គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នៅតែ​​ជា​បញ្ហា​ចោទ​នៅ​ឡើយ​ដោយ​សារ​កត្តា​ជា​ច្រើន​ បើ​ទោះ​ជា​ច្បាប់​ចរា​ចរណ៍​ផ្លូ​វគោក​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ហើយ​ក្តី។ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​ គង់ សុវណ្ណ ជាទីប្រឹក្សា​ជំនាញ​ និង​ជា​អនុ​ប្រធាន​ក្រុម​កម្មវិធី​សុវត្ថិ​ភាព​ចរាចរ​ណ៍​សហ​គមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជន​បទ​ជំហាន​ទី២ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ទាក់ទង​នឹង​ការ​វិវឌ្ឍក្រោយ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ទោះ​ជា​ច្បាប់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ក្ដី​ ក៏បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​កើត​ឡើង​ដដែលៗ​ តើ​លោក​គិត​ថា​ បណ្តាល​មក​ពី​កត្តា​មនុស្ស​ឬ​មក​ពី​កត្តា​អ្វី​ផ្សេង​រួម​ផ្សំ?


មនុស្ស​តែងតែ​បង្ក​កំហុស​ឆ្គង និង​ងាយ​ស្រួល​ទទួល​រង​នូវ​ឥទ្ធិពល​ដែល​ងាយ​គ្រោះ​ថ្នាក់ និង​អវិជ្ជមាន​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់។


ដូច​នេះ​ហើយ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយា​បថ​ជំនឿ​ និង​ការ​ប្រព្រឹត្ត​របស់​អ្នក​បើកបរ​គ្រប់រូប​ឲ្យ​ឆ្ពោះ​ទៅ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ជា​ចាំ​បាច់ រាជ​រដ្ឋាភិ​បាល ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល ​វិស័យឯកជន ក៏​ដូចជា​វិស័យ​ព័ត៌​មាន មាន​ទូរទស្សន៍ កាសែត​ វិទ្យុ ទំព័រ​បណ្តាញ​សង្គម ត្រូវ​ពង្រីក​បន្ថែម​ការ​ចូលរួម​ចំណែក​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជាប់​លាប់ ហើយ​បន្ត​ទ្រទ្រង់​សកម្មភាព​អាទិភាព។


ការ​បើក​បរ​លើស​ល្បឿន​កំណត់​ការ​បើក​បរ​ប្រជែង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​ការ​ល្មើស​ចំពោះ​ភ្លើង​បញ្ជា​ចរាចរ​ណ៍ និង​ស្លាក​សញ្ញា​ចរាចរ​ណ៍​បាន​និង​កំពុង​នៅ​តែ​បន្ត​កា្លយ​ជា​មូល​ហេតុ​បង្ក​គ្រោះ​ថ្នាក់​ចម្បង​ជា​ចាំ​បាច់ ស្ថា​ប័​ន និង​អាជ្ញាធរមាន​សមត្ថ​កិច្ច​ត្រូវ​អនុវត្ត​ច្បាប់ និង​មាត្រា​ពាក់ព័ន្ធ​នៃ​ច្បាប់​ចរាចរណ៍​ក្នុង​ការ​ដាក់​ស្ថាន​ទម្ងន់ និង​ពិន័យចំពោះ​ម្ចាស់​ក្រុម​ហ៊ុនដោយ​ម៉ឺងម៉ាត់ និង​ទុក​ជា​គំរូជំរុញ​ឲ្យ​គ្រប់​ក្រុម​ហ៊ុន​ដទៃត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ក៏​ដូច​ជា​ ចាត់​អាទិ​ភាព​ក្នុង​ការ​ធានា​សុវត្ថិ​ភាព​យាន​យន្ត​ពង្រឹង​សមត្ថ​ភាព ក្រម​សីលធម៌​ និង​លទ្ធភាព​បើកបរ​ចំពោះ​អ្នក​បើកបរ​របស់​ក្រុមហ៊ុន​ខ្លួន​នីមួយៗ។


តើ​លោក​​សង្កេត​​ឃើញ​ថា​ អ្នក​ដំណើរ​ពេល​នេះ​ពាក់​មួក​សុវត្ថិភាព​​បាន​ភាគ​ច្រើន​ហើយ​ឬ​នៅ?​


ដំបូង​ឡើយ​ការ​ពាក់​មួក​សុវត្ថិភាព​​ទាំង​អ្នក​បើក​បរ​ទាំង​អ្នក​​រួម​ដំ​ណើរ​ហាក់​បី​ដូច​ជា​មាន​ការកើន​ឡើង​ខ្ពស់​ តែ​បច្ចុប្បន្ន​​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។​ត្រង់​ចំ​ណុច​នេះ​យើង​អាច​និយាយ​បាន​ថា​​ប្រជា​ពល​​រដ្ឋ​គាត់​ចូល​រួម​បាន​មួយ​ឆាវ​​ហើយ​អាច​ថា​ការ​អនុវត្ត​ច្បាប់​ថម​ថយ​បន្តិច​នៅ​ក្នុង​កម្រិត​ណា​មួយ​។​

