កាលពីថ្ងៃចន្ទសប្ដាហ៍មុនមិត្តអ្នកអានបានតាមដានមួយវគ្គរួចមកហើយ ទាក់ទងនឹងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ ៣ នៃការជួលអចលនវត្ថុតាមរយៈការបកស្រាយពីលោក អ៊ឹម រចនា ក្រុមមេធាវី ដឺ ហ្វ្លេក (The FLAG LAW GROUP) ដែលមានការិយាល័យនៅផ្ទះលេខ ២A ផ្លូវលេខ ៥៦៦ កែង៦០៨ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ប៉ុន្តែពេលនេះភ្នំពេញ-ប៉ុស្ដិ៍សូមលើកយកវគ្គបន្ដមកចុះផ្សាយដូចខាងក្រោម ៖
២-លក្ខខណ្ឌនៃការជួលអចលនវត្ថុដោយមានកិច្ចសន្យាជួល ៖
លោក "ក" (ម្ចាស់ផ្ទះ) បានចុះកិច្ចសន្យាជួលផ្ទះរបស់គាត់ទៅឱ្យលោក "ខ" (អ្នកជួលផ្ទះ)។ ចៃដន្យមានអគ្គិភ័យកើតឡើងដោយសារទុស្សេខ្សែភ្លើងបណ្តាលឱ្យផ្ទះនោះត្រូវឆេះអស់ ហើយលោក "ខ"(អ្នកជួលផ្ទះ) បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។ តើលោក "ក" ដែលជាម្ចាស់ផ្ទះនោះត្រូវទទួលខុសត្រូវដែរឬទេ?
ក្នុងអង្គហេតុខាងលើយើងពិនិត្យឃើញថា អគ្គិភ័យដែលកើតឡើងដោយសារទុស្សេខ្សែភ្លើងមានប្រភពពីផ្ទះដែលលោក “ខ” បានជួលពីលោក "ក"។
លោក “ក” ដែលជាម្ចាស់ផ្ទះ (ភតិបតី) មានករណីយកិច្ចអាចតភ្ជាប់នូវឧបករណ៍សុវត្ថិភាពដែលអាចផ្តាច់ចរន្តអគ្គិសនីជាស្វ័យប្រវត្តិ (ឌីសង់ទ័រ) ដើម្បីបង្ការករណីទុស្សេ។ ករណីយកិច្ចនេះក៏អាចផ្ទេរទៅឱ្យលោក “ខ” ដែលជាអ្នកជួល (ភតិកៈ) ដោយត្រូវមានចែងក្នុងកិច្ចសន្យាជួលដើម្បីឱ្យអ្នកជួលអនុវត្តការតភ្ជាប់ ឬការជួសជុលចាំបាច់នេះជំនួសម្ចាស់ផ្ទះផងដែរ ។ ជាទូទៅក្នុងកិច្ចសន្យាជួលផ្ទះតែងតែមានចែងអំពីលក្ខខណ្ឌពាក់ព័ន្ធការទទួលខុសត្រូវរបស់អ្នកជួលលើករណីអគ្គិភ័យដែលលក្ខខណ្ឌនេះគឺសំដៅចងកាតព្វកិច្ចឱ្យភាគីអ្នកជួល (ភតិកៈ) ត្រូវគ្រប់គ្រងផ្ទះជួលដោយប្រុងប្រយ័ត្ន។
ប៉ុន្តែដោយលោក “ខ” ដែលជាអ្នកជួល (ភតិកៈ) បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់អគ្គិភ័យ ដូច្នេះសន្តតិជនរបស់លោក “ខ” (អ្នកស្នងទ្រព្យបន្តអាចជាប្រពន្ធ កូន ជាដើម) ឬអ្នកដែលទទួលសិទ្ធិ និងកាតព្វកិច្ចបន្តពីលោក “ខ” ត្រូវទទួលខុសត្រូវជំនួសចំពោះព្យសនកម្ម (ការខូចខាត) ដែលកើតចេញពីអគ្គិភ័យនោះក្រោមលក្ខខណ្ឌនៃការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល។
