ជា​​គោល​ការ​ណ៍​ច្បាប់​ ការសម្លាប់​​គ្នា​គឺ​អ្នក​ប្រព្រឹត្ត​ត្រូវ​មាន​ទោស​ផ្នែក​ព្រហ្ម​ទណ្ឌ​​បើ​ទោះ​​ជា​អ្នក​នោះ​ ប្រ​ព្រឹត្ត​ក្នុង​បំណង​ចេតនា ​ឬ​ អចេត​នា ​ក៏​ដោយ​។​ ប៉ុន្តែ​ក្នុ​ងករ​ណី​សមា​ជិក​ក្នុង​គ្រួសារ​មួយ​បាន​ស្លាប់​ដោយ​មូលហេតុ​អ្វី​មួយ​ក្នុង​ផ្ទះ​ តើ​ច្បាប់​ មាន​គោល​ការណ៍​យ៉ាង​ម៉េច​ដែរ​ ? ជុំវិ​ញ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជា​មួយលោក​មេធាវី​ ​យុង ​ផានិត ​អនុ​ប្រធាន​នាយក​ដ្ឋាន​ការ​ពារ​ក្តី​ជន​ក្រីក្រ​នៃ​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ​៖​

កាល​ពី​ខែ​មុន​មាន​ករណី​​កុមារី​ម្នាក់​បាន​ធ្លាក់​ចូល​ក្នុង​អាង​ក្រ​ពើ​ ហើយ​ត្រូវ​ហ្វូង​សត្វ​ក្រ​ពើ​ខាំ​ហែក​ស៊ី​​នៅ​សល់​តែ​ល​លាដ៍​ក្បាល​ ដែល​បាន​ពី​ការ​វាយ​ដណ្តើម​ពី​ឪពុក​កុមារី​​រងគ្រោះ​​។​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​វិញ​​ តើ​គ្រួសារ​ឬ​​ម្តាយ​ ​ឪពុក​ របស់​កុមារី​រង​គ្រោះ​នោះ​ នឹង​ទទួល​ខុស​ត្រូវ​​​ផ្នែក​ព្រហ្មទណ្ឌ​ដែរ​ឬ​យ៉ាងណា?


បើ​និយាយ​ពី​គោល​ការណ៍​ច្បាប់​វិញ​ ​គេ​មិន​បាន​គិត​ថា​ក្មេង​រង​គ្រោះ ​នៅ​ក្នុង​អាណា​ព្យា​បាល​របស់​ឪពុក​ម្តាយ​ ​ឬ​ សាច់​ញាតិ​អី​ទេ​ ពោល​គឺ​នៅ​ពេល​​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​បណ្តាល​មក​ពី​ខ្លួន​ឯង ​(ឪពុកម្តាយ)​ ធ្វេស​ប្រហែ​ស​ ​ខ្ជីខ្ជា​។ ព្រោះ​ឪ​ពុក​ម្តាយ​ខ្លួន​ឯង​ចិញ្ចឹម​ក្រពើ​ ហើយ​ដឹង​ថា​ ពេល​ណា​មាន​មនុស្ស​ធ្លាក់​ទៅ​គឺ​ដឹង​តែ​ស្លាប់​ហើយ​។


ដូច្នេះ​ ករណី​នេះ​សមត្ថ​កិច្ច​នគរ​បាល​យុត្តិ​ធម៌​ត្រូ​វ​មាន​ការ​ស៊ើប​អង្កេត​នៅ​កន្លែង​នោះ​ ព្រោះ​នៅ​ពេល​ដែល​​មាន​កើត​ហេតុ​ការណ៍​​បែប​នេះ​ នគរ​បាល​យុត្ដិធម៌​​បើក​ការ​ស៊ើប​អង្កេ​ត​ ហើយ​​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជ​​អាជ្ញា។


