សៀមរាប៖ ថ្ងៃ​បាក់​រសៀល​! ព្រះសុរិយា​ចាប់​ផ្ដើម​បន្ថយ​អានុភាព​ពន្លឺ​បន្ដិច​ម្ដងៗ ជំនួស​មក​វិញ​នូវ​ភាព​ងងឹត​​គ្រប​ដណ្ដប់​ភូមិ​ឋាន​ល្បីល្បាញ​​ចំពោះ​នំ​បញ្ចុក​ និង​ស្ករ​ត្នោត​។


ប៉ុន្ដែ​គម្រោង «​ផ្ទះ​មួយ អំពូល​មួយ​» ​​នៅ​តែ​បន្ដ​ផ្ដល់​​ពន្លឺ​សម្រាប់​បំភ្លឺ​លើ​ដង​ផ្លូវ​ចរាចរណ៍ និង​ផ្ទះ​សំបែង​នីមួយៗ​ក្នុង​ភូមិ​ព្រះដាក់​ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​គម្រោង​ដំបូង​។


ក្រោម​គំនិត​ផ្ដួចផ្ដើម​ពី​​អភិបាល​ស្រុក​​បន្ទាយស្រី «​ផ្ទះ​មួយ​ អំពូល​​មួយ» បង្កើត​ឡើង​ក្នុង​គោល​បំណង​ធំៗ ២ គឺ​​ទី១ ​​កាត់​បន្ថយ​បញ្ហា​គ្រោះ​​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ហើយ​ទី​២ ​ឲ្យ​ភូមិ​ឃុំ​របស់​ប្រជាជន​ក្នុង​ស្រុក​បន្ទាយ​ស្រី​ទាំង​មូល​មាន​សុវត្ថិភាព​ជាង​​មុន​។


លោក ឃីម ហ្វីណង់ អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយ​ស្រី​បាន​និយាយ​ថា​៖​ «យើង​ចង់​ឲ្យ​ពេល​យប់​មាន​ពន្លឺ​មើល​ឃើញ​ដូច​​ពេល​ថ្ងៃ​។ បញ្ហា​អសន្ដិសុខ​ក្នុង​ភូមិ​ក៏​កាត់​បន្ថយ និង​កត្ដា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ​»។



អ្នក​ស្រី ពៅ ម៉ាលី ដែល​លក់​ផលិតផល​ពី​រពាក់​របស់​អ្នក​ភូមិ​ក្របី​រៀល និង​​សំរោង​ភ្លោះ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​បែក​ជា ៤ នៃ​ភូមិ​ព្រះដាក់​បាន​សម្គាល់​ពី​​ភាព​ប្រសើរ​ឡើង​នៃ​​សុវត្ថិភាព​​ភូមិ​​ដែល​ត្រូវ​បាន​បំភ្លឺ។

ម៉ាលី ដែល​អតិថិជន​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖​ «​បាន​ប្រយោជន៍​ច្រើន​ដែរ ដោយ​ឥឡូវ​ ដាក់​អីវ៉ាន់​ចោល​នៅ​​ក្រៅ​ផ្ទះ​បាន​។ លើក​មុន សម្បូរ​អ្នក​ចម្លែក​ៗ​ជិះ​កាត់ ទេ​ឥឡូវ​អត់​មាន​ទេ។ មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព ពី​ព្រោះ​ភ្លើង​ភ្លឺ​មួយ​យប់​ទល់​ភ្លឺ​»។

ជា​ម្ចាស់​ផ្ទះ​ដែល​មាន​ភារៈ​ជួយ​ថែទាំ​សម្បត្ដិ​រួម​នេះ អ្នកស្រី ពៅ ម៉ាលី បាន​បន្ដ​ថា​៖ «​ពេល​យប់​ឡើង យើង​​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​មើល​ភ្លើង​។ យើង​ធ្លាប់​តែ​ឃើញ​អំពូល​ភ្លើង​ភ្លឺ​នៅ​ក្នុង​ខេត្ដ តែ​ឥឡូវ​ វា​​មាន​នៅ​ភូមិ​យើង​។ កូន​ក្មេង​ៗ​​អី​ជិះ​ដើរ​មើល​អំពូល​ភ្លើង​តាម​ដង​ផ្លូវ​ទាំង​រ៉ឺម៉កៗ​»។