ផ្អែកតាមការបកស្រាយនេះលោក “ក” ដែលជាម្ចាស់ផ្ទះ (ភតិបតី) ពុំមានកាតព្វកិច្ចត្រូវទទួលខុសត្រូវលើករណីនេះឡើយ។ ប៉ុន្តែជាទូទៅក្នុងករណីអគ្គិភ័យមួយចំនួនដែលរាលដាលទៅដល់ផ្ទះរបស់តតិយជន យើងឃើញថា តតិយជនតែងតែទាមទារសំណងពីម្ចាស់ផ្ទះ (ភតិបតី) ទៅវិញ។
៣-លក្ខខណ្ឌនៃការជួលអចលនវត្ថុដោយមានកិច្ចសន្យាជួល និងមានធានារ៉ាប់រង ៖
លោក "ក" (ម្ចាស់ផ្ទះ) បានចុះកិច្ចសន្យាជួលផ្ទះរបស់គាត់ទៅឱ្យលោក "ខ" (អ្នកជួលផ្ទះ)។ មុននឹងជួលផ្ទះនេះទៅឱ្យលោក “ខ” លោក “ក” បានទិញធានារ៉ាប់រងបង្ការអគ្គិភ័យសម្រាប់ផ្ទះនេះពីក្រុមហ៊ុនធានារ៉ាប់រងរួចជាស្រេច។ ចៃដន្យមានអគ្គិភ័យកើតឡើង ដោយសារទុស្សេខ្សែភ្លើងបណ្តាលឱ្យផ្ទះនោះត្រូវឆេះអស់ ហើយលោក "ខ" (អ្នកជួលផ្ទះ) បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។ តើលោក "ក" ដែលជាម្ចាស់ផ្ទះនោះត្រូវទទួលខុសត្រូវដែរឬទេ?
ក្នុងអង្គហេតុខាងលើយើងពិនិត្យឃើញថា អគ្គិភ័យដែលកើតឡើងដោយសារទុស្សេខ្សែភ្លើងមានប្រភពពីផ្ទះដែលលោក “ខ” បានជួលពីលោក "ក" ។ ប្រសិនបើក្នុងកិច្ចសន្យាជួលផ្ទះបានចែងពីករណីយកិច្ចដែលតម្រូវឱ្យលោក “ខ” ដែលជាអ្នកជួល (ភតិកៈ) អនុវត្តការតភ្ជាប់ ឬការជួសជុលចាំបាច់មួយចំនួនរួមបញ្ចូលទាំងការតភ្ជាប់នូវឧបករណ៍សុវត្ថិភាពដែលអាចផ្តាច់ចរន្តអគ្គិសនីជាស្វ័យប្រវត្តិ (ឌីសង់ទ័រ) ដើម្បីបង្ការករណីទុស្សេ និងបានចែងតម្រូវ ឱ្យលោក “ខ” ដែលជាអ្នកជួល (ភតិកៈ) ត្រូវទទួលខុសត្រូវលើករណីអគ្គិភ័យផង នោះលោក “ខ” ត្រូវមានករណីយកិច្ចអនុវត្តតាមខចែងទាំងនោះ។
ប៉ុន្តែដោយលោក “ខ” ដែលជាអ្នកជួល (ភតិកៈ) បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់អគ្គិភ័យ ដូច្នេះអ្នកស្នងទ្រព្យបន្តអាចជាប្រពន្ធ កូន ជាដើម ឬអ្នកដែលទទួលសិទ្ធិ និងកាតព្វកិច្ចបន្តពីលោក “ខ” ត្រូវទទួលខុសត្រូវជំនួសចំពោះព្យសនកម្ម (ការខូចខាត) ដែលកើតចេញពីអគ្គិភ័យនោះក្រោមលក្ខខណ្ឌនៃការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល។
ករណីនេះប្រសិនបើម្ចាស់ផ្ទះបានទិញធានារ៉ាប់រងផ្នែកអគ្គិភ័យ តើក្រុមហ៊ុនធានារ៉ាប់រងចេញសំណងតែថ្លៃឆេះផ្ទះ និងចេញសំណងគ្រោះថ្នាក់ស្លាប់មនុស្សដែរទេ? ព្រោះបើកុំតែឆេះផ្ទះក៏គ្មានមនុស្សស្លាប់ដែរ?
