កាលពី​ថ្ងៃ​ចន្ទ​សហ្ដហ៍​មុន ភ្នំពេញ​ប៉ុស្ដិ៍​បាន​ចុះ​ផ្សាយ​មួយ​វគ្គ​​រួច​មក​ហើយ ទាក់ទង​នឹង​នីតិវិធី​របស់​នគរបាល បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ភាគី​មាន​ទំនាស់​ណា​មួយ តាមរយៈ​កិច្ចសម្ភាសន៍​រវាង​ភ្នំពេញ​ប៉ុស្តិ៍​ជាមួយ​លោក មេធាវី ផុន ធារិន ជា​សមាជិក​ក្រុមហ៊ុន​មេធាវី ស៊ីឌីអេស ដែល​មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ​ ៥៤ ផ្លូវ​លេខ​ ៣៣៧ ​សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​នៅ​សប្ដាហ៍​នេះ​យើង​សូម​លើក​យក​វគ្គ​បញ្ចប់​ទាក់ទង​​នឹង​ករណី​ចាប់វាយ​ខ្នោះ​របស់​សមត្ថកិច្ច​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ឃាតកម្ម​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖


ក្នុង​ករណី​មាន​បណ្តឹង​ទៅ​មន្ត្រី​នគរបាល​មូលដ្ឋាន ហើយ​មន្ត្រី​នគរបាល​បាន​វាយខ្នោះ​​ដៃ លោក “​ក​” ព្រោះ​គាត់​បាន​សម្លាប់​គេ​ស្លាប់ តើ​មន្ត្រី​នគរបាល​អនុវត្ត​វិធី​បែប​នេះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ​?


ក្នុង​ករណី​នេះ​មន្ត្រី​នគរបាល​​ទទួល​ពាក្យ​បណ្តឹង​ថា លោក “​ក​” ​បាន​សម្លាប់​មនុស្ស យើង​បែងចែក​បណ្តឹង​នេះ​ជា​ ២ ​ប្រភេទ​គឺ​បណ្តឹង​ទាមទារ និង​បណ្តឹង​បរិហារ​។


បណ្តឹង​ទាមទារ​សំដៅ​លើ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​តាំង​ខ្លួន​ជា​ភាគី​រងគ្រោះ​នៅក្នុង​បទល្មើស​ណា​មួយ​ដែល​គាត់​ប្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ (​នគរបាល​យុត្តិធម៌​) ​ក្នុង​ការ​ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្តន្ទាទោស​​ជនល្មើស​ដែល​ប្រព្រឹត្ត​​ និង​ទាមទារ​សំណង​ការខូចខាត​ និង​ជំងឺ​ចិត្ត​ដែល​បាន​ប្រព្រឹត្ត​លើ​ភាគី​ជនរងគ្រោះ​។ បណ្តឹង​បរិហារ​សំដៅ​លើ​បណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​តតិយជន​ (​ជន​ដែល​បាន​ឃើញ​បទល្មើស​កើតឡើង​) ​ឬ​ក៏​អាជ្ញាធរ​សាធារណៈ​ ឬ​មន្ត្រី​គ្រប់រូប​ដែល​នៅ​ក្នុង​ការបំពេញ​មុខងារ​របស់​ខ្លួន​រាយការណ៍​ (​ប្តឹង​ដោយ​ផ្ទាល់​មាត់​) ​ទៅ​នគរបាល​មូលដ្ឋាន​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ជនល្មើស​ដែល​ប្រព្រឹត្ត​នោះ​តាម​បញ្ញត្តិ​ច្បាប់​។


ក្នុង​ករណី​បណ្តឹង​ទាំង​ ២ ​នេះ​មន្ត្រី​នគរបាល​នឹង​អនុវត្ត​ដូច​ដែល​បាន​រៀបរាប់​ក្នុង​សំណួរ​ទី​ ២ ដែល​បាន​បកស្រាយ​កាលពី​​សប្ដាហ៍​មុន​គឺ​មាន​ន័យ​ថា មន្រី្តនគរបាល​យុត្តិធម៌​អាច​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​បាន​។


