សៀមរាប: បើ​ទោះ​សណ្ឋាគារ​លូ ហាក់​មិនមែន​ជា​គំនិត​អ្វី​ថ្មី​សម្រាប់​បច្ចុប្បន្ន​នេះ​យ៉ាងណា​មិញ ប៊ូទិក ​បន្ទប់​មូល​ក្នុង​ក្រុង​សៀមរាប​នេះ​ក៏​នៅ​តែ​ល្អ​ឯក និង​អាច​ចាត់ទុក​ទីស្នាក់​ប្រកប​ដោយ​ផាសុកភាព​។


រីង ប៊ូទិក ស្ថិត​នៅ​ចម្ងាយ​តែ ៧០០ ម៉ែត្រ​ពី​តំបន់​ផាប់ស្ទ្រីត​ផ្ដល់​នូវ​បទពិសោធ​ប្លែក​សម្រាប់​អ្នក​ធុញទ្រាន់​នឹង​បន្ទប់​គេង​ជ្រុងៗ​ក្នុង​បរិស្ថាន​បែប​ផាសុកភាព​។

លោក ភី សុពៅ ស្ថាបនិក​ប៊ូទិក និយាយ​ថា​៖ «​សណ្ឋាគារ Ring Boutique ពិតជា​ខុសប្លែក​គេ​នៅ​ក្រុង​សៀមរាប​នេះ​។ ដើម្បី​ធានា​ថា​ភ្ញៀវ​ទទួល​បាន​នូវ​បទពិសោធ​ថ្មី យើង​បាន​រចនា​បន្ទប់​គេង​ជាមួយ​ការ​ឌីហ្សាញ​ជា​រូបរាង​បំពង់លូ​ជាមួយ​ការរំលេច​នូវ​គំនូរ​លើ​ជញ្ជាំង​ដ៏ស្រស់ស្អាត​»​។


បន្ទប់​រាង​មូល​បន្ថែម​ការរចនា​បែប​រាត្រី​ចន្ទ​ទឹកឃ្មុំ​។ រូបថត សហការី


ទាំង ២២ ​បន្ទប់​ដែល​មាន​បន្ទប់ Deluxe Double សម្រាប់​មនុស្ស​ ២ ​នាក់​បន្ទប់ Family Room សម្រាប់​មនុស្ស ៤ នាក់ និង Royal Family សម្រាប់​មនុស្ស ៦ នាក់​សុទ្ធតែ​មាន​រូបរាង​ជា​បំពង់​លូ​មាន​ញាត់​គ្រែ​ក្រាល​កម្រាល​ទន់ល្មើយ ជាមួយ​សាឡុង​អង្គុយ និង​គំនូរ​លើ​ជញ្ជាំង ខុសប្លែក​ពី​បន្ទប់​លូ​ដទៃ​ដែល​មាន​គ្រែ​ ១ ​ញាត់​ក្នុង​លូ និង​ប្រើ​បន្ទប់ទឹក​រួម​។


ជា​អតីត​និស្សិត​ផ្នែក​អក្សរសាស្ដ្រ​ភាសា​អង់គ្លេស និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​លោក ភី សុពៅ បង្កើត​គំនិត​រចនា​បន្ទប់​ស្នាក់​ឲ្យ​កាន់តែ​ទាក់ទាញ​ក្នុង​ទីក្រុង​ដ៏ប្រកួតប្រជែង​លើ​វិស័យ​ទេសចរណ៍​។

លោក​បាន​និយាយ​ថា​៖ «​ថ្ងៃមួយ ខ្ញុំ​គិត​អំពី​ប៊ូទិក​រូបរាង​ប្លែក​ដែល​មាន​តែ​ ១ ​គត់​ក្នុង​ទីក្រុង​នេះ​។ ដំបូង​ខ្ញុំ​ចង់​ឌីហ្សាញ​បន្ទប់​រាង​មូល និង​នឹក​ដល់​ការសង់​បន្ទប់​បំពង់​លូ​។ ខ្ញុំ​គិត​ថា​ប្លែក​ពីព្រោះ​ខ្ញុំ​មិន​ទាន់​ឃើញ​នរណា​ធ្វើ​វា​នៅ​ឡើយ​ទេ​។ កាលនោះ​ក្នុង​ឆ្នាំ​ ២០១៣ ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ហេតុអ្វី​យើង​តែងតែ​សង់​បន្ទប់​ជ្រុងៗ​។ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​ថា ត្រូវ​ធ្វើ​វា​ដោយ​របៀប​ណា​នោះ​ទេ​»​។

យ៉ាងណា​មិញ​គំនិត​នេះ​មិន​អាច​លេច​ជា​រូបរាង និង​ត្រូវ​បាន​បំភ្លេចចោល​មួយរយៈ​រហូត​ដល់​រីសត​ ២ ដែល​បាន​សាងសង់​បន្ទប់​ស្នាក់​បំពង់​លូ​សម្រាប់​ទទួលភ្ញៀវ​។

