ប៉ម​ដែក​កម្ពស់​ជាង ​៦០០ ​ម៉ែត្រ​នៅ​ចិន ឱ្យ​ទេសចរ​ចិត្ដ​សឿង​​ជម្នះ​ភាព​ភ័យ​ខ្លាច​

Content image - Phnom Penh Post
អ្នក​ចិត្ដសឿង​អាច​គយគន់​​ទេសភាព​ ៣៦០ ​ដឺ​ក្រេ​នៃ​សម្រស់​ទីក្រុង​តាម​ដង​ទន្លេ​គជ់​ពី​លើ​អគារ​ប៉ម​ដែក​​​។ រូបថត AFP

ក្រុង​ប៉េកាំង៖ ដើរ​លើ​ខ្សែ​ពួរ វារ​​ចុះ​តាម​បំពង់​ខ្សែ​ពួរ​លើ​អគារ​កម្ពស់ ៤ ជាន់​ អង្គុយ​យោល​ទោង​លើ​រយៈ​កម្ពស់ ៥៨ ​ម៉ែត្រ ភ្ញៀវ​ទេសចរ​កំពុង​តែ​បង្ខំ​ចិត្ដ​ខ្លួន​ឯង​ឱ្យ​ជម្នះ​ភាព​ភ័យ​ខ្លាច​ក្នុង​​ល្បែង​ទើប​បង្កើត​ឡើង​​ថ្មី​នៅ​​លើ​ប៉ម​អង់តែន​ទូរទស្សន៍​ខ្ពស់​​បំផុត​មួយ​នៅ​​​ចិន​។

អ្នក​ចិត្ដ​សឿង​ប៉ង​រក​សកម្មភាព​ប្រហោង​ពោះ​នៅ​ទីក្រុង​ហ្គ័ងហ៊្សូ ត្រូវ​បាន​ផ្ដល់​រង្វាន់​ជាមួយ​ទេសភាព​ ៣៦០ ​ដឺ​ក្រេ​នៃ​​សម្រស់​ទីក្រុង​តាម​ដង​ទន្លេ​គជ់​​ពី​លើ​អគារ​ប៉ម​ដែក​ ដើម្បី​ស្រូប​​យក​ខ្យល់​អាកាស​បន្សាប​កម្ដៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​។

ពាក់​មួក​ និង​ឧបករណ៍​សុវត្ថិភាព​ ភ្ញៀវ​ទេសចរ​អាច​វារ និង​ឡើង​សំណង់​ដែក​ដែល​បំពាក់​ល្បែង​ជា​ច្រើន​ ក្រោម​កិច្ច​ឃ្លាំមើល​ និង​បង្ហាត់​បង្ហាញ​ពី​សំណាក់​គ្រូ​បង្វឹក​ បំណង​ស្វែងរក​កន្លែង​ថត​រូប​ស្អាត​បំផុត​សម្រាប់​អ្នក​ប្រកួត​ប្រជែង​គ្នា​។

លោក ប៉េង ស៊ីន បាន​ប្រាប់ AFP ពេល​ជូត​​ញើស​ពី​ចិញ្ចើម​ក្រោយ​បញ្ចប់​ល្បែង​ជម្នះ​ឧបសគ្គ​ជាន់​ទី៣៣ កម្ពស់ ១៩៨ ​ម៉ែត្រ​​​ពី​ដី​ថា​៖ «​គ្មាន​អ្វី​ស្រៀវ​​ឆ្អឹង​​ខ្នង​ជាង​នេះ​​ទេ​។ ខ្ញុំ​មក​ទី​នេះ​ ចម្បង​ចង់​ជម្នះ​ចិត្ដ​ខ្លួន​ឯង​ និង​ចង់​សាកល្បង​អ្វី​ថ្មីៗ​»។

ជាមួយ​ទឹក​ប្រាក់ ១២,៥ ​លាន​​ដុល្លារ​ និង​ចំណាយ​ពេល​កសាង​​ជាង​ ១ ​ឆ្នាំ ឧទ្យាន​ផ្សង​ព្រេង «​Landmark Alpha» បាន​បើក​ទ្វារ​កាល​ពី​ខែ​មករា ឆ្នាំ​ ២០២១​ លើ​ប៉ម​ Canton Tower កម្ពស់ ៦០៤ ​ម៉ែត្រ​។

Content image - Phnom Penh Post
អគារ​ប៉ម​ដែក​មានកម្ពស់ ៦០៤ ម៉ែត្រ ត្រូវបានចែកជាដំណាក់ៗ​សម្រាប់ល្បែង​តោង​ឡើង​​​​។ រូបថត AFP

វា​បាន​ផ្ដល់​នូវ​កីឡា​ព្រឺព្រួច​ដល់​​អ្នក​ចិត្ដ​សឿង​នៅ​តាម​ប្រភេទ​ខុសៗ​គ្នា​ចាប់​ពី​កម្ពស់​ ១៩៨​ ម៉ែត្រ​ទៅ​ដល់​ ២៩៨​ ម៉ែត្រ​។ អ្នក​ចិត្ដ​សឿង​នៅ​ក្រុង​ហ្គ័ងហ៊្សូ ចំណាយ​ប្រាក់​រហូត​ដល់ ១០៨ ​ដុល្លារ​ម្នាក់ ​លើ​ការ​លេង​ល្បែង​តែ​​ ១ ​មុខ​។

បុរស​ត្រកូល លី បាន​ប្រាប់ AFP ក្រោយ​ចុះ​​ពី​ជណ្ដើរ​ជាន់​ទី៥៨​ ថា​៖ «​គ្រូ​បង្វឹក​បាន​ណែនាំ​លម្អិត​ និង​បង្រៀន​យ៉ាង​ហ្មត់ចត់​។ វិធានការ​សុវត្ថិភាព​ពិត​ជា​ល្អ​។ គ្រាន់តែ​មាន​ការ​ព្រមាន​ជា​មុន​ថា យើង​អាច​រីករាយ​ជាមួយ​ល្បែង​ទាំង​អស់​នេះ​បាន​»។

ឧទ្យាន​ផ្សង​ព្រេង​​​ស្វាគមន៍​ភ្ញៀវ​ចន្លោះ​ ២០០ ​ទៅ ៣០០ ​​​នាក់ ​អំឡុង​ពេល​ថ្ងៃ​បុណ្យ​ជាតិ​ តែ​គ្មាន​នរណា​​ហ៊ាន​លេង​ល្បែង​បុក​ពោះ​នេះ​ដល់​ចប់​ទេ​។

ដើរ​បោះ​ជំហាន​មិន​ដល់​គ្នា នារី​ម្នាក់​ទឹក​មុខ​ស្លេក​ប៉ឹម​​ បាន​សារភាព​ថា​៖ «​ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​លេង​ល្បែង​ទាំង​នេះ​ តែ​ជើង​របស់​ខ្ញុំ​ហាក់​មិន​ស្ដាប់​បញ្ជា​សោះ»៕ AFP/HR

ព័ត៌មានថ្មីៗ