អេកូ​ទេសចរណ៍ ទាក់​ចិត្ត​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​យូរ «​ផ្ទះ​មួយ​ អំពូល​មួយ​» គ្រាន់​តែ​យុទ្ធនាការ​មួយ​ក្នុង​ចំណោម​គំនិត​ផ្ដួច​ផ្ដើម​ជា​ច្រើន​របស់​អភិបាល​ស្រុក​​បន្ទាយ​ស្រី​ ដែល​​អនុវត្ដ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​ ក្នុង​បំណង​អភិវឌ្ឍ​ស្រុក​បន្ទាយ​ស្រី​ដើម្បី​បង្កើន​ជីវភាព​ពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ តាមរយៈ​វិស័យ​​ទេសចរណ៍​។ លោក​ផ្ដោត​លើ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​តំបន់​ផ្សេង​ៗ​។

លោក ឃីម ហ្វីណង់ ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​សម្រាប់​ខ្ញុំ​សក្ដានុពល​ធំ​បំផុត​របស់​ស្រុក​បន្ទាយស្រី គឺ​វិស័យ​ទេសចរណ៍​ ឬ​ឲ្យ​ជាក់​ច្បាស់​ថែម​ទៀត​នោះ​គឺ អេកូ​ទេសចរណ៍»។

ពេលសុរិយា​អស្តង្គត អំពូល​ភ្លើង​សូឡា​ចាប់ផ្ដើម​បំភ្លឺ​ភូមិឋាន នៅ​ស្រុកបន្ទាយស្រី​​។ រូបថត សហការី

ជា​​ចក្ខុវិស័យ​រួម​​​អភិបាល​ស្រុក​មាន​បំណង​​ចង់​ឃើញ​ស្រុក​បន្ទាយ​ស្រី​​​​​ក្លាយ​ជា​ក្រុង​ទី ២ បន្ទាប់​ពី​ក្រុង​សៀមរាប ​ដោយ​ផ្អែក​លើ​ទេសចរណ៍​បែប​ធម្មជាតិ​ ផ្ដល់​​បទពិសោធ​លម្ហែ​កាយ​​បែប​ស្រុក​ស្រែ​។

លោក​លើក​ឡើង​​​ក្នុង​បទ​សម្ភាស​​ថា​៖ «​យើង​មិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​បន្ទាយ​ស្រី​ក្លាយ​ជា​ទីក្រុង​សៀមរាប​ទេ។ ប៉ុន្ដែ​​​យើង​ធ្វើ​យ៉ាង​ណា​ជំរុញ​​ឲ្យ​បន្ទាយ​ស្រី​មាន​អត្ដសញ្ញាណ​របស់​ខ្លួន​ ដោយ​យើង​នៅ​រក្សា​អារម្មណ៍​បែប​ជន​បទ ហើយ​យើង​នៅ​រក្សា​អារម្មណ៍​ទេសភាព​វាល​ស្រែ ទេសភាព​ភ្នំ សម្រស់​បៃតង​ ឃើញ​ទិដ្ឋភាព​ជិះ​រទេះ​គោ​កាត់​វាល​ស្រែ អុំ​ទូក​ បោះ​តង់​លើ​ភ្នំ ដែល​ជា​ទម្រង់​បែប​បន្ទាយ​ស្រី»​។

លោក​ព្យាយាម​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​​ភ្ញៀវ​ទេសចរ​ចំណាយ​ពេល​មួយ​យប់​នៅ​ទី​នេះ​ ដើម្បី​បង្កើន​លទ្ធភាព​ទាក់ទាញ​ចំណូល​​​ពី​ភ្ញៀវ ​ដោយ​បច្ចុប្បន្ន​ភ្ញៀវ​ភាគ​ច្រើន​ចំណាយ​ពេល​មធ្យម​ត្រឹម​តែ​ ២ ទៅ ៣ ​ម៉ោង​ប៉ុណ្ណោះ ក្នុង​ការ​មក​កម្សាន្ត​​នៅ​ស្រុក​បន្ទាយស្រី​។

អភិបាល​ស្រុក​ វ័យ ៣៧ ឆ្នាំ​រូប​នេះ បន្ត​​ថា​៖ «​​បើ​ពួក​គាត់​គេង​មួយ​យប់ ពួក​គាត់​ត្រូវ​ចំណាយ​លើ​ការ​ស្នាក់​​នៅ​ការ​ធ្វើ​ដំណើរ ​ការ​កម្សាន្ដ ការ​​ហូប​ចុក និង​សកម្មភាព​ផ្សេងៗ​ទៀត​»។