ចំពោះក្រុមហ៊ុនធានារ៉ាប់រងវិញត្រូវទទួលខុសត្រូវត្រឹមកម្រិតដែលមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងជាមួយនឹងលោក “ក”។ ជាទូទៅលក្ខខណ្ឌនៃការធានារ៉ាប់រងត្រូវបានកំណត់ផ្សេងៗគ្នាទៅតាមប្រភេទនៃធានារ៉ាប់រង (ធានារ៉ាប់រងទូទៅ, ធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងបង្ការអគ្គិភ័យ ។ល និងល។ និងទំហំទឹកប្រាក់នៃកញ្ចប់ធានារ៉ាប់រងដែលកំណត់ក្នុងកិច្ចសន្យាធានារ៉ាប់រង។
ផ្អែកទៅលើអង្គហេតុលោក “ក” បានទិញកញ្ចប់ធានារ៉ាប់រងបង្ការអគ្គិភ័យសម្រាប់ផ្ទះជួលប៉ុណ្ណោះដែលតាមរយៈនេះការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាចត្រឹមកម្រិតនៃទំហំទឹកប្រាក់ណាមួយសម្រាប់ការខូចខាតរបស់ផ្ទះរបស់លោក “ក” ប៉ុណ្ណោះ។ ចំពោះការបាត់បង់ជីវិតរបស់លោក “ខ” ដែលជាអ្នកជួល (ភតិកៈ) មិនអាចជាបន្ទុកធានារ៉ាប់រងក្នុងកញ្ចប់ធានារ៉ាប់រងអគ្គិភ័យឡើយ។
ផ្អែកលើការបកស្រាយនេះលោក “ក” ដែលជាម្ចាស់ផ្ទះ (ភតិបតី) ពុំមានកាតព្វកិច្ចត្រូវទទួលខុសត្រូវលើករណីនេះឡើយ។ ប៉ុន្តែជាទូទៅក្នុងករណីអគ្គិភ័យមួយចំនួនដែលរាលដាលទៅដល់ផ្ទះរបស់តតិយជន យើងឃើញថា តតិយជនតែងតែទាមទារសំណងពីម្ចាស់ផ្ទះ (ភតិបតី) ទៅវិញ។
ជាសរុបមកតាមរយៈអង្គហេតុខាងលើបង្ហាញឱ្យឃើញថា ម្ចាស់ផ្ទះ (ភតិបតី) អាចត្រូវបានទាមទារឱ្យទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាត (ព្យសនកម្ម) ដែលកើតឡើងលើអ្នកជួល និងអ្នកដទៃក្រោមមូលហេតុដែលអគ្គិភ័យមានប្រភពកើតចេញពីផ្ទះរបស់ម្ចាស់ផ្ទះ។
ប៉ុន្តែម្ចាស់ផ្ទះអាចរួចផុតពីបន្ទុកទទួលខុសត្រូវនេះបានក្នុងករណីដែលទំនាក់ទំនងជួលនោះ កើតឡើងក្រោមលក្ខខណ្ឌនៃកិច្ចសន្យាជួលផ្ទះព្រោះប្រសិនបើមានខចែងក្នុងកិច្ចសន្យាជួលតម្រូវឱ្យអ្នកជួល (ភតិកៈ) ទទួលខុសត្រូវក្នុងករណីអគ្គិភ័យនេះម្ចាស់ផ្ទះ (ភតិបតី) អាចទាមទារឱ្យអ្នកទទួលសិទ្ធិ និងកាតព្វកិច្ចបន្តពីអ្នកជួល (អាចជាប្រពន្ធ ឬកូន) ឱ្យទទួលខុសត្រូវសងសំណងទៅឱ្យតតិយជនបានផងដែរ។ ចំពោះការទិញធានារ៉ាប់រងវិញគឺពិតជាមានសារៈសំខាន់ ពីព្រោះស្ថិតក្នុងស្ថានភាពនៃការអន្តរាយដោយគ្រោះអគ្គិភ័យ ទំហំទឹកប្រាក់ដែលបានមកពីការធានារ៉ាប់រងអាចជួយដល់ការដោះស្រាយបញ្ហាជីវភាពបានមួយកម្រិតផងដែរ៕