យើង​ឃើញ​ថា​ ពេល​ថ្ងៃ​មាន​អ្នក​ដំណើរ​​ពាក់​មួក​សុវត្ថិភាព​​ច្រើន ​ប៉ុន្តែ​​នៅ​ពេល​យប់​វិញ​គឺពា​ក់​​មួក​សុត្ថិភាព​​តិច​​មែន​ទែន​ ពិសេស​នៅ​ក្នុង​ចំ​ណោម​ក្រុម​យុវវ័យ​សឹង​​តែ​មិន​ពាក់​សោះ​តែ​ម្តង​។​ មាន​​ន័យ​ថា​ ការ​យល់​ដឹង​រប​ស់​គាត់​នៅ​មិន​​ទាន់​បាន​ជ្រាប​នៅ​ឡើយ​ទេ​ទើប​មិន​ទាន់​បាន​ផ្លាស់ប្តូរ​ឥរិយា​បថ​របស់​គាត់​នៅ​ឡើយ​ទេ​ក្នុង​ការ​ជំរុញ​ឲ្យ​​ពាក់មួក​នេះ។​

និ​យាយ​ពី​មន្រ្តី​នគរ​បាល​ចរាចរ​ណ៍​វិញ​ លោក​បាន​ធ្វើ​ការ​ងារ​នេះ​សកម្ម​ ឬ​ក៏​បាន​ដាស់​តឿន​ក្រើន​រំ​ឭក​ឲ្យ​បាន​ខ្លាំង​ក្លា​ដល់​អ្នក​ដំណើរ​ដែរ​ទេ​?​

យើង​ឃើញ​ថា​ ក្រោយ​​ពី​មាន​ច្បាប់​អនុវត្ត​ហើយ​ មាន​អ​នុ​ក្រឹត្យ​ មាន​សេច​ក្តី​ប្រកាស​​ឲ្យ​ប្រើ​​ច្បាប់​​ចរាចរណ៍​​ជា​ច្រើន​​ហើយ​មាន​ផែនការ​អនុវត្ត​ច្បាប់​នៅ​តាម​ ​រាជ​ធា​នី​​ខេត្ត​ តែ​​យើង​អាច​និយាយ​​បាន​ថា​កា​ររឹ​ត​បន្តឹង​លើ​ច្បាប់​ចរាចរណ៍​​ស្តី​ពី​ការ​ពាក់​មួក​សុវត្ថិភាព​នោះ​​ប្រហែល​ជា​​មាន​ការ​ថម​ថយ​ចុះ​ បើ​ទោះ​​ជា​ទៅ​លើ​កត្តា​ហា​​និ​ភ័យ​អាច​កើត​ឡើង​ ប៉ុន្តែ​​ការ​ពង្រឹង​លើ​ការ​ពាក់​មួក​ហាក់​ថយ​ចុះ។​

ប្រសិន​បើ​នៅ​ក្នុង​ដំ​ណាក់​កាលដំ​បូង​ប្រ​ជា​ពល​រដ្ឋ​នៅ​មិន​ទាន់​បាន​យល់​ជ្រួត​​ជ្រាប​​ផ្លាស់​ប្តូរ​ទម្លាប់​​ និង​មិន​បាន​រឹត​បន្តឹង​ការអ​នុ​វត្ត​​ច្បាប់​​ឲ្យតឹង​រឹុង​ទេនោះ​ ការពាក់​មួក​សុវត្ថិភាព​នឹង​អាច​នៅ​ដ​ដែល​​ឬ​​កើន​ឡើង​ក្នុង​កម្រិត​ណា​មួយ​ដែលនេះ​​ជា​ទូ​ទៅ​ទោះ​នៅ​បណ្តាប្រ​​ទេស​ផ្សេង​ៗ​​ក៏​​ដោយ​​។​ បើ​នគរបាល​អនុវត្ត​ច្បាប់​ឲ្យបា​​ន​ជាប់​​លាប់​នៅ​​ពេល​ព្រឹក​​ ពេល​ថ្ងៃ​​ និង​ពេល​យប់​នោះ​​គឺ​ការពាក់​មួក​អាច​​នៅ​​នឹង​ឬ​កើន​ឡើង​​ក្នុង​​កម្រិត​តិច​​តួច​ណា​មួយ​។ ​ខ្ញុំ​អាចនិ​យាយ​​បាន​ថា​​មន្រ្តី​ប្រ​ហែល​ជា​​អនុវត្ត​លើ​កត្តា​ហា​​និ​ភ័យ​​មួយ​​ផ្សេង​​ទៀត​ហើយ​ធ្លាក់​​ដៃ​បន្តិច​ទៅ​លើ​ការ​រឹត​​បន្តឹង​រឿង​ពាក់​មួក។

