ជាទូទៅប្រសិនបើមានវិវាទកើតឡើងភាគីជម្លោះតែងតែពឹងមេធាវីដែលជាអ្នកយល់ដឹងពីនីតិវិធីច្បាប់ឱ្យការពាររឿងក្ដីរបស់ខ្លួន។ ក៏ប៉ុន្តែនៅក្នុងដំណើរការការពារក្ដីទាំងនោះ តើមានន័យថាមេធាវីទាំងនោះ គឺជាគូទំនាស់ ឬមួយយ៉ាងណា? ជុំវិញបញ្ហានេះ ភ្នំពេញ ប៉ុស្ដិ៍ បានសម្ភាសជាមួយលោក មេធាវី ឡោ គីមហ្គិច ជាក្រុមមេធាវីអាស៊ានអន្តរជាតិ មានអាសយដ្ឋានផ្ទះលេខ ១៦ R ផ្លូវ ២៥២ សង្កាត់ចតុមុខ ដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) បានពឹងមេធាវីតាមច្បាប់ក្នុងជម្លោះដីធ្លី ១ ដើម្បីជួយការពារក្ដីបញ្ជាក់ពីភាពស្អាតស្អំទៅភាគីម្ខាងទៀត ដោយមានអាជ្ញាធរមូលដ្ឋានដឹងឮផង។ ប៉ុន្តែភាគីម្ខាងទៀតបានចោទថា មេធាវីរូបនោះជាអ្នកចូលរួមក្នុងជម្លោះដីធ្លីជាមួយលោក (ក) ដែរ។ ក្នុងករណីនេះប្រសិនបើមេធាវីគ្រាន់តែការពារផលប្រយោជន៍ឱ្យលោក (ក) តើខុសឬ?
នៅក្នុងរឿងវិវាទដីធ្លីរវាងបុគ្គល និងបុគ្គលជារឿងរដ្ឋប្បវេណី រីឯមេធាវីជាតំណាងឱ្យបុគ្គលណាមួយជាភាគីនៃវិវាទនោះ។ មេធាវីគឺជាអ្នកតំណាងស្របច្បាប់ មិនមែនគូវិវាទដូចបុគ្គលដែលជាម្ចាស់ដីទេ។ មេធាវីតំណាងដោយអាណត្តិ ដែលភាគីបានប្រគល់សិទិ្ធឱ្យនោះ មានសិទ្ធិចូលរួមដោះស្រាយ ឬដាក់បណ្តឹងទៅស្ថាប័នមានសមត្ថកិច្ចជំនួសកូនក្តីរបស់ខ្លួន ដូចជាទៅអាជ្ញាធរភូមិ ឃុំ អាជ្ញាធរវិវាទដីធ្លី និងតុលាការ ធ្វើយ៉ាងណា ដើម្បីការពារប្រយោជន៍កូនក្តីខ្លួនស្របតាមច្បាប់។
ចំពោះថា មេធាវីចូលរួមសមគំនិត លុះត្រាតែនៅពេលដែលភាគីទាំង ២ កំពុងជជែកគ្នា អាចឈានដល់ការឈ្លោះគ្នាដណ្តើមយកត្រូវរៀងៗខ្លួន និងឈានដល់មានការជេរប្រមាថ ឬមានអំពើហិង្សាវាយគ្នាទៅវិញទៅមក ហើយមេធាវីចូលទៅជួយជេរប្រមាថ ឬប្រើហិង្សាលើភាគីម្ខាងទៀតនោះ គឺមេធាវីរូបនោះ ក្លាយជាជនល្មើស ឬជនសមគំនិតក្នុងអំពើណាមួយ។ តែបើភាគីកំពុងមានវិវាទ ហើយភាគីម្ខាងទៀត បែរជាមកចោទប្រកាន់ថា មេធាវីជាអ្នកសមគំនិតទាំងមេធាវីមិនបានធ្វើសកម្មភាពអ្វីសោះ គឺមិនត្រឹមត្រូវទេ។ មិនតែប៉ុណ្ណោះបានយកទៅចុះផ្សាយក្នុងសារព័ត៌មានជាសាធារណៈដោយមិនបានដឹងច្បាស់ថា មេធាវីជាអ្នកតំណាងឱ្យភាគីម្ខាងទៀត ហើយបែរជានិយាយថា មេធាវីជាអ្នកសមគំនិត ឬជាម្ចាស់ដីបង្កទំនាស់ដែលចោទខុសពីការពិត។ ដូចនេះ មេធាវីអាចប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈទៅក្រសួងព័ត៌មានពីអង្គភាពសារព័ត៌មាននោះ ឬទៅតុលាការ ដោយផ្អែកតាមមាត្រា១០ នៃច្បាប់របបសារព័ត៌មាន និងមាត្រា ៣០៥-៣០៦ក្រមព្រហ្មទណ្ឌ។
ចំពោះមាត្រា ១០ នៃច្បាប់របបសារព័ត៌មានចែងថា ជនណាម្នាក់ដែលយល់ថា អត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយ នៃសារព័ត៌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប និងធ្វើបណ្តឹងពីបទបរិហារកេរ្តិ៍ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។
ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ (៧ ថ្ងៃ) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។ ចំពោះមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌវិញចែងថា គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍។ ត្រូវពិន័យជាប្រាក់ពី ១ សែនរៀលទៅ ១០ លានរៀល។ បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖ តាមសម្តីទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឱ្យសាធារណជនមើល។
ចំពោះមាត្រា ៣០៦ នៃក្រមព្រហ្មទណ្ឌចែងថា ការបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមសារព័ត៌មានត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។
តើសំណុំរឿងនេះជារឿងរដ្ឋប្បវេណី ឬជារឿងព្រហ្មទណ្ឌ? រឿងរដ្ឋប្បវេណីសំដៅលើអ្វី? រឿងព្រហ្មទណ្ឌសំដៅលើអ្វី?
ដូចខ្ញុំបានលើកជូនខាងដើមហើយថា វិវាទដីធ្លី រវាងបុគ្គល និងបុគ្គលជារឿងរដ្ឋប្បវេណី។ រឿងរដ្ឋប្បវេណី គឺនិយាយពីសំណង រីឯរឿងព្រហ្មទណ្ឌនិយាយលើជនណាដែលតុលាការបានចោទប្រកាន់ពីអំពើល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពិសេសផ្សេងៗទៀត (ច្បាប់ពិសេសដូចជាច្បាប់គ្រឿងញៀន, ច្បាប់សញ្ចារកម្ម, ច្បាប់ឯកពន្ធភាពជាដើម) ហើយច្បាប់ដែលប្រទេសកម្ពុជា យើងចុះអនុសញ្ញាជាមួយប្រទេសផ្សេងៗទៀតក៏ជាទោសព្រហ្មទណ្ឌដែរ។ ទោសព្រហ្មទណ្ឌមានដូចជាបទលហុ បទមជ្ឈិម ហើយបទបរិហារកេរ្តិ៍គឺអត់មានទោសជាប់ពន្ធនាគារទេ៕