ម្យ៉ាង​វិញ​ទៀត​យោង​តាម​មាត្រា​ ៨៧ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ចែងថា “ ក្នុង​ករណី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់ស្តែង​គ្រប់​បុគ្គល​ទាំងអស់​អាច​ចាប់​ខ្លួន​ជនល្មើស​​ហើយ​នាំ​ខ្លួន​ជន​នោះ​ទៅ​ប្រគល់​​ជូន​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​។ ដូច្នេះ​ករណី​នេះ​ទោះបី​ជា​មន្ត្រី​នគរបាល​ធ្វើការ​ស៊ើបអង្កេត​ជា​​បទល្មើស​ជាក់ស្តែង​ ឬ​ការស៊ើបអង្កេត​បឋម (​បទល្មើស​មិន​ជាក់ស្តែង​) ​មន្ត្រី​នគរបាល​អាច​ធ្វើការ​ឃាត់​ខ្លួន​បុគ្គល​ដែល​សង្ស័យ​នោះ​ភ្លាម​បាន​។

តើ​ក្នុង​ករណី​បែប​ណា​ទើប​មន្ត្រី​នគរបាល​អាច​ដាក់​ខ្នោះ​​លោក​ “​ក​” ​បាន ហើយ​ក្នុង​ករណី​​បែប​ណា​មិន​អាច​ដាក់​ខ្នោះ​?

ការដាក់​ខ្នោះ និង​ការឃាត់​ខ្លួន​ជា​វិធាន​ចុង​ក្រោយ​បំផុត​ដែល​មន្ត្រី​នគរបាល​ត្រូវ​គិត​​ពិចារណា​ និង​យក​មក​អនុវត្ត​ចំពោះ​ជន​គ្រប់រូប​។ ក្នុង​ករណី​បទល្មើស​ជាក់ស្តែង មន្ត្រី​នគរបាល​អាច​ប្រើ​វិធាន​បង្ខិតបង្ខំ​បាន​ដូចជា ការនាំ​ខ្លួន និង​ការ​ឃាត់​ខ្លួន​ដោយ​ហេតុ​ថា បទល្មើស​កំពុង​ទើប​តែ​ប្រព្រឹត្ត​រួច​ភ្លាម​មាន​ភ័ស្តុតាង​ប្រព្រឹត្ត​បទល្មើស​នៅ​កន្លែង​កើតហេតុ​ ឬ​តម្រុយ​ភ័ស្តុតាង​ផ្សេងៗ​ដែល​ស៊ីចង្វាក់​នោះ​មន្ត្រី​នគរបាល​ស្នើសុំ​សេចក្តី​ណែនាំ​ពី​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើការ​នាំខ្លួន​ ឬ​ឃាត់​ខ្លួន​បុគ្គល​សង្ស័យ​ដែល​ពាក់ព័ន្ធ​ទាំងនោះ​។ ​

ផ្ទុយ​ទៅវិញ​បើ​មន្រី្តនគរបាល​បាន​បើក​ការ​ស៊ើបអង្កេត​ហើយ​ពិនិត្យ​ឃើញ​ថា មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ ឬ​មាន​តម្រុយ​ខ្លះ​ចំពោះ​ជនសង្ស័យ មន្ត្រី​​នគរបាល​មិន​ត្រូវ​ប្រើ​វិធាន​បង្ខិតបង្ខំ​ធំធេង​ដូច​ករណី​បទល្មើស​ជាក់ស្តែង​ឡើយ មន្រី្តនគរបាល​ត្រឹម​តែ​ជា​អ្នក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សម្រេច​បន្ត​នីតិវិធី ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​។

ចំពោះ​ការដាក់​ខ្នោះ​លោក “​ក​” ដោយ​មិន​បាន​អនុវត្ត​តាម​ការរៀបរាប់​ខាង​លើ​នោះ វា​ជា​ទង្វើ​បំពាន​អំណាច​អាជ្ញាធរ​តុលាការ និង​បំពាន​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​៕