សៀមរាបៈ អង្គុយ​បើកឡាន​ហ្ស៊ីប​ពណ៌​ផ្កាឡាវេនឌ័រ (Lavender Jeep) ជាមួយ​ស្នាមញញឹម​ស្រស់ បង្កប់​ដោយ​ភាពជឿជាក់ យុវតី​សម្បុរ​ស្រអែម សក់​ខ្លី​ត្រឹម​ស្មា សម្តី​រដឺន​រូបនេះ​បាន​ជម្នះ​នូវ​ពាក្យ​ដែល​ថា «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​» ក្លាយ​ជា​ស្ត្រី​ម្នាក់​រឹងមាំ​នឹង​ទទួល​បាន​ការងារ​ដែល​ខ្លួន​ស្រឡាញ់​គឺ​អាជីព​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​របស់​ក្រុមហ៊ុន Lavender Jeep tour​។


យុវតី​វ័យ ២៤ ​ឆ្នាំ ឡី ស្រីនាង បាន បង្ហាញ​ពី​អារម្មណ៍​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ណាស់​ពេល​ខ្ញុំ​ចេះ​បើកឡាន ចេះ​និយាយ​ភាសា​អង់គ្លេស ព្រោះ​ខ្ញុំ​ជា​ស្រី អ៊ីចឹង​ខ្ញុំ​ចង់​បង្ហាញ​ពី​សមត្ថភាព​ដែល​ខ្លួនឯង​មាន ខ្ញុំ​ចង់​ពន្យល់ និង​នាំ​ភ្ញៀវ​បរទេស​ឲ្យ​ស្គាល់​ពី​ស្រុក​ខ្មែរ ស្គាល់​ពី​ការរៀបការ ការធ្វើ​ស្រែចម្ការ​អី​ផ្សេងៗ និយាយ​ទៅ​ជួប​អី​ពន្យល់​ហ្នឹង ធ្វើឲ្យ​ភ្ញៀវ​សើច សប្បាយចិត្ត និង​ធ្វើ​ឲ្យ​គេ​ទុកចិត្ត​ថា​មាន​សុវត្ថិភាព​ពេល​ខ្ញុំ​បើកបរ​»​។


Lavender jeep គឺជា​ផ្នែក​មួយ​របស់​អង្គការ​សាលា​ស្ពាន​នៃ​ជីវិត (Bridge of Life School organisation) ដែល​បាន​ធ្វើការ​ទៅលើ​ការដឹកជញ្ជូន​ភ្ញៀវទេសចរ ធ្វើដំណើរ​កម្សាន្ត ភ្លក្ស​បទពិសោធ​ថ្មី​នៅ​តាម​តំបន់​ប្រាសាទ​នានា​នៅ​សៀមរាប និង​តាម​ទីជនបទ​ក៏​ដូចជា​ស្វែងយល់​ប្រពៃណី វប្បធម៌ ការរស់នៅ និង​ជីវភាព​របស់​ប្រជាជន​ខ្មែរ​។


ស្រីនាង ជា​អ្នក​បើករថយន្ត និង​មគ្គុទេ្ទសក៍​នាំ​ភ្ញៀវ​ផ្សងព្រេង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


Lavender jeep បង្កើត​ក្នុង​ឆ្នាំ ២០១៧ ជាមួយ​គោលបំណង​លើកតម្កើង​ស្ត្រី បង្កើត​ការងារ និង​ផ្តល់​ចំណូល​ដល់​ស្ត្រី​ក៏​ដូចជា​រកប្រាក់​សម្រាប់​ទ្រទ្រង់​អង្គការ​ដែល​បាន​បណ្ដុះ​ភាសា​អង់គ្លេស កុំព្យូទ័រ កាត់ដេរ ដល់​ស្ត្រី និង​កុមារ​ជាច្រើន​រូប​។


លោក រ៉ើន សារ៉ិន្ធ អ្នកគ្រប់គ្រង Lavender Jeep Siem Reap បាន​រៀបរាប់​ថា​៖ «​បើ​ទោះបី​ជា​យេនឌ័រ បាន​ផ្សាព្វផ្សាយ​មែន ប៉ុន្តែ​កន្លែង​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​លើកតម្កើង និង​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ទេ​។ ម្យ៉ាង​ស្ត្រី​មួយ​ចំនួន​គិតថា ខ្លួន​មិន​អាច​ធ្វើការ​បាន​ដូច​បុរស​ដូចនេះ​យើង​ចង់​ធ្វើឲ្យ​គាត់​ដឹងថា គាត់​អាច​ធ្វើ​បាន​»​។

Lavender Jeep មាន​អ្នក​បើកបរ​ចំនួន ៣ ​នាក់​សុទ្ធតែ​ជា​ស្ត្រី ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ ដែល​បណ្ណ​បើកបរ​ត្រឹមត្រូវ និង​បាន​សិក្សា​ច្បប់​ចរាចរណ៍​ចេញ​ពី​សាលាបង្រៀន​បើកបរ​ច្បាស់លាស់​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​អ្នកបើកបរ​យើង​ទទួល​បាន​ប្រាក់ខែ​សមរម្យ និង​ទទួល​បាន​ប្រាក់ ៣០% ភាគរយ​បន្ថែម​ទៀត​ពី​ការដឹក​ភ្ញៀវទេសចរ​កម្សាន្ត​»​។

