ការរស់នៅ​ប្រចាំ​ថ្ងៃ ប្រសិន​បើ​​មាន​មនុស្ស​ស្លាប់​ដោយសារ​មាន​អ្នក​កាប់​ដើមឈើ​រលំ​សង្កត់​លើ​ ខណៈ​ជនរងគ្រោះ​កំពុង​ធ្វើ​ដំណើរ​ ឬ​ដើមឈើ​រលំ​សង្កត់​មនុស្ស​ស្លាប់​នៅពេល​ជនរងគ្រោះ​ចូល​ក្នុង​បរិវេណ​ដីឡូត៍​គេ​។ ​ក្នុង​ករណី​នេះ តើ​អ្នក​កាប់​ផ្តួលរំលំ​ដើមឈើ​នោះ​នឹង​ត្រូវ​មានទោស​ឬ​យ៉ាងណា​?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ផុន ធារិន បម្រើការ​នៅ​ក្រុមហ៊ុន​មេធាវី អិល ប៊ីអិល មាន​ការិយាល័យ​ផ្ទះ​លេខ​ ១០ ​ផ្លូវ​ ១០៥ ​ភូមិ​បាក់​ទូក សង្កាត់​ទួលសង្កែ​ ១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖


ថ្មីៗ​នេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​កាប់​ដើមត្នោត ហើយ​រលំ​សង្កត់​មនុស្ស​ស្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​។ ​សួរ​ថា​តើ​ករណី​នេះ​អ្នក​កាប់​ដើមត្នោត​នោះ​មានទោស​ដែរ​ទេ​? ​ហើយ​បើ​គាត់​មាន​ទោស​វិញ ជា​ទង្វើ​ចេតនា ឬ​អចេតនា ?


ក្នុង​ករណី​នេះ​អ្នក​កាប់​ដើមត្នោត​ឲ្យ​រលំ​ត្រូវ​ផ្តន្ទាទោស​ចំពោះ​ទង្វើ​អចេតនា​របស់​ខ្លួន​ដែល​ទង្វើ​នេះ​បាន​កើត​ចេញ​ពី​ការធ្វេសប្រហែស ការមិន​យកចិត្ត​ទុកដាក់​ ឬ​ការខ្ជីខ្ជា​របស់ខ្លួន​ដោយ​បណ្តាល​ឲ្យ​អ្នកដទៃ​ដែល​កំពុង​ប្រាស្រ័យ​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះ​ស្លាប់​។


យោង​តាម​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា បទមនុស្សឃាត​ដោយ​អចេតនា​គឺជា​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា ។ បទ​មនុស្សឃាត​ដោយ​អចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ (​មួយ​)​ឆ្នាំ ទៅ​ ៣ (​បី​)​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​ ២ ០០០ ០០០ (​ពីរលាន​)​ ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​)​រៀល​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​កាប់​ដើមត្នោត​នោះ​នឹង​ទទួល​សង​សំណង​រដ្ឋប្បវេណី​​ដល់​ជនរងគ្រោះ​បន្ថែម​ទៀត​។


ក្នុង​ករណី​នេះ​ដែរ​បើ​ជនណា​ម្នាក់​កាប់​ដើមឈើ​នៅក្នុង​បរិវេណ​ដី​របស់​គាត់ ហើយ​មាន​មនុស្ស​ម្នាក់​ទៀត​ចូលក្នុង​របង​ដី​គាត់​ឈរ​មើល តែ​ចៃដន្យ​ដើមឈើ​នោះ​រលំ​សង្កត់​សួរ​ថា​អ្នក​កាប់​ដើមឈើ​នោះ​ទទួល​ខុសត្រូវ​លើ​ការស្លាប់​របស់​អ្នក​ចូល​ក្នុង​របង​ដី​គាត់​ដែរ​ទេ បើ​ម្ចាស់​ផ្ទះ​មិនបាន​ហៅ​ជន​នោះ​ចូល​ក្នុង​របង​ផ្ទះ​គាត់​ផង​នោះ ?


ទោះ​ក្នុង​ករណី​នេះ​ក៏ដោយ ប្រសិន​បើ​អ្នក​កាប់​ដើមឈើ​មាន​ការ​ធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន​ ឬ​ខ្ជីខ្ជា​ដោយ​មិន​បាន​ដាក់​ស្លាក​សញ្ញា​ ឬ​ការហាមឃាត់​នៅ​បរិវេណ​ដើមឈើ​ដែល​កំពុង​កាប់​នោះ អ្នក​កាប់​ដើមឈើ​នឹង​ប្រឈមមុខ​នឹង​ការទទួល​ទោស​ដែល​បាន​រៀបរាប់​ដូច​នៅក្នុង​​សំណួរ​ខាងលើ​ដែរ​។

ផ្ទុយ​មកវិញ​ប្រសិន​បើ​តុលា​ការរក​ភ័ស្តុតាង​ឃើញ​ថា​អ្នក​កាប់​ដើមឈើ​នោះ​បាន​ប្រើ​មធ្យោបាយ​អស់​ពី​លទ្ធភាព​ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ដោយ​បាន​ដាក់​សញ្ញា​ហាមឃាត់​ ឬ​ខ្សែ​ហ៊ុម​ព័ទ្ធ​ជុំវិញ​មិន​ឲ្យ​មនុស្ស​ចូល​បរិវេណ​កាប់​ដើមឈើ​នោះ តែ​ជន​ម្នាក់​បាន​ចូល​ទៅ​ទីតាំង​នោះ​ដោយ​អ្នក​កាប់​ដើមឈើ​មិន​បាន​ដឹងថា ជន​នោះ​ចូលក្នុង​បរិវេណ​ហាមឃាត់​ដោយ​របៀប​ណា​ ឬ​តាំង​នោះ​ពី​ពេលណា ដូច្នេះ​អ្នក​កាប់​ដើមឈើ​មិន​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឡើយ ។

