ក្រុងបាកដាដ: ៣ ទសវត្សរ៍ក្រោយពីរបបគ្រប់គ្រង សាដាម ហ៊ូសសេន ធ្វើឲ្យខះទឹកនៅតាមតំបន់ដីសើម ឥឡូវបឹងបួនានាមានភាពស្រស់បំព្រងឡើងវិញ ដោយសារតែសម្ទុះនៃកំណើនអេកូទេសចរណ៍ និងដំណើរកម្សាន្ដតាមដងទន្លេរីកស្គុសស្គាយជាថ្មី។
ផ្ទះមួយបន្ទប់ សង់ពីស្លឹកត្នោតត្បាញបណ្ដែតលើផ្ទៃទឹកទន្លេ។ ក្បែរនោះវាជាចង្ក្រានចង្អើរអាំងត្រីអណ្ដែង រសជាតិបែបអ្នកស្រុកអ៊ីរ៉ាក់។ ទូកកាណូតប៉ុន្មានគ្រឿងបើកឆ្វែលដាក់គូស្នេហ៍ប៉ុន្មានគូ និងមិត្ដភក្ដិនាំគ្នាស្រែកច្រៀងតាមចង្វាក់ស្គរដៃ។
លោក ហាប៊ិប អាល់ ជូរ៉ានី បាននិយាយថា៖ «ខ្ញុំមិនគិតថា ខ្ញុំអាចបានមកដល់ទីកន្លែងដែលស្រស់ស្អាតយ៉ាងនេះ និងប្រភពទឹកដ៏វែងអន្លាយបែបនេះក្នុងប្រទេសអ៊ីរ៉ាក់»។
ក្រឡេកមើលជុំវិញតំបន់ដីសើមដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ ២០១៦ ជូរ៉ានីបានរំពឹងថា៖ «សម្រាប់អ្នកចូលចិត្ដដំណើរកម្សាន្ដបែបផ្សងព្រេង និងស្រឡាញ់ធម្មជាតិ»។
ចំនួនភ្ញៀវទេសចរបានកើនឡើងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមប្រធានមន្ទីរទេសចរណ៍ខេត្ដឌីឃ្វា ភាគខាងត្បូងប្រទេស លោក អាសាដ អាល់ ឃ្វាហ្គោលី។
លោកបានប្រាប់ AFP ថា៖ «យើងទទួលភ្ញៀវទេសចរ ១ ម៉ឺននាក់ក្នុងឆ្នាំ ២០១៦ ហើយឆ្នាំ ២០១៧ មាន ១២០០០ នាក់ព្រមទាំងឆ្នាំ ២០១៨ មាន ១៨០០០ នាក់»។
ប្រពៃណីរស់នៅបុរាណប្រវត្ដិតាំងពីជាង ៥០០០ ឆ្នាំមុនបានរស់រានឡើងវិញ ដែលជាទស្សនីយភាពដ៏ទាក់ទាញ។
អ្នកស្រុកឈ្មោះ មេឌី អាល់ ម៉ាយ៉ាលី អាយុ ៣៥ ឆ្នាំដែលចិញ្ចឹមក្របី និងលក់ទឹកដោះរបស់វាដ៏សម្បូរជាតិក្រែមលក់ជាអាហារពេលព្រឹកនៅក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថា៖ «ទឹកវិលវិញ និងជីវិតធ្លាប់ស្រស់បំព្រងក៏ត្រឡប់វិញ»។
ជីវិតសត្វព្រៃនានារួមទាំងសត្វភេរោមរលោងដ៏ងាយរងគ្រោះ អណ្ដើកស្នូកទន់ និងចាបបាស្រាបានវិលមកតំបន់ដីសើមវិញរួមជាមួយពពួកសត្វងាយរងគ្រោះបំផុតព្រមទាំងភ្ញៀវទេសចរផងដែរ។
ទោះតំបន់នោះគ្មានហេដ្ឋារចនាសម្ព័ន្ធ និងទីស្នាក់នៅសមរម្យយ៉ាងណាក៏ដោយ ក៏ការចំណាយពេល ១ ថ្ងៃក្នុងតំបន់សើមនៅអ៊ីរ៉ាក់ភ្ញៀវត្រូវជួលអ្នកភូមិម្នាក់ ដើម្បីចែវក្បូនតាមដងទន្លេមានតម្លៃប្រមាណ ២៥ ដុល្លារ និងនៅមិនទាន់គិតថ្លៃអាហារដែលផ្គត់ផ្គង់ដោយអ្នកភូមិអ៊ីរ៉ាក់៕ HR