អ្នក​បើករថយន្ត និង​មគ្គុទេ្ទសក៍​សុទ្ធតែ​ជា​នារី​។ រូបថត ហ្វេសប៊ុក Lavender Jeep

រីឯ​ការជ្រើសរើស​ពណ៌​ផ្កាឡាវេនឌ័រ​ឲ្យ​រថយន្ត​ហ្ស៊ីប​នេះ​ត្រូវ​បាន​លោកអ្នក​គ្រប់គ្រង​វ័យ ២៩ ឆ្នាំ​រូបនេះ​ឲ្យ​ដឹងថា​៖ «​យើង​គិតថា​វា Unique(​ប្លែក​ខុស​គេ​) ព្រោះ​មិន​ទាន់​មាន​អ្នកណា​ធ្វើ ហើយ​ឡាន​ហ្ស៊ីប​នេះ​គឺជា​ផលិតផល​របស់​អាមេរិក​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម ហើយ​វា​នៅក្នុង​ប្រទេស​យើង​ស្រាប់ តែ​យើង​បាន​កែកុន​ខ្លះ​ដូចជា​ម៉ាស៊ីន និង​លេខ​​អ៊ីចឹង ព្រោះ​វា​ខូច​អស់​ហើយ តែ​តួ​និង​គ្រឿង​បំពាក់​គឺ​របស់​ដើម​សុទ្ធ​។ សម្រាប់​ពណ៌​វិញ យើង​អាច​គិត​ថា​កំប្លែង តែ​ពណ៌​ឡាវេនឌ័រ មើល​ទៅ​ទន់ភ្លន់ តែ​មិន​ទន់ជ្រាយ ដូចនេះ​ស័ក្ដិសម​នឹង​ស្ត្រី គឺ​ចង់​បង្ហាញ​ថា​ទន់ភ្លន់ មិន​ទន់ជ្រាយ តែ​រឹងមាំ​»​។

សម្រាប់​ដំណើរ​កម្សាន្ត​ជិះឡាន lavender Jeep បាន​ផ្តោត​លើ​តំបន់ ៣ សំខាន់ៗ​រួមមាន តំបន់​ប្រាសាទ​អង្គរវត្ត​តំបន់​ទីជនបទ និង​ភូមិឋាន ដើម្បី​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ តាមរយៈ​ការពន្យល់​ជា​ភាសា​អង់គ្លេស​យ៉ាង​ក្បោះក្បាយ​ពី​មគ្គុទេ្ទសក៍​នារី​រូប​ស្រស់​កាន់​ដៃចង្កូត​រថយន្ត​ហ្ស៊ីប​ពណ៌​ស្រស់​ឆើត​។

និយាយ​សម្តី​រដឺនៗ​ជាមួយ​នឹង​កាយវិការ​ក្រមិចក្រមើម ស្រីនាង​ បាន​ឲ្យ​ដឹងថា​៖ «​ពេល​បញ្ចប់​ការនាំ​ភ្ញៀវ​​ដើរលេង​ម្តងៗ ពួកគាត់​តែងតែ​សរសើរ​ថា ខ្ញុំ​ធ្វើការ​បាន​ល្អ និយាយ​ភាសា​អង់គ្លេស​បាន​ល្អ មុខ​គួរ​ឲ្យ​ស្រឡាញ់ រួសរាយ​អ៊ីចឹង ហើយ​គាត់​សរសើរ​ទៀតថា ពួកគាត់​មិន​នឹកស្មាន​ថា book (​កក់​) ឡាន​របស់​យើង ជិះ​កម្សាន្ត​សប្បាយ​អ៊ីចឹង​ទេ ជាពិសេស​ទទួល​បាន​អារម្មណ៍​ប្លែកៗ ដែល​ពួកគាត់​អត់​ដែល​ជួប​»​។

លោក រ៉ើន សារ៉ិន្ធ អ្នក​គ្រប់គ្រង Lavender Jeep​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មគ្គុទេ្ទសក៍​ស្រី​រូបនេះ​ក៏​បាន​ណែនាំ​ថា​៖ «​នៅ​ចន្លោះ​ពី​ខែ​ ១០ ដល់​ខែ​ ១ ​ទិដ្ឋភាព​ស្អាត​ណាស់ ព្រោះ​ជា​ពេល​ដែល​អាកាសធាតុ​ត្រជាក់ ភ្ញៀវ​ចូលចិត្ត​ជិះ​ហ្ស៊ីប បើ​បាន​ជិះ​កាត់​មេឃ​ភ្លៀង​គឺ​ពិតជា​សប្បាយ​ណាស់ យើង​ជិះ​តាម​ផ្លួវ​ដីក្រហម មាន​ជង្ហុក​ខ្លះៗ ប៉ះ​ភ្លៀង​ត្រជាក់ ជិះ​បែក​ទឹក​ខ្ចាយ វា​ប្លែក ហើយ​មើល​ទៅ​វាលស្រែ​គឺ​ស្អាត​មែនទែន​»​។

សេវាកម្ម​ដំណើរ​កម្សាន្ត​ជាមួយ​ឡាន Jeep នេះ​មាន​តម្លៃ​ពី ៩០ ដុល្លារ​ទៅ តម្លៃ​ ១២៥ ដុល្លារ​សម្រាប់​ ១ ​ឡាន​ដែល​អាច​ជិះ​បាន​ ៣ ​នាក់​។ ភ្ញៀវ​អាច​កក់​ដំណើរ​កម្សាន្ត​តាមរយៈ​វេបសាយ www.lavenderjeep siemreap.com៕

វីដេអូ៖