ករណី​កាប់​ដើមឈើ​រលំ​កាត់​ផ្លូវ​សាធារណៈ​ហើយ​ពេល​នោះ​មាន​មនុស្ស​ធ្វើដំណើរ​កាត់​ហើយ​ត្រូវ​ដើមឈើ​បាក់​សង្កត់​ស្លាប់​សួរ​ថា គាត់​ទទួល​ខុសត្រូវ​កម្រិត​ណា​ដែរ​?

ជាទូទៅ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទោះ​នៅ​ជនបទ​ ឬ​ទីប្រជុំជន​​ ឬ​ទីក្រុង ពួកគាត់​ស្រឡាញ់​ការដាំ​ដើមឈើ ពិសេស​នៅ​មុខ​ផ្ទះ​ ឬ​នៅក្នុង​បរិវេណ​ដីឡូត៍​របស់​ខ្លួន​ទាំង​ប្រភេទ​ដើមឈើ​តូច-​ធំ​។​ល​។ ចំពោះ​ដើម​ឈើ​ដែល​អាជ្ញាធរ ខេត្ត-ក្រុង ឬ ប្រជាពលរដ្ឋ​ដាំ​នៅ​លើ​ដងផ្លូវ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ ខេត្ត-ក្រុង ។

រីឯ​ដើមឈើ​ដែល​ដាំ​ក្នុង​បរិវេណ​ដីឡូត៍​របស់​ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នកគ្រប់គ្រង​ដោយ​ទាញ​យក​ប្រយោជន៍​ដោយ​អនុលោម​ច្បាប់​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រសិន​បើ​ដើមឈើ​ស្ថិត​ក្នុង​ដីឡូត៍​របស់​អ្នក​កាប់​ដើមឈើ​ហើយ​ដើមឈើ​កាប់​នោះ​បាន​ដួលរលំ​កាត់​ផ្លូវ​សាធារណៈ​ និង​បណ្តាល​ឲ្យ​អ្នកដទៃ​ស្លាប់ ករណី​នេះ​អង្គហេតុ​បាន​កើតចេញ​ដោយសារ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា​ដោយ​មិនបាន​ដាក់​សញ្ញា ឬ ការហាមឃាត់​នៅ​បរិវេណ ឬ​ការហាមឃាត់​នៅ​បរិវេណ​ដើមឈើ​ដែល​កំពុង​កាប់​នោះ​។

បើ​យោងតាម​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នឹងត្រូវ​យក​មក​អនុវត្ត​ដូច​សំណួរ​ខាង​លើ​ដែរ ។ ផ្ទុយទៅវិញ​ដើមឈើ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ដីឡូត៍​របស់​អ្នក​កាប់​ដើមឈើ ទោះបី​ដើមឈើ​នោះ​អ្នក​កាប់​ដើមឈើ​ជា​អ្នក​ដាំ​ក៏ដោយ ក៏​គាត់​មិន​មាន​សិទ្ធិ​កាប់​ដែរ​។ ក្នុង​ករណី​អ្នកកាប់​ដើមឈើ​បាន​កាប់​ដោយ​មិន​មាន​ការ​អនុញ្ញត​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​នោះ​អ្នក​កាប់​ដើមឈើ​នឹង​ទទួល​ការពិន័យ​ផ្សេងៗ​ពី​អាជ្ញាធរ​បន្ថែមទៀត​។

ករណី​ដើមឈើ​នៅ​តាម​សួនច្បារ​សាធារណៈ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរខេត្ត-ក្រុង ហើយ​ចៃដន្យ​ដួលរលំ​សង្កត់​មនុស្ស​ស្លាប់​ ឬ​រលំ​សង្កត់​រថយន្ត តើ​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​បែប​ណា ?

ជាធម្មតា​ដើមឈើ​នៅ​តាម​សួនច្បារ​សាធារណៈ​គឺ​ស្ថិត​នៅក្នុង​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​អាជ្ញាធរ ខេត្ត-ក្រុង ដែល​តម្រូវ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ជា​អ្នក​ថែរក្សា​ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ថែរក្សា​សោភណភាព និង​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ដោយ​ប្រការ​ណាមួយ​។ ​

ក្នុងករណី​អ្នក​កាប់​ដើមឈើ​ខាង​លើ​ជា​មន្ត្រី​ថែរក្សា​ដើមឈើ​នៅ​តាម​សួនច្បារ​សាធារណៈ​ ឬ​តាម​ដងផ្លូវ​សាធារណៈ ហើយ​មានការ​ធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា​ដោយ​មិន​បាន​ដាក់​សញ្ញា​ ឬ​ការហាមឃាត់​នៅ​បរិវេណ​ដើមឈើ​ដែល​កំពុង​កាប់​នោះ​។ អ្នក​កាប់​ដើមឈើ ឬ អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្ថាប័ន​នឹង​អាច​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ។ ចំពោះ​សំណង​រដ្ឋប្បវេណី ជនរងគ្រោះ​អាច​ប្តឹង​ទាមទារ​ឲ្យ​ស្ថាប័ន​ទទួល​បន្ទុក​ជា​អ្នក​សង​សំណង​៕