និយាយ​ពី​បញ្ហា​គ្រោះថ្នា​ក់​​ចរាចរ​ណ៍​វិញ​ឥ​ឡូវ​ហាក់​ដូចជាសា​ហាវ​​រហូត​មាន​មនុស្ស​​ស្លាប់​ច្រើនផង​ តើ​​លោក​សង្កេត​ឃើញ​យ៉ាង​ម៉េច​ដែរ​ពិសេស​ការ​បើកបរ?​

ខ្ញុំ​យល់​ឃើញ​ថា ​បញ្ហា​នេះ​យើង​បាន​និ​យាយ​អប់​រំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាំង​ពី​ឆ្នាំ​ ២​០​១​៥ ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ចាប់​ផ្តើម​ធ្វើ​ផែនការ​ស​កម្ម​ភាព​របស់​​ថ្នាក់​ជាតិ​និង​ឆ្នាំ​បន្ត​បន្ទាប់​មក​ទៀត​ ក្នុង​ការ ចង​ក្រង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​រហូត​​មក​ដល់​ពេល​នេះ​ឃើញ​ថា​ល្បឿន​នៅ​តែ​ជា​មូល​ហេតុ​ចម្បង​ដ​ដែល​​។​យើង​បាន​ដឹង​ហើយ​ថា​​មូល​ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​ការ​បុក​វា​មាន​ស​ភាព​ធ្ងន់​ធ្ងរ​សា​ហាវ​ហើយ​លក្ខ​ណៈ​របួស​ហ្នឹង​គឺ​វា​មានលក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ អ៊ីចឹង​​ល្បឿន​គឺ​ជា​មូល​ហេតុ​បង្ក​ទី​ ១​ ហើយ​បើ​​យើង​ដឹង​ថា​ ល្បឿន​ជា​មូល​ហេតុ​បង្ក​គ្រោះ​ថ្នាក់​គឺ​យើង​ត្រូវ​រក​វិ​ធាន​​ការ​វិធីសាស្រ្ត​ទប់​ស្កាត់​រឿង​ល្បឿន​នេះ។​

អ៊ីចឹង​វិ​ធី​សាស្រ្ត​​មាន​អី​ខ្លះ​គឺ​ការ​​ដាក់​គោល​ដៅ​ត្រួត​ពិ​និត្យ​​ច​ល័ត​​ និង​អ​ចល័ត​ឲ្យ​បាន​ជាប់លាប់​ជា​ពិ​សេស​នៅ​តាម​​បណ្តា​​ផ្លូវ​ជាតិ​​ធំ​ៗ​។​ នៅ​ក្នុង​បណ្តា​ប្រទេស​​មួយ​ចំ​នួន​មាន​រហូត​ទៅ​ដល់​ក្រុម​គោល​ដៅ​ច​ល័ត​​​ដើរ​​មើល​ក្នុង​​តំ​បន់​គោល​ដៅ​ធ្វើ​ឲ្យ​ជន​​ដែល​មាន​ទម្លាប់​​បើក​បរ​លឿន​​ហ្នឹង​គាត់​អាច​ឲ្យ​​ជា​សញ្ញា​​ដល់​គ្នា​ហើយ​បើ​យើង​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​​តែ​មួយ​កន្លែង​នោះ​នៅ​កន្លែង​ផ្សេង​គាត់​បើក​លឿន​វិញ​ហើយ​។​

ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​របស់​​យើង​មាន​ហើយ​ពីការ​ផាក​ពិន័យ​នៅ​ពេល​បើក​​បរ​ហួស​ល្បឿន​កំ​ណត់​​ហ្នឹង​ ​ហើយ​អ្នក​បង្ក​​គ្រោះ​ថ្នាក់​​ត្រូវ​ប្រ​ឈម​នឹង​​ការ​​ផាក​​ពិន័យ​​បែប​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​បាត់​​បង់​ជី​វិត​អ្នក​ដ​ទៃ​​ទៀត​ហើយ​ត្រូវ​​បន្ថែម​ទោស​​ទណ្ឌ​​លើ​ក្រមព្រហ្មទណ្ឌ​បែប​ណា​។ ​អ៊ីចឹង​គួរ​តែ​យក​ចំ​ណុច​ទាំង​អស់​ហ្នឹង​ យក​មក​អនុវត្ត​ ហើយ​រឹត​បន្តឹង​​ឲ្យ​បាន​ខ្លាំង​ជាប់​លាប់​ និង​​អ​ប់​រំ​ឲ្យ​បាន​ទូ​លំ​​ទូ​លាយ​​ថែម​ទៀត។​