យើង​ដឹង​ហើយ​ថា​​ គេ​ហៅ​ថា​ បណ្តឹង​អា​ជ្ញា ​ មិន​ចាំ​បាច់​មាន​អ្នក​ប្តឹង​ក៏​សមត្ថ​កិច្ច​នគរ​បាល​យុត្តិ​ធម៌​ ត្រូវ​តែ​ក​សាង​សំណុំ​រឿ​ង​ដែរ​ ​ក៏​ប៉ុន្តែត្រ​ង់ថា​ ​សមត្ថ​កិច្ច​​នគរ​បាល​គាត់​យល់​យ៉ាង​ម៉េច​ក៏​យើង​មិន​ដឹង​ដែរ។​


ឬ​មួយអាច​ថា ​សមត្ថ​កិច្ច​នគរ​បាល​​គាត់​យល់​ថា​ កូន​ស្លាប់នោះ​វា​ជា​ទារុណ​កម្ម​មួយ​ដាក់​ទម្ងន់​ទៅ​លើ​ឪពុក​ម្តាយ​មួយ​ហើយ ​ក៏​​ប៉ុន្តែ​ គោល​បំណង​ច្បាប់​ ការ​ដាក់​ទណ្ឌ​កម្ម​មនុស្ស​គឺ​មិន​មែន​ថា​ដោយ​សារ​ថា​គាត់​​មាន​ទុក្ខ​មួយ​ជាន់​ហើយ​ហើយ​ដាក់​បន្ទុក​លើ​គាត់​មួយ​ជាន់​​ទៀត​នោះ​ទេ​។ តែ​​ច្បាប់​ដាក់​ទណ្ឌ​កម្ម​ទូទៅ​ដើម្បី​អប់រំ​មនុស្ស​កុំ​ឲ្យ​ថ្ងៃ​ក្រោ​យ​ធ្វេសប្រ​ហែសទៀត​ ​ឬ ​ក៏​ឲ្យ​អ្នក​ដទៃ​​ដែល​​គាត់​​មាន​ការ​ធ្វេស​ប្រហែស​​ពី​មុនៗ​​មក​​ឲ្យ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ឡើង​វិញ។


អ៊ីចឹង​គោលបំណង​​នៃ​ការដាក់​ទណ្ឌ​កម្ម​មនុស្ស​ មិន​មែន​​សំដៅ​​ទៅ​លើ​​ការ​សង​សឹក​​ឬ​សំដៅ​ទៅ​លើ​ថា​ បើ​ឪពុក​​ម្តាយ​មាន​ទុក្ខ​ប៉ុណ្ណឹង​វា​ល្មម​គ្រប់​គ្រាន់​ ហើយ​មិន​ត្រូវ​ឲ្យ​គាត់​មាន​ទោស​ទៀត​ទេ​។ មិន​ថា​ជា​ឪពុក​​ម្តាយ​ និង​កូន​ឬសា​ច់​ញាតិ​ទេ​ ទោះជា​កូន​ខ្លួន​ឯង​ក៏​ដោយ​ ឲ្យ​តែ​ពួក​គាត់​​មាន​ការ​ធ្វេស​ប្រហែស​បណ្តាល​ឲ្យ​កូន​ស្លាប់​ត្រូវ​​តែ​ដាក់​ទណ្ឌ​កម្ម​តាម​ផ្លូវ​ច្បាប់​ ព្រោះថា ​​កូន​នោះ​ក៏ជា​មនុស្ស​ដែរ។​

បើ​យើង​បក​ស្រាយ​ឲ្យ​មែន​ទែន​ទៅ​គឺ​​កូន​នោះ​ដ្បិត​ជា​កូន​យើង​បង្កើត​មែន ​ក៏​ប៉ុន្តែ​ កូន​នោះ​ក៏​ជា​មនុស្ស​ជា​អ្នកដទៃ​ពី​ឪពុក​ម្តាយ​ដែរ​ មិន​មែន​អា​ច​និយាយ​បាន​​ថា​ ម្តាយ​​ឪពុក​ណា​​មិន​ចង់​ឲ្យ​កូន​ស្លាប់​។​ បើ​តាម​​គោល​ការណ៍​គឺ​រឹតតែ​ដាក់​ទណ្ឌ​កម្ម​ឲ្យ​ខ្លាំង​ថែម​ទៀត​ផង​ ប៉ុន្តែ​គ្រាន់​តែ​ថា ​ករណី​នោះ​ តើ​ជា​ចេតនា​ឬ​ អចេតនា​​ប៉ុណ្ណោះ។

