ទេសភាព​ជ្រលងភ្នំ ស្រៀវ​ឆ្អឹង​ខ្នងភ្នំ​គូលេន​ពី​លើ​ពើង​តាខុ


សៀមរាប: ព្រៃឈើ​បៃតងខ្ចី​រំលេច​នូវ​ថ្ម​ធម្មជាតិ និង​ខ្លះ​រាយប៉ាយ​នៅ​ខាងក្រោម​គឺជា​ទស្សនីយភាព​ដ៏គួរ​ឲ្យ​ទាក់ទាញ​មួយ​មើល​ពី​ពើង​តាខុ ឬ​ហៅថា ពើងជ្រួញ ដែល​ទើប​ត្រូវ​បាន​បើក​ឲ្យ​ចូល​កម្សាន្ត​កាលពី​ឆ្នាំ​ ២០១៨​។


ផ្ទាំងថ្ម​ដ៏ធំ​សម្បើម​លយ​ចេញ​ពី​ជួរ​ភ្នំ​នេះ​មាន​ផ្ទៃ​ធំ​ទូលាយ​ល្មម​អាច​ឲ្យ​ភ្ញៀវទេសចរ​ដែល​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ខ្នងភ្នំ​គូលេន អតីត​ទីក្រុង​បុរាណ​ដ៏អច្ឆរិយៈ​ស្ថិត​នៅ​ទិស​ឦសាន​ចម្ងាយ ៥០ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប ថតរូប​សែលហ្វី និង​ជួបជុំ​ទទួលទាន​អាហារ​ជាមួយ​មិត្ដភក្ដិ​។


ទីលាន​កីឡា​និនចា​លើ​ផ្ទៃ​ទឹក​នៅ​សៀមរាប


ទីលាន​កីឡា​លើ​ផ្ទៃ​ទឹក​ក្នុង​អង្គការ ICF Cambodia ស្ថិត​ក្នុង​ខេត្ដ​សៀមរាប​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍


សៀមរាប: ដំណើរ​កម្សាន្ដ​មក​កាន់​ទឹកដី​អង្គរ​មជ្ឈមណ្ឌល​កីឡា ICF ភ្ញៀវ​អាច​ស្វែងរក​ភាព​រំជើបរំជួល​ពី​ទីលានកីឡា​និនចា​ឆ្លងកាត់​ឧបសគ្គ​លើ​ផ្ទៃ​ទឹក​។ ស្ពាន​ក្ដារបន្ទះ និង​កង់ឡាន​ត្រូវ​បាន​ចងខ្សែ​ពួរ​រណេងរណោង​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ពិបាក​នឹង​ឈរ​ទំ​បោះជំហាន​ឆ្លង​ភ្ជាប់​ដោយ​ខ្សែ​ក្រឡា​សំណាញ់ បត់បែន ៣ ​តង់​មុន​ពេល​ដល់​ទីព្រ័ត្រ​ជា​សកម្មភាព​នៃ​ការប្រើប្រាស់​ទីលាន​ទាំងអស់​មិនត្រូវ​បាន​គិត​ប្រាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ភ្ញៀវទេសចរ​ទូទៅ និង​ក្រុមគ្រួសារ​អ្វី​ឡើយ​។

មជ្ឈមណ្ឌល​កីឡា ICF ស្ថិត​ក្នុង​អង្គការ ICF Cambodia ស្ថិត​នៅ​ភូមិ​ភ្ញាជ័យ ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។

ស្ពាន​ឫស្សី​ថ្មី​នៅ​កោះ​ប៉ែន​ស្វាគមន៍​ភ្ញៀវទេសចរ​គន់​ដង​ទន្លេមេគង្គ

ភ្ញៀវទេសចរ​អាច​ដើរ ឬ​ជិះ​កង់​ឆ្លងកាត់​ស្ពាន​ឫស្សី​ទៅ​កាន់​ឆ្នេរ​ខ្សាច់​ទន្លេ​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

កំពង់ចាម: ឆ្លើយតប​នឹង​ក្ដីកង្វល់​ចំពោះ​ការបាត់បង់​ស្ពាន​ឫស្សី​អត្ដសញ្ញាណ​របស់​អ្នក​កោះប៉ែន​ដែល​មាន​ប្រវត្ដិ​កកើត​តាំងពី​សម័យ​សង្គម​រាស្ដ្រនិយម ស្ពាន​ប្រដឹស​ថ្មី ប្រើ​ឫស្សី ២ ​ម៉ឺន​ដើម​ប្រវែង ៨០០ ​ម៉ែត្រ​បាន​ចាប់​បដិសន្ធិ​ក្នុង​បំណង​បម្រើ​វិស័យ​ទេសចរណ៍ ដោយ​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ស្ពាន​ឫស្សី កម្សាន្ដ​ខ្សាច់​ទន្លេមេគង្គ និង​ភ្លក្ស​ផ្លែឈើ​ស្រស់ៗ​ពី​ភូមិឋាន​កោះប៉ែន​។

