ក្រុង​វីចតូរីយ៉ា៖ ស្លាក​ស្នាម​ក្រឡា​រវិច​ៗ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុស​នៃ​កោះ​ម៉ាហេ សំឡេង​សាច់​អាំង​លាន់​ឆេវៗ​ពី​លើ​ជើង​ក្រាន​ ខណៈ​អ្នកស្រី សីសែលឡូស ណារែន ក្រែប​ស្រា​រ៉ាំ និង​កូកា​ក្រោយ​​សម្រាក​ពី​ការ​ជិះ​នាវា​កម្សាន្ដ​ប្រណីត​។


គ្រួសារ​របស់​អ្នកស្រី​បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​លើ​ឆ្នេរ ជា​ទី​ដែល​គូស្នេហ៍​ជ្រលក់​ជើង​ចូល​ទឹក​ដ៏​ថ្លា​ឈ្វេង​ពី​ចម្ងាយ គឺជា​ទេសចរ​បរទេស​តែ ​១ ក្រុម​គត់​។ អ្នកស្រី ណារែន អាយុ ៣២ ឆ្នាំ ដែល​បាន​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ បាន​និយាយ​ថា៖ «​យើង​អត់​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​នៅ​ប្រទេស ​សីស្ហែល ​នោះ​ទេ​ ហើយ​នោះ​ជា​អ្វី​ដែល​អស្ចារ្យ​»។


យ៉ាង​ណា​មិញ មិន​ខុស​ពី​ពលរដ្ឋ​ភាគ​​ច្រើន​ឡើយ អ្នកស្រី​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដែល​មាន​ចំនួន​ជាង ៦០ ភាគរយ ​នៃ​កំណើន​សេដ្ឋកិច្ច​សីស្ហែល ជា​ប្រទេស​តែ ​១ ​គត់​ក្នុង​តំបន់​អាហ្វ្រិក​ ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​ចំណូល​​ខ្ពស់​ដោយ​ធនាគារ​ពិភព​លោក​។


កោះ​នេះ​ល្បី​ការ​អភិរក្ស​ជីវចម្រុះ​ និង​ពូជ​អណ្ដើក​យក្ស​។ រូបថត AFP


ប្រជុំ​កោះ​នៅ​មហា​សមុទ្រ​ឥណ្ឌា​ ប្រមាណ ១១៥ កោះ ល្បីល្បាញ​ថា ​​ជា​ដែន​កោះ​ទេសចរណ៍​ប្រណីត ឆ្នេរ​ដ៏​មាន​ប្រជាប្រិយ​លើ​អ៊ីនស្ដាក្រាម និង​ទទួល​បាន​ងារ​ជា​ទ្រនំ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ដ៏​ពេញ​និយម​។


ចំនួន​ភ្ញៀវ​ទេសចរ​ ពិសេស​មក​ពី​អឺរ៉ុប ស្ទើរ​តែ​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈពេល ១ ​ទសវត្សរ៍ ​មក​ដល់​ប្រមាណ ៣៦ ម៉ឺន​នាក់ ​ក្នុង​ឆ្នាំ ​២០១៨​ ដែល​ជិត​ ៤ ដង​នៃ​ចំនួន​ប្រជាជន​សរុប​។

ប៉ុន្ដែ​បច្ចុប្បន្ន សីស្ហែល ថ្លឹង​ថ្លែង​លទ្ធភាព​ទទួល​ភ្ញៀវ និង​ពង្រឹង​ការ​អភិរក្ស​​​បរិស្ថាន​​ឲ្យ​គង់វង្ស។

នៅ​លើ​​ប្រជុំ​កោះ​ដាច់​ស្រយាល សីស្ហែល បាន​អនុវត្ដ​គោល​នយោបាយ​ «​កោះ ​១ រីសត ​១​»។

រដ្ឋមន្ដ្រី​ទេសចរណ៍ ឌីឌីយើ ឌូហ្គើល័រ បាន​ប្រាប់ AFP ថា​៖ «​វា​ជា​ការ​គ្រប់គ្រង​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទី​នេះ​ តាមរយៈ​ការ​គ្រប់គ្រង​ចំនួន​បន្ទប់​ក្នុង​សណ្ឋាគារ​ ដែល​មាន​ស្រាប់​»។

ទឹកសមុទ្រ​ខៀវថ្លា និង​ឆ្នេរ​ខ្សាច់​សក្បុស​​នៃដែនកោះ សីស្ហែល​។ រូបថត AFP

រដ្ឋមន្ដ្រី​ទេសចរណ៍ និយាយ​ថា សីស្ហែល មាន​សណ្ឋាគារ​ ៦ ០០០ បន្ទប់ តែ​ ៣ ០០០ បន្ទប់​ទៀត​កំពុង​តែ​សាងសង់​​មុន​ពេល​ចេញ​គោល​-​នយោបាយ​កំណត់​ចំនួន​បន្ទប់។

ផ្ទៃ​ដី​ជិត​ពាក់​កណ្ដាល​ប្រទេស ​៤៥៥ គីឡូម៉ែត្រ​ការ៉េ ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ ដោយ​សំណង់​តូចៗ​សង់​លើ​​​ឆ្នេរ​​ៗ​អែប​គម្ពោត​​ព្រៃ​​។

នីម៉ាល់ សះ នាយក​ប្រតិបត្ដិ​អង្គការ​បរិស្ថាន Nature Seychelles បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​មិន​ចង់​ឈឺ​ភ្នែក​ដូច​នៅ​តាម​ឆ្នេរ​ភាគ​អឺរ៉ុប​ ដែល​ជន់ជោរ​ដោយ​ឆត្រ និង​អគារ​បេតុង​នោះ​ឡើយ​»៕ AFP/HR