ក្រុង​តូក្យូ: ក្រុម​មន្ដ្រី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ភ្នំហ្វូជិ ឬ Mount Fuji និម្មិត​រូប​ប្រទេស​ជប៉ុន នឹង​ត្រូវ​បិទ​អំឡុង​ពេលរដូវ​ឡើង​ភ្នំឆ្នាំ​នេះ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី។ ​


ខេត្ដ​ស៊ីហ៊្សូអូកា ជា​ទីតាំង​ភ្នំ​ហ្វូជិ​ស្ថិត​នៅបាន​ប្រកាស​ថា ពួកគេ​បាន​បិទ​វិថី​សំខាន់​ចំនួន ៣ ក្នុង​ចំណោម ៤ ដែល​ឆ្ពោះ​ទៅកាន់​កំពូល​ភ្នំ។


មន្ដ្រី​ខេត្ដ ​ស៊ីហ៊្សូអូកា បាន​ប្រាប់ AFP ថា​៖ «​វិថី​នានា​តែងតែ​បើក​ស្វាគមន៍​ភ្ញៀវ​សម្រាប់​វិស្សមកាល​រដូវ​ក្ដៅ តែ​ឆ្នាំ​នេះ​ យើង​នឹង​បិទ​ទាំង​អស់​ចាប់​ពីថ្ងៃទី ១០ ខែ​កក្កដា ដល់​ថ្ងៃទី ១០ ខែ​កញ្ញា​ ជា​រដូវ​ស័ក្ដិសម​ក្នុង​ការ​ឡើង​ភ្នំ​ហ្វូជិ បំផុត​»។


មន្ដ្រី ដដែល​បាន​បន្ដថា​៖ «​យើង​ជ្រើស​រើស​យក​វិធានការ​បិទ​ផ្លូវ​នេះ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សកល​»។


នេះ​គឺ​ជា​លើក​ដំបូង​ដែលភ្នំភ្លើង​ប្រវែង​​ ៣ ៧៧៦ ម៉ែត្រ ត្រូវបាន​បិទ បើគិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៦០ នៅពេល​ខេត្ដ​នេះ​ចាប់​ផ្ដើម​កសាង​ផ្លូវ។


ការ​សម្រេច​ចិត្ដ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពី​ខេត្ដ​ក្បែរ​ខាង យ៉ាម៉ាណាស៊ិ បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បិទ​ផ្លូវ​យ៉ូស៊ីដា ជា​វិថី​ឡើង​ភ្នំ​ដ៏​ពេញ​និយម​បំផុត​ក្នុង​ចំណោម ផ្លូវ​ឡើង​ភ្នំទាំង ៤។

សាលាឆទាន​តាម​ផ្លូវ​ឡើង​ភ្នំ​ នឹង​បន្ដ​បិទ​ផង​ដែរ។ ភ្នំ​ហ្វូជិ ដែល​ចុះ​ក្នុង​បញ្ជី​បតិកភណ្ឌ​ពិភពលោក UNESCO ស្ថិត​នៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ ពី​ទីក្រុង​តូក្យូ និង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ទីក្រុង​ធំ​របស់​ជប៉ុន​នេះ។

យោងតាម​វិបសាយ​ផ្លូវ​ការ Mount Fuji បាន​បង្ហាញ​ថា កាលពីឆ្នាំ​មុន ភ្នំ​ហ្វូជិ ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រមាណ ២៣៦ ០០០ នាក់។

ទោះបីជា​ភ្នំហ្វូជិ ​រំលេច​នូវ​ភាព​អស្ចារ្យ​​យ៉ាង​ណាក៏ដោយ ក៏​អ្នក​ឡើង​ភ្នំ​ជា​ច្រើន​បាន​ត្អូរត្អែរ​អំពី​បទពិសោធ​នៃការ​ឡើង​ភ្នំ​នេះ​ដោយ​ផ្ទាល់ ដោយ​ចោទ​លើ​វត្ដមាន​មនុស្ស​ច្រើន និង​សណ្ឋាន​ដី​ពិបាក។

ភាព​លំបាក​​​នេះ​ហើយ ទើប​​សុភាសិត​ជប៉ុន​មួយ​បាន​លើក​ឡើង​ថា «​មួយ​ជីវិត ​បើ​មិន​បាន​ឡើង​ភ្នំ​ហ្វូជិ ម្ដង គឺ​​​មនុស្ស​ភ្លើ​ហើយ​។ ប៉ុន្ដែ​បើ​ឡើង​ ២ ដង​ អ្នក​ក៏​​​ជា​មនុស្ស​ភ្លើ​ដែរ​»។

ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ជប៉ុន​មាន​អត្រា​ទាប​បើ​ធៀប​នឹង​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដោយ​មាន​មនុស្ស​ជាង ១៦ ០០០ នាក់​បាន​ឆ្លង​ និង​ ៧៤៩ នាក់​បាន​ស្លាប់។

កាល​ពី​សប្ដាហ៍​មុន ជប៉ុន​បាន​លើក​បម្រាម​រដ្ឋ​ក្នុង​គ្រា​អាសន្ន​ ដែល​ដាក់​ឲ្យ​អនុវត្ដ​នៅតាម​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស តែ​បន្ដ​រក្សា​ដដែល​ចំពោះ​ទីក្រុង​ធំ​ៗ​មួយ​ចំនួន ដូចជា តូក្យូ និង​អូសាកា​៕ AFP/HR