លោក​​បញ្ជាក់​ថា៖ «ប៉ុន្ដែ​បើ​ចង់​ឲ្យ​ភ្ញៀវ​នៅ​មួយ​យប់ យើង​ក៏​នៅ​ត្រូវ​ការ​សកម្មភាព​ច្រើន​ដើម្បី​ទាក់ទាញ»​។

ក្រៅ​ពី​​​មាន​​ប្រាសាទ​ចម្លាក់​ល្អ​វិចិត្រ ស្រុក​បន្ទាយស្រី​ដែល​ជាទី​ឆ្លង​កាត់​សម្រាប់​អ្នក​ដំណើរ​ទៅ​កាន់​​ភ្នំ​គូលែន នៅ​មាន​​សក្ដានុពល​ច្រើន​ទៀត​ដូច​ជា៖ អាង​ស្ដុក​ទឹក​ធម្មជាតិ ​​បឹង​​ឈូក ដែល​មាន​ទេសភាព​ស្អាត ​ភ្នំ​ក្បាល​ស្ពាន ទីឋាន​កម្សាន្ដ​បែប​ធម្មជាតិ​ផង ផ្សង​ព្រេង​ផង​ និង​វប្បធម៌​ផង​។ ​​

ស្ករ​ត្នោត ជាផលិតផល​មួយ​ដែល​ល្បី​ប្រចាំ​នៅ​ស្រុកបន្ទាយស្រី។ហុង មិនា

នៅ​មាន​ បឹង​តានីវ ស្ទឹង​បន្ទាយ​ស្រី ឬ​ស្ទឹង​សៀមរាប ​តំបន់​ទេសចរណ៍​ច្រើន​ទៀត​ និង​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរ​បែប​ផង​ដែរ។

លោក​បាន​ប្រាប់​ថា​៖ «​ភាព​វិសេស​របស់​ស្រុក​​បន្ទាយ​ស្រី គឺ​នំ​បញ្ចុក​ព្រះ​ដាក់ និង​ស្ករ​ត្នោត​បន្ទាយ​ស្រី ហើយ​ពេល​ថ្មីៗ​នេះ បង​ប្អូន​សាធារណជន​ប្រហែល​ជា​បាន ​ឮ​នូវ​ត្រសក់​​ផ្អែម​បន្ទាយ​ស្រី​។ ជា​ការ​ពិត​ បន្ទាយ​ស្រី​ជា​ស្រុក​តែ​មួយ​គត់​​ដែល​ដាំ​ត្រសក់​ផ្អែម​ ដែល​បាញ់​ឆ្ពោះ​ទៅ​លើ​ទីផ្សារ​ទេសចរណ៍»​។

ក្រោម​គម្រោង​ «Green Bell» របស់​​ GIZ ផ្ដោត​លើ​តំបន់​ខ្សែ​ក្រវាត់​បៃតង​នៅ​ជុំវិញ​ទីក្រុង​ទេសចរណ៍​សៀមរាប ដោយ​ការ​ដាំ​ដំណាំ​បន្លែ​ផ្គត់ផ្គង់​ក្រុង​សៀមរាប​ បន្ទាយស្រី ​គឺ​ជា​ស្រុក​មួយ​ដែល​ទទួល​បាន​ផល​ច្រើន​ពី​ការ​អប់រំ​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​។ ត្រសក់​ផ្អែម ​គឺ​ជា​ផលិតផល​មួយ​កើត​ចេញ​ពី​គម្រោង​កសិផល​បំពេញ​តម្រូវការ​ផ្នែក​ទេសចរណ៍​។

អភិបាល​ស្រុក ចង់​ឲ្យ​ប្រជា​កសិករ​នៅ​ទី​នេះ​បាញ់​ឆ្ពោះ​ទៅ​លើ​កសិ​ទេសចរណ៍ ​ពី​ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ច្រើន។

លោក​លើក​ឡើង​ថា៖ «ទី១ វា​ផ្ដល់​​តម្លៃ​ខ្ពស់​ជាង​ការ​លក់​នៅ​លើ​ទីផ្សារ​ធម្មតា​ ហើយ​ទី២ វា​មិន​ពឹង​ផ្អែក​លើ​កត្ដា​ខាង​ក្រៅ​ច្រើន»។

