ក្រុង​ប៉េកាំង៖ ពិធី​បុណ្យ​ទឹកកក​ប្រចាំ​ឆ្នាំ​របស់​ចិន​នៅ​ទីក្រុង​ហាប៊ីន​ បាន​ចាប់​ផ្ដើម​ជាមួយ​គូស្នេហ៍​នាំ​គ្នា​រៀប​អាពាហ៍ពិពាហ៍​ក្រោម​រចនាប័ទ្ម​ព្រឹល​ទឹកកក​ ដោយ​ក្រុម​អ្នក​ហែល​ទឹក​ចិត្ដ​សឿង​ហ៊ាន​ចុះ​ងូត​ទឹក​ត្រជាក់ ព្រម​ទាំង​វិមាន​ទឹកកក​ចែងចាំង​ច្រូងច្រាង​យ៉ាង​ស្រស់​ស្អាត​។


កាំជ្រួច​ផុស​លើ​វេហាស៍​បង្ហាញ​ពី​ការ​បើក​សម្ពោធ​ពិធី​បុណ្យ​​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ ខណៈ​​ទេសចរ​ដើរ​ទស្សនា​វិមាន​ទឹកកក​ឯ​​ទីក្រុង​ភាគ​ឦសាន។


នាព្រឹក​ព្រលឹម​ កូន​ក្រមុំ​ ៤៣ នាក់ គ្រង​​ឈុត​ស្បៃ​អាពាហ៍ពិពាហ៍​ និង​បន្ថែម​អាវ​រងា​ឈរ​ជា​ជួរ​ជាមួយ​កូន​កំលោះ​ដើម្បី​ចូលរួម​អាពាហ៍ពិពាហ៍​ព្រឹល និង​ទឹកកក​​។


គូស្នេហ៍​ជា​ច្រើនគូ​ រៀបអាពាហ៍ពិពាហ៍​ ក្រោម​រចនាប័ទ្ម​ព្រឹលទឹកកក​​។ រូបថត AFP


អ្នក​ក្លាហាន​ចិត្ដ​សឿង​ប៉ុន្មាន​នាក់​នាំ​​គ្នា​ហក់​ចុះ​ទឹក​ដែល​ឆ្លាក់​នៅ​ទន្លេ​សុង​ហ៊ួ នៅ​ថ្ងៃ​ប្រារឰ​ពិធី​ដែល​មាន​សីតុណ្ហភាព​ក្រោម ​-៧ អង្សាសេ​ ទោះ​នៅ​ពេល​រសៀល​។


ពិធី​បុណ្យ​ព្រឹល និង​ទឹកកក​អន្ដរជាតិ​ក្រុង​ហាប៊ីន​ឆ្នាំ​នេះ ក្នុង​ខេត្ដ​ហៃឡុង​ជៀង ត្រូវ​ប្រើ​ទឹកកក​ ១៧ ម៉ឺន​ម៉ែត្រ​ គុប​ ដែល​ប្រមូល​ពី​ទន្លេ​សុងហ៊ួ ដោយ​កម្លាំង​កម្មករ​ជាង ១០០ នាក់​។

ក្រុម​កម្មករ​ខិតខំ​បំពេញ​ការងារ​ជា​ច្រើន​ម៉ោង​លើ​ទឹកកក​រៀង​រាល់​ថ្ងៃ​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មុន​ពេល​ពិធី​បុណ្យ​ចាប់​ផ្ដើម​ ដោយ​ត្រូវ​កាត់​ច្រៀក​ទឹក​កក​ជា​ច្រើន​ផ្ទាំង​រៀង​រាល់​ ១២ ម៉ោង​ម្ដង​។

ព្រឹលទឹកកក ត្រូវបានពូន​ឆ្លាក់​ជា​រូបភាព​ ដែល​​​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់​រយ​លាន​នាក់​។ រូបថត AFP

ពិធី​បុណ្យ​ហាប៊ីន ដែល​រំលេច​នូវ​វិមាន​ទឹកកក​ភ្លឺ​ចញ្ចែង​ចញ្ចាច និង​ទស្សនីយភាព​ទឹកកក​ជា​ច្រើន​ទៀត បាន​ទាក់ទាញ​ទេសចរ​រាប់​លាន​នាក់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ​ដែល​មក​លេង​ទីក្រុង​វិមាន​ព្រឹល ហាប៊ីន​។

ចិន​បាន​ខិតខំ​ផ្សព្វផ្សាយ​ទេសចរណ៍​ព្រឹល និង​ទឹកកក​នៅ​មុន​កីឡា​អូឡាំពិក​រដូវ​រងា​​ឆ្នាំ ​២០២២ ក្នុង​ទីក្រុង​​ប៉េកាំង​។

មហាវិថី​មួយ​កំពុង​ត្រូវ​បាន​កសាង​តភ្ជាប់​វាង​ក្រុង​ប៉េកាំង ជា​ទីក្រុង​ស្ថិត​នៅ​ភាគ​ខាង​ជើង​ខេត្ដ​ហឺប៉ី ដែល​នឹង​រៀបចំ​ព្រឹត្ដិការណ៍​រដូវ​រងា​ផង​ដែរ ខណៈ​​ខ្សែ​រថភ្លើង​ល្បឿន​លឿន​មួយ​កំពុង​​តភ្ជាប់​ទីក្រុង​ទាំង ​២ ដែល​បើក​សម្ពោធ​កាល​ពី​ថ្ងៃទី ៣០ ខែ​ធ្នូ​។

ចិន​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ ៣៤០​ លាន​នាក់ ​មក​លេង​គោលដៅ​ទេសចរណ៍​ព្រឹល និង​ទឹកកក​ក្នុង​រដូវ​រងា​ឆ្នាំ ​២០២១-២០២២ កើន​ពី ២២៤ លាន​​នាក់ ​ពី​​ឆ្នាំ​ ២០១៨-២០១៩។ នេះ​បើ​យោង​តាម​ស៊ីនហ៊ួ​ ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ៕ AFP/HR