លោក អ៊ូច ឡេង ពីកូនអ្នកធាក់ស៊ីក្លូ និងសុំទានក្លាយជាម្ចាស់ពានរង្វាន់ពិភពលោក

តពីសប្តាហ៍មុន...
កាលពីសប្តាហ៍មុន ភ្នំពេញ-ប៉ុស្តិ៍ បានលើកយកនូវវីរភាពរបស់បុគ្គលក្លាហានម្នាក់ គឺម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក ឈ្មោះ អ៊ូច ឡេង ដែលជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ហ៊ានយកជីវិតទៅផ្សារភ្ជាប់នឹងបេសកកម្មងាយគ្រោះថ្នាក់ក្នុងទិសដៅមួយដើម្បីការពារព្រៃឈើដែលកំពុងប្រឈមនឹងភាពអន្តរាយហិនហោច ដោយសារតែមុខជំនួញឈើរបស់មហាសេដ្ឋីដែលមានលុយវាល់លានមួយចំនួន។
រឿងរ៉ាវជីវិតពិតឬប្រវត្តិសង្ខេប និងបេសកកម្មការពារព្រៃឈើរបស់លោក ដែលបានតស៊ូលះបង់រហូតបានក្លាយជាបុគ្គលល្បី និងជាម្ចាស់ពានពិភពលោកទៀតនោះត្រូវបានលើកយកមកពិពណ៌នាបន្ថែមទៀតក្នុងសប្តាហ៍នេះ។ មានប្រភពចេញពីគ្រួសារដែលមានឪពុកម្តាយជាអ្នកស្រែ ហើយមករស់នៅដីក្រុងនាទសវត្សរ៍ ១៩៨០ ក្នុងជីវភាពក្រខ្សត់លំបាកលំបិន ដែលឪពុកជាអ្នកធាក់ស៊ីក្លូ និងម្តាយដើរសុំទានគេទាំងមានសតិមិនគ្រប់ដើម្បីយកមកចិញ្ចឹមកូនៗ កុមារាអ៊ូច ឡេង បានតស៊ូប្រយុទ្ធនឹងភាពក្រក្រីនេះតាមរយៈការខំប្រឹងប្រែងរៀនសូត្រយ៉ាងលំបាករហូតដល់ពេញវ័យក្លាយជាបុគ្គលជោគជ័យជាបន្តបន្ទាប់ និងឈានមកដល់បច្ចុប្បន្នលោកបានក្លាយជាបុគ្គលដ៏ល្បីដែលទទួលបានពានរង្វាន់វីរជនបរិស្ថានពិភពលោកផ្នែកការពារព្រៃឈើនៅកម្ពុជាដែលជាមោទនភាពបំផុតសម្រាប់គ្រួសារក៏ដូចជាសង្គមជាតិ។
ពិតណាស់ការព្យាយាមតស៊ូរមែងទទួលបានផលយ៉ាងណាមិញលោក អ៊ូច ឡេង ដែលធ្លាប់បានតស៊ូរស់នៅរៀនសូត្រយ៉ាងលំបាកក្នុងគ្រួសារក្រីក្រមួយនោះ បច្ចុប្បន្នលោកបានហែលឆ្លងមកដល់ត្រើយសុភមង្គលហើយ។ បើទោះបីជាម្ចាស់ពានរង្វាន់ ពិភពលោករូបនេះមិនមែនជាបុគ្គលរស់នៅក្នុងស្ថានភាពគ្រួសារហ៊ឺហារស៊ីវីល័យចាយដុល្លារពេញៗដៃ ដូចក្រុមគ្រួសារអ្នកមានស្តុកស្តម្ភ ឬឧកញ៉ាមួយចំនួនក៏ដោយ ប៉ុន្តែសម្រាប់ស្ថានភាពគ្រួសារលោក អ៊ូច ឡេង នាពេលបច្ចុប្បន្ននេះធ្វើឲ្យលោកអាចរស់នៅបានស្រួល និងមានលទ្ធភាពបន្តការពារព្រៃឈើថែមទៀត។
ជាអ្នកជំនាញខាងតាមដានឃ្លាំមើលទៅលើវិនាសកម្មព្រៃឈើលោកបានកត់សម្គាល់ឃើញថា រដូវប្រាំងគឺជាឱកាសល្អសម្រាប់ក្រុមឈ្មួញក្នុងមុខរបរជំនួញឈើរបស់ពួកគេដែលត្រូវដឹកឈើចេញ។ ចាប់ពីខែកញ្ញា ឬខែតុលា ពួកគេបានចូលទៅក្នុងព្រៃដើម្បីកាប់ឈើផ្តួល ហើយពួកគេចាប់ផ្តើមដឹកជញ្ជូនឈើចេញចាប់ពីខែតុលាដល់ខែមេសា។ ការសម្រុកដឹកជញ្ជូនចេញយ៉ាងគគ្រឹកគគ្រេងនោះគឺមុនចូលឆ្នាំចិន និងក្រោយចូលឆ្នាំចិន។