ក្រៅពី​គិត​តម្លៃ​ផ្ញើ​យានជំនិះ ភ្ញៀវ​អាច​ជួល​អង្រឹង​មួយ ៥ ​ពាន់​រៀល ឆត្រ​មួយ ៦ ​ពាន់​រៀល ក្យូស​មួយ ១ ​ម៉ឺន​រៀល និង​ការជួល​មធ្យោបាយ​ជិះ​លេង​កម្សាន្ដ​ពី ៤ ​ពាន់ ទៅ ៤ ​ម៉ឺន​រៀល​។

ជិះទូក​មើល​ថ្ងៃ​លិច និង​អំពិលអំពែក​នៅ​ព្រែក​កំពត

ភ្ញៀវ​អាច​គន់​ជួរ​ភ្នំ ថ្ងៃ​លិច និង​អំពិលអំពែក ខណៈ​ក្រេប​ភេសជ្ជៈ​លើ​ដំបូល​ទូក​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កំពតៈ ទៅ​លេង​ទឹកដី​កំពត កុំ​ភ្លេច​ដំណើរ​កម្សាន្ត​ជិះទូក ញ៉ាំ​អាហារ ក្រេប​ភេសជ្ជៈ ក្លែម​ទេសភាព​ធម្មជាតិ​ដ៏ស្រស់ត្រកាល វេលា​សុរិយា​រៀប​អស្តង្គត​ជះ​ពន្លឺ​ក្រហមច្រាល​ឯជើង​មេឃ​ជាប់​ជួរ​ភ្នំ និង​ទស្សនា​ពន្លឺ​អំពិលអំពែក​នា​រាត្រី តាម​ដងព្រែក​កំពត​។

ជាមួយ​ទូក​ទេសចរណ៍​លើ​ហ្វលី បូត (Lovely boat) ភ្ញៀវ​ជនជាតិ​ខ្មែរ​ម្នាក់​មាន​តម្លៃ ១ ​ម៉ឺន​រៀល​មិន​ថា​ថ្ងៃបុណ្យ ឬ​ថ្ងៃ​អត់​បុណ្យ និង​ភ្ញៀវ​បរទេស​ម្នាក់​តម្លៃ ២ ​ម៉ឺន​រៀល​។ សម្រាប់​ម្ហូបអាហារ​ទូទៅ និង​គ្រឿង​សមុទ្រ​មាន​តម្លៃ​ចាប់ពី ២ ​ដុល្លារ​ដល់ ៦ ​ដុល្លារ​។ ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៩៧ ៧៩៧ ៤៧៧៧ និង ០៨៩ ៩១២ ១៣០​។

វារីរតនៈ សែនសប្បាយ​ជិត​បង្កើយ​ពី​ក្រុង​បានលុង

ក្យូស​លម្ហែ​សង់​ប្រប​មាត់បឹង​នៅ​រមណីយដ្ឋាន​វារីរតនៈ ខេត្ដ​រតនគិរី​។ រូបថត ហេង ជីវ័ន

ក្រុងបានលុងៈ ទេសភាព​ស្រស់ស្អាត​នៃ​ផ្ទៃ​បឹង​ដ៏ធំ​ល្វឹងល្វើយ​អម​ដោយ​ព្រៃឈើ​បៃតងខ្ចី និង​ទឹកថ្លា​ឈ្វេង​ត្រជាក់ស្រេង​អាច​ឆ្លុះ​មុខ​បាន​អម​ដោយ​ក្យូស​លម្ហែកាយ​មាន​នៅ​រមណីយដ្ឋាន​វារីរតនៈ​ស្ថិត​នៅ​ភូមិ​ថ្មដា សង្កាត់​បឹងកន្សែង ដោយ​ធ្វើ​ដំណើរ​ត្រឹម​តែ​ចម្ងាយ ៣ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី​។

ក្រៅពី​ម្ហូប​ពិសេស​ទឹកគ្រឿង​ខ្មែរ​ផ្ទាប់​ជាមួយ​បន្លែស្រស់​ដាំ​នៅ​ទីនេះ មាន់​ស្រែ និង​ទាដុត​អំបិលម្ទេស ឬ​ដុត​ប្រឡាក់​ទឹក​អម្ពិល​ទុំ​មួយ​ទម្ងន់​ជាង ១ ​គីឡូក្រាម​តម្លៃ ៥​ ម៉ឺន​រៀល និង​មាន់​ ១ ភ្ញៀវ​ក៏​អាច​កុម្ម៉ង់​ចម្អិន​ម្ហូប​បាន ២ ​មុខ​៕