ក្រុងបាងកកៈ ប្រទេស ថៃ បានបើកដំណើរការឡើងវិញនូវរូងភ្នំថាំហ្លួង ដែលក្មេងប្រុង ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេបានជាប់នៅក្នុងនោះកាលពីឆ្នាំមុន ដែលបានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក។
រូងភ្នំថាំហ្លួង ត្រូវបានបិទមិនឲ្យចូលទស្សនាចាប់តាំងពីក្រុមកីឡាបាល់ទាត់ជ្រូកព្រៃត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាប់នៅក្នុងនោះអស់រយៈពេលជិត ៣ សប្តាហ៍។
ប៉ុន្តែរូងភ្នំដែលល្បីនៅទូទាំងពិភពលោកស្ថិតនៅខេត្តឈៀងរៃនៅភាគខាងជើងប្រទេសថៃនេះត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃសុក្រ ដោយបានទាក់ទាញភ្ញៀវទេសចរប្រហែល ២ ពាន់នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមមន្ត្រីអភិរក្សក្នុងមូលដ្ឋានម្នាក់ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Kamolchai Kotcha នាយកការិយាល័យអភិរក្សក្នុងមូលដ្ឋានដែលគ្រប់គ្រងរូងភ្នំនេះបានថ្លែងថា៖ «យើងបានអនុញ្ញាតឲ្យភ្ញៀវទេសចរចូលមើលមាត់រូងភ្នំ»។
នៅពេលបច្ចុប្បន្នភ្ញៀវមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជ្រៅលើសពីច្រកចូលទេ ជាទីដែលពួកគេអាចសម្លឹងមើលទៅកាន់មាត់ច្រករូងភ្នំដែលបើកចំហឃើញ តែក្រុមមន្ត្រីបាននិយាយថា ពួកខ្លួនកំពុងពិចារណាអនុញ្ញាតឲ្យមនុស្សចូលទៅទស្សនាជ្រៅជាងនេះនៅខាងក្នុង បន្ទាប់ពីធ្វើការអង្កេតសុវត្ថិភាពផ្លូវចូលរួច។
លោក Kotcha បានថ្លែងថា ឧបករណ៍ជួយសង្គ្រោះមួយចំនួនដែលត្រូវបានទុកចោលរួមទាំងខ្សែទូរស័ព្ទ ទុយោ និងខ្សែរ៉ក អាចត្រូវបានតាំងបង្ហាញនៅក្នុងរូងភ្នំសម្រាប់ភ្ញៀវទស្សនាសម្រាប់ពេលអនាគត។
រូបថតដែលថតនៅថ្ងៃបើកឲ្យចូលទស្សនាដំបូងនៅថ្ងៃសុក្រសប្តាហ៍មុនបានបង្ហាញឲ្យឃើញភ្ញៀវទេសចរជាច្រើននៅផ្លូវចូលទៅរូងភ្នំ ជាទីដែលកង់ និងកាបូបសម្លៀកបំពាក់របស់កុមារដែលបាត់ខ្លួនត្រូវបានរកឃើញដែលធ្វើឲ្យនគរបាលក្នុងស្រុកជឿថា ពួកគេនៅខាងក្នុងរូងភ្នំ៕ KC