ក្រុងបានលុងៈ គ្រាន់តែ​ឃើញ​វីដេអូ​រំលេច​ទិដ្ឋភាព​បឹង​ដែល​រក្សា​សម្រស់​បែប​ធម្មជាតិ​ស្ទើរតែ​ទាំងស្រុង​នោះ អ្នកទេសចរ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​រូបរាង​បឹង​ដូច​បេះដូង​របស់​រមណីយដ្ឋាន​បឹងលំកុដ ដែល​លាតសន្ធឹង​ល្វឹងល្វើយ​ក្នុង​ទំហំ​ក្រឡា​ផ្ទៃ ១១០ ​ហិកតា​។


រមណីយដ្ឋាន​បឹង​លំកុដ មាន​ទីតាំង​នៅ​ភូមិ​សមុទ្រ (​សមុត​) ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដោយ​មាន​ចម្ងាយ​ជាង ៦០ ​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ឬ​ចេញ​ពី​ផ្លូវកែង​នៃ​ប៉ុស្តិ៍​ប៉េអឹម​លើ​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ផ្សារ​បកែវ ចម្ងាយ ១៤ ​គីឡូម៉ែត្រ និង​ចូល​តាម​ក្លោងទ្វា​វត្ត​គិរីវង្គត់​ចម្ងាយ​ប្រមាណ ១-២ ​គីឡូម៉ែត្រ​។

ភ្ញៀវទេសចរ​អង្គុយ​លម្ហែកាយ និង​ថតរូប​លេង​កម្សាន្ត​។ ហេង ជីវ័ន


បឹង​លំកុដ ឬ​អ្នកស្រុក​ហៅ​បឹង​គិរីវង្គត់ គឺជា​ការហៅ​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​របស់​ទីអារាម​មួយ​នៅ​ក្បែរ​នោះ​មាន​ឈ្មោះ​ថា «​វត្ត​គិរីវង្គត​» មាន​ទឹកថ្លា​ឆ្វង់ ពណ៌​ខៀវ​ដូច​ទឹកសមុទ្រ​មាន​ផ្ទៃ​បឹង​ធំ​ទូលាយ​អម​ដោយ​ព្រៃ​តូចធំ ស្ងាត់ជ្រងំ សម្រាប់​ក្រុម​ទេសចរ​ដែល​ចូលចិត្ត​ទីស្ងាត់​អាច​ចុះ​ហែល​ទឹក​លេង​កម្សាន្ត​យ៉ាង​ត្រជាក់​កាយ និង​អាច​ស្ទូចត្រី​កម្សាន្ត​បាន​ផង​ដែរ​។


លោក លៀង អូន ស្មៀនឃុំ​សេដា​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ក្នុង​តំបន់​គេ​បាន​ស្គាល់ និង​មក​លេង​នោះ​ចាប់​តាំងពី​ឆ្នាំ​ ២០១០ ​មក​ម្ល៉េះ ជាពិសេស​រដូវកាល​បុណ្យទាន​ធំ​នានា​តែ​ប៉ុណ្ណោះ ដូចជា​បុណ្យ​ចូលឆ្នាំ​ចិន ចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជំបិណ្ឌ​ដែល​អាច​មាន​ចំនួន​អ្នក​មក​លេង​ដល់​ទៅ​រាប់ពាន់​នាក់​។


ភ្ញៀវ​អាច​ញ៉ាំ​អាហារ​ជុំ​គ្នា និង​ស្ទូចត្រី​លេង​។ ហេង ជីវ័ន

លោក​បាន​បង្ហើប​ឲ្យ​ដឹង​ការ​កើនឡើង​ចំនួន​ទេសចរ​មក​កម្សាន្ត​នៅ​ទីនេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រោយពី​ការបង្ហោះ​វីដេអូ​តាម​បណ្តាញ YouTube របស់​ក្រសួង​បរិស្ថាន​មក​ឃើញ​ថា​មាន​ទេសចរ​នៅ​ទី​ឆ្ងាយៗ​បាន​ស្គាល់ និង​មាន​ចំនួន​ច្រើន​បាន​មក​លេង​នៅ​ឆ្នាំ​ ២០១៨ កន្លង​មក​នេះ​»​។

លោក លៀង អូន បាន​បន្ត​ថា​៖ «​បឹង​លំកុដ មាន​រាង​ដូចជា​បេះដូង ទើប​ធ្វើឲ្យ​បងប្អូន​ខ្មែរ​យើង​មាន​ការភ្ញាក់ផ្អើល​ពេល​បាន​ឃើញ​រូបរាង​វា​តាម​វីដេអូឃ្លីប​ក្នុង YouTube របស់​ក្រសួង​បរិស្ថាន​មក​។ បើ​តាម​ការប៉ាន់ស្មាន​ដោយ​ប្រើ​ឧបករណ៍ ដ្រូន​បង្ហោះ​សំកាំង​ពី​លើ​បឹង​របស់​មន្ត្រី​ក្រសួង​បរិស្ថាន​កាលពី​ឆ្នាំ​ ២០១៨ វា​មាន​ទំហំ​ធំ​ជាង​បឹង​យក្ស​ឡោម (​គឺ​ផ្ទៃ​បឹង​លំកុដ​មាន​ទំហំ ១១០ ​ហិកតា​) ហើយ​សម្រស់​ធម្មជាតិ​ក៏​នៅ​ល្អ​ជាង​ដែរ តែ​ការរៀបចំ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏មាន​សក្កានុពល​នៅ​ពុំ​ទាន់​មាន​ការរៀបចំ​ល្អ​នៅ​ឡើយ​ទេ ខណៈ​កាលពី​មុន​មិន​មាន​គេ​ស្គាល់ និង​បាន​ទៅ​លេង​ដោយសារ​តែ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​»​។

បឹង​លំកុដ​នៅ​រក្សា​សម្រស់​បែប​ធម្មជាតិ​។ហេង ជីវ័ន

ក្រៅពី​ការ​ទស្សនា​បណ្ដុំ​ទេសភាព​ស្រស់ត្រកាល​នៃ​ធម្មជាតិ​នៅ​បឹង​លំកុដ ភ្ញៀវទេសចរ​លក្ខណៈ​ជា​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​ក៏​អាច​វេចខ្ចប់​អាហារ​នាំ​យក​មក​អង្គុយ​ទទួលទាន​លម្ហែកាយ និង​គយគន់​ទេសភាព​ធម្មជាតិ​ដ៏ស្រស់ត្រកាល​ព្រម​ទាំង​អាច​ស្ទូចត្រី​លេង​កម្សាន្ត​ទៀត​ផង​។

គណៈកម្មការ​វត្ត​គិរីវង្គត់ និង​ក្រុម​អាជ្ញាធរ​រៀបចំ​បាន​កំណត់​តម្លៃ​ចូល​លេង​កម្សាន្ត​យ៉ាង​សមរម្យ​ដោយ​គិត​តម្លៃ ១០០០ ​រៀល​សម្រាប់​ម៉ូតូ ខណៈ​រថយន្ត​មួយ ៥០០០ ​រៀល​ដោយ​ថវិកា​ទាំងនោះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​ការជួល​អ្នក​ថែទាំ​អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់​៕

វីដេអូ៖