លោក ហ្វីណង់ ដែល​ទទួល​បាន​រហ្សសនាម​ថា «​អភិបាល​ស្រុក​វ័យ​ក្មេង​» បាន​ឲ្យ​ដឹង​ថា​៖ «យើង​នៅ​មាន​ដំណាំ​​ជា​ច្រើន​ទៀត​ដូច​ជា​ចម្ការ​ស្រការ​នាគ ពុទ្រា តាង៉ែន ទុរេន ម្រេច ស្វាយ​ចន្ទី ស្វាយ​ ត្រសក់​ផ្អែម​ ដំឡូង​ស្រែ​ចម្ការ​បែប​ព្រៃ​ភ្នំ​»។

ផលិតផល​សិប្បកម្ម និង​វត្ថុអនុស្សាវរីយ៍​ធ្វើពីផ្ដៅ និង​រពាក់ នៅ​ស្រុកបន្ទាយស្រី​​។ហុង មិនា

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​ជឿ​ថា បើ​ប្រជាពលរដ្ឋ​ផ្ដោត​លើ​កសិ​ទេសចរណ៍ ពួក​គាត់​អាច​កំណត់​តម្លៃ​បាន​ខ្ពស់​ជាង​ ដោយសារ​ទីផ្សារ​យើង​អាច​ដឹង​មុន​បាន​។ លើកលែង​តែ​ករណី​ពិសេស​ ដូចជា ត្រសក់​ផ្អែម ដោយសារ​នៅ​សុខៗ​មាន​ការ​ផ្ទុះ​នូវ​វីរុស​កូវីដ ១៩ វា​​ធ្វើ​ឲ្យ​មាន​របត់​នូវ​ភ្ញៀវ​ទេសចរ​ ដែល​យើង​មិន​រំពឹង​»។

រដ្ឋបាល​ស្រុក​មាន​តួនាទី​ជំរុញ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍ ដូចជា​ផ្លូវ​ថ្នល់ សុវត្ថិភាព ភាព​ស្អាត អនាម័យ​បរិស្ថាន សុទ្ធ​សឹង​តែ​ជា​រឿង​ដែល​បង្ក​ជា​ផល​​វិជ្ជមាន​ដល់​ការ​វិនិយោគ​លើ​វិស័យ​​ទេសចរណ៍​។ បរិស្ថាន ​គឺ​ជា​រឿង​ធំ។

សំរាម​ត្រូវ​តែ​ដោះ​ស្រាយ​ ហើយ​នៅ​ទី​នេះ​ ​​សក្ដានុពល​ធំ​របស់​ស្រុក​បន្ទាយ​ស្រី គឺ​ជា​​ទេសចរណ៍​ធម្មជាតិ។

លោក ហ្វីណង់ បាន​លើក​ឡើង​ថា​៖​ «​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​បរិស្ថាន ការ​ផ្ដល់​នូវ​ខ្យល់​ដក​ដង្ហើម​បរិសុទ្ធ​ និង​​ការ​ផ្ដល់​នូវ​បទពិសោធ​ណា​មួយ​ជា​ពិសេស នឹង​ជួយ​រុញ​ច្រាន​ឲ្យ​ស្រុក​បន្ទាយ​ស្រី​បង្កើត​នូវ​សក្ដានុពល​ថ្មី​មួយ​ខាង​ផ្នែក​វិស័យ​ទេសចរណ៍»​។

លោក​មាន​ទស្សនវិស័យ​ចង់​ឲ្យ​​អ្នក​ស្រុក​​បន្ទាយ​ស្រី​យល់​ពី​សារៈសំខាន់​​​នៃ​ទេសចរណ៍​ធម្មជាតិ បដិសណ្ឋារកិច្ច​ ដែល​អាច​​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ និង​​ឈាន​ដល់​ការ​បង្កើត​អត្ដសញ្ញាណ​​តាម​ភូមិ​នីមួយៗ​។

ផ្លូវ​វែង​ឆ្ងាយ​ទៅ​កាន់​គោលដៅ​ទោះបី​ជា​បន្ទាយ​ស្រី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នៅ​លើ​វិស័យ​អេកូ និង​កសិទេសចរណ៍​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​អភិបាល​ស្រុក​រូប​នេះ​អះអាង​ថា ​នៅ​មិន​ទាន់​សម្រេច​គោលដៅ​នៅ​ឡើយ​ ហើយ​វា​នៅ​ឆ្ងាយ​ណាស់​។

ការ​រៀបចំ​កម្មវិធី​​ប្រណាំងទូក បង្ហោះខ្លែង បន្ថែមភាពទាក់ទាញ​ដល់ស្រុកបន្ទាយស្រី​។ ហុង មិនា

