ជារឿយៗយើងតែងឃើញករណីគ្រោះថ្នាក់ចរាចរណ៍មានមូលហេតុច្រើន ក៏ប៉ុន្តែមានខ្លះអ្នកបើកបររថយន្តបានចតរថយន្តស្ងៀមទៅហើយ តែពេលបើកទ្វារចេញមកក្រៅក៏បង្កឱ្យអ្នកផ្សេងគ្រោះថ្នាក់។ ក្នុងករណីបែបនេះ តើម្ចាស់រថយន្តទទួលខុសត្រូវបែបណា?
ជុំវិញបញ្ហានេះភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសជាមួយ លោកមេធាវី ផុន ធារិន ការិយាល័យមេធាវី ផុន ធារិន នៅបុរីឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) បានចតរថយន្តអែបចិញ្ចើមផ្លូវខាងស្តាំ ប៉ុន្តែពេលនោះស្រាប់តែមានអ្នកបើកម៉ូតូជិះមកក្បែរ ហើយម្ចាស់រថយន្តក៏បើកទ្វារបណ្តាលឱ្យប៉ះអ្នកជិះម៉ូតូដួល ហើយត្រូវរថយន្ត ១ គ្រឿងទៀតកិនស្លាប់ រួចក៏បើករត់បាត់។ ក្នុងករណីនេះ តើរវាងម្ចាស់រថយន្តទាំង ២ មួយណាជាអ្នកទទួលខុសត្រូវ?
ការឈប់ ឬចតដើម្បីចេញ ឬចូលក្នុងរថយន្តតាមដងផ្លូវសាធារណៈគឺជារឿងគ្រោះថ្នាក់បំផុត ប្រសិនបើការឈប់ ឬចតនោះមិនបានអែបឱ្យផុតពីចិញ្ចើមផ្លូវសាធារណៈទេនោះ។ ដោយឡែកក្នុងករណីខាងលើនេះ លោក (ក) បានចតរថយន្តអែបចិញ្ចើមផ្លូវខាងស្តាំ ប៉ុន្តែគាត់មិនបានប្រុងប្រយ័ត្នមុនពេលបើកទ្វាររថយន្តរបស់ខ្លួនឡើយ ហើយបានបង្កគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូនៅតាមដងផ្លូវមានន័យថាលោក (ក) បានប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិមាត្រា ២៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក “ការបើកទ្វារយានជំនិះដើម្បីចុះ ឬឡើងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះការបើកទ្វារចុះ ឬឡើងនៅផ្នែកខាងឆ្វេងយាន”។ តាមមាត្រាចង្អុលបង្ហាញនេះយើងឃើញថា ភាពខ្ជីខ្ជាធ្វេសប្រហែសរបស់លោក (ក) មិនបានគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវគឺជាដើមហេតុដែលបណ្តាលឱ្យអ្នកជិះម៉ូតូនៅតាមដងផ្លូវសាធារណៈនោះស្លាប់។ ដូច្នេះជាបឋម លោក (ក) ជាអ្នកទទួលខុសផ្នែកព្រហ្មទណ្ឌ និងព្យសនកម្មផ្សេងៗលើជនរងគ្រោះតាមបញ្ញត្តិមាត្រា ៧២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ចុះបើរថយន្តដែលកិនជនរងគ្រោះស្លាប់ត្រូវអ្នកដំណើរឃាត់ខ្លួនបានវិញ តើម្ចាស់រថយន្តទាំង ២ គ្រឿងនេះមួយណាខុស?
ចំពោះអ្នកបើកបរទាំង ២ នាក់ខាងលើ រួមមាន លោក (ក) ដែលជាដើមហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ និងអ្នកបើករថយន្តមួយទៀតកិនជនរងគ្រោះស្លាប់ត្រូវបានអ្នកដំណើរឃាត់ខ្លួនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងពេលបើកបរយានយន្តរបស់ខ្លួន។
លោក (ក) អាចនឹងត្រូវចោទប្រកាន់តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក “រីឯជនណាដែលបើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ទៅ ១០ លានរៀល”។ ចំពោះអ្នកបើបរកិនជនរងគ្រោះស្លាប់ហើយរត់គេចអាចនឹងត្រូវចោទប្រកាន់តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកថាខណ្ឌទី ២ ចំណុចឃ “រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានទៅ ២៥ លានរៀល។
ករណីនេះបើអ្នកបង្កចេញសំណងទៅគ្រួសារជនរងគ្រោះរួចហើយ តើរឿងនេះអាចថា គាត់រួចផុតពីបណ្តឹងបានទេ?
ជាគោលការណ៍ច្បាប់ ទោះបីជនបង្កបានចេញសំណងឱ្យជនរងគ្រោះក៏ដោយ បណ្តឹងអាជ្ញា ឬបណ្តឹងព្រហ្មទណ្ឌមិនអាចរលត់បានឡើយ។ ម្យ៉ាងទៀតក្នុងករណីការដកពាក្យបណ្តឹងរបស់ជនរងគ្រោះវាគ្រាន់តែជាការបញ្ចប់នូវការទាមទារផ្នែកសំណងរដ្ឋប្បវេណីរបស់ជនរងគ្រោះតែប៉ុណ្ណោះមានន័យថា ជនបង្កត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែលមានព្រះរាជអាជ្ញាជាដើមបណ្តឹងអាជ្ញា៕