ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​​ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​បាន​ប្រើ​ឧបករណ៍​ណា​មួយ​ធ្វើ​ឲ្យ​នរណា​ម្នាក់ ​ឬ​ជន​​ជា​ចោរ​បាន​​ស្លាប់​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន​ដោយសារ​គិត​ថា ជន​នោះ​បាន​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​មិន​បាន​យល់​ថា ​អំពើ​របស់​ខ្លួន​ត្រឹមត្រូវ ​ឬ​ក៏​ខុស​ច្បាប់​ឡើយ​។​ ពាក់ព័ន្ធ​បញ្ហា​នេះ តើ​អ្នក​ដែល​ប្រើ​ឧបករណ៍​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នឹង​ត្រូវ​មាន​ទោស​ ឬ​យ៉ាង​ណា​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍ បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ ឡោ​ គីម ហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦R​ ផ្លូវ ​២៥២​ សង្កាត់​ចតុមុខ ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

ឧបមា​ថា​ មាន​ម្ចាស់​ផ្ទះ​ម្នាក់​បាន​រាយ​ខ្សែ​ភ្លើង​នៅ​តាម​របង​ផ្ទះ​​ខ្លួន ​ដើម្បី​ការពារ​កុំ​ឲ្យ​ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ​។​ ប៉ុន្តែ​ចៃដន្យ​ចោរ​បាន​ចូល​ទៅ​ក្នុង​បរិវេណ​ដី​ឡូត៍​នៃ​ផ្ទះ​នោះ​​ ហើយ​ក៏​ត្រូវ​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នៅ​ទី​នោះ​តែ​ម្ដង។​​បើតាម​ច្បាប់ ​តើ​ករណី​​នេះ ​​ម្ចាស់​ផ្ទះ​ត្រូវ​មាន​ទោស​ដែរ​ទេ​?​


ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ ​ហើយ​ចោរ​នោះ​បាន​លោត​ចូល​ក្នុង​របង​ផ្ទះ​​ហើយ​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ ប៉ុន្តែ​មិន​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ផ្ទះ​នោះ​ទេ​។​ ​ករណី​បែប​នេះ​ ជន​ដែល​ជា​​ម្ចាស់​ផ្ទះ​ បើ​តាម​ច្បាប់​គឺ​គាត់​ត្រូវ​មាន​ទោស​ហើយ​ ព្រោះ​គាត់​បាន​ដាក់​ពង្រាយ​ខ្សែ​ភ្លើង​នៅ​របង​ផ្ទះ​​របស់​គាត់​។


បទល្មើស​នេះ​ គឺ​ជា​ចេតនា​ហើយ​ ព្រោះ​ម្ចាស់​ផ្ទះ​បាន​រាយ​ខ្សែ​ភ្លើង​ដែល​គាត់​មាន​បំណង​ទប់ស្កាត់​នូវ​បទ​ល្មើស​ដោយសារ​គាត់​គិត​ថា​ចោរ​បាន​ចូល​លួច​ទ្រព្យ​សម្បត្តិ​​របស់​គាត់​ ដូច្នេះ​គាត់​ត្រូវ​តែ​ដាក់​ពង្រាយ​ខ្សែ​ភ្លើង​ដើម្បី​សម្លាប់​ចោរ​។​ ក៏​ប៉ុន្តែ​ ទោះ​បី​ជា​ម្ចាស់​ផ្ទះ​​រូប​នោះ​ដោះ​សា​ថា​គាត់​ដាក់​ពង្រាយ​ខ្សែ​ភ្លើង​ដើម្បី​ការពារ​កុំ​ឲ្យ​ចោរ​ចូល​លួច​​ទ្រព្យ​សម្បត្តិ ​ឬ​ការពារ​កុំ​ឲ្យ​សត្វ​ឆ្កែ​ចូល​យាយី​ក្នុង​ផ្ទះ​កុំ​ឲ្យ​ខាំ​កូន​របស់​គាត់​ក្តី​ ​ ​ក៏​មិន​ត្រូវ​ដែរ​។​ព្រោះ​ករណីនេះ​​ ច្បាប់​បាន​ហាម​ឃាត់​ មិន​ឲ្យ​យើង​ដាក់​ពង្រាយ​ខ្សែ​ភ្លើង​ដោយ​គ្មាន​លក្ខណៈ​បច្ចេកទេស​ណា​មួយ​នោះ​ទេ​ បើ​ទោះ​ជា​យើង​ដាក់​​ពង្រាយ​ខ្សែ​​ភ្លើង​នេះ​ នៅ​ក្នុង​បរិវេណដី​របស់​ខ្លួន​ឬ​ ​ទីណា​ក៏​ដោយ​។


ករណី​បែប​នេះ​ ចាត់​ចូល​ក្នុង​មាត្រា ​១៩៩​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ចែង​ថា​ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ​ដោយ​ប្រើ​អាវុធ​ ​ឬ​មិន​ប្រើ​អាវុធ​ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណា​មួយ ​ដូច​បាន​កំណត់​ក្នុង​មាត្រា ​២០០ ​(បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​)​ ដល់​មាត្រា ​២០៥ ​(បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​អំពើ​ឃោរឃៅ ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ) ​នៃ​ក្រម​នេះ ​គឺ​ជា​​ឃាតកម្ម​។​អំពើ​ឃាតកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​១០ ​(ដប់) ​ឆ្នាំ​ ទៅ ​១៥ ​(ដប់​ប្រាំ​) ​ឆ្នាំ​។​


ករណី​មួយ​ទៀត​ឧបមា​ថា ​ចោរ​​ចូល​លួច​ទ្រព្យ​សម្បត្តិ​ដដែល​ តែ​​ម្ចាស់​ផ្ទះ​នោះ​អត់​មាន​ដាក់​ពង្រាយ​ខ្សែ​ភ្លើង​​ឆក់​សម្លាប់​ចោរ ​ឬ​វាយ​សម្លាប់​ចោរ​ទេ​។​ ប៉ុន្តែ​ មិន​​ដឹង​យ៉ាង​ម៉េច​ចោរ​នោះ​បាន​ស្លាប់​នៅ​ក្នុង​បរិវេណ​ដី​ឡូត៍​នោះ ​។​ ​សួរ​ថា​ តើ​ម្ចាស់​ផ្ទះ​នោះ​នឹង​ត្រូវ​មាន​ទោស​យ៉ាង​ណា​?​


បញ្ហា​នេះ​ សមត្ថកិច្ច​នគរបាល​ជំនាញ​គាត់​នឹង​ធ្វើ​កោសល្យ​វិច័យ​។ ​នៅ​ពេល​ដែល​មាន​ការ​ធ្វើ​កោសល្យវិច័យ​ទៅ​មិន​ឃើញ​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​ម្ចាស់​ផ្ទះ​នោះ​ ហើយ​ដែល​គ្រាន់​តែ​ម្ចាស់​ផ្ទះ​ស្រែក​សម្លុត​​ដែល​ចោរ​ភ័យ​ដោយ​ខ្លួន​ឯង​ធ្វើ​ឲ្យ​ចោរ​នោះ​ស្លាប់​ គឺ​មិនមែន​ជា​​ចេតនា​របស់​ម្ចាស់​ផ្ទះ​ទេ​។ ​ករណី​នេះ​ម្ចាស់​ផ្ទះ​មិន​មាន​កំហុស​ទេ​លើកលែង​តែ​ម្ចាស់​ផ្ទះ​នោះ​បាន​វាយ​សម្លាប់​ចោរ​៕