បើ​យោង​មាត្រា​ ​២​០​៧​ នៃក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា​ បទមនុស្ស​​ឃាត​ដោយ​អចេត​នា ​គឺ​ ជា​អំ​ពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ដោយៈ​ ១​-ការ​ធ្វេស​ប្រហែស​ ការ​មិន​ប្រុង​ប្រយ័ត្ន​ឬ​​ការ​ខ្ជីខ្ជា​។​ ​២​-​ការ​បំពាន​លើ​កាតព្វ​កិច្ច​ ​សន្តិ​សុខ​ឬ​កាតព្វកិច្ច​ប្រុង​ប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ។​

បទ​មនុស្សឃាត​ដោយអចេត​នា ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ១ ​(មួយ)​ឆ្នាំ​ ​ទៅ ​៣ ​(​បី​)​ ឆ្នាំ​ ​និង​ពិន័យ​ប្រាក់​ ២​ ​០​០​០​ ​០​០​០ ​(​ពីរ​លាន)​ រៀល​ទៅ​ ៦ ​(ប្រាំ​មួយ​​) លាន​រៀល។​ ​ខ្ញុំ​សូម បញ្ជាក់​ឡើង​វិញថា​ ករណី​នេះ ប្រសិន​បើ​គ្មាន​ពាក្យ​បណ្តឹង​ក៏​សមត្ថ​កិច្ច​នគរបាល​យុត្តិ​ធម៌​​ត្រូវ​តែមាន​ការបើ​កការ​ស៊ើ​ប​អង្កេ​ត​ដែរ​។ ប៉ុន្តែ​ច្បាប់​ក៏មា​ន​ការ​លើ​កលែង​ក្នុង​ករណី​មួយ​ចំនួន​ដែរ។

ចុះ​ចំពោះ​ករ​ណី​ផិតក្ប​ត់វិញ​បើមិ​នមា​​ន​ការប្ដឹ​ងពីប្រ​ពន្ធឬ​ប្ដី​ទេ តើច្បា​ប់មាន​កា​រលើក​លែង​ដែរ​ឬទេ​?

ចំពោះ​​រឿង​ប្តី​ប្រព​ន្ធផិត​ក្បត់​ដែល​នៅ​ក្នុង​ច្បា​ប់​និ​យា​យ​ថា​បើប្តី​ទៅ​ផិត​​ក្បត់ ហើ​​យ​ប្រពន្ធ​មិន​ប្តឹង​ស​ម​ត្ថកិ​ច្ច​​ទេ គឺព្រះ​រាជអា​ជ្ញា​មិន​បើ​ក​ការស៊ើប​អង្កេត​ក៏បាន​ដែរ។​

មា​នក​រ​ណី​មួ​យចំនួ​ន​ដែ​ល​ច្បា​ប់​ប្រគ​ល់​សិ​ទ្ធិទៅ​ឲ្យ​ជ​ន​រង​គ្រោះ​ ត្រូវតែ​ប្តឹ​ងទើ​ប​ស​ម​ត្ថកិ​ច្ច​ពា​ក់ព័​ន្ធ​បើ​កកា​រ​ស៊ើប​អ​ង្កេ​ត​ ប៉ុន្តែ​ជាទូ​ទៅ​ករណីមួ​យចំ​នួន​ធំឬ​ភាគ​ច្រើន​ជាល​ក្ខណៈ​ទូ​ទៅក្នុ​ងរឿង​ព្រហ្មទណ្ឌពេល​ណាស​មត្ថ​កិច្ច​ទទួ​លបាន​ព័ត៌​មាន​គឺត្រូ​វតែ​បើក​ការ​​ស៊ើប​អង្កេត​ក្នុង​នាម​ជា​សមត្ថកិច្ច​នគរបាល​យុត្តិ​ធម៌ ក្នុង​នាម​ជាព្រះ​រាជ​អា​ជ្ញា ដែល​ការពារ​ច្បាប់៕