លោក ភី សុពៅ ស្ថាបនិក រីង ប៊ូទិក ដែល​មាន​បន្ទប់​រចនាប័ទ្ម​រាង​មូល​ប្លែក​ខុសពី​គេ​។ រូបថត សហការី

ទោះ​យ៉ាងណា​សមិទ្ធផល​របស់​លោក សុពៅ កាន់តែ​គ្រប់​ជ្រុងជ្រោយ​ក្រោយពី​បាន​សិក្សា​ពី​សំណង់​បន្ទប់​លូ​របស់​រីសត​ទាំង​ ២​។ រីង ប៊ូទិក បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ​ ២០១៥ ដោយ​ត្រូវ​ខំ​ត្រដរ​រស់នៅ​ក្នុង​ចំណោម​សណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និង​អាផាតមិន​ជាង ១០០០ កន្លែង​ទៀត​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​ឃើញ​ថា​បន្ទប់​បំពង់​លូ​អត់​មាន​ម៉ាស៊ីន​ត្រជាក់​អត់​សូវ​ស័ក្ដិសម​នឹង​បរិយាកាស​សីតុណ្ហភាព​ក្ដៅ​ទោះ​ស្ថិត​នៅ​តំបន់ភ្នំ​ក៏ដោយ​។ ការប្រើប្រាស់​បន្ទប់ទឹក និង​បង្គន់​រួម​មិនមែន​ជា​ជម្រើស​ដ៏ល្អ​នោះ​ទេ ជាពិសេស​សម្រាប់​ភ្ញៀវ​ខ្មែរ​យើង​»​។

អាង​ហែល​ទឹក នៅ រីង ប៊ូទិក ដែល​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតងខ្ចី​។ រូបថត សហការី

បន្ទប់​ស្នាក់នៅ រីង ប៊ូទិក ស្រោប​កញ្ចក់​អម​ជាមួយ​រុក្ខជាតិ​បៃតង​ស្រស់​ឡោមព័ទ្ធ​ដោយ​អាង​ហែល​ទឹក​មួយ​ស្ថិត​នៅ​ចំ​កណ្ដាល​ទីធ្លា​។

លោក​បន្ដ​ថា ប៊ូទិក​លូ​នេះ​បំពាក់​នូវ​គ្រឿងសង្ហារិម​ល្អៗ និង​ផ្ដល់​ជូន​ឲ្យ​ភ្ញៀវ​នូវ​អ៊ីនធឺណិត Wi-Fi គេហបាល​តែ និង​កាហ្វេ និង​ខ្នើយ​ប្រឆាំង​អាល្លែកហ្ស៊ី​ជាដើម​។

លោក​រៀបរាប់​ពី​ការដាក់​ឈ្មោះ​ប៊ូទិក​ថា​៖ «​ខ្ញុំ​មិន​គិត​ថា យើង​គួរ​ដាក់​ឈ្មោះ​ថា ប៊ូទិក​លូ​នោះ​ទេ ដោយសារ​វា​ត្រូវ​បាន​ប្រើ​នៅ​រីសត​ដទៃ ហើយ​ពលរដ្ឋ​យើង​ខ្លះ​ចាត់ទុក​វា​ជា​ការអាប់ឱន​។ យើង​ពិចារណា​ឈ្មោះ​ជាច្រើន​រហូត​ដល់​ថ្ងៃ​មួយ ខ្ញុំ​រក​នឹក​បណ្ដើរ ដៃ​បង្វិល​ចិញ្ចៀន​ភ្ជាប់ពាក្យ​ក្នុង​ម្រាម​បណ្ដើរ ទើប​ខ្ញុំ​នឹក​ឃើញ​ថា ហេតុអ្វី​មិន​យក​ឈ្មោះ រីង ប៊ូទិក​»​។

ទោះបី​ជា​ រីង ប៊ូទិក មាន​គ្រែ​គេង​ស្រោប​បំពង់​លូ​រង្វង់​យ៉ាងណា​ក៏ដោយ ក៏​ការ​ស្នាក់នៅ និង​សេវាកម្ម​ផ្សេងៗ​មិន​ខុស​ប្លែក​ពី​ប៊ូទិក និង​សណ្ឋាគារ​ទូទៅ​ឡើយ​។

រីង ប៊ូទិក ស្ថិត​នៅ​លើ​វិថី Funkey Ln ក្នុង​ភូមិ​ស្ទឹងថ្មី ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០៦៣ ៧៦៦ ២៦៧ និង ០៧០ ៦៦ ៣៥ ៣៦ ឬ​វេបសាយ www.ringboutiquehotel.com៕

វីដេអូ៖