ក្រៅពីនេះថ្ងៃបុណ្យ ១០ ធ្នូ និងថ្ងៃបុណ្យ ៧ មករា ឬមុន ១-២ ថ្ងៃក៏ជាឱកាសដ៏ល្អក្នុងការសម្រុកដឹកជញ្ជូនឈើចេញផងដែរ ព្រោះថ្ងៃបុណ្យជាថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ ឬបុគ្គលនៃស្ថាប័ននានា ប៉ុន្តែសម្រាប់ក្រុមឈ្មួញរកស៊ីឈើមិនមែនជាថ្ងៃសម្រាករបស់ពួកគេទេ តែនោះជាថ្ងៃសម្រុកដឹកឈើរបស់ពួកគេ។
ម្ចាស់ពានរង្វាន់ផ្នែកអភិរក្សព្រៃឈើរូបនេះបញ្ជាក់ថា៖ «គេបើកឱកាសឲ្យកាប់តែម្តង។ ទៅឃើញហើយគេបើករកស៊ីតែម្តង។ ទាល់តែថ្នាក់ជាតិគាត់បើកភ្លើងខៀវឲ្យបានថ្នាក់ក្រោមគាត់អាច។ ព្រោះថាការរកស៊ីឈើនេះសូម្បីតែរដ្ឋាភិបាលក៏ដឹងដែរវាមានការពុករលួយលក្ខណៈស៊ីចង្វាក់ទៅហើយ»។
លោក អ៊ូច ឡេង បន្ថែមថា៖ «បើសិនជាមានការបង្ក្រាបទាល់តែចាប់ចងទាំងអស់គ្នាព្រោះមានលក្ខណៈជាប្រព័ន្ធតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ។ បើសិនជាថ្នាក់លើមិនបើកដៃ ថ្នាក់ក្រោមក៏មិនបណ្តោយ ហើយបើថ្នាក់ក្រោមមិនបណ្តោយក៏អត់មានអ្នកណាចូលកាប់ឈើដែរ»។
ជុំវិញជំនួញឈើដែលដំណើរការបានយ៉ាងរលូន ដោយមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធរបស់រដ្ឋាភិបាល បើតាមលោក អ៊ូច ឡេង ដែលអះអាងថា បានចុះផ្ទាល់ជួបជាមួយមេការក្រុមហ៊ុនរកស៊ីកាប់ឈើ គឺថាដំណើរការដឹកឈើប្រព្រឹត្តទៅយ៉ាងស្រួលនោះ ដោយសារតែឈ្មួញឈើបានសូកប៉ាន់ដល់មន្ត្រីពាក់ព័ន្ធនៅគ្រប់ស្ថាប័នតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ។
ឈ្មួញឈើដែលបាននិងកំពុងរកស៊ីយ៉ាងកាក់កបនេះគឺជាឈ្មួញមុខដដែលៗ ដែលអ្នកខ្លះពីមុនមកធ្លាប់បានឈប់រកស៊ីរបរកាប់ឈើលក់នេះដែរ ប៉ុន្តែដល់ឥឡូវបែរជាវិលមកប្រកបមុខរបរនេះវិញដដែលដោយសារថា ជំនួញឈើជួយឲ្យពួកគេ ឆាប់ក្លាយជាអ្នកមានបានឆាប់ ដែលមិនមានមុខរបរអ្វីជួយឲ្យពួកគេក្លាយជាអ្នកមានលឿនជាងមុខរបររកស៊ីឈើនេះទេ។
