ជារឿយៗយើងតែងតែឮថា មានសំណុំរឿងខ្លះត្រូវបានតុលាការបើកសវនាការជំនុំជម្រះជាសាធារណៈ ក៏ប៉ុន្តែមានករណីទៀតការជំនុំជម្រះត្រូវធ្វើឡើងជាអសាធារណៈដែលដំណើរការនីតិវិធីច្បាប់នេះបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមិនទាន់បានយល់នៅឡើយ។ ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី យុងផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅ ៖
ដូចម្តេចដែលហៅថា ការជំនុំជម្រះជាសាធារណៈ?
ការជំនុំជម្រះជាសាធារណៈមានន័យថា សំណុំរឿងដែលតុលាការជំនុំជម្រះគឺជនគ្រប់រូបអាចចូលស្តាប់នៅក្នុងបន្ទប់សវនាការនោះបាន បើទោះជាមិនពាក់ព័ន្ធនឹងរឿងក្តីរបស់ខ្លួនក៏ដោយ គឺគ្មានការហាមឃាត់អ្វីឡើយ។ ប៉ុន្តែតុលាការក៏ហាមឃាត់មិនឲ្យចូលស្តាប់ដែរ លើក្មេងមិនទាន់គ្រប់អាយុ។
ចុះអ្វីទៅជាការជំនុំជម្រះជាអសាធារណៈ? ហើយដូចម្តេចដែលហៅថា សភាស៊ើបសួរសាលាឧទ្ធរណ៍?
ការជំនុំជម្រះជាអសាធារណៈមានន័យថា ក្រៅតែពីអ្នកពាក់ព័ន្ធនឹងរឿងក្តីគឺតុលាការហាមមិនឲ្យចូលស្តាប់នៅក្នុងបន្ទប់សវនាការទេ។ ដូចជា លើសំណុំរឿងរំលោភសេពសន្ថវៈ ឬសំណុំរឿងអនីតិជនមិនទាន់គ្រប់អាយុព្រោះវាប៉ះពាល់ដល់សិទ្ធិកុមារ។
ចំពោះពាក្យថា សភាស៊ើបសួរសាលាឧទ្ធរណ៍គឺតុលាការជំនុំជម្រះតែទៅលើសំណុំរឿងមុន អង្គសេចក្តីក្នុងរឿងព្រហ្មទណ្ឌទេមានន័យថា ជនម្នាក់នោះមិនទាន់ត្រូវបានតុលាការដាក់ទោសទណ្ឌថា ត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំនៅឡើយទេដែលការជំនុំជម្រះគឺពាក់ព័ន្ធតែការអនុវត្តនីតិវិធីរបស់តុលាការប៉ុណ្ណោះ។
ប៉ុន្តែបើការជំនុំជម្រះមុនអង្គសេចក្តីវិញគឺតុលាការបើកសវនាការជំនុំជម្រះដើម្បីដាក់ទោសទណ្ឌលើជនណាម្នាក់ឲ្យជាប់ពន្ធនាគារកំណត់ថាត្រូវជាប់ទោសប៉ុន្មានឆ្នាំៗអ៊ីចឹងទៅ។ ចំពោះពាក្យថា សភាស៊ើបសួរសាលាឧទ្ធរណ៍នេះដែរ គឺជំនុំជម្រះទៅលើករណីជនត្រូវចោទសុំនៅក្រៅឃុំបណ្តោះអាសន្ន ឬប្រឆាំងនឹងដីកាសម្រេចណាមួយរបស់តុលាការថ្នាក់ក្រោមដូចជា ដីកាចាប់ខ្លួន ឬដីកាឃុំខ្លួនជាដើម៕