោយ​មិន​ចាំបាច់​ប្រើ​សាច់​ប្រាក់ និង​ពង្រឹង​សមត្ថិភាព​ការ​ដឹក​ជញ្ជូន​ជាមួយ Nham​24 តាមរយៈ​ការ​បញ្ចុះ​តម្លៃ​»។

ក្រសួង​សុខាភិបាល​ក៏​មាន​ការ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់ ចូលរួម​ក្នុង​ការ​ត្រួត​ពិនិត្យ​ក៏​ដូចជា​ជួយ​សម្រប​សម្រួល​ទៅ​លើ​ការ​​អនុវត្ដ​វិធានការ​នានា​នៅ​តាម​មូលដ្ឋាន​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​។

​អាល់កុល​សម្លាប់មេរោគ ជា​ផ្នែកមួយ​នៃ​ការ​រស់នៅ​ធម្មតា​ក្នុងគន្លង​ថ្មី​​។ ហុង មិនា

លោកស្រី​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​​ឧទាហរណ៍​ចំពោះ​​ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ ប្រសិន​បើ​បើក​លោក​ត្រូវ​ចាត់​ចែង​រៀបចំ និង​ធានា​ថា មិន​ធ្វើ​ឲ្យ​ទីតាំង​​របស់​ខ្លួន​ក្លាយ​ជា​​កន្លែង​​ចម្លង​វីរុស​កូវីដ ​១៩ ជា​ពិសេស​អនុវត្ដ​ការ​វាស់​កម្ដៅ មាន​អាល់​កុល​លាង​ដៃ គម្លាត​សុវត្ថិភាព​បុគ្គល​ដោយ​ទុក​ចន្លោះ​ពី ១ ម៉ែត្រ​កន្លះ​ទៅ ២ ម៉ែត្រ​»​។

ជា​អ្នក​ទេសចរ​លក្ខណៈ​គ្រួសារ​ លោក លី មុនីរ័ត្ន បាន​នាំ​ភរិយា និង​កូន​​ប្រុស ២ នាក់​ធ្វើ​ដំណើរ​កម្សាន្ដ​ខេត្ដ​កំពត និង​កែប កាល​ពី​ចុង​សប្ដាហ៍​ហើយ​ឃើញ​ថា​ តំបន់​ទេសចរ​ណ៍​ទាំង​​នោះ​សុទ្ធ​តែ​មាន​មនុស្ស​កុះករ។

លោក​​បន្ត​ថា៖ «យើង​បាន​ចំណាយ​ពេល ៣ ថ្ងៃ ដើរ​លេង​ឆ្នេរ​កែប កោះ​ទន្សាយ មើល​ថ្ងៃ​លិច​នៅ​ហាង​កាហ្វេ Led Zep Café និង​រីសត​ដូង​ទេរ»។

អ្នក​ទេសចរ​រូប​នេះ​ទទូច​​ថា ពលរដ្ឋ​គ្រប់​​រូប​ត្រូវ​មាន​វិធានការ​​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង​ផង​ដែរ។

ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ លោក​ស្រី ឱ វណ្ណឌីន បាន​លើក​ឡើង​ថា​៖ «​​យើង​កុំ​មាន​ការ​យល់​ច្រឡំ​ថា វីរុស​កូវីដ ​១៩ បាន​ចាកចេញ​ផុត​ពី​ប្រទេស​កម្ពុជា ​យើង​ហើយ​។ ទាំង ១២២ ករណី​ បាន​ជា​សះស្បើយ​ ដោយ​មិន​មាន​រក​ឃើញ​ថ្មី និង​មិន​មាន​អ្នក​ស្លាប់​នេះ ជា​សញ្ញា​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​កិច្ច​អន្ដរាគមន៍ និង​ការ​ចាត់​ចែង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​​រីក​រាល​ដាល​ចូល​ដល់​សហគមន៍​របស់​យើង​។ គួរ​ជាទី​មាន​មោទនភាព​បំផុត​»។

លោកស្រី​បញ្ជាក់​ថា ប្រទេស​កម្ពុជា ​​ស្ថិត​ក្នុង​ស្ថានភាព Alarming (ត្រូវ​ប្រុងប្រយ័ត្ន និង​រវៀសរវៃ​ជានិច្ច) និង​នៅ​តែ​មាន​ហានិភ័យ​នៃ​ការ​ចម្លង​​ជំងឺ​កូវីដ ​១៩ ​នៅ​ឡើយ​ ដោយសារ​នៅ​លើ​​​សកល​លោក ក៏​ដូចជា​បណ្ដា​ប្រទេស​ក្នុង​​តំបន់​នៅ​មាន​ករណី​ឆ្លង​វីរុស​នេះ។ ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​នៅ​តែ​​​​រក​ឃើញ​ថ្មីៗ​ជា​បន្ដ​បន្ទាប់​។

លោកស្រី ឱ វណ្ណឌីន បាន​ទទូច​ថា​៖ «​ខ្ញុំ​​អំពាវនាវ​សាជា​ថ្មី​ សុំ​បង​ប្អូន​យើង​កុំ​ភ្លេច​ខ្លួន​។ យើង​អាច​ភ្លេច​វីរុស​កូវីដ ​១៩ បាន​ងាយ​ស្រួល តែ​​វីរុស​កូវីដ​ ១៩ អត់​ភ្លេច​យើង​ទេ​»៕