ក្រុងម៉ាល់ឌីវ៖ ម៉ាល់ឌីវ នៅតែ​ស្វាគមន៍​តារា​បូលីវូដ​ និង​សេដ្ឋី​ឥណ្ឌា​មក​លម្ហែ​នៅ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ និង​បឹង​ទឹក​ពណ៌​គ្រីស្ដាល់​ ទោះបីជា​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​លោក​ដាក់​បម្រាម​ការ​ហោះ​ហើរ​ពី​ប្រទេស​នេះ​ ដោយសារតែ​បញ្ហា​ផ្ទុះ​ការ​រីករាល​ដាល​ខ្លាំង​នៃ​ជំងឺឆ្លង​យ៉ាង​ណា​ក៏ដោយ​។


ដែន​កោះ​នៅ​លើ​មហាសមុទ្រ​ឥណ្ឌា​ ដែល​មាន​កោះ​តូច​ៗ​ជាង​​ ១​ ពាន់នេះ​ បាន​បើក​ទ្វារ​ព្រំ​ដែនរបស់​ខ្លួ​នឡើង​វិញ​កាល​ពី​ខែ​កក្កដា ក្រោយ​ពី​បិទ​ខ្ទប់​ ៣​ ខែ​ ហើយ​ប្រជាជន​ឥណ្ឌា​ ​ជា​ភ្ញៀវ​ដ៏​ច្រើន​បំផុត​។


សប្ដាហ៍​នេះ ខណៈ​ប្រទេស​ជា​ច្រើន​ហាម​ឃាត់​ការ​ហោះហើរ​ពី​ឥណ្ឌា រដ្ឋាភិបាល​ម៉ាល់ឌីវបាន​កែ​សម្រួល​តិច​តួច​ចំពោះ​បទប្បញ្ញត្ដិ​របស់​ខ្លួន​សម្រាប់​អ្នក​ដំណើរ​ពី​មហាយក្ស​ជិត​ខាង​។


ភ្ញៀវ​ទេសចរ​ដែល​មកពីប្រទេស​ឥណ្ឌា​ ពេលនេះអាច​ស្ថិត​នៅតែ​ក្នុង​រីសត​ ឬ​នាវា​កម្សាន្ដ​ និង​មិន​អនុញ្ញាត​​ ឱ្យ​ចូលផ្ទះសំណាក់​នៅ​តាម​ដែន​កោះ​ ជាទីដែល​ពលរដ្ឋ​ម៉ាល់​ឌីវ​រស់​នៅ​នោះ​ទេ​។


ប្រធាន​អាជ្ញាធរ​ទេសច​រណ៍​ជាតិ​ Visit Maldives លោក ថូយយីប មូហាមេដ បាន​ប្រាប់ AFP ថា​៖ «​ទីតាំង​ភូមិសាស្ដ្រ​នៃ​ប្រជុំ​កោះ​តូច​ៗ​របស់​យើង​ ​​បាន​ជួយ​កម្រិត​អានុភាព​វីរុស​។ កោះតូច​ៗ​នីមួយ​ៗ​គឺជា​រីសត​ចត្ដាឡីស័ក​រៀង​ៗ​ខ្លួន​។ ថ្វីដ្បិតតែ​យើង​មាន​អ្នក​ឆ្លង​វីរុស​តិច​តួច​ស្ថិត​នៅ​រាយ​ប៉ាយ​យ៉ាង​ណាក៏​ដោយ ក៏​យើង​អាច​គ្រប់​គ្រង​វា​បាន​នៅតាម​រីសត​ដោយ​មិន​សាយ​ភាយ​ទៅដល់​ពលរដ្ឋ​ឡើយ​»។


រូបភាពឯកសារ៖ ដែនដីទេសចរណ៍កោះម៉ាល់ឌីវអះអាង​ថា​ខ្លួន​បាន​ចាក់វ៉ាក់សាំង​ដល់​បុគ្គលិក​វិស័យទេសចរណ៍​ជា​ច្រើន​រួចមក​ហើយ។ AFP

លោក ថូយយីប បាន​និយាយ​ថា ពួកគេ​ក៏​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បុគ្គលិក​ស្នូល​ទាំងអស់ ៥​ ម៉ឺន​នាក់ ​ក្នុង​វិស័យ​ទេសចរណ៍​ និង​អ្នក​ផ្ដល់​សេវាកម្ម​ផ្សេង​ៗ​ ​ដែល​ទាក់ទង​នឹង​ជំនួញ​បដិសណ្ឋារកិច្ច​។

លោកបាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា​៖ «​យើង​ចង់​ក្លាយ​ជា​ផ្នែក​ទេសចរណ៍​ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ស្រុង​ដំបូង​គេ​ក្នុង​លោក​»។

លោក​បាន​អះអាង​ថា បុគ្គលិក​ប្រមាណ ៩០​ ភាគរយ​បាន​ទទួល​វ៉ាក់​សាំង​រួច​ហើយ​។

តារា​បូលីវូដ ដែល​គេច​ពីប្រទេស​ឥណ្ឌា​នា​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ រួមទាំង អាលីយ៉ា ប្រាត ដៃគូរបស់​នាង រ៉ាន់ប៊ី កាពួរ និង​ស្រាដដា កាពួរ ដែល​បាន​បង្ហោះ​លើ​អ៊ីនស្ដាក្រាម​នូវ​រូប​ថត​របស់​ខ្លួន​ធ្វើ​លំហាត់​ប្រាណ​យោគៈ​នៅ​ពេល​ថ្ងៃ​ហៀប​លិច​នៅរីសត​ម៉ាល់ឌីវ​មួយ។

របាយ​ការណ៍​សារព័ត៌មាន​បាន​បង្ហាញ​ថា ក្រុមហ៊ុនយន្ដ​​ហោះ​ឯកជន​ជា​ច្រើន​បាន​បង្កើន​ការហោះហើរក្នុង​តម្រូវការ​ទៅកាន់​អឺរ៉ុប មជ្ឈិមបូព៌ា និង​ម៉ាល់ឌីវ រួមទាំង​អ្នក​​​ជួលយន្ដហោះរួមគ្នា​ផង​ដែរ។

រ៉ាចាន់ មេរ៉ា ប្រធាន​ក្រុមហ៊ុន​យន្ដហោះ​ឯកជន​មូលដ្ឋាន​ក្រុង​ញូវដេលី Club One Air បាន​ប្រាប់ The Print ថា​៖ «​នរណា​ក៏​ដោយ​ ក៏​អាច​លៃ​លក​រក​ប្រាក់​ជួល​យន្ដ​ហោះ​ឯកជន​ហោះហើរ​ទៅ​កាន់​គោល​ដៅ​បាន​ដែរ»៕ AFP/HR

រូបភាពឯកសារ៖ ដែនដីទេសចរណ៍កោះម៉ាល់ឌីវគយគន់ពីលើអាកាស។ AFP