បើ​និយាយ​​ពី​ការ​អប់​រំ​នោះ​​យើង​ឃើញ​ក្រ​សួង​ឬ​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​​ក៏​ដូច​ជា​សង្គម​ស៊ី​វិល​​ និង​វិស័យ​​ឯក​ជន​បាន​ចូល​រួម​ច្រើន​ តែ​ប្រសិន​​បើ​ខ្វះកា​រអនុវត្ត​ច្បាប់​​ ​ពិ​សេស​​កត្តា​ហានិ​ភ័យ​​លើ​ការបើកបរ​ហួស​ល្បឿន​កំ​ណត់​​នេះ​ គឺ​​ប្រ​ហែល​​បានត្រឹមតែអប់​រំ​ មិន​ដឹង​ថា​ អ្នក​បើក​បរ​គាត់​គោរ​ព​តាម​ឬ​មិន​គោរព​។ ​អ៊ីចឹង​ហើយ​ការ​បុក​ប៉ះ​គឺ​មាន​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ។​

ហេតុ​អី​បាន​ជា​មាន​ទម្លាប់​បើក​បុក​ហើយ​រត់​ៗ ​តើ​លោក​ធ្វើ​ការ​សង្កេត​​ឃើញ​បែប​ណា​ដែរ​ជុំវិញ​បញ្ហា​នេះ?​

មិន​ថា​ ទាំង​ក្រុម​ហ៊ុនឯក​ជន​ មិន​ថា​ អ្នក​បើក​បរ​រថយន្ត​ជា​លក្ខណៈ​គ្រួ​សារ​ផ្ទាល់​ខ្លួន​ បញ្ហា​នៃ​ការ​បើក​បុក​​ហើយ​រត់​នោះ​វា​ជា​ផ្នែក​មួយ​ជំរុញ​ធ្វើ​ឲ្យ​មនុស្ស​នោះ​គិត​ថា​ ប្រ​សិន​ជា​បុក​ប៉ះ​អី​ទៅ​វា​មិន​អី​ទេ​គឺ​អញ​រត់​រួច​ អ៊ីចឹង​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​គោរព​​ និង​ផ្តល់​តម្លៃ​ឲ្យ​ទៅ​អ្នក​ដទៃ​ទៀត​ប៉ុន្មាន​ទេ​គឺ​ឲ្យ​​តែ​ខ្លួន​ប្រ​ញាប់។​ សំណួរ​សួរថា​ អ្ន​ក​បើក​បរ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ដោយ​​បង្ខំ​បើក​ឲ្យ​លឿន​ដើម្បី​​យក​ទំ​និញ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ដើម្បី​បើក​ឲ្យ​បាន​ច្រើន​ជើង​ដើម្បី​​បាន​កម្រៃ​ជើង​សាបាន​ច្រើន។​

នៅ​ប្រទេស​​គេ​ បើ​សម្រាប់​ក្រុមហ៊ុន​វិញ​អ្នក​បើក​បរ​ត្រូវ​មាន​អត្តសញ្ញាណ​​ច្បាស់​លាស់​ហើយ​អត្តសញ្ញាណ​នោះ​ មិន​មែន​​មាន​តែ​នៅ​​ក្រុម​ហ៊ុន​ទេ​គឺ​មាន​ទាំង​នៅ​ក្នុង​ក្រ​សួង​ស្ថាប័នរ​ដ្ឋ។ ​អ៊ីចឹង​ចង់​បុក​រត់​ទៅ​ដល់​ណា​ក៏​គេច​​មិន​រួច​ដែរ​ហើយ​បើ​សិន​​ក្រុម​ហ៊ុន​នោះ​បុក​មនុស្ស​បង្ក​ជា​គ្រោះ​​ថ្នាក់​ស្លាប់​ ​ឬ​ ​របួ​ស​ឬ​ត្រឹម​តែ​ខូច​ខាត​​ត្រឹម​ទ្រព្យសម្បត្តិ​ក៏​ដោយ​ បើ​​គាត់​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​អ្នកបើក​បរ​ដល់​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ទេ​នោះ​គឺ​ម្ចាស់​ក្រុម​ហ៊ុន​នោះ​នឹង​​ទ​ទួល​ការ​ផាក​​ពិ​ន័យ​​ធ្ងន់​ធ្ងរ​។ ​ឧទាហរណ៍​ថា​ បើ​ម្ចាស់​ក្រុម​ហ៊ុន​បង្ហាញ​អត្តសញ្ញាណ​​អ្នក​បើក​បរគឺ​​ផាក ​៥​០​០ ​ដុល្លារ ​តែ​បើ​គាត់​អត់បង្ហាញ​ទេ​គឺ​គេ​ផាក​ពិន័យ​ទ្វេដង៕