លោក​ថា៖ «បើ​យើង​ជំរុញ​បញ្ចុះបញ្ចូល​ឲ្យ​ពួក​គេ​ស្នាក់នៅ​មួយ​យប់ ខ្ញុំ​ជឿ​ថា យើង​នឹង​កៀក​ទៅ​ដល់​គោលដៅ​របស់​យើង​។ យើង​មិន​រំពឹង​ដល់​ការ​បង្កើត​សណ្ឋាគារ​ទំនើប​ច្រើន​នោះ​ទេ​ យើង​មាន​ផ្ទះ​ស្នាក់​។ ភ្ញៀវ​មួយ​ចំនួន​ចង់​ស្នាក់នៅ​ដក​បទពិសោធ​ជាមួយ​អ្នក​ស្រុក​ ឬ​បោះ​តង់​នៅ​ទីនេះ ឬ​បោះ​ជំរំ​នៅ​លើ​ភ្នំ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «ចម្ការ​ដំណាំ​នៅ​ទីនេះ​អត់​មាន​លក្ខណៈ​អំណោយ​ផល​​ដល់​ការ​ទទួល​ភ្ញៀវ​នៅ​ឡើយ​។ ចូល​ទៅ​ដល់​ចម្ការ​គាត់ អត់​មាន​អនាម័យ អត់​មាន​ផ្លូវ​ដើរ​ និង​អត់​ទាន់​មាន​ការ​រៀបចំ​»​។

លោក ហ្វីណង់ មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​លើ​ភ្ញៀវ​អន្ដរជាតិ​នោះ​ទេ តែ​​ក៏​ជំរុញ​ឲ្យ​ភ្ញៀវ​ក្នុង​ស្រុក​ទៀត ពីព្រោះ​វា​មាន​ចរន្ដ​នៃ​ទំនោរ​មួយ​ដែល​​ភ្ញៀវ​ក្នុង​ស្រុក​ផ្ដើម​ចាប់​អារម្មណ៍​មក​ទស្សនា​ទេសចរណ៍​បែប​ធម្មជាតិ​នេះ​។

លោក​អភិបាល​ស្រុក​បន្ទាយ​ស្រី បាន​បញ្ជាក់​ថា​៖ «​យើង​ពឹង​ឲ្យ​ឃុំ​នីមួយៗ​បង្កើត​កម្មវិធី​នានា ដូចជា​ ការ​រាំវង់​ស្គរ​ដៃ​នៅ​ត្បែង នៅ​បឹង​ឈូក មាន​សកម្មភាព​អុំ​ទូក នៅ​លើ​ភ្នំ​ មាន​សកម្មភាព​វិបស្សនា សមាធិ​។ ​យើង​មាន​ពិធី​អុំ​ទូក ហើយ​ខ្ញុំ​ចង់​ឲ្យ​សង្ក្រាន្ត​នៅ​បន្ទាយ​ស្រី ខ្ញុំ​ចង់​ឲ្យ​មាន​បុណ្យ​ខ្លែង​​នៅ​បន្ទាយ​ស្រី​»។

ដំណាំ​ត្រសក់ផ្អែម ជា​ភាពទាក់ទាញមួយ​នៃ​កសិទេសចរណ៍​នៅ​ស្រុកបន្ទាយស្រី។ រូបថត សហការី

លោក​មាន​ជំនឿ​ថា ​​ស្រុក​បន្ទាយ​ស្រី​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ការងារ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ស្រុក​ជុំវិញ​​ ដោយ​មិន​ចាំបាច់​ចំណាក​ទៅ​ធ្វើ​កម្មករ​​នៅ​ខាង​ក្រៅ​។

អ្នក​ស្រុក​បន្ទាយស្រី​ជា​អាជីវករ​លក់​ផលិតផល​​អនុស្សាវរីយ៍​ អ្នកស្រី ជួន សុខាន់ មាន​អារម្មណ៍​រីករាយ​នឹង​ភាព​ស្រស់​បំព្រង​ក្នុង​ភូមិ​របស់​ខ្លួន។

អ្នកស្រី​លាន់​មាត់​ថា​​៖ «​នៅ​ទី​នេះ​ អត់​សូវ​មាន​ភ្លើង​ទេ។ ដល់​ពេល​បាន​ដាក់​អំពូល​ វា​ភ្លឺ​ស្រឡះ ហើយ​មើល​ឃើញ​សប្បាយ​ដែរ។ ល្ងាចៗ​ឡើង ឃើញ​គេ​ដើរ​ហាត់​ប្រាណ​»៕

វីដេអូ៖