ជារឿយៗ យើងតែងបានឃើញសមត្ថកិច្ចឃាត់ខ្លួនអ្នកតចរន្តអគ្គិសនីដើម្បីឆក់សត្វដែលបំផ្លាញដំណាំក្នុងដីកម្មសិទ្ធិរបស់គាត់តែបែរមកឆក់អ្នកដទៃដែលធ្វើដំណើរកាត់ទីតាំងនោះបណ្ដាលឱ្យស្លាប់។ ចង់ដឹងថាតើការឃាត់ខ្លួននេះត្រឹមត្រូវឬទេបើគាត់មិនបានប្រព្រឹត្តជាក់ស្ដែងផង។ ជុំវិញករណីនេះភ្នំពេញប៉ុស្ដិ៍បានសម្ភាសជាមួយលោកមេធាវី លី កុសល មានការិយាល័យធ្វើការនៅផ្ទះលេខ ៤៥Eo ផ្លូវ ៩ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) បានរាយខ្សែភ្លើងឆក់សត្វនៅវាលស្រែ តែលោក (ខ) ដើរទៅជាន់ខ្សែភ្លើងនោះបណ្តាលឱ្យឆក់ស្លាប់។ ក្រោយកើតហេតុនគរបាលបានចាប់លោក (ក)។ តើករណីនេះហេតុអ្វីបានជានគរបាលចាប់លោក (ក) បើគាត់មិនបានប្រព្រឹត្តជាក់ស្តែងផងនោះ?
ជាបឋមយើងត្រូវស្គាល់ឱ្យច្បាស់ជាមុនសិននូវនិយមន័យនៃបទល្មើសជាក់ស្តែងថា តើវាមានលក្ខណៈបែបណាខ្លះដែលគេចាត់ទុកជាបទល្មើសជាក់ស្តែង។
បើយោងតាមមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា “ជាបទល្មើសដែលកំពុងប្រព្រឹត្ត ជាបទល្មើសទើបប្រព្រឹត្តរួចភ្លាម។ ត្រូវចាត់ទុកថាជាបទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្តែងដែរកាលណានៅក្រោយពេលមានបទល្មើសរួចបន្តិចមក ជនសង្ស័យត្រូវបានសាធារណជនស្រែកដេញប៉ផាប់ ចាប់ពភីង ឬបុគ្គលដែលត្រូវគេរកឃើញមានវត្ថុ ឬស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយស៊ីចង្វាក់ផ្សេងទៀតដែលនាំឱ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចូលរួមប្រព្រឹត្តបទល្មើស” យោងតាមស្មារតីនេះយើងអាចកំណត់បានថា បទល្មើសជាក់ស្តែង មិនមែនកំណត់ តែសកម្មភាពដែលកំពុងប្រព្រឹត្តនោះទេ ប៉ុន្តែអាចក្រោយសកម្មភាពនោះបន្តិចហើយបុគ្គលនោះត្រូវបានគេរកឃើញថា មានតម្រុយច្បាស់លាស់ណាមួយ ឬសាក្សីចង្អុលបង្ហាញភ្លាមៗថា អំពើនោះ ឬសកម្មភាពនោះជាទង្វើរបស់អ្នកប្រព្រឹត្តនោះ។
យ៉ាងណាមិញពាក់ព័ន្ធនឹងអង្គហេតុខាងលើនោះយើងត្រូវដឹងឱ្យបានច្បាស់លាស់ ស៊ីជម្រៅនៃអង្គហេតុនោះជាមុនសិន ទើបយើងអាចកំណត់បានថា ការចាប់ខ្លួនរបស់សមត្ថកិច្ចខុស ឬត្រូវ។
ករណីនេះប្រសិនបើគ្រួសាររបស់លោក (ក) ព្រមចេញសំណងដល់គ្រួសារលោក (ខ) ហើយគ្រួសារលោក (ខ) ក៏មិនប្តឹងមកសមត្ថកិច្ច តើលោក (ក) អាចផុតពីការចាប់ខ្លួនបានទេ?
តាមការផ្តល់អង្គហេតុខាងលើនោះគឺវាស្ថិតនៅក្នុងករណីបទល្មើសព្រហ្មទណ្ឌហើយ ដូច្នេះបើជាបទល្មើសព្រហ្មទណ្ឌនោះ បណ្តឹងអាជ្ញាក៏មានចលនាដែរ ហើយបណ្តឹងអាជ្ញានេះទៀតសោត គឺមិនអាចបញ្ចប់ ឬរលត់តាមការចរចារបស់ជនរងគ្រោះ និងជនបង្កនោះដែរ។
ការព្រមចេញសំណងដល់គ្រួសារលោក (ខ) គឺត្រឹមតែជាការដោះស្រាយនូវសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ ហើយបណ្តឹងអាជ្ញានៅតែមានចលនាដដែល។ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌត្រង់មាត្រា ៧ ក៏មានចែងដែរអំពីការរលត់នៃបណ្តឹងអាជ្ញា មានដូចជា៖
-មរណភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
-អាជ្ញាអស់ជំនុំ
ក្នុងករណីមិនមានចូលទៅនឹងមូលហេតុនេះការរលត់បណ្តឹងនៃមាត្រា ៧ នេះនៅតែមានចលនា។
ក្រោយពេលលោក (ក) ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ តើគេអាចចាត់ទុកលោក (ក) ថាជាអ្នកមានទោសឬ?
នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងត្រង់មាត្រា ៣៨ បានចែងថា “ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ការបង្ខិតបង្ខំការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។ ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តីមិនត្រូវទុកជាភ័ស្តុតាងនៃពិរុទ្ធភាពទេ។ វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
ជនជាប់ចោទណាក៏ដោយត្រូវចាត់ទុកជាមនុស្សអត់ទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។ ដូច្នេះពាក់ព័ន្ធនឹងអង្គហេតុនេះលោក (ក) គឺមិនទាន់អាចសន្មតថាមានទោសនៅឡើយនោះទេ ការឃាត់ខ្លួនរបស់មន្ត្រីនគរបាលយុត្តិធម៌ គឺជាការឃាត់ខ្លួន ដើម្បីស៊ើបអង្កេតចាត់ចែងតាមនីតិវិធី ដែលក្នុងដំណាក់កាលនេះ ក្រមនីតិវិធីព្រហ្មទណ្ឌបានប្រើពាក្យថា ជនសង្ស័យតែប៉ុណ្ណោះ។
ចុះបើជនរងគ្រោះជាកូន ឬសាច់ញាតិរបស់លោក (ក) វិញ តើច្បាប់អនុវត្តយ៉ាងម៉េចដែរ?
បើយើងក្រឡេកមើលនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាវិញនោះគឺជាគោលការណ៍នៅក្នុងរឿងព្រហ្មទណ្ឌ បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌ តែចំពោះអំពើផ្ទាល់ខ្លួនយោងតាមមាត្រា ២៤ គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ រួមទាំងរដ្ឋធម្មនុញ្ញក៏បានចែងដែរថា មនុស្សម្នាក់ៗគឺមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់។
ដូច្នេះច្បាប់មិនបានកំណត់ថា នឹងលើកលែងទោសឱ្យចំពោះសាច់ញាតិនោះទេក្នុងករណីដែលគាត់ប្រព្រឹត្តបទល្មើសណាមួយមានន័យថា គាត់គឺជាអ្នកទទួលខុសត្រូវនូវកំហុសរបស់ខ្លួនដែលបានកើតឡើង៕