លើសពីនេះលោកក៏បានបង្ហើបថាឈ្មួញឈើធំៗមួយចំនួនដែលកំពុងតែកាក់កបនឹងជំនួញឈើរបស់ពួកគេសុទ្ធតែមានតួនាទីខ្ពស់ៗនៅក្នុងរដ្ឋាភិបាល។ ពួកគេកាប់ឈើបង្កើតដេប៉ូឈើក្នុងតំបន់ការពារ និងដឹកចេញតាមច្រករបៀងចូលទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ដោយឃុបឃិតជាមួយមន្ត្រីតាមច្រកព្រំដែន។ ដោយមានការហាមឃាត់មិនឲ្យចូលឧទ្យានជាតិ ដែលជាឧទ្យានជាតិសម្រាប់ទាំងអស់គ្នាលោក អ៊ូច ឡេង កត់សម្គាល់ឃើញថា មូលហេតុដែលគេហាមឃាត់នេះគឺដោយសារតែមានគេកាប់ឈើនៅក្នុងឧទ្យានជាតិនោះ។ មានយួនរាប់រយនាក់កំពុងពួនកាប់ឈើដឹកជញ្ជូនឈើទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង។
លោកថា៖ «ខ្ញុំហ៊ាននិយាយពីព្រោះខ្ញុំមានភ័ស្តុតាងមានវីដេអូ មានរូបភាពដែលអ្នកទាំងនោះកំពុងតែកាប់បំផ្លាញព្រៃឈើហើយដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាមធ្វើឲ្យយើងបាត់បង់ចំណូលបាត់បង់ធនធានធម្មជាតិ»។
លោកថ្លែងថា៖ «អត់មានបំណងវាយប្រហាររដ្ឋាភិបាលទេ។ ខ្ញុំនិយាយអំពីការពិត ការពិតយ៉ាងម៉េច បើគេដឹកជញ្ជូនឈើមុខខ្ញុំមិនឃើញ។ ខ្ញុំឃើញខ្ញុំនិយាយ ខ្ញុំរាយការណ៍ដើម្បីឲ្យគេដឹងទាំងអស់គ្នា ហើយរដ្ឋាភិបាលគាត់ក៏ដឹងដែរ ប៉ុន្តែគាត់ធ្វើមិនដឹងគាត់មិនចាត់វិធានការអាហ្នឹងជារឿងរបស់គាត់។ ប៉ុន្តែខ្ញុំក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំត្រូវតែមើលឃើញ ខ្ញុំត្រូវតែនិយាយ ខ្ញុំត្រូវតែបង្ហាញភ័ស្តុតាង បង្ហាញអំពីការរកស៊ីឈើជាចង្វាក់ អំពីអំពើពុករលួយក្នុងជំនួញឈើ»។
បើតាមលោក អ៊ូច ឡេង នៅឯបាតអាងនៃតំបន់សេសានដែលជាទីតាំងកាប់ឈើដ៏ធំនោះត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត។
លោកឲ្យដឹងថា៖ «ខ្ញុំជួនកាលបន្លំខ្លួនដូចជាអ្នករកស៊ីឈើដែរ ដើម្បីទៅយកព័ត៌មានពិតប្រាកដ ហើយយើងជួនកាលហែលទឹក លូនតាមព្រៃជាដើមទៅ។ ជួនកាលយើងធ្វើដំណើរជាមួយអ្នកបើកឡាន [ដឹកឈើ] ជាមួយកម្មកររកស៊ីឈើដើម្បីទៅយកព័ត៌មានផ្ទាល់។ បើសិនជាគេឆែកឃើញកាមេរ៉ា គឺគេបាញ់ចោលតែម្តង អាហ្នឹងវាជាទ្រឹស្តីគេឲ្យតែចាប់បានគេបាញ់ចោលហើយ។ នៅកណ្តាលព្រៃគេមិនគិតអំពីច្បាប់ មិនគិតអំពីសិទ្ធិមនុស្ស»។
លោកសង្កត់ធ្ងន់ថា៖ «អ៊ីចឹង វាជាការប្រឈមមុខដល់អាយុជីវិតខ្លាំងណាស់សម្រាប់រូបខ្ញុំក៏ដូចជាក្រុមការងារខ្ញុំទាំងមូល។ ប៉ុន្តែទន្ទឹមនឹងនោះយើងត្រូវតែលះបង់ត្រូវតែក្រាញននៀលដើម្បីព្យាយាមយកព័ត៌មានពិតប្រាកដអំពីការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ឲ្យប្រជាពលរដ្ឋទាំងអស់បានដឹងក៏ដូចជាឲ្យពិភពលោកជួយទប់ស្កាត់»។
(សូមរង់ចាំអានភាគបន្តសប្